"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីជា The Big 4?

The Big 4 គឺក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេចំនួន៤ និងមានសក្តានុពលបំផុតមួយនៅក្នុងពិភពលោក។ The Big 4 ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកគណនេយ្យ និងសវនកម្មដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនធំៗចំនួន 4 ដែលរួមមាន PricewaterhouseCoopers (PwC), Deloitte Touche Tohmatsu (Deloitte), Ernst & Young (EY) និង Klynveld Peat Marwick Goerdeler (KPMG)។ ក្រុមហ៊ុនទាំងបួននេះដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព និងកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានវិបុលភាព តាមរយៈសេវាកម្មសវនកម្ម ឬសេវាផ្សេងទៀតពាក់ព័ន្ធនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុជាដើមក្នុងក្រុមហ៊ុនទូទាំងសកលលោក។

ដើម្បីឱ្យយល់ពី The Big 4 ដែលជាក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេលើពិភពលោកឱ្យស៊ីជម្រៅ ជាដំបូងយើងត្រូវសិក្សាពីប្រវត្តិរបស់ក្រុមហ៊ុនទាំងបួនជាមុនសិន។ កាលពីឆ្នាំ១៩៨០ ពួកគេធ្លាប់ត្រូវបានគេស្គាល់ថាជា Big 8 ដោយបង្កើតឡើងដោយក្រុមហ៊ុនចំនួន៨ ក្នុងនោះមានក្រុមហ៊ុនដូចជា Arthur Young, Arthur Andersen, Coopers & Lybrand, Ernst & Whinney, Deloitte Haskins & Sells, KPMG, Touche Ross and Price Waterhouse។ បន្ទាប់មកនៅឆ្នាំ១៩៨៩ Big 8 បានក្លាយទៅជា Big 6 ដោយសារតែ ក្រុមហ៊ុន Ernst & Whinney និង Arthur Young រួមបញ្ចូលគ្នាបានប្តូរឈ្មោះទៅជា Ernst & Young និង ក្រុមហ៊ុន Deloitte Haskins & Sells រួមបញ្ចូលជាមួយ Touche Ross ហើយបានដាក់ឈ្មោះថា Deloitte Touche។ បន្ទាប់មកទៀត ក៏រួញមកត្រឹម Big 5 ឆ្នាំ ១៩៩៨ ដោយសារក្រុមហ៊ុន Price Waterhouse និង Coopers & Lybrand បានរួមបញ្ចូលគ្នាហើយប្តូរឈ្មោះទៅជា PricewaterhouseCoopers។ លុះដល់ឆ្នាំ ២០០២ អ្នកទាំង ៥ បានបាត់បង់សមាជិកម្នាក់ ដោយសារតែក្រុមហ៊ុន Arthur Andersen បានក្ស័យធន។ គួរបញ្ជាក់ដែលថា ក្រុមហ៊ុន Arthur Andersen មិនត្រឹមតែក្ស័យធនតែម្នាក់ឯងទេ ប៉ុន្តែក៏នាំយកក្រុមហ៊ុនដទៃដែលជាអតិថិជនរបស់ខ្លួនឱ្យឈានទៅដល់ក្ស័យធនរបស់ខ្លួនដែរ ដោយសារតែកំហុសឆ្គងលើការធ្វើសវនកម្ម និងសិក្សាប្រាក់ចំណូលចំណាយមិនច្បាស់លាស់។ ចាប់ពីឆ្នាំ២០០២នោះមក ក្រោមកត្តាការបញ្ចូលក្រុមហ៊ុនគ្នានិងដួលរលំ សព្វថ្ងៃពិភពលោកនៅសល់ក្រុមហ៊ុនសវនកម្មធំៗចំនួន៤ ហើយត្រូវបានគេស្គាល់ថាជា The Big 4។

នៅឆ្នាំ២០១៩ The Big 4 មានភាគហ៊ុនច្រើនជាង ៧៥% នៃទីផ្សារគណនេយ្យលើពិភពលោក ហើយប្រាក់ចំណូលរបស់ពួកគេលើសពី ១៥៤ ប៊ីលាន ដុល្លារអាមេរិក។ បើយើងងាកទៅមើលពីចំណាត់ថ្នាក់របស់ The Big 4 វិញ Deloitte នៅលំដាប់ទី១ ដែលមានចំណូលសរុបប្រមាណ ៤៧,៦ ប៊ីលាន ដុល្លារអាមេរិក PwC ឈរនៅលើលំដាប់ទី២ ដែលមានចំណូលសរុបប្រមាណ ៤៣ ប៊ីលាន ដុល្លារអាមេរិក (២០២០) រីឯលំដាប់ទី៣ គឺ EY មានចំណូលសរុបប្រមាណ ៣៧,២ ប៊ីលាន ដុល្លារអាមេរិក (២០២០)។ ដោយឡែក KPMG មិនទាន់ចេញរបាយការណ៍ពីប្រាក់ចំណូលនៅឆ្នាំ២០២០ទេ ប៉ុន្តែគ្រាន់តែដឹងថាប្រាក់ចំណូលមានការកើន ៧% បើធៀបទៅនឹងឆ្នាំ២០១៩ ដែលស្មើនឹងប្រាក់ចំណូលសរុបចំនួន ៣១,៦៦ ប៊ីលាន ដុល្លារអាមេរិក។

ក្រឡេកមើលតួនាទីសំខាន់របស់ The Big 4 ទៅលើវិស័យពាណិជ្ជកម្មវិញ The Big 4 មានផ្តល់នូវសេវាកម្មផ្សេងៗដូចជា សវនកម្ម សេវាប្រឹក្សា ឬសេវាផ្តល់យោបល់ ផ្នែកធុរកិច្ច ផ្នែកពន្ធ ការចុះកិច្ចបញ្ជិការ ឬសេវាផ្សេងទៀតពាក់ព័ន្ធនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែក្រុមហ៊ុនទាំងបួននេះក៏បានបន្ថែមសេវាកម្មដទៃទៀតដើម្បីពង្រីកទីផ្សារនិងបង្កើនប្រាក់ចំណូល។ ក្រុមហ៊ុន Deloitte ដែលមានបុគ្គលិក ៣១២.០០០ នាក់ និងសាខារហូតទៅដល់ ១៥០ ប្រទេសជុំវិញពិភពលោក ក៏មានផ្តល់នូវសេវាកម្មផ្សេងទៀតដូចជា សេវាផ្តល់យោបល់ផ្នែកហិរញ្ញវត្ថុនិង សេវាផ្តល់យោបល់ផ្នែកហានិភ័យ ហើយក្នុងឆ្នាំ២០២០នេះ សេវាកម្មប្រឹក្សាគឺជាសេវាកម្មមួយដែលអាចរកចំណូលបានច្រើនជាងគេរបស់ Deloitte។ PwC ដែលមានបុគ្គលិករហូតដល់ ២៧៦.០០០ នាក់ និងមានសាខារហូតដល់ ១៥៨ ប្រទេស ក៏បានផ្តល់សេវាកម្មដូចជា សេវាកម្មផ្នែកច្បាប់, Forensics, alliances and ecosystem, IFRS reporting និង Deals។ ក្រឡេកទៅមើលក្រុមហ៊ុន EY មានសាខាចំនួន ១៥០ ប្រទេស និងមានបុគ្គលិក ២៨៤.០០០ នាក់ ក៏បានបន្ថែមនូវសេវាកម្ម Transactions advisory service និង Core business service។ ក្រុមហ៊ុន KPMG ក៏បន្ថែមនូវសេវាកម្មផ្សេងៗដូចជា tax & legal, private enterprise និង client stories។ គួរកត់សម្គាល់ដែលថា ចំពោះក្រុមហ៊ុន PWC EY និង KPMG សេវាកម្មដែលបានរកប្រាក់ចំណូលច្រើនជាងគេគឺសេវាផ្តល់យោបល់។ យ៉ាងណាមិញ ការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុននីមួយៗទៀតសោត គឺមិនដូចគ្នាគ្រប់សាខានៅក្នុងពិភពលោកទេ។

ជារួម The Big 4 បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានាលាងជម្រះដង្កូវក្នុងសាច់របស់ក្រុមហ៊ុន ចូលរួមចំណែកកាត់បន្ថយអំពើពុករលួយ បញ្ចៀសឬត្រៀមខ្លូនសម្រាប់ហានិភ័យរបស់ក្រុមហ៊ុនតាមរយៈការរៀបចំស្ថិតិនិងរបាយការណ៍ចំណូលចំណាយ និងការពិគ្រោះយោបល់ជាដើម។ The Big Four ក៏ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងគ្រឹះសេដ្ឋកិច្ចតាមរយៈការធានាឱ្យមានសកម្មភាពសេដ្ឋកិច្ចក្រោមរូបភាពចីរភាពនិងស្ថិរភាព ក៏ប៉ុន្តែទន្ទឹមគ្នានឹងការលូតលាស់នៃសក្ដានុពលរបស់ The Big 4 ក្រុមហ៊ុនទាំងបួននេះកំពុងមានភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុនសវនកម្មដែលមិនមានមែនជាសវនកម្មគណនេយ្យដោយសារតែក្រុមហ៊ុន The Big 4 បានផ្ដល់សេវាកម្មច្រើន និងលើសពីសវនកម្មគណនេយ្យ។ #កម្មវិធី_ថង់ប្រាជ្ញា

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
សរសេរអត្ថបទដោយ៖  កញ្ញា លីម កន្និដ្ឋា
គំនូរដោយ៖ កញ្ញា លីម កន្និដ្ឋា

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង