"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

បរិបទសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍនិងមានការផ្លាស់ប្តូរជាច្រើនវិស័យគិតចាប់តាំងពីឆ្នាំ១៩៩៣មក ដែលសុទ្ធសឹងតែបានមកពីការទទួលយកជំនួយ និងការវិនិយោគពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ល។ ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសន្តិភាព គឺជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបានក្លាយខ្លួនជាប្រទេសមួយ ដែលមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ហើយបានប្រែខ្លួនជាប្រទេសដែលគួរឱ្យទាក់ទាញនៅក្នុងវិស័យវិនិយោគផងដែរ។​

បន្តិចបន្តួចស្តីពីសេដ្ឋកិច្ចកម្ពុជាមុន «ច្បាប់ស្តីពីវិនិយោគ ១៩៩៤»៖

ប្រទេសកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវរបបជាច្រើនដំណាក់កាល ដែលរបបនីមួយៗសុទ្ធសឹងតែមានការវិវដ្ដខុសៗគ្នា។​ នៅក្នុងរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតសេដ្ឋកិច្ចបន្តពីអាណានិគមបារាំង ហើយចាប់ផ្តើមផ្លាស់ប្តូរ និងជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោយទទួលបានឯករាជ្យភាពពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតសេដ្ឋកិច្ចរួមគ្នាជាមួយនឹងប្រទេសដទៃ ដោយមូលធនឯកជន និងសហគ្រាសធ្វើការរួមគ្នាជាមួយនឹងមូលធនរដ្ឋ ហើយរោងចក្រក៏បានកើនឡើងគួរឱ្យ កត់សម្គាល់។​ ការបង្កើតចំណងនេះបានដោះស្រាយបញ្ហាអ្នកជំនួញចិនផងដែរ ដោយសារតែលំហូរចូលនៃអ្នកជំនួញចិននាពេលនោះភាគច្រើនគឺ ក្នុងគោលបំណង ប្រមូលទិញផលិតផលកសិកម្ម រួចលក់មកឱ្យប្រជាជនខ្មែរវិញក្នុងតម្លៃមួយផ្សេងទៀត។

ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ទើបកើតមានដំបូងៗ កម្ពុជាជាប្រទេសប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ហើយមានការអភិវឌ្ឍល្អឥតខ្ចោះលើកលែងតែវិស័យយោធា ខណៈដែលកម្ពុជាត្រូវបានហុំព័ទ្ធទៅដោយប្រទេសដែលមានសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូឆាយណា (Indochina) ទើបធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទាក់ទាញក្នុងតំបន់ទាំងការវិនិយោគនិងជំនួយ។

ប្រទេសកម្ពុជាទទួលបានជំនួយពីបរទេសជាច្រើនក្នុងការអភិវឌ្ឍជាតិ ដែលជំនួយនោះបានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវជាតិ និងផ្លូវរទេះភ្លើងជាច្រើនខ្សែ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជំរុញវិស័យវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង និងទទួលបានភាពទាក់ទាញនៅក្នុងវិស័យវិនិយោគបន្ថែមទៀត។

យោងតាម Working Paper ដែលមានចំណងជើងថា Economic history of industrialization in Cambodia នៅចុងឆ្នាំ១៩៦៩ កម្ពុជាបានលុបចោល​ពន្ធការពារដែលបានធ្វើឱ្យមានការប៉ះទង្គិចខ្លាំង ទៅកាន់សហគ្រាសធុនតូចជាង ៩០% ដោយសារតែមិនអាចទ្រាំទ្រទៅនឹងទីផ្សារអន្តរជាតិ និងការកើនឡើងនៃកម្រៃកម្មករបាន។  ចំណែកឯសហគ្រាសធំៗមួយចំនួនដែលអាចឈរជើងជាប់នៅលើទីផ្សារ ក៏បានទទួលរងនូវ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។​ បន្ទាប់មក ចាប់តាំងពីសម័យសង្គ្រាមត្រជាក់បានជ្រាបចូលមកកម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ចាប់ផ្តើមមានបញ្ហាពិបាកនឹងទប់ទល់។ នៅដើមឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតឡើងយ៉ាងស្ងៀមស្ងាត់​ រីឯស្ថានភាពរបស់កម្ពុជានាពេលនោះគឺធ្លាក់ចុះទៅរក ភាពអន្តរាយ ទាំងបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងសង្រ្គាមស៊ីវិល។​ យោងតាមសៀវភៅប្រវត្ដិវិទ្យារបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅសម័យសាធារណរដ្ឋខ្មែរគឺជនភៀសខ្លួនគ្មានការងារធ្វើនិងជួបប្រទះកង្វះស្បៀងអាហារប្រចាំថ្ងៃដោយសារតែភ្លើងសង្គ្រាម អតិផរណាប្រាក់រៀល និងការកើនឡើងនៃតម្លៃទំនិញហួសប្រមាណចេះតែបន្តកើតមាន។ សង្គ្រាមស៊ីវិលក្នុងអំឡុងឆ្នាំ១៩៦៩-១៩៧៣ ក្នុងប្រទេសនេះបានធ្វើឱ្យការវិនិយោគ ក៏ដូចជាសេដ្ឋកិច្ច កម្ពុជាត្រូវបានប៉ះទង្គិចប្រមាណជាង ៩០%  ខណៈដែលអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណជាងពីរលានតោន។

នៅពេលសម័យសាធារណរដ្ឋខ្មែរបានបញ្ចប់ សម័យខ្មែរក្រហមបានកើតឡើងដែលលើកចោលទាំងអស់នូវកម្មសិទ្ធឯកជនមកជាកម្មសិទ្ធរួម ហើយប្រជាជនខ្មែរជាច្រើនរូបត្រូវបានបង្ខំឱ្យធ្វើស្រែចម្ការខណៈដែលផលិតផលត្រូវបែងចែកដោយអង្គការ។ ខ្មែរក្រហមបានបង្ករអសន្តិសុខពាសពេញផ្ទៃប្រទេស ដែលជាហេតុបណ្តាលឱ្យមានការខូចខាត និងបាត់បង់ប្រភពក្នុងការទ្រទ្រង់វិស័យវិនិយោគរបស់កម្ពុជាដូចជា រូបិយប័ណ្ណជាតិ ដីស្រែ ចម្ការ  រោងចក្រឧស្សាហកម្ម ចម្ការកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធ។ល។

ក្រោយកម្ពុជាត្រូវបានរំដោះ និងឆ្លងផុតពីរបបកម្ពុជាប្រជាធិបតេយ្យ កម្ពុជាបានកសាងឡើងវិញហើយបានដាក់ឈ្មោះថា «របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា»។ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាបានចាប់ផ្តើម​សេដ្ឋកិច្ចសេរីភាវូបនីយកម្ម  និងស្តារវិស័យជាច្រើន ដូចជា វិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យអប់រំ។ល។​ យោងតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៨៧ កម្ពុជាបានលុបចោលពាណិជ្ជកម្មបរទេសផ្តាច់មុខរបស់រដ្ឋរួចចាប់ផ្តើមទទួលយក ការវិនិយោគពីបរទេសនៅឆ្នាំ១៩៨៩ ហើយក៏បានឈានទៅ ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១។

ការលេចឡើងនូវ «ច្បាប់ស្តីពីការវិនិយោគ ១៩៩៤»៖

នៅពេលដែលព្រះរាជាណាចក្រកម្ពុជាបានចាប់កំណើតឡើងវិញម្តងទៀត ក្ដីសង្ឃឹមនៃការវិនិយោគបានចាប់ផ្ដើមត្រលប់មកវិញ ហើយនៅក្នុងឆ្នាំ១៩៩៤ «ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្កើតឡើង។ កម្ពុជាបានកំណត់នូវ​ពាក្យវិនិយោគថាជាគំរោងវិនិយោគទាំងឡាយណាដែលអ្នកវិនិយោគទទួលបាននូវបុព្វសិទ្ធិពី រាជរដ្ឋាភិបាលដោយស្របតាមច្បាប់វិនិយោគ និងបទដ្ឋានផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងច្បាប់នេះផងដែរ កម្ពុជាបានលើកទឹកចិត្តការវិនិយោគទុនទៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហកម្ម វិស័យការងារ វិស័យអប់រំ និងវិស័យពាណិជ្ជកម្ម។ល។

ពិតណាស់ បើសិនជាសំអាងតែច្បាប់ស្តីពីការវិនិយោគតែមួយមុខគឺមិនអាចទៅរួចនោះទេ ដូច្នេះហើយកម្ពុជា ក៏បានចេញនូវច្បាប់និងអនុក្រឹតផ្សេងទៀតក្នុងការរៀបចំខ្លួនទទួលយកការ​វិនិយោ​គពី​បរទេស ដែលក្នុងនោះផងដែរ មានច្បាប់ស្តីពី រៀបចំទឹកដី នគររូបនីយកម្មនិងសំណង់ ១៩៩៤ ជាដើម។ កម្ពុជាក៏ទទួលបានជំនួយពីបរទេសបន្តិចម្តងៗ ដែលជំនួយទាំងនោះបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជាបានប្រែក្លាយជាសរសៃឈាមសម្រាប់វិស័យសេដ្ឋកិច្ច។ ក្នុងនោះ ជប៉ុនបានផ្តល់ជំនួយជាច្រើន និងបានជួសជុលផ្លូវជាតិលេខ ៦ ថែមទាំងស្តារឡើងវិញនូវអគ្គិសនី​ និងប្រព័ន្ធទឹកផងដែរ។ ផ្លូវជាតិលេខ ៤ ត្រូវបានជួយដោយ USAID ឯបារាំងបានផ្តល់ទឹកប្រាក់ប្រមាណ ជាង ១១​ លានដុល្លារអាមេរិក ក្នុងការពង្រឹង និងវិនិយោគក្នុងវិស័យទេសចរណ៍។

ការវិនិយោគមកកម្ពុជាក្រោយចូលជាសមាជិកអាស៊ាន៖

កម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ហើយបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO ) ក្នុងឆ្នាំ២០០៤។​​ ដោយមានកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន កម្ពុជាបានធ្វើការអនុគ្រោះពន្ធសម្រាប់ប្រទេសជិត​ខាងមួយចំនួនដែលជាការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ រហូតមកដល់ឆ្នាំ២០១៩ កន្លងមកនេះ ប្រទេសកម្ពុជាទទួលបាន នូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ជាពិសេសគឺវិស័យវិនិយោគទុន ដោយមានការកើនឡើងចំនួន ៤៥% បើធៀបនឹងឆ្នាំ២០១៨។ ការវិនិយោគមកកាន់កម្ពុជាភាគច្រើនគឺមកលើ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យការងារ។ល។​ ការវិនិយោគ និងជំនួយទាំងនេះបានលេចឡើងនូវ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រកសិឧស្សាហកម្ម សណ្ឋាគារអន្តរជាតិ និងសំណង់ផ្សេងៗដែលទ្រទង់វិស័យហរិញ្ញវត្ថុផងដែរ។ យោងតាម UNCTAD ទិន្នាការនៃការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជានៅឆ្នាំ២០១៩ បានកើនឡើងចំនួន ៣,៧ ប៊ីលានដុល្លារអាមេរិក (កើនឡើងចំនួន ១៦% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៣,២ ប៊ីលានដុល្លារអាមេរិក។ ដោយសារតែការកើនឡើងនូវការវិនិយោគពីក្នុងនិងក្រៅប្រទេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពី ការវិនិយោគ។ នៅដើមឆ្នាំ២០២១​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានកំពុងតែប្រឹងប្រែងក្នុងការកែសម្រួលខ្លឹមសាររបស់សេចក្តី ព្រាងច្បាប់ស្តីពីវិនិយោគថ្មីនេះយ៉ាងលម្អិត ដើម្បីជាការទាក់ទាញ និងពង្រឹងដល់ការវិនិយោគក្នុង និងក្រៅស្រុក និងអាចជាផ្នែកមួយដែលអាចជំរុញកម្ពុជាឱ្យសម្រេចនូវ គោលដៅក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នា ពេលប៉ុន្មានឆ្នាំខាងមុខនេះ។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង