"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការបញ្ចប់កិច្ចសន្យាការងារ និងអត្ថប្រយោជន៍ដែលទទួលបាន

គំនូរច្នៃប្រឌិតដោយ៖ លោក​ ហ៊ី​ សុជាតិ

ជាទូទៅកិច្ចសន្យាការងារ​មួយត្រូវបានបញ្ចប់នៅពេលដល់កាលកំណត់ណាមួយដោយបាន ព្រមព្រៀងរបស់គូភាគី ហើយក៏អាចបញ្ចប់មុនកាលកំណត់ដោយសារកំហុសធ្ងន់ធ្ងររបស់និយោជកឬនិយោជិក។ យ៉ាងណាមិញ ការបញ្ចប់កិច្ចសន្យាការងារត្រូវបញ្ចប់តាមនីតិវិធី និងវិធានដែលបាន កំណត់ដោយច្បាប់ការងារ។ ការមិនអនុវត្តតាមនីតិវិធីក្នុងការរំលាយកិច្ចសន្យា ត្រូវបានចាត់ទុកជាការបញ្ចប់ដោយខុសច្បាប់ ហើយអាចជាកម្មវត្ថុក្នុងការទាមទារសំណងនៃការខូចខាតផ្សេងៗពីសំណាក់គូភាគី។ មុនបញ្ចប់កិច្ចសន្យាការងារ គូភាគីត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមានកំណត់ក្នុងច្បាប់ កាតព្វកិច្ចក្នុងការសងសំណង កាតព្វកិច្ចក្នុងការជួសជុសការខូចខាត ឬអាចសងជំងឺចិត្តផ្សេងៗ។

ក. នីតិវិធីនៃការជូនដំណឹងនៃកិច្ចសន្យាការងារមានថេរវេលាកំណត់

          យោងតាមមាត្រា ៧៣ នៃច្បាប់ការងារ​១៩៩៧ បានកំណត់ថា កិច្ចសន្យាការងារមានថេរវេលាកំណត់ ត្រូវផុតរលត់តាមធម្មតានូវពេលដល់ពេលកំណត់។ និយោជកមានកាតព្វកិច្ចក្នុងការជូនដំណឹងដែលមាន កំណត់ដូចខាងក្រោម៖

 • ប្រសិនបើកិច្ចសន្យាការងារមានថេរវេលាលើសពី ៦ ខែ នោះនិយោជកត្រូវជូនដំណឹងជាមុន ១០ ថ្ងៃ អំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។
 • ប្រសិនបើកិច្ចសន្យាការងារមានថេរវេលាលើសពី ១​ ឆ្នាំ នោះនិយោជកត្រូវជូនដំណឹងជាមុន ១៥ ថ្ងៃ អំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។

ក្នុងករណីនិយោជកមិនបានជូនដំណឹងដូចដែលបានកំណត់ខាងលើ ឬធ្វេសប្រហែសក្នុង ការជូនដំណឹង នោះកិច្ចសន្យាការងារត្រូវបន្តក្នុងថេរវេលាស្មើនឹងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង។ ឧទាហរណ៍៖ លោក សុផល បានចុះកិច្ចសន្យាការងារមានថេរវេលា ១ ឆ្នាំ ៦ខែ ជាមួយក្រុមហ៊ុន ក។ ក្នុងករណីលោក សុផលមិនចង់បន្តកិច្ចសន្យាជាមួយក្រុមហ៊ុន ក នោះលោក សុផល ត្រូវជូនដំណឹង ១៥ ថ្ងៃ មុនកាលកំណត់នៃការរំលត់នៃកិច្ចសន្យា។ ប៉ុន្តែក្នុង ករណី លោក សុផល មិនបានជូនដំណឹងអំពីការរលត់នៃកិច្ចសន្យាការងារទេ នោះកិច្ចសន្យារបស់លោកនឹងបន្តសារជាថ្មីមានរយ:ពេល ១ឆ្នាំ ៦ខែ ជាមួយក្រុមហ៊ុន ក ម្តងទៀត ។

ក្រៅពីនេះកិច្ចសន្យាការងារមានថេរវេលាកំណត់ អាចរំលាយមុនកាលកំណត់បាន​ដរាបណាមាន ការព្រមព្រៀងរវាងនយោជិក និងនិយោជក ដែលធ្វើឡើងជាលាយលក្ខណ៍អក្សរ នៅចំពោះមុខអធិការ ការងារ។ ក្រៅពីការព្រមព្រៀងគ្នា ការរំលាយកិច្ចសន្យាមុនកាលកំណត់ អាចកើតចេញដោយសារ កំហុសធ្ងន់ ឬករណីប្រធានសក្តិ។

តើអ្វីជាប្រធានសក្តិ?

ជាទូទៅ ប្រធានសក្តិ គឺជាព្រឹត្តិការណ៍ ដែលកើតឡើងមិនអាចប៉ាន់ស្មានទុកមុន និងមិនអាចជម្នះបាន។ ករណីរាប់ជាប្រធានសក្តិដែល  និយោជិកមិនមានលទ្ធភាពក្នុងការបន្តកិច្ចសន្យាការងារអាចមានដូចជា ករណីនៃការបិទទ្វារសហគ្រាសដែលត្រូវបានតម្រូវដោយអាជ្ញាធរសាធារណ: និងគ្រោះមហន្តរាយ ដូចជា ទឹកជំនន់ រញ្ជួយដី សង្គ្រាម ជាដើម។

តើកំហុសធ្ងន់របស់កម្មករនិយោជិត និងនិយោជកមានអ្វីខ្លះ?

យោងតាមមាត្រា ៨៣ នៃច្បាប់ការងារ ១៩៩៧ បានកំណត់អំពីកំហុសធ្ងន់របស់និយោជក និងនិយោជិត។ ទង្វើដែលចាត់ទុកកំហុសធ្ងន់ គឺជាទង្វើដែលបានរៀបរាប់ដូចខាងក្រោម៖

 • កំហុសរបស់និយោជក

១. កលល្បិចបោកបញ្ឆោតដែលប្រើដើម្បីទាក់ទាញកម្មករនិយោជិតឱ្យចុះកិច្ចសន្យា ដែល លក្ខខណ្ឌនោះកម្មករនិយោជិតប្រាកដជាមិនចុះកិច្ចសន្យាទេប្រសិនបើគ្មានការបោកបញ្ឆោត

២. ការមិនព្រមបើកប្រាក់ខែឱ្យទាំងអស់ ឬមួយភាគខ្លះ

៣. ការយឺតយ៉ាវជាច្រើនលើកក្នុងការបើកប្រាក់ឈ្នួល

៤. ការជេរប្រមាថ ការគំរាមកំហែង ការប្រើអំពើហិង្សា ឬការវាយដំ ជាដើម។

 • កំហុសរបស់និយោជិត

១. ការលួច ការគេងប្រវ័ញ្ច ការគៃបំបាត់

២. អំពើក្លែងក្លាយបន្លំក្នុងពេលចុះកិច្ចសន្យា ការបង្ហាញលិខិតស្នាមក្លែងក្លាយ ការមិនព្រមប្រតិបត្តិ ការងារ ដូចមានចែងក្នុងកិច្ចសន្យាការងារ ឬការបង្ហាញអាថ៌កំបាំងវិជ្ជាជីវ:

៣. ល្មើសធ្ងន់ចំពោះវិធានវិន័យ សន្តិសុខ និងអនាម័យ

៤. ការជេរប្រមាថ ការគំរាមកំហែង ការប្រើអំពើហិង្សា ឬការវាយដំដល់និយោជក ឬនិយោជិតដទៃទៀត

៥. ការញុះញង់កម្មករនិយោជិតដទៃទៀតឱ្យប្រព្រឹត្តកំហុសធ្ងន់ដែរ

៦. ការឃោសនាសកម្មភាព ឬបាតុកម្មនយោបាយក្នុងសហគ្រាស។

លើសពីនេះទៅទៀត ការរំលាយកិច្ចសន្យាការងារ អាចកើតឡើងដោយឆន្ទ:តែម្ខាងរបស់ភាគី អាចជាឆន្ទ:ខាងនិយោជិត ឬនិយោជក ក្រៅពីករណីកំហុសធ្ងន់ ឬប្រធានសក្តិ។ ការរំលាយកិច្ចសន្យាបែប នេះ គឺជាមូលហេតុក្នុងការទាមទារសំណងជម្ងឺចិត្តរបស់ភាគី។

ខ. អត្ថប្រយោជន៍ដែលទទួលបានបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារ

          ផលប្រយោជន៍ដែលទទួលបាន បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារ បែងចែកដូចខាងក្រោម៖

១. ផលប្រយោជន៍ដែលទទួលបានក្រោយបញ្ចប់កិច្ចសន្យាតាមការកំណត់ធម្មតា៖ កម្មករនិយោជិត ទទួលបាននូវ
 • ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
 • ប្រាក់ឈ្នួលចុងក្រោយ
 • និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាស្មើនឹង ៥% នៃប្រាក់ឈ្នួលសរុបក្នុងរយ:ពេលកិច្ចសន្យា។ ឧទាហរណ៍ និយោជិត សុផល បានចុះកិច្ចសន្យាការងារមានថេរវេលា ១ឆ្នាំ ជាមួយ ក្រុមហ៊ុន ក ដែលទទួលបានប្រាក់ឈ្នួល ២០០ ដុល្លារ ក្នុងមួយខែ នោះប្រាក់ឈ្នួលសរុបដែលគាត់ធ្វើការពេញ ១ឆ្នាំ ស្មើ ២៤០០ ដុល្លារ។ ដូច្នេះ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា គឺ ៥% គុណនឹង ២៤០០ ដុល្លារ ស្មើនឹង ១២០ ដុល្លារ។
២. ផលប្រយោជន៍ដែលទទួលបានក្នុងការរំលោយកិច្ចសន្យាមុនកាលកំណត់៖
 • ការព្រមព្រៀងគ្នារបស់ភាគី៖ កម្មករនិយោជិតទទួលបាននូវប្រាក់ឈ្នួលចុងក្រោយ និងប្រាក់ ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
 • ការរំលាយដោយឆន្ទ:តែម្ខាងរបស់ភាគី ឬដោយកំហុសធ្ងន់៖ ប្រសិនបើការរំលាយកិច្ចសន្យា កើតចេញពីឆន្ទ:និយោជក ឬកំហុសកើតចេញពីនិយោជក នោះកម្មករនិយោជិតទទួលបាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ស្មើនឹង ៥% នៃប្រាក់ឈ្នួលសរុបក្នុងរយ:ពេលកិច្ចសន្យា និងសំណងជម្ងឺចិត្តដែលមានចំនួន យ៉ាងតិចស្មើនឹងប្រាក់ឈ្នួល ដែលកម្មករនិយោជិតទទួលបាន រហូតដល់ចប់កិច្ចសន្យា។ ប្រសិនបើការរំលាយកិច្ចសន្យាកើតចេញពីឆន្ទៈកម្មករនិយោជិត ឬកំហុសកើតចេញពីកម្មករ និយោជិតខ្លួនឯង នោះកម្មករនិយោជិតនឹងទទួលបាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
គ. នីតិវិធីនៃការជូនដំណឹងនៃកិច្ចសន្យាការងារមានថេរវេលាមិនកំណត់

          ចំពោះកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ ការរំលាយកិច្ចសន្យាគឺធ្វើឡើងដោយឆន្ទ: ភាគីតែម្ខាង។ ការរំលាយកិច្ចសន្យានេះ ត្រូវអនុវត្តដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរ ដែលភាគីមានបំណងចង់រំលាយកិច្ចសន្យាជាអ្នកជូនដំណឹងដល់ភាគីម្ខាងទៀត អាចជាភាគីខាងនិយោជក ឬជាកម្មករនិយោជិត។ ថិរវេលានៃការជូនដំណឹងជាមុនត្រូវកំណត់ដូចខាងក្រោម៖

 • ៧ថ្ងៃ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសតិចជាង ៦ខែ
 • ១៥ថ្ងៃ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ៦ខែ ទៅដល់ ២ឆ្នាំ
 • ១​ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ២ឆ្នាំ ទៅដល់ ៥ឆ្នាំ
 • ២ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ៥ឆ្នាំ ទៅដល់ ១០ឆ្នាំ
 • ៣ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសលើសពី ១០ឆ្នាំ

ដូចមានចែងក្នុងមាត្រា ៨២ នៃច្បាប់ការងារ ១៩៩៧ បានកំណត់ថា ភាគីមិនបាច់គោរពកាតព្វកិច្ច ឱ្យដំណឹងជាមុនក្នុងករណីមានកំហុសធ្ងន់នៃភាគីណាមួយ។

ឃ. អត្ថប្រយោជន៍ដែលទទួលបានបន្ទាប់ពីបញ្ចប់កិច្ចសន្យា

ផលប្រយោជន៍ដែលទទួលបានពីការបញ្ចប់កិច្ចសន្យាការងារ មានកំណត់ក្នុងករណីដូចខាងក្រោម៖

 • ករណីកម្មករនិយោជិតលាឈប់ដោយឯកឯង និងមានការជូនដំណឹងត្រឹមត្រូវ៖ កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់​ ប្រាក់បន្ទាប់បន្សំ ផ្សេងទៀត។
 • ករណីកម្មករនិយោជិតលាឈប់ដោយមូលហេតុមិនត្រឹមត្រូវ មូលហេតុមិនត្រឹមត្រូវ កើតចេញ ពីការមិនជូនដំណឹងនូវពេលបញ្ចប់កិច្ចសន្យា ការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ឬកំហុសធ្ងន់ជាដើម។ ដូចនេះកម្មករនិយោជិត ទទួលបាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
 • ករណីបញ្ចប់កិច្ចសន្យាដោយហេតុផលត្រឹមត្រូវរបស់និយោជក៖ កម្មករនិយោជិតទទួលបាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់អំពីការជូនដំណឹង ប្រាក់បំណាច់អតីតភាពការងារមុន និងក្រោយឆ្នាំ ២០១៩
 • ករណីរំលាយកិច្ចសន្យាដោយគ្មានហេតុផលត្រឹមត្រូវរបស់និយោជក៖ ​កម្មករនិយោជិតទទួលបាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់អំពីការជូនដំណឹង ប្រាក់បំណាច់បណ្តេញចេញ ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ និងសំណងជម្ងឺចិត្ត។
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ