"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ឯកសារសម្ងាត់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានបញ្ចេញមុនកាលកំណត់ជាង២០ឆ្នាំ ធ្វើឲ្យអ្នកតាមដានសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ីអាគ្នេយ៍

តាម​រយៈ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេតវិមាន សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ឯកសារ​សម្ងាត់មួយស្ដីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២១។ តាម​ពិត​ទៅ ឯកសារ​សម្ងាត់​មួយនេះ​គួរតែត្រូវ​ចេញផ្សាយជាសាធារណៈ​នៅ​ឆ្នាំ២០៤៣ឯណោះទេ ពីព្រោះ​ថា​តាមច្បាប់​នៅ​សហរដ្ឋអាមេរិក ​ ចំពោះរាល់ឯកសារ​សម្ងាត់​លក្ខណៈ​សន្តិសុខ​ជាតិ​បែប​នេះគឺត្រូវ​កំណត់​ឲ្យ​មាន​រយៈពេល​អតិបរមា ២៥ឆ្នាំ ក្រោយ​ពីមាន​​ការឯកភាព​ផ្លូវការ ទើប​ផ្សព្វផ្សាយ​​​ទៅ​មជ្ឈដ្ឋាន​ទូទៅ (ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ចេញ​ជា​ធរមាន​នៅ​ឆ្នាំ២០១៨)។

នៅ​ក្នុង​ឯកសារ​កម្រាស់​ ១៥ ទំព័រ​ដែល​បិទ​បាំង​ពាក្យ​និង​ឃ្លា​មួយ​ចំនួន​តូច​ សហរដ្ឋអាមេរិក​បាន​គូស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ចំពោះ​សន្តិសុខ​ជាតិ​ ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ អ្វី​ដែល​សំខាន់​ជាង​គេ​ក្នុង​សំណៅ​ឯកសារ​យុទ្ធសាស្ត្រ​អាមេរិក​មួយ​នេះ​គឺ អាមេរិក​ចង់​រក្សា​ភាព​ជា​បងធំ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

ជាក់ស្ដែង សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​អ្នក​គំរាមកំហែង​ដល់​វត្តមាន​ខ្លួន​នៅ​ក្នុង​តំបន់​ដ៏​ធំ​មួយ​នេះ។ ហេតុនេះហើយ អាមេរិក​បាន​ដាក់​ផែនការ​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់​ឥទ្ធិពល​ចិន តាំង​ពី​ផ្នែក​សេដ្ឋកិច្ចនិង​ផ្នែក​ឥទ្ធិពល​នយោបាយ-ការ​ទូត ហើយ​ឈាន​ទៅ​ដល់​ផ្នែក​យោធា​ទៀត​ផង​។ ទោះ​បី​ជា​សរសេរ​ក្នុង​ន័យ​អវិជ្ជមាន​ច្រើន​ក៏​ដោយ សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ពី​ជំហរ​មួយ​ដើម្បី​សហការ​ជាមួយ​ចិន នៅ​ពេល​ណា​ដែល​ផល​ប្រយោជន៍ត្រូវបានផ្តល់​ដល់សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​ចិន​ សហរដ្ឋអាមេរិក​ក៏​បាន​លើក​ឡើង​ពី​ផែនការ​សកម្មភាព​របស់​ខ្លួន​ចំពោះ​សម្ព័ន្ធ​មិត្តដៃ​គូ​របស់​ខ្លួនដែលរួមមាន ឥណ្ឌា និង​ប្រទេសនៅអាស៊ី​ទក្សិណ ក៏​ដូច​ជា​ ឧបទ្វីប​កូរ៉េផងដែរ ប៉ុន្តែ អត្ថបទ​នេះ​​នឹង​ផ្ដោត​ខ្លាំង​ចំពោះ​បញ្ហា​នៅ​អាស៊ីអាគ្នេយ៍។

តំបន់អាស៊ីអាគ្នេយ៍​ត្រូវ​បាន​លើកឡើង​យ៉ាងច្រើន​គួរសមផង​ដែរ​នៅ​ក្នុង​ឯកសារ​សម្ងាត់​នេះ ដោយ​មាន​ ​ផ្នែក​មួយប្រមាណ​ជា​ ១ ទំព័រ បកស្រាយ​អំពី​គោលដៅ​និង​សកម្មភាពរួម​តំបន់​រវាង​អាស៊ីអាគ្នេយ៍ និង​តំបន់​ផែន​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​​ នៅក្នុងឯកសារនេះ អាមេរិក​ដាក់​ចេញ​នូវ​គោលបំណងចំនួន ៥ និង​ផែនការ​សកម្មភាព​មួយ​ចំនួនដែល​ខ្លួន​នឹង​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក។ ពាក់ព័ន្ធ​នឹង​តំបន់​អាស៊ីអាគ្នេយ៍ ​សហរដ្ឋអាមេរិកក៏​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​តួនាទី​ស្នូល ឬតួនាទី​មជ្ឈភាព​អាស៊ាន (ASEAN Centrality) ដែល​ជា​គោល​តម្លៃ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ផងដែរ។ ម្យ៉ាងទៀតនោះ អាមេរិក​ក៏បានសង្កត់ធ្ងន់ទៅការលើក​កម្ពស់ និង​ការគាំទ្រ​ភាព​អន្តរកាល​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​ថែមទៀតផង។

អ្នក​តាម​ដាន​កិច្ចការ​អាស៊ីអាគ្នេយ៍​ជា​ច្រើន​យល់​ថា សហរដ្ឋអាមេរិក​គ្រាន់​តែចាត់​ទុក​អាស៊ាននិង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​ជា​តួ​រង ឬគ្រាន់​តែ​ជា​កូន​អុក​មួយ​សម្រាប់​អាមេរិក​​ទប់ទល់​នឹង​​ចិនតែ​ប៉ុណ្ណោះ។ ការ​លើកឡើង​បែប​នេះ​ គឺយោង​លើ​មូលហេតុ​ថា អាមេរិក​ក្នុង​សម័យ​រដ្ឋការ​លោក​ ដូណាល់ ត្រាំ មិន​សូវ​រវីរវល់​នឹង​កិច្ច​ប្រជុំ​កំពូល​នានា​របស់​អាស៊ាន​ទេ​ គឺគិតតែ​ពី​ប្រយោជន៍​របស់​ខ្លួន​ច្រើន​ជាង។ ក្នុង​ឯកសារ​នេះ​វិញ អ្នក​វិភាគ​កិច្ចការ​តំបន់​យល់​ថា អាមេរិកគ្រាន់​តែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត ប៉ុន្តែមិន​បាន​បកស្រាយ​លម្អិត​ពី​ផែនការ​សកម្មភាព​ក្នុង​ការ​លើក​កម្ពស់​តួនាទី​ស្នូល​អាស៊ាន ព្រម​ទាំង​របៀប​នៃ​ការ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ​។

ចំពោះ​រឿង​តួនាទី​ស្នូល​អាស៊ាន ក្នុង​ឯកសារ​នោះ​បាន​សរសេរ​ថា អាមេរិក​គាំទ្រ​តាម​រយៈ​​ការពង្រឹង​ចំណង​មិត្តភាព​របស់​ខ្លួន​ជាមួយ​ “សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី”។ អ្នក​តាមដាន​មួយ​ចំនួន​យល់​ឃើញ​ថា អាមេរិក​បាន​មើល​រំលង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់អាស៊ាន។ បើ​និយាយ​​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​វិញ នៅក្នុង​ឯកសារ​សម្ងាត់​មួយ​នេះ មាន​តែ​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ ដែល​អាមេរិក​បាន​និយាយ​ថា​គាំទ្រ​ ខណៈអាមេរិក​ស្ងាត់​ឈឹងលើប្រធានបទ​ប្រទេស​ដទៃ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​ខ្លះ​យល់​ថា អាមេរិក​កំពុង​តែ​ប្រាសចាក​ពី​គោល​តម្លៃ​នៃ​គោលនយោបាយ​ការបរទេស​​របស់​ខ្លួន​រួម​មាន​ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ជុំ​វិញ​ពិភពលោក។

ចំពោះ​មតិ​របស់​ខ្ញុំ​ផ្ទាល់​វិញ វា​ត្រឹមត្រូវ​ណាស់​ចំពោះ​ការ​លើក​ឡើង​ថា ​អាមេរិក​សម្លឹង​មើល​ការ​ទប់ស្កាត់​ចិន​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន នេះ​គឺ​ស្រប​តាម​គោលនយោបាយ “អាមេរិក​ចម្បង” របស់​លោក ​ត្រាំ  ហើយ​ប្រាកដ​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ​ ប្រទេស​ណា​ក៏​ប្រឹងប្រែង​ដើម្បី​ផលប្រយោជន៍​ជាតិ​របស់​គេ​ដែរ។ បើ​និយាយ​អំពី​អាស៊ាន​វិញ ​តំបន់​នេះ​សំខាន់​ចំពោះ​អាមេរិក ហើយ​សំខាន់​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​ឥទ្ធិពល​របស់​ចិន​កាន់​តែ​រាលដាល​ខ្លាំង​ឡើងៗ​តាម​រយៈ​អំណាច​ទន់​ដូច​ជា រឿង​ផ្ដល់​ជំនួយ ផ្ដល់​ប្រាក់​កម្ចី ក៏​ដូច​ជា​ការ​វិនិយោគ។ ភាព​សំខាន់​នេះ​ដែរ​ក៏​អាច​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​ចំណុច​ភូមិសាស្ត្រ​នយោបាយ​ដ៏​ក្ដៅ​គគុកមួយ​​រវាង​ចិននិង​អាមេរិក។ ហេតុ​នេះ​ហើយ​បាន​ជា​អាមេរិក​ហាក់​បី​ដូច​ជា​សកម្ម​នៅ​អាស៊ីអាគ្នេយ៍​ជាង​អាណត្តិ​ប្រធានាធិបតី​មុនៗ​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់។ ​សូម​បញ្ជាក់​បន្តិច​ថា ទោះ​ជា​លោក​ ត្រាំ​ ហាក់​មិន​សូវ​ខ្វល់​ខ្វាយ​នឹង​តំបន់​នេះ​ពិត​មែន ប៉ុន្តែ​មន្ត្រី​រដ្ឋការជំនាញរបស់​អាមេរិក​ទាំង​អ្នក​ការ​ទូត​និង​មន្ត្រី​យោធា​បាន​និយាយ​ជំហរ​របស់​ខ្លួន​ច្បាស់ៗ​ណាស់​នៅ​តាម​វេទិកា​ផ្សេងៗ ដែលជំហរ​នោះ​គឺ​ អាមេរិក​គាំទ្រ​តំបន់​មេគង្គនិង​អាស៊ី​អាគ្នេយ៍ដើម្បី​គេច​ចេញ​ពី​ឥទ្ធិពល​ចិន។ ឯកសារ​សម្ងាត់​នេះ​ជា​ភស្តុតាងដ៏​រឹង​មួយ អំពី​គោល​ជំហរ​អាមេរិក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ យ៉ាងណាមិញ វា​ហាក់​បី​ដូច​ជា​ស្រពិចស្រពិល​និង​មិន​ច្បាស់​ពី​មូលហេតុ​ដែល​អាមេរិក​បញ្ចេញ​ឯកសារ​ដ៏​សំខាន់​នេះ​មុន​កាល​កំណត់​រហូត​ទៅ​ជាង ២០ឆ្នាំ។ អ្នក​ខ្លះ​យល់​ថា រដ្ឋការ​លោក​ ត្រាំ​ ធ្វើ​បែប​នេះ​ ដើម្បី​រុញ​ឲ្យ​លោក​ ចូ បៃឌិន បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​។ បើ​តាម​ការ​សង្កេត​មើលទំនោរ​គោលនយោបាយ​ការបរទេស​អាមេរិក គេ​អាច​និយាយ​បាន​ថា យុទ្ធសាស្រ្ត​ជំនាន់​លោក​ ត្រាំ​ មួយ​នេះ អាច​នឹង​នៅ​បន្ត​ដដែល​។ យើង​អាច​សម្គាល់បាន​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​របស់​យោធា​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិកនិង​មេដឹកនាំ​អឺរ៉ុប​ ព្រម​ទាំង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជាមួយ​​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ យ៉ាងណាមិញ ការ​បន្ត​អនុវត្ត​​មាន​កម្រិត​ត្រឹម​ណា យើង​នឹង​រង់​ចាំ​មើល​ទៀត ប៉ុន្តែ​យើង​អាច​ដឹង​ច្បាស់​ថា ឯកសារ​សម្ងាត់​អំពី​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​អាមេរិក​អាច​ជា​ឯកសារ​យោង​ដ៏​សំខាន់​សម្រាប់​តាម​ដាន​ចលនា​របស់​អាមេរិក​នៅភាគ​ខាង​កើត​ដ៏​ធំ​នៃ​ទ្វីប​អាស៊ី៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទពីប្រិយមិត្ដ៖ លោក Him Rotha
គំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង