"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថៃឡង់ដ៍៖ សង្វៀននយោបាយរវាងប្រជាជននិងរាជបល្ល័ង្គ

ជាកូនប្រទេសដ៏ស្តុកស្តម្ភនិងស៊ីវីល័យមួយនៅក្នុងដែនទ្វីបអាស៊ីភាគអាគ្នេយ៍របស់ពិភពលោក ប្រទេសថៃដែលជាទូទៅមហាជនសាកលលោកបានដាក់នាមថា “ដែនដីនៃស្នាមញញឹម” នោះ បាននិងកំពុងតែបង្វិលកង់នយោបាយរបស់ខ្លួនចូលទៅក្នុងអង្កត់ប្រវត្តិសាស្រ្តម្តងទៀត ដោយលើកនេះគឺជាការចាប់ផ្តើមឡើងរវាង ភាគីមហាជន និង ភាគីរាជបល័្លង្គ។ តាមការឆ្លងកាត់នៃប្រវត្តិសាស្រ្តច្រំដែល រាជវាំងថៃបានធ្លាប់ហែលឆ្លងជាមួយនឹងបទពិសោធន៍ប្រកបដោយភាពជំនាញបំផុត ដែលថាការរក្សាបាននូវរាជសិទ្ធិគ្រប់គ្រងដែនប្រទេសនេះគឺមានភាពស្ថិតស្ថេរ និងយូរអង្វែង ស្របតាមកល្បសាស្រ្តនយោបាយដែលបានផ្តួចផ្តើមឡើងដោយពួកក្រុមវាំងដែលជាមន្រ្តីស្និទ្ធបំផុតរបស់ព្រះភូមិន្ទថៃ។ ផ្ទុយទៅវិញ ហ្វូងមហាជនដែលបង្កជាចលនាបាតុកម្មនាពេលនេះគឺគ្រាន់តែជាតួអង្គរងតែប៉ុណ្ណោះ ដែលចុងក្រោយបានត្រឹមតែកម្រៃនិងជំនូនអំណោយបន្តិចបន្តួច ដើម្បីជាការលួងស្អំទឹកចិត្តរបស់មហាជន ដែលបានប្រឹងប្រែងទាមទារក្នុងន័យដោះដូរនូវលក្ខខណ្ឌសមស្របមួយ។ ដូចនេះ តើយុទ្ធសាស្ត្រថ្មីរបស់មហាជន និងការរក្សាភាពដដែលរបស់ភាគីរាជបល្ល័ង្គគឺជាអ្វី?

១. ភាគីមហាជន៖

នៅក្នុងបរិបទនៃភាពវឹកវរដែលបានកើតកោលាហលក្នុងពេលនេះគឺមហាជនថៃដែលភាគច្រើនជានិស្សិតនោះ បានខិតខំប្រឹងប្រែងបំផ្ទុះបាតុភាពក្នុងរូបភាពជាកូដកម្ម បាតុកម្ម និងកុប្បកម្ម ទាំងប្រថុយប្រថាន ហើយមិនមានមុខព្រួញច្បាស់លាស់ណាមួយដែលប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ឬប្រឆាំងស្ថាប័នរាជបល្ល័ង្គឡើយ។ ដោយសារតែភាពមិនច្បាស់លាស់នៃចលនាបាតុកម្មនេះហើយ ទើបបានកើតចេញជារូបភាពនៃក្បូនបណ្តោយទឹករបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ដោយហេតុថា លោក ប្រាយុទ្ធ ចាន់អូចា គឺនឹងនៅតែរក្សាបាននូវស្ថានការណ៍មួយនេះយ៉ាងល្អដដែលបើទោះបីជាមានការប៉ះទង្គិចបន្តិចបន្តួចក្តី។

ភាពចលាចលដែលកើតចេញពីចលនាម្រាមបីនេះទៀតសោត ក៏បានឆ្លុះបង្ហាញឱ្យឃើញពីកម្លាំងចុងក្រោយរបស់ហ្វូងមហាជន ដោយឈរលើគោលការណ៍សេរីភាពនិងប្រឆាំងប្រជាធិបតេយ្យបែបរាជានិយមផ្ដាច់ការផងដែរ។ ភាគីមហាជនថៃបានបង្កើតឱ្យមានបាតុភាពនេះឡើងគឺក្នុងគោលបំណងជាការដោះដូរមួយតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើសិនជាការដោះដូរនោះគឺមានលក្ខណៈធំធេងពេករហូតដល់បាត់បង់ឥទ្ធិពលខ្សែបណ្តាញនៃព្រះរាជវាំង នោះពាក្យថាការដោះដូរដើម្បីមហាជនគឺនឹងគ្មានទៀតឡើយ។ ក្នុងន័យនេះ ភាគីមហាជនអាចនឹងទទួលបាននូវការស្រុះស្រួលគ្នាណាមួយដើម្បីលួងចិត្ដសម្រន់ស្ថានការណ៍ ក៏ប៉ុន្តែ ប្រសិនបើភាគីមហាជនដើរហួសបន្ទាត់ក្រហម នោះអំណាចប្រជាជននឹងរលាយសាបសូន្យទៅតាមយុទ្ធសាស្ត្រនយោបាយដែលរៀបចំដោយក្រុមហ្លួងផងដែរ។ ដូច្នេះ ប្រសិនបើជាមហាជនចង់បានការផ្លាស់ប្តូរ ឬក៏មានការធ្វើវិសោធនកម្មច្បាប់ណាមួយក្នុងវិវាទកម្មនេះ មេដឹកនាំបាតុករគួរណាស់តែចេះប្រមើមើលពីលទ្ធផលនិងផលចំណេញដែលនឹងទទួលបាន ជាជាងបណ្តោយការប្រឹងប្រែងនេះក្លាយទៅជាអសារបង់ ហើយជាលទ្ធផលចុងក្រោយនៃការប្រឹងប្រែងនេះគឺមិនខុសអីពីការយកមេមាន់ទៅប្តូរនឹងពងមាន់មួយនោះឡើយ។

២. ភាគីរាជបល្ល័ង្គ៖

នៅក្នុងមហាព្រឹត្តិការណ៍នៃភាពចលាចលនេះ បើទោះបីជាគ្មានសម្លេងគ្រហឹមគ្រហេមពីព្រះរាជវាំងក្តី ក៏ពួកមន្រ្តីអាមាត្យ ក៏ដូចជាពួកក្រុមវាំង ក្រុមហ្លួង និងក្រុមឃុនទាំងនោះ មិនអាចមើលរំលងបានឡើយ ព្រោះថានេះគឺអាចជារលកតូចមួយដែលអាចនឹងបង្ករជារលកយក្សនៅពេលខាងមុខប្រសិនបើគ្មានចំណាត់ការបានល្អទេនោះ។ ពួកក្រុមវាំងទាំងអស់រួមទាំងឧត្តមទីប្រឹក្សាព្រះមហាក្សត្រផ្ទាល់ គឺបានក្តាប់ជាប់រាល់ស្ថានការណ៍នៃការវិវត្តរបស់មហាបាតុកម្មនេះបានរួចជាស្រេចទៅហើយ យ៉ាងណាមិញពួកគេទាំងនោះ ក៏បាននឹងកំពុងតែតាមដានរាល់សកម្មភាពរបស់មេដឹកនាំបាតុករនេះមិនឱ្យលោះសូម្បីតែមួយវិនាទីផងដែរ។ នៅក្នុងន័យនេះ ពួកក្រុមវាំងដែលតំណាងឱ្យភាគីរាជបល្ល័ង្គ គឺជាប្រតិបត្តិករផ្ទាល់ក្នុងព្រះនាមព្រះភូមិន្ទ ក្នុងការតាមដាននិងស៊ើបអង្កេតរាល់សកម្មភាពប្រឆាំង ដើម្បីរក្សាឱ្យបាននូវភាពជាម្ចាស់អំណាចក្នុងដែនរាជាណាចក្រមួយនេះជាបន្តទៀតតាមការដែលអាចធ្វើទៅបាន។

ជាទំនៀមទម្លាប់មួយរបស់ព្រះរាជវង្សថៃ ការសណ្តោសប្រណីចំពោះប្រជាជនគឺត្រូវតែមាន ប៉ុន្តែមិនអាចជាអចិន្ត្រៃយ៍បានឡើយ ពោលបើសិនជាការរើបម្រះណាមួយរបស់ប្រជាជនមានការកើនឡើងខ្លាំង ការបង្ក្រាបក៏នឹងចូលមកដល់ប្រជាបាតុករដូចគ្នាដែរ។ តួយ៉ាងនៅពេលវេលានៃការប្រឆាំងរបស់មហាជននៅពេលនេះ តួអង្គព្រះរាជបល្ល័ង្គមិនទាន់បញ្ចេញឬទ្ធិអំណាចរបស់ខ្លួនឡើយ ដោយចង់បញ្ជាក់ថា ព្រះមហាក្សត្រជាតិថៃគឺមានព្រះទ័យករុណាចំពោះប្រជាជនថៃ បើទោះបីជាមានអំពើហិង្សារវាងរាស្រ្តថៃនិងមន្រ្តីក៏ដោយចុះ។ ដោយឡែក ព្រះទ័យករុណារបស់ព្រះមហាក្សត្រភូមិន្ទថៃគឺមិនអាចត្រជាក់រហូតឡើយ បើទោះបីជាប្រជាបាតុករនិងមន្រ្តីគឺប្រជាជនថៃក្រោមដំបូលព្រះរាជវាំងតែមួយក្តី ក៏ព្រះភូមិន្ទថៃដាច់ខាតត្រូវតែជ្រើសរើសយកភាគីមួយធ្វើជាចំណុះរបស់ទ្រង់ដើម្បីបង្ក្រាបភាគីម្ខាងទៀត ដែលមានទំនោរទៅរកការប្រឆាំងបះបោរ។

ក្នុងអត្ថយោគនេះ យើងអាចសម្គាល់បានថា ភាគីព្រះរាជបល្ល័ង្គដាច់ខាតមិនអាចនៅក្រោមភាគីមហាជនបានឡើយ បើទោះបីជាមានការងើបឡើងតស៊ូបំបះបំបោរខ្លាំងយ៉ាងណាក៏ដោយចុះ ក៏ភាគីព្រះរាជបល្ល័ង្គបានត្រៀមខ្លួនរួចស្រេចផងដែរដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពដែលនឹងផ្តល់ភាពពុះពោរក្នុងសង្គមជាតិថៃនាពេលវេលាណាមួយឱ្យខាងតែបានផងដែរ។ ដោយសរុបក្នុងន័យជារួមមក នៅក្នុងការប្រយុទ្ធគ្នាលើសង្វៀននយោបាយសង្គមរបស់ជាតិថៃនៅពេលនេះ ភាគរយនៃអ្នកណាឈ្នះ អ្នកណាចាញ់ គឺបានបង្ហាញឱ្យឃើញពាក់កណ្តាលរួចទៅហើយ ដោយសម្អាងលើរូបភាពនៃភាពប្រាកដប្រជារវាងភាគីមហាជនដែលជាភាគីដណ្តើម ទាមទារ និងភាគីរាជបល្ល័ង្គដែលជាភាគីការពារទប់ស្កាត់ ដើម្បីបន្តរក្សាភាពជាម្ចាស់អំណាចនៃព្រះរាជាណាចក្រដ៏តូចច្រលឹងមួយនេះឱ្យបានស្ថិតស្ថេរយូរអង្វែង។

អត្ថបទដោយ៖ លោក មករា សន្តិភាព
គំនូរដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង