"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បេឡារុសក្រោមរដ្ឋាភិបាលលោក Lukashenko និងរបបផ្តាច់ការចុងក្រោយរបស់អឺរ៉ុប

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

នៅថ្ងៃទី២៣ ខែឧសភា ជើងយន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ១២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air បានជួបនូវព្រឹត្តិការណ៏មួយ ដែលយន្តហោះមួយគ្រឿងនេះជិតឆ្លងផុតពីដែនអាកាសរបស់ប្រទេសបេឡារុស (Belarus) ហើយសំដៅទៅទីក្រុងវីលនៀស​(Vilnius) ប្រទេសលីទុយអានី(Lituania) ប៉ុន្តែស្រាប់តែយន្តហោះចម្បាំងMiG-29 បានរារាំងយន្តហោះមួយនេះមិនឱ្យចាកចេញពីដែនអាកាសរបស់ប្រទេសបេឡារុសទេ។ យន្តហោះមួយនេះត្រូវបានយន្តហោះចម្បាំងបញ្ជាឱ្យបកក្រោយហើយឆ្ពោះទៅរកប្រលានយន្តហោះរបស់រដ្ឋធានីមីនស្កឹ(Minsk) ប្រទេសបេឡារុសវិញ។ នៅពេលដែលយន្តហោះនេះបានចុះចតមកដល់ដីភ្លាម កងកម្លាំងនគរបាលបេឡារុស​​បានចូលចាប់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរនៅក្នុងយន្តហោះនោះ។ បុរសនោះមានឈ្មោះថា Roman Protasevich ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកកាសែតនិងសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Alexander Lukashenko។ ក្រោយពីមានព្រឹត្តិការណ៍នេះកើតឡើង ប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មទៅកាន់រដ្ឋាភិបាលប្រទេសបេឡារុស ជាពិសេសសហរដ្ឋអាមេរិកនិងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។ ប្រទេសទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលលោកប្រធានាធិបតីបេឡារុស Lukashenko ដោះលែងសកម្មជនម្នាក់នោះ។ កន្លងប៉ុន្មានថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មិនឱ្យជើងយន្តហោះសហភាពអឺរ៉ុបហោះឆ្លងកាត់ដែនអាកាសបេឡារុស ក៏ដូចជាមិនឱ្យជើងយន្តហោះរបស់ប្រទេសបេឡារុសចូលមកក្នុងដែនអាកាសរបស់ខ្លួនផងដែរ។

ប្រទេសបេឡារុស៖ របបផ្តាច់ការចុងក្រោយរបស់ទ្វីបអឺរ៉ុប

ប្រទេសបេឡារុសគឺដឹកនាំដោយលោក Lukashenko ដែលជាប្រធានាធិបតីអស់រយៈពេលជាង២៥ឆ្នាំមកហើយ។ លោក Lukashenko ជាប្រធានាធិបតីតែមួយគត់ដែលប្រជាជនបេឡារុសបានស្គាល់ដោយសារតែលោកបានកាន់តំណែងនេះតាំងពីពេលដែលប្រទេសបេឡារុសទទួលបានឯករាជ្យក្នុងឆ្នាំ១៩៩៤ ក្រោយពីរការដួលរលំនៃសហភាពសូវៀត។ លោក Lukashenko រក្សាទុកនូវនិមិត្តសញ្ញារបស់លទ្ធិកុម្មុយនីស្តជាច្រើនដូចជាទង់ជាតិនិងនិមិត្តសញ្ញាជាតិជាដើម។ លោកក៏បានរក្សានូវរដ្ឋតូបនីយកម្មលើវិស័យឧស្សាហកម្មសំខាន់ៗរបស់ប្រទេសបេឡារុសផងដែរ។ ការដឹកនាំរបស់លោកគឺត្រូវបានអ្នកកាសែតជាច្រើនដាក់រហស្សនាមថាជាប្រទេសដែលនៅក្នុងរបបផ្តាច់ការចុងក្រោយនៅក្នុងទ្វីបអឺរ៉ុប នេះគឺដោយសារតែការដឹកនាំរបស់លោកគឺជាការដឹកនាំបែបផ្តាច់ការដូចជា ការបោះឆ្នោតគឺត្រូវបានអ្នកតាមដានអន្តរជាតិចាត់ទុកថាមិនមានសមភាពនិងបើកចំហ សេរីភាពសារព័ត៌មានត្រូវបានរិតត្បិត ហើយគណបក្សប្រឆាំងត្រូវបានគៀបសង្កត់។

គួររំលឹកផងដែរថា លោកProtasevich ដែលត្រូវបានគេចាប់ខ្លួននោះ គឺមានទំនាក់ទំនងជាមួយនឹងក្រុមនយោបាយឯករាជ្យដែលបានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២០កន្លងមកនេះ គឺលោកស្រី Sviatlana Tsikhanouskaya។ លោកស្រីបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជំនួសស្វាមីរបស់លោកស្រីក្រោយពេលដែលស្វាមីរបស់លោកស្រីត្រូវបានគេចាប់ខ្លួនក្នុងថ្ងៃទី២៩​ ខែឧសភា ក្រោយពីលោកបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។ ក្រោយពីលោកស្រីបានឈរឈ្មោះជាបេក្ខជនរួចមក លោកស្រីបានទទួលនូវការគាំទ្រពីសំណាកមហាជនក្នុងប្រទេសបេឡារុសជាច្រើន ដែលក្នុងយុទ្ធនាការរបស់លោកស្រីមានអ្នកចូលរួមរហូត ២ម៉ឺននាក់ក្នុងទីក្រុង Brest និង ៦ម៉ឺននាក់ក្នុងរដ្ឋធានីមីនស្គី។ តែទោះជាយ៉ាងណា លទ្ធផលផ្លូវការនៃការបោះឆ្នោតបានបង្ហាញថាលោកស្រីទទួលបានតែ១០%នៃសន្លឹកឆ្នោត។ ក្រោយមក មានមនុស្សជាច្រើនបាននាំគ្នាចេញតាមដងផ្លូវនៅក្នុងទីក្រុងមីនស្គី ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលការបោះឆ្នោត។ នៅក្នុងព្រឹត្តិការណ៍ដែលមហាជនធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោត រដ្ឋាភិបាលលោកLukashenko ក៏បានចោទប្រកាន់បុគ្គលមួយចំនួនថានៅពីក្រោយខ្នងនៃក្រុមបាតុកម្មទាំងនោះ ហើយក៏បានចាត់ទុកថានេះជាអំពើបំផ្លាញសន្តិសុខ និងស្ថិរភាពរបស់ប្រទេសបេឡារុស ដែលនៅក្នុងនោះក៏មានលោក Protasevich ផងដែរ។ រដ្ឋាភិបាលលោកLukashenko បានចោទប្រកាន់លោកProtasevich​(ដែលកាលនោះលោកស្នាក់នៅជាជនភៀសខ្លួនក្នុងប្រទេសប៉ូឡូញ) ពីបទផ្តួចផ្តើមកុបកម្ម ដែលល្មើសនឹងមាត្រា២៩៣ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសបេឡារុស។ ចំពោះក្រុមប្រឆាំងតវ៉ានឹងលទ្ធផលការបោះឆ្នោត លោកLukashenko បានឆ្លើយតបនឹងការតវ៉ានេះដោយកណ្តាប់ដៃដែក។ លោកស្រី​ Tsikhanouskaya​ បានភៀសខ្លួនទៅប្រទេសលីទុយអានី។ មកដល់ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបាននូវករណីចំនួនលើសពី៤៥០ ពីការដាក់ទណ្ឌកម្មលើសមាជិកក្រុមតវ៉ាដែលបានកងកម្លាំងនគរបាលឃុំឃំាងខ្លួន ដែលក្នុងនោះក៏មានដូចជាករណីរំលោភ និងបៀតបៀនផ្លូវភេទជាដើម។

នយោបាយការបរទេសរូស្ស៊ីចំពោះរប្រទេសបេឡារុស

ទន្ទឹមនឹងប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានរិះគន់លើលទ្ធផលការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសបេឡារុស ក៏មានប្រទេសជាច្រើនទៀតបានសរសេរសារអបអរសារទរទៅកាន់លោក Lukashenko។ នៅក្នុងចំណោមថ្នាក់ដឹកនាំដែលបានអបអរសាទរនោះក៏មានប្រធានាធិបតីរបស់ប្រទេសរូស្ស៊ីគឺលោក វ្លាឌីមៀ ពូទីន ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រឹមឡាំងបានបញ្ជាក់ថា លោកពូទីនសង្ឃឺមថាការដឹកនាំរបបលោក Lukashenko នឹង“ជំរុញការអភិវឌ្ឍឱ្យកាន់តែជ្រាលជ្រៅនូវទំនាក់ទំនងដែលមានប្រយោជន៍ដល់ប្រទេសបេឡារុស និងរូស្ស៊ី លើគ្រប់វិស័យ” សេចក្តីថ្លែងការណ៏នេះបានបន្តទៀតថា “ជាការពិតណាស់ នេះនឹងជួយទ្រទ្រង់ដល់ផលប្រយោជន៍ស្នូលរវាងប្រទេសបេឡារុស និងប្រទេសរូស្ស៊ីដែលជាបងប្អូន។” ជាការពិតណាស់ របបគ្រប់គ្រងរបស់លោក Lukashenko គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសរូស្ស៊ី និងលោកពូទីន។ ក្រោយពីប្រទេសជាច្រើនបានដាក់ទណ្ឌកម្មទៅលើប្រទេសបេឡារុសពីការចាប់ខ្លួនរបស់លោកProtasevich មក លោកLukashenko បានជួបជាមួយនឹងលោកពូទីននៅឯទីក្រុងកំសាន្តSuchi ក្នុងប្រទេសរូស្ស៊ី។  នៅក្នុងការជួបពិភាក្សាផ្លូវការរយៈពេលមួយថ្ងៃនោះ​ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញានឹងពង្រឹងចំណងមិត្តភាពរបស់ប្រទេសទាំងពីរឱ្យបានរឹងមាំ។ លោកពូទីនក៏បានសន្យានឹងផ្តល់នូវប្រាក់កម្ចីបន្ថែមទៀតចំនួន៥០០​លានដុល្លារសហរដ្ឋអាមេរិកទៅឱ្យប្រទេសបេឡារុសបន្ថែមពីលើប្រាក់កម្ចីមុនដំបូងចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ២០២០ ដែលប្រាក់កម្ចីនេះមានគោលបំណងឱ្យលោក Lukashenko ប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថិរភាពរបបគ្រប់គ្រងរបស់លោក។

ហេតុអ្វីបានជាប្រទេសរូស្ស៊ីជួយជ្រោមជ្រែងដល់របបលោក Lukashenko?​

ប្រទេសរូស្ស៊ីនៅក្រោមការដឹកនាំរបស់លោកពូទីនគឺខុសប្លែកពីប្រធានាធិបតីមុនរបស់ប្រទេសរូស្ស៊ីគឺលោក Boris Yeltzinដែលមានទំនោរទៅរកលោកខាងលិច។ ផ្ទុយទៅវិញ លោកពូទីនមានគោលនយោបាយងាកចេញពីទំនោរទៅរកលោកខាងលិច ហើយមកពង្រឹងដែនឥទ្ធិផលរបស់រូស្ស៊ីវិញ។ ដែនឥទ្ធិពលនោះគឺសំដៅទៅលើប្រទេសដែលជាអតីតដែនដីរបស់សហភាពសូវៀត។  នេះសម្គាល់បានទៅលើគោលនយោបាយបរទេសជាច្រើនរបស់រូស្ស៊ីដូចជាការឈ្លានពានតំបន់Crimea ប្រទេសអ៊ុយក្រែនជាដើម។ ប្រទេសដែលជាអតីតសមាជិកនៃសហភាពសូវៀតដូចជាប្រទេសអ៊ុយក្រែន ប្រទេស Moldova បណ្តាប្រទេសបាល់ទិក(Baltic)ទាំងបី បានចាត់ទុកប្រទេសរូស្ស៊ីជាប្រទេសមួយដែលផ្តល់ការគំរាមកំហែងមកលើពួកគេ។ ជាលទ្ធផលប្រទេសទាំងនោះបានងាកទៅរកលោកខាងលិចវិញ ប៉ុន្តែបែរប្រទេសបេឡារុសជាប្រទេសអតីតសហភាពសូវៀតតែមួយគត់ដែលចាត់ទុកប្រទេសរូស្ស៊ីជាមិត្ត ហើយប្រទេសទាំងពីរបានរក្សានូវចំណងមិត្តភាពក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ចយ៉ាងជិតសិ្នទ្ន។ សម្រាប់ប្រទេសរូស្ស៊ី ប្រទេសបេឡារុសជាខែលចុងក្រោយក្នុងទ្វីបអឺរ៉ុបដែលអាចរារាំងទៅលើការពង្រីកឥទ្ធិពលរបស់សហភាពអឺរ៉ុប។

សរុបមក ការចាប់ខ្លួនរបស់លោក Protasevich ជាព្រឹត្តការណ៍មួយដែលធ្វើឱ្យរដ្ឋាភិបាលលោកLukashenko  កាន់តែឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ហើយមកពឹងពាក់កាន់តែខ្លាំងក្លាលើប្រទេសរូស្ស៊ី។ ចំណែកឯប្រទេសរូស្ស៊ីវិញគឺចាត់ទុកប្រទេសបេឡារុសជាប្រទេសមួយដែលស្ថិតនៅក្នុងដែនឥទ្ធិពលរប់សខ្លួន។ របបរបស់លោកLukashenko នឹងនៅតែទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលរបស់ពូទីន ដោយសារតែរដ្ឋាភិបាលក្រឹមឡាំងមួយនេះមិនចង់ឱឲ្យប្រទេសបេឡារុសងាកទៅរកលោកខាងលិចនោះទេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ