"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ទំនាក់ទំនងការបរទេសរបស់ឥណ្ឌានៅក្នុងវិបត្តអ៊ុយក្រែន

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

តើប្រទេសឥណ្ឌាអាចស្វែងរកតុល្យភាពរវាងប្រទេសរុស្សី និងប្រទេសលោកខាងលិចបានទេ ខណៈភ្លើងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនកំពុងផ្ទុះយ៉ាងសន្ធោរសន្ធៅ ?

ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ឡើងៗ ឥណ្ឌា​កំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួនរវាងទីក្រុងម៉ូស្គូ និងប្រទេសលោកខាងលិច។  កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពេលដែលរុស្សីលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទូរស័ព្ទទៅលោក Putin ដើម្បីអំពាវនាវឱ្យបញ្ចប់ការលុកលុយនេះជាបន្ទាន់។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការចាកចេញប្រកបដោយសុវត្ថិភាព និងការវិលត្រឡប់របស់និស្សិតឥណ្ឌា ប្រមាណជាង  ២០,០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ឬថ្កោលទោសលើការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែននោះឡើយ។ ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះកំពុង​ព្យាយាម​បញ្ចៀសខ្លួនពី​ភាគីដែលពាក់ព័ន្ធ​ក្នុង​ជម្លោះទាំងសងខាង បើទោះ​បី​ជា​រុស្ស៊ី​ត្រូវបាន​ប្រទេស​លោកខាងលិចជាច្រើនដាក់ទណ្ឌកកម្ម​ក៏​ដោយ។ គិតមកទល់ពេលនេះ ទីក្រុងញូដេលី នៅតែពុំមានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬ យោធាលើទីក្រុងម៉ូស្គូនោះទេ។

បើសង្កេតមើលទៅហេតុការណ៍ដែលកំពុងកើតមានជាក់ស្តែង ការឈ្លានពានរបស់រុស្ស៊ីបានបង្កឱ្យមានការផ្ដាច់ខ្លួនពីរុស្ស៊ីនិងដាក់ទណ្ឌកម្មជាច្រើនប្រទេស ប៉ុន្តែឥណ្ឌា ដែលជាប្រទេសអាស៊ីខាងត្បូងដ៏សំខាន់មួយនេះ បានរក្សាជំហរអព្យាក្រឹត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធដ៏យូរអង្វែងរបស់ឥណ្ឌាជាមួយរុស្ស៊ីប៉ុណ្ណោះទេ វាថែមទាំងគូសបញ្ជាក់ទៀតថា ឥណ្ឌាកំពុងយកចិត្តទុកដាក់យ៉ាងសកម្មទៅលើការរីកលូតលាស់នៃ​អំណាច​របស់​ចិន​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក។

ទំនាក់ទំនងរវាងឥណ្ឌា-រុស្ស៊ី

ក្នុងអំឡុងសង្គ្រាមត្រជាក់ ទោះបីឥណ្ឌាបានប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធក៏ដោយ ឥណ្ឌានៅតែបន្តខិតទៅជិតសហភាពសូវៀតបន្តិចម្តងៗ ស្របពេលដែលសហរដ្ឋអាមេរិកបានគាំទ្រប៉ាគីស្ថាន ដែលជាគូប្រជែងជិតខាងរបស់ឥណ្ឌា។  ទំនាក់ទំនងជិតស្និទ្ធរវាងភាគីទាំងពីរក៏ត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ ដែលរុស្ស៊ីនៅតែបន្តផ្គត់ផ្គង់សព្វាវុធការពារដ៏ច្រើនដល់ឥណ្ឌា។ យោងទៅតាមទិន្នន័យរបស់ Stockholm International Peace Research Institute (SIPRI) បានបង្ហាញឱ្យឃើញថា នៅចន្លោះឆ្នាំ ២០១៦ និង ២០២០ ឥណ្ឌាគឺជាប្រទេសនាំចូលសព្វាវុធធំទីពីរ ប្រមាណជាង ៩.៥% ធៀបនឹងសព្វាវុធដែលមានលើទីផ្សារ ឈរបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ។ គួរឱ្យកត់សម្គាល់នោះគឺ ប្រមាណជិតពាក់កណ្តាល(៤៩%)នៃអាវុធនាំចូលទាំងនោះ គឺនាំចូលមកពីប្រទេសរុស្ស៊ី។ ជាងនេះទៅទៀត នៅរយ:កាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាឥណ្ឌាបានព្យាយាមផលិតអាវុធដោយខ្លួនឯងជាបណ្តើរៗក្តី ហើយសង្ឃឹមថានឹងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់សព្វាវុធក៏ដោយ ហើយការនាំចូលអាវុធបច្ចុប្បន្នរបស់ឥណ្ឌាពីសហរដ្ឋអាមេរិក មានត្រឹមតែ ១១% ប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្វីដែលឥណ្ឌាព្រួយបារម្ភខ្លាំងនោះគឺ ប្រសិនបើគ្មានការផ្គត់ផ្គង់គ្រឿងបន្លាស់ថេរពីរុស្សីទេ កម្លាំងយោធារបស់ឥណ្ឌា មិនថាផ្លូវគោក ក្រោមសមុទ្រ ឬផ្លូវអាកាស នឹងត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលឥណ្ឌាត្រូវការទំនុកបម្រុងយ៉ាងចាំបាច់ក្នុងការទប់ទល់ក្នុងករណីក្ដៅគគុកណាមួយជាមួយចិនឬប៉ាគីស្ថាន។ ទឹន្ទឹមនេះ ឥណ្ឌា​ក៏​អាចបារម្ភ​ផងដែរ​ថា ទីក្រុង​មូស្គូ​អាច​នឹង​ផ្ទេរ​បច្ចេកវិទ្យា​យោធា​ទំនើបៗ​ទៅ​ប៉ាគីស្ថាន ដែលជាគូសត្រូវជិតខាងធំមួយទៀតរបស់ខ្លួន។

ឥណ្ឌា​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​លោកខាងលិច​

ទោះជាយ៉ាងណាមិញ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ឥណ្ឌាក៏ចាប់ផ្តើមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។ “កិច្ចសន្ទនាសន្តិសុខ Quad ដែលបង្កើតឡើង ដោយមានសមាជិកបួនប្រទេសធំៗគឺ សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានឆ្លុះបញ្ចាំងថាខណៈ ដែលរក្សាទំនាក់ទំនងជាមួយប្រទេសរុស្សី ឥណ្ឌាក៏មានទំនោរនិងសេចក្តីក្តីសង្ឃឹមថា ខ្លួនអាចប្រើប្រាស់ការសហការគ្នាដ៏រឹងមាំជាមួយកម្លាំងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលប្រទេសចិនដែលកំពុងបន្តពង្រីកអំណាចរបស់ខ្លួនបន្តិចម្តងៗចូលទៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។ អ្វីដែលសំខាន់នោះគឺ ក្នុងឆ្នាំ២០២០ ជម្លោះព្រំដែនរវាងចិននិងឥណ្ឌា បានឈានដល់ចំណុចត្រជាក់បំផុតនៅ Galway Valley តំបន់ភ្នំហិម៉ាឡៃយ៉ា ដែលមានកម្ពស់ជាង ៤,០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ។ ទោះ​បី​ជាពុំមានការផ្ទុះសព្វាវុធក្តី​ ក៏ប៉ុន្តែភាគីទាំងសងខាងបានប្រាប់អន្តរជាតិយ៉ាងច្បាស់ថា ទាហានទាំងសងខាងគឺធ្លាប់បានស្លាប់ក្នុងជម្លោះនេះ ទោះបីជាទិន្នន័យនៃចំនួនមនុស្សស្លាប់មិនប្រាកដប្រជាក្តី។ ដោយទំនាក់ទំនងរបស់ចិននិងឥណ្ឌាស្ថិតក្នុងភាពល្អក់កករបែបនេះ ឥណ្ឌាត្រូវការ អាមេរិក ក៏ដូចជា Quad ទប់ស្កាត់ចិនក្នុងការប៉ុនប៉ងពង្រីកវិសាលភាពទឹកដីរបស់ខ្លួន។ លោក Nandan Unnikrishnan ដែលជាអ្នកជំនាញនៅ Observer Research Foundation បានប្រាប់ AFP ថា ឥណ្ឌាកំពុងពង្រឹងទំនាក់ទំនងខ្លួនជាមួយអាមេរិកដូចដែលខ្លួនមាននឹងប្រទេសរុស្ស៊ី។  លោកបានបន្តប្រាប់ទៀតថា “បញ្ហាប្រឈមរបស់ឥណ្ឌានៅលើសមុទ្រគឺជាកន្លែងដែលវាត្រូវការអាមេរិក ស្របពេលដែលបញ្ហាប្រឈមរបស់ឥណ្ឌានៅលើដែនដីទ្វីបគឺជាកន្លែងដែលវាត្រូវការរុស្ស៊ី” ។

នយោបាយការទូតរបស់ឥណ្ឌាទៅលើវិបត្តិអ៊ុយក្រែន

ការចុះខ្សោយនៃសណ្តាប់ធ្នាប់ពិភពលោក និងការកើនឡើងអំណាចនៃប្រទេសចិន បង្ហាញយ៉ាងជាក់ច្បាស់ថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងឧនសគ្គការទូតដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃទី ២៥ ខែកុម្ភៈដែលជាថ្ងៃទី២នៃការលុកលុយចូលទឹកដីអ៊ុយក្រែន សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីត្រូវបានមោឃ: ដោយវេតូរបស់រុស្ស៊ី ខណៈដែលឥណ្ឌា ចិន និងអារ៉ាប់រួម អនុប្បវាទ។  មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នាថ្ងៃ២ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចថ្មីមួយទៀតក្នុងគោលបំណងស្វែងរកឯកភាពគ្នារវាងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដើម្បីថ្កោលទោសរុស្ស៊ី ប៉ុន្តែឥណ្ឌា ចិនបានបោះឆ្នោតអនុប្បវាទម្តងទៀត។ គោលនយោបាយការបរទេសរបស់ឥណ្ឌាបានរងការរិះគន់ យ៉ាងខ្លាំងពីប្រទេសលោកខាងលិច។ នៅក្នុងកិច្ចប្រជុំកំពូលនៃយន្តការប្រទេសទាំងបួន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានដាក់សម្ពាធលើឥណ្ឌា ដើម្បីឱ្យឥណ្ឌាចាត់វិធានការដាក់ទណ្ឌកម្មនិងរិះគន់រុស្ស៊ីជាសាធារណៈ។ ផ្ទុយទៅវិញ ទោះជាស្ថិតនៅក្រោមកាលៈទេសៈដ៏លំបាកបែបនេះ ឥណ្ឌានៅតែរក្សាភ្ជាប់គោលជំហររបស់ខ្លួនដដែល ។

ទោះបីជាខាងវ៉ាស៊ីនតោនបានព្យាយាមយកចិត្តឥណ្ឌាតាមរយ:ការប្រឆាំងនឹងការពង្រីកឥទ្ធិពលមហាអំណាចរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយ:ពេលជាយូរក៏ដោយ អព្យាក្រឹតភាពរបស់ទីក្រុងញូវដេលី ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនគឺជាការបញ្ជាក់ពីមិត្តភាព ក៏ដូចជាភាពជាដៃគូដ៏យូរអង្វែងរបស់ឥណ្ឌា និងរុស្ស៊ី។ ដូចដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar មានប្រសាសន៍ថា “បើគ្មានគ្រឿងបន្លាស់របស់រុស្ស៊ី យន្តហោះរបស់យើងនឹងមិនអាចហោះហើរបាន កប៉ាល់របស់យើងក៏មិនអាចបើកបរបាននោះដែរ”។

ហេតុដូច្នេះហើយ ជម្លោះរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យគោលនយោបាយការបរទេសរបស់ឥណ្ឌា ជាពិសេសទៅលើយុទ្ធសាស្ត្រសម្ព័ន្ធភាពពហុទិសដៅបច្ចុប្បន្នដែលអនុវត្តអស់ជាច្រើនទសវត្សន៍ពិបាកបន្តទៅមុខទៀត។ ឥណ្ឌាធ្លាប់ជឿជាក់ថា ខ្លួនអាចរក្សាទំនាក់ទំនងល្អជាមួយអាមេរិក អឺរ៉ុប និងរុស្ស៊ីក្នុងពេលតែមួយ ហើយទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីសម្ព័ន្ធភាពដ៏ពិសេសទាំងនេះ។ នេះអាចទៅរួចនៅពេលដែលជម្លោះរវាងរុស្ស៊ី និងប្រទេសលោកខាងលិចមិនទាន់ឈានដល់ចំណុចក្តៅខ្លាំង ប៉ុន្តែបច្ចុប្បន្ននេះ រុស្ស៊ីនិងលោកខាងលិចបានស្ថិតក្នុងកាលៈទេសៈមើលមុខគ្នាមិនចំដែលរស្ស៊ីកំពុងធ្វើសឹកសង្គ្រាមសង្គ្រប់មកលើអ៊ុយក្រែនហើយលោកខាងលិខកំពុងធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយរុស្ស៊ីវិញ ដែលនេះជាឧបសគ្គដ៏ធំមួយសម្រាប់ឥណ្ឌាក្នុងការរក្សាមិត្តភាពជិតស្និទ្ធិជាមួយភាគីទាំងសងខាង។

ម្យ៉ាងវិញទៀតយុទ្ធសាស្ត្រអំពីគោលជំហរមិនច្បាស់លាស់របស់ឥណ្ឌាកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។ អវត្តមានរបស់ឥណ្ឌាទៅលើការគាំទ្រសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើរុស្សី ជាមួយនឹងឥទ្ធិពលលទ្ធិប្រជាធិបតេយ្យអាចនាំទៅឥណ្ឌាឈានទៅរកភាពឯកោផ្នែកការទូត។ ការបរាជ័យរបស់ឥណ្ឌាក្នុងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងបទដ្ឋានអធិបតេយ្យភាពអន្តរជាតិក្នុងការចៀសវាងការថ្កោលទោសលើប្រទេសរុស្ស៊ី កំពុងធ្វើឱ្យកេរ្តិ៍ឈ្មោះឥណ្ឌានៅលើឆាកអន្តរជាតិធ្លាក់ចុះកាន់តែខ្លាំងទៅៗ។ មួយវិញទៀត ការបដិសេធមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន ក៏មិនអាចធ្វើឱ្យឥណ្ឌាទទួលបានអត្ថប្រយោជន៍ច្រើនពីរុស្ស៊ីនោះដែរ។

នយោបាយការបរទេសរបស់ឥណ្ឌាក្នុងការគេចវេសលើបញ្ហាអន្តជាតិអាចឈានដល់ទីបញ្ចប់

នាខណៈនេះ មិនថាប្រទេសចិន ឥណ្ឌា ឬប្រទេសណាមួយក្នុងពិភពលោក សុទ្ធតែមិនអាចដើរតួនាទីជាអន្តរការី សម្រុះសម្រួលទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែនបានទេ ព្រោះថារុស្ស៊ីនឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួននៅលើសមរភូមិឡើយ រហូតទាល់តែវាសម្រេចបាននូវគោលដៅដែលបានកំណត់ ។ ពិសេសទៅទៀត នយោបាយការបរទេសរបស់ឥណ្ឌាក្នុងការគេចវេសនៅពេលប្រឈមមុខនឹងការសម្រេចចិត្តលើបញ្ហាសំខាន់ៗនៅលើឆាកអន្តជាតិក៏នឹងត្រូវឈានដល់ទីបញ្ចប់ផងដែរ។ ឥណ្ឌា​តែងប្រាថ្នា​ចង់​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បច្ចុប្បន្ន​ខ្លួន​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​រហូតដល់​ឆ្នាំ ២០២៣។ ការមិនអនុវត្ដន៍របស់ឥណ្ឌានាពេលថ្មីៗនេះ ក្នុងការបោះឆ្នោតដាក់ទណ្ឌកម្មទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ហាញថា ឥណ្ឌាមិនអាចធ្វើការសម្រេចចិត្តដ៏មានតម្លៃនៅលើឆាកអន្តរជាតិនោះទេ។ អ្វីដែលសំខាន់នោះគឺ ជំហរចុងក្រោយរបស់ញូដេលីអាចធ្វើឱ្យខ្លួនបាត់បង់ការគាំទ្ររបស់សហរដ្ឋអាមេរិកឬលោកខាងលិច។

សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនជាមេរៀនក្រើនរំលឺកដល់ឥណ្ឌា

យោងតាមអត្ថាធិប្បាយខាងលើ បានសបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តបានផ្តល់ឱកាសឱ្យក្រសួងការពារជាតិឥណ្ឌាពិចារណាឡើងវិញនូវវិធីសាស្រ្តកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ជំនួសនឹងជួយសម្រាលបញ្ហាមួយចំនួនទៅលើការពឹងផ្អែកលើរុស្សី។ លើសពីនេះទៀត វាជាឱកាសដ៏មានតម្លៃមួយទៀតសម្រាប់ក្រសួងការពារជាតិឥណ្ឌា ក្នុងការរៀបចំផែនការរបស់ខ្លួនឱ្យកាន់តែល្អិតល្អន់ដែលត្រូវនឹងចក្ខុវិស័យរបស់រដ្ឋាភិបាល Modi ពោលគឺ “ការពឹងផ្អែកលើខ្លួនឯង” ។ ក្នុងនោះដែរ កងទ័ពឥណ្ឌាបានសង្ឃឹមជាយូរមកហើយថា ការច្នៃប្រឌិតបច្ចេកវិទ្យានឹងទទួលបានលទ្ធផលគាប់ប្រសើរ ក៏ប៉ុន្តែអ្វីៗបែរជាបរាជ័យខុសពីការរំពឹងទុកជារឿយៗ។ ដូច្នេះ ការស្វែងរកផ្លូវឆ្ពោះទៅរកការច្នៃប្រឌិតបន្ថែមតាមរយៈការផលិតគ្រឿងបន្លាស់ដោយខ្លួនឯង អាចជួយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្លាំងប្រដាប់អាវុធយោធាឥណ្ឌានាពេលអនាគត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អាំង ស៊ាងហ៊ី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង