"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial នៅ Nuremberg ក្រោយសង្គ្រាមលោកលើកទី ២ នៅតុលាការយោធា Nuremberg Military Tribunal ឆ្នាំ១៩៤៧។​

មូលហេតុអ្វីដែលបណ្តាលឱ្យមានការតាក់តែងក្រមឡើង?​ ហើយក្រមនេះប្រកាន់គោលការណ៍ដូចម្តេចខ្លះ?

នៅអំឡុងសតវត្សរ៍ទី២០ បស្ចិមប្រទេសបានកំពុងតែមានការរីកចម្រើនខាងវិស័យឧស្សាហកម្មដំបូង ក្នុងនោះមានការស្រាវជ្រាវជាច្រើនទៅលើវិស័យសុខាភិបាលដើម្បីអភិវឌ្ឍឱសថ ក៏ដូចជាស្វែងរកវិធីព្យាបាលជំងឺ។ ឧបទេសសីលធម៌នៅក្នុងវិស័យសុខាភិបាលបានចែងពីគោលការណ៍គោលៗមួយចំនួន ប៉ុន្តែក្រមនេះមិនបានឆ្លើយតបគ្រប់បញ្ហាសីលធម៌ដែលអាចកើតឡើងនៅក្នុងការធ្វើពិសោធន៍ស្រាវជ្រាវ ជាពិសេសនៅពេលមនុស្សត្រូវបានគេយកមកធ្វើពិសោធន៍ (Human experimentation)។ នៅដើមទសវត្សរ៍ឆ្នាំ១៩៤០ វេជ្ជបណ្ឌិតនៅប្រទេសអាឡឺម៉ង់បានធ្វើពិសោធន៍លើមនុស្ស (Nazi Human experimentation) ដោយនីតិវិធី គ្មានបទដ្ឋានសីលធម៌ ឬក៏អាចហៅថាការធ្វើទារុណកម្មខាងវេជ្ជសាស្ត្រ ក្នុងគោលបំណងអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមដល់ទាហាន ធ្វើតេស្តឱសថព្យាបាល និងពង្រឹងមនោគមវិជ្ជាហ្វាស៊ីសអាឡឺម៉ង់។ មុនពេលក្រុមណាស៊ីឡើងកាន់អំណាច ក្រុមគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ជាច្រើនបានគាំទ្រការលុបបំបាត់ជនជាតិភាគតិច (ជ្វីប) ចេញពីអាឡឺម៉ង់ និងបានបង្កើតជំរុំពិសោធន៍ (Experiment campaign) ដែលជាមូលហេតុបង្កឱ្យមានការប្រល័យពូជសាសន៍ជ្វីបនៅអំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីកងកម្លាំងសម្ព័ន្ធមិត្តបានឈ្នះសង្រ្គាមលោកលើកទី២ អាជ្ញាធរអាមេរិកបានបើកការជំនុំជម្រះក្តីនៅក្នុងវិមាន Nuremberg ដែលពេលនោះ ក្រុមអ្នកស្រាវជ្រាវរបស់ណាស៊ីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះការអនុវត្តស្រាវជ្រាវដែលគ្មានសីលធម៌។ នៅឆ្នាំ១៩៤៩ ក្រម Nuremberg ត្រូវបានបោះពុម្ពផ្សាយជាគោលការណ៍ណែនាំដើម្បីណែនាំអ្នកស្រាវជ្រាវនិងធ្វើពិសោធន៍លើមនុស្ស។ ក្រមនេះបានចងក្រងដោយពឹងផ្អែកលើគោលការណ៍ណែនាំសម្រាប់ពិសោធន៍មនុស្សដែលបានតាក់តែងនៅឆ្នាំ១៩៣១ (Guidelines for Human Experimentation of 1931)។

គោលការណ៍សីលធម៌ទាំង ១០​ របស់ក្រម Nuremberg ក្តោបសំខាន់ត្រួសៗទៅលើ៖
១. ការទទួលបានការយល់ព្រមស្ម័គ្រចិត្តរបស់បុគ្គលលើការចូលខ្លួនមកឱ្យធ្វើពិសោធន៍គឺចាំបាច់បំផុត។
២.​ ការពិសោធន៍ត្រូវមានគោលដៅល្អនិងជាប្រយោជន៍ដល់សង្គម។
៣. ការពិសោធន៍ត្រូវធ្វើឡើងដោយផ្អែកលើលទ្ធផលពិសោធន៍ដែលធ្លាប់បានធ្វើតេស្ត​លើសត្វ (animal experimentation) និង ឧបទេសជំនាញលើបញ្ហាពិសោធន៍​ដើម្បីធានាលើប្រតិបត្តិការពិសោធន៍។
៤. ការពិសោធន៍ត្រូវចៀសវាងការប៉ះពាល់ដល់សុវត្ថិភាពនិងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកទទួលការពិសោធន៍។
៥. ការពិសោធន៍មិនត្រូវធ្វើឡើងក្រោមស្ថានភាពដែលមានហានិភ័យខ្ពស់ដល់មានការប្រឈមមុខនឹងការរងរបួសឬការបាត់​បង់ជីវិតនោះទេ។
៦. ប្រតិបត្តិការពិសោធន៍មិនគួរចាកឆ្ងាយពីសីលធម៌និងមនុស្សធម៌នោះទេ។
៧. ការរៀបចំត្រៀមទុកមុនត្រូវតែត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមខាងមុខ។​
៨. ការពិសោធន៍គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញពិតប្រាកដនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រប់ដំណាក់កាលពិសោធន៍។
៩. ក្នុងអំឡុងពេលនៃដំណើរការពិសោធន៍បុគ្គលដែលទទួលការពិសោធន៍គួរតែមានសេរីភាពក្នុងការសម្រេចចិត្តឈប់ធ្វើ។
១០. ក្នុងអំឡុងពេលនៃការសាកល្បងពិសោធន៍ អ្នកវិទ្យាសាស្ត្រដែលទទួលបន្ទុកត្រូវបញ្ចប់ការពិសោធន៍នៅដំណាក់កាលណាមួយប្រសិនបើគាត់បានវិនិច្ឆ័យឃើញពីកត្តាហានិភ័យអាចកើតឡើងនិងប៉ះពាល់ដល់សុវត្ថិភាពអ្នកចូលឱ្យធ្វើពិសោធន៍។

៥០​ឆ្នាំក្រោយពីការចងក្រងក្រម Nuremberg​ គឺនៅមិនទាន់មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការ ឬ ក្លាយជាគោលការណ៍ណែនាំក្រមសីលធម៌ជាផ្លូវការដោយសមាគមណាមួយឡើយ។ បស្ចិមប្រទេសបានច្រានចោលក្រម Nuremberg ដោយយល់ថា ក្រមនេះមិនមានបំណកស្រាយច្បាស់លាស់ទៅលើអត្ថន័យរបស់ក្រមថាជាអ្វីឱ្យជាក់លាក់ និងមិនបានចែងឱ្យច្បាស់ថាតើកម្រិតណាដែលចាត់ទុកថាមានការពិសោធន៍ធ្វើឡើងដោយអសីលធម៌និងអមនុស្សធម៌។ ចន្លោះប្រហោងមួយទៀតនោះគឺ សាលក្រមចុងក្រោយរបស់តុលាការទៅលើរឿងក្តីនេះមិនបានបញ្ជាក់ថាតើក្រម Nuremberg​ នេះគួរឬក៏អាចយកទៅអនុវត្តចំពោះករណីលើការធ្វើតេស្ដពិសោធន៍អ្នកទោសនយោបាយនិងអ្នកជាប់ពន្ធនាគារដែរឬទេ? លើសពីនេះ ក៏មានភាពចម្រូងចម្រាស់ដែលបានប៉ះពាល់ដល់ប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលដោយសារតែកង្វះភាពច្បាស់លាស់ក្នុងការបកស្រាយក្រមទៅលើកម្រិតនិងវិសាលភាពនៃការពិសោធន៍ ជាពិសេសការពន្យល់ពីកម្រិតនៃភាពអសីលធម៌និងអមនុស្សធម៌ក្នុងការពិសោធន៍។

ទោះជាយ៉ាងណា ក្រមនេះត្រូវបានគេចាត់ទុកថាជាឯកសារសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រវិស័យស្រាវជ្រាវវេជ្ជសាស្ត្រ ហើយក្រមសីលធម៌ស្រាវជ្រាវនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើការការពារសិទ្ធិមនុស្សនិងចៀសវាងពីការបំពានប្រឆាំងនិងមនុស្សជាតិ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ