"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការរឹតបន្តឹងគោលនយោបាយសូន្យកូវីដធ្វើឱ្យសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ស្ថានភាពរបស់ប្រទេសចិនបច្ចុប្បន្នគឺស្រដៀងគ្នានឹងស្ថានភាពប្រទេសក្នុងពិភពលោកបានជួបប្រទះអំឡុងឆ្នាំ២០២១ ដែលករណីឆ្លងថ្មីនៃកូវីដ១៩នៅតែជាវត្តមានគួរឱ្យព្រួយបារម្ភខ្លាំង និងនៅតែមានវិធានការបិទខ្ទប់ការដ៏តឹងរឹង។ ទីក្រុងធំៗចំនួន២គឺទីក្រុងសៀងហៃនិងទីក្រុងប៉េកាំងដែលជាដង្ហើមសេដ្ឋកិច្ចរបស់ចិនបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្រោយពីការបន្តអនុវត្តគោលនយោបាយយ៉ាងតឹងរឹង ក៏ប៉ុន្តែលោកប្រធានាធិបតីចិននៅតែជំនះយ៉ាងដាច់ខាតលើការបិទខ្ទប់នេះ។

គោលនយោបាយសូន្យកូវីដ (Zero Covid Policy)

គោលនយោបាយសូន្យកូវីដរបស់ប្រទេសចិន គឺជាការដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងមួយចំនួន ដោយអនុវត្តយុទ្ធសាស្ត្រនៃការប្រើប្រាស់ការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដូចជាការបិទផ្លូវ សង្កាត់ទាំងមូលនៅទូទាំងប្រទេស ការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ រួមទាំងការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងចូលសហគមន៍។ គោលបំណងនៃការអនុវត្តវិធីសាស្ត្រនេះ គឺជាការបញ្ចប់ទាំងស្រុងនូវការរីករាលដាលនៃមេរោគនៅក្នុងសហគមន៍ ដើម្បីអនុញ្ញាតឱ្យមានសកម្មភាពសង្គម និងសេដ្ឋកិច្ចធម្មតាឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយក៏ការអនុវត្តវិធានការនេះនៅប្រទេសចិនគឺមានលក្ខណៈតឹងរ៉ឹងខ្លាំង ដូចជាការបិទខ្ទប់ទាំងស្រុងចំពោះតំបន់ដែលមានអ្នកឆ្លងសូម្បីតែម្នាក់ ការមិនអនុញ្ញាតិឱ្យប្រជាជនចេញក្រៅលើកលែងតែករណីចាំបាច់ឬបន្ទាន់ ការបិទសាលារៀន ការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាកដោយការធ្វើដំណើរស្ទើរតែទាំងអស់ត្រូវបានហាមឃាត់ ព្រមទាំងការបិទកន្លែងរកស៊ីទាំងអស់លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាននិងហាងទំនិញជាដើម។ និយាយឱ្យចំគឺខណៈដែលពិភពលោកកំពុងតែរៀនរស់ជាមួយកូវីដ១៩ ប៉ុន្តែប្រទេសចិនបែរជាប្រើប្រាស់វិធីសាស្ត្រដាក់គូសបន្ទាត់ខណ្ឌរវាងប្រទេសចិននិងកូវីដ១៩។

ផលប៉ះពាល់នៃការអនុវត្តគោលនយោបាយសូន្យកូវីដទៅលើសេដ្ឋកិច្ច

ចាប់តាំងពីគោលនយោបាយនេះត្រូវបានអនុវត្តឡើងវិញនៅខែចុងមីនាមក ប្រជាជនប្រមាណ២៥លាននាក់នៅទីក្រុងសៀងហៃត្រូវបានដាក់ឱ្យរស់នៅក្រោមការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុត ខណៈដែលទីក្រុងប៉េកាំងនិងទីក្រុងមួយចំនួនទៀតកំពុងប្រឈមមុខនឹងការរឹតត្បិតជាបណ្តើរៗផងដែរ។ តួយ៉ាងប្រទេសចិនមានគោលដៅនៃការសម្រេចកំណើនសេដ្ឋកិច្ច៥.៥%ក្នុងឆ្នាំ២០២២នេះ ក៏ប៉ុន្តែវាហាក់បីដូចជាមិនអាចទៅរួច ព្រោះថាថ្វីបើកំណើនផលិតផលក្នុងស្រុក(GDP)បានកើនឡើង៤.៨%នៅដើមឆ្នាំ២០២២ ប៉ុន្តែវាមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ។

ការអនុវត្តគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលគឺបានបង្អាក់សកម្មភាពនៃសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ដែលធ្វើឱ្យវាមានភាពលំបាកខ្លាំងក្នុងការដឹកជញ្ជូននិងការធ្វើដំណើរព្រោះទីណាមានករណីឆ្លងសូម្បីតែមួយឬក៏ពីរគឺទីនោះត្រូវបិទខ្ទប់ទាំងស្រុង។ ម្យ៉ាងវិញទៀត រោងចក្រជាច្រើនគឺប្រឈមមុខនឹងការខ្វះបុគ្គលិកធ្វើការ ខ្វះសម្ភារៈផលិតនិងមិនអាចដឹកទំនិញចេញក្រៅបាន។ បើយោងទៅតាមសារព័ត៌មាន Reuters សន្ទស្សន៍ Caixinឬ Markit Manufacturing Purchasing Managers’ Index (PMI) ដែលវាយតម្លៃទស្សនវិស័យទៅលើសកម្មភាពឧស្សាហកម្មបានធ្លាក់ចុះដល់ពិន្ទុ៤៦ក្នុងខែមីនា ដែលធ្លាក់ពីសន្ទស្សន៍ ៥០.៤ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០។ ហើយអ្វីដែលកាន់តែអាក្រក់ទៅទៀតគឺការវាយតម្លៃនៅក្នុងការគ្រប់គ្រងសេវាកម្មដែលសន្ទស្សន៍ធ្លាក់ចុះពី៤២ដល់៣៦.២(គួរបញ្ជាក់ផងដែរថាសន្ទស្សន៍ទាបជាង ៥០ គឺជាសញ្ញានៃការធ្លាក់ចុះចំពោះសកម្មភាពឧស្សាហកម្ម)។ ទន្ទឹមនឹងនេះ តាមរយៈការដកស្រង់ការស្ទង់មតិមួយដោយធ្វើឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបក្នុងប្រទេសចិន ៧៨%នៃអ្នកឆ្លើយតបទាំងអស់បាននិយាយថា ប្រទេសចិនឥឡូវនេះមិនសូវមានភាពទាក់ទាញសម្រាប់ការវិនិយោគ ដោយសារតែគោលនយោបាយកូវីដ១៩របស់ខ្លួន ខណៈដែលប្រហែល ២៣% នៃក្រុមហ៊ុនអ៊ឺរ៉ុបចំនួន ៣៧២ គឺត្រៀមខ្លួនចាកចេញពីប្រទេសចិន។

ហេតុអ្វីបានជារដ្ឋាភិបាលចិនមានះអនុវត្តគោលនយោបាយដ៏តឹងរ៉ឹងនេះ?

ថ្វីបើគោលនយោបាយសូន្យកូវីដនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចនិងទទួលបានការរិះគន់ពីប្រជាជននិងស្ថាប័នអន្តរជាតិមួយចំនួន ក៏លោកប្រធានាធិបតីស៊ី ជីងពីងនៅតែមានះអនុវត្តវា ព្រមទាំងបានព្រមានទៅលើអ្នករិះគន់និងការឃ្លាំមើលមតិរិះគន់យ៉ាងម៉ឺងម៉ាត់បំផុតជាពិសេសគឺនៅលើបណ្តាញសង្គមតែម្តង។ ការប្រព្រឹត្តយ៉ាងដូច្នេះរបស់រដ្ឋាភិបាលចិន ត្រូវបានគេយល់ថាគោលនយោបាយនេះមានចរិតលក្ខណៈទំនោរទៅខាងនយោបាយតាមរយៈការបង្ហាញពីឥទ្ធិពលរបស់គណបក្សកុំម្មុយនិស្តចិនក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាកូវីដ១៩។ តួយ៉ាងនៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សកុំម្មុយនិស្តចិន(CPP)ដោយចូលរួមដោយក្រុមប្រឹក្សារដ្ឋកាលពីខែមីនា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ឈុនឡាន ដែលជាអ្នកសម្របសម្រួលកំពូលទាក់ទងនឹងការឆ្លើយតបនៃបញ្ហាជំងឺកូវីដ-១៩របស់ប្រទេសចិនបានប្រកាសថា ប្រទេសចិននឹងបន្តអនុវត្តគោលនយោបាយសូន្យកូវីដ ដោយមិនស្ទាក់ស្ទើរ។ ដូច្នេះ រដ្ឋាភិបាលក្នុងតំបន់ត្រូវតែចាត់ទុកគោលនយោបាយនេះថាជា “កិច្ចការនយោបាយចម្បង” និង “គោលបំណងកំពូលរបស់ប្រទេស”។ បន្ថែមពីនោះ លោកប្រធានាធិបតីស៊ី ជីងពីងបានមានប្រសាសន៍ដោយអំណួតថា ចាប់តាំងពីមានការផ្ទុះឡើងនៅជំងឺរាតត្បាតមួយនេះ ប្រទេសចិនមានករណីស្លាប់ប្រមាណ៥០០០នាក់តែប៉ុណ្ណោះ ដែលនេះជាកម្រិតមួយទាបបំផុតមួយប្រៀបធៀបនឹងអត្រាមរណភាពនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិច។ បើយោងតាមការសិក្សាគំរូពីសាកលវិទ្យាល័យ Fudan ក្នុងប្រទេសចិនបានព្យាករណ៍ថាប្រសិនបើប្រទេសចិនបើកប្រទេសជាធម្មតានោះ ប្រជាជនប្រមាណ៥.១លាននាក់នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលត្រូវការគ្រូពេទ្យមើលថែប្រហែល២.៧លាននាក់ ហើយករណីស្លាប់អាចនឹងឈានដល់១.៥៥លាននាក់នៅខែកញ្ញា។ ការលើកឡើងបែបនេះរបស់លោកស៊ី ជីងពីងវាហាក់បីដូចជាលោកព្យាយាមចងសមិទ្ធិផលនេះជាមួយនឹងកេរដំណែលនយោបាយផ្ទាល់ខ្លួនរបស់គាត់ ដែលគាត់រំពឹងថាក្នុងរយៈពេលមួយឆ្នាំនៃការដឹកនាំក្នុងអាណត្តិទី៣នេះ គាត់នឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងក្នុងនាមជាមេដឹកនាំរដ្ឋ មេដឹកនាំយោធា និងមេដឹកនាំបក្សកុម្មុយនិស្តចិនដែលមិនធ្លាប់មានពីមុនមក។

តើគោលនយោបាយនេះពិតជាអាចបញ្ឈប់ការរីករាលដាលនៃការឆ្លងបានដែរឬទេ?

បើយើងក្រឡេកទៅមើលពីអត្រាមរណភាពដោយសារជំងឺកូវីដ១៩ យើងឃើញថាវាស្ថិតនៅកម្រិតទាបមួយពិតមែន ក៏ប៉ុន្តែករណីឆ្លងនៅតែកើតមានជាប្រចាំ។ បន្ថែមពីនោះ ការរឹតបន្ទឹងទៅលើការបិទខ្ទប់បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ច។ នៅក្នុងការថ្លែងសន្ទរកថាជាសាធារណៈមួយកាលពីថ្ងៃអង្គារទី១០ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា គោលនយោបាយសូន្យកូវីដរបស់ប្រទេសចិនគឺមិនមានភាពឋិតឋេរទេ ហើយថាវាដល់ពេលហើយសម្រាប់ការផ្លាស់ប្តូរវិធីសាស្រ្តនេះ ព្រោះថាវីរុសអាចបម្លែងខ្លួនគ្រប់ពេល ដូច្នេះយើងត្រូវតែរៀនសម្របខ្លួនរស់នៅជាមួយនឹងវា។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលចិនគួរតែគិតគូរទៅលើការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនជំនួសឱ្យការបិទខ្ទប់ដែលជាវិធីសាស្ត្រមួយប៉ះពាល់ដល់សិទ្ធិសេរីភាព សង្គមនិងសេដ្ឋកិច្ច ព្រោះថាការចាក់វ៉ាក់សាំងនៅប្រទេសចិននៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយជាពិសេសទៅលើក្រុមមនុស្សចាស់។ បើតាមរបាយការណ៍របស់Chinese National Health Commissionបានបង្ហាញថា តិចជាង៦០%នៃប្រជាជនដែលមានអាយុចន្លោះពី៦០-៦៩បានទទូលការចាក់វ៉ាក់សាំងពេញលេញ(៣ដូស) ប៉ុន្តែសម្រាប់អ្នកដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉ាក់សាំងពេញលេញត្រឹម៤៨.៤%ប៉ុណ្ណោះ។

ដូចនេះ យោងតាមការលើកឡើងរបស់WHOនិងការរិះគន់ពីសំណាក់មហាជនទៅលើការអនុត្តគោលនយោបាយនេះ យើងអាចឃើញថាវាមិនអាចបញ្ឃប់ការរីករាលដាលនៃជំងឺសាកលនេះបានទាំងស្រុងនោះទេ ផ្ទុយទៅវិញវាកំពុងបង្អាក់សកម្មភាពសេដ្ឋកិច្ចនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនដូចជាការខ្វះថ្នាំសង្កូវ អាហារ ការអត់ការងារធ្វើនិងការមិនអាចចេញក្រៅបាន(ប៉ះពាល់សុខភាពផ្លូវចិត្ត)ជាដើម។ ម្យ៉ាងដូចដែលយើងដឹងហើយថា វីរុសបម្លែងថ្មីអូមីក្រុងមានលក្ខណៈឆ្លងលឿន ដូច្នេះការបិទខ្ទប់ក៏អាចបណ្តាលឱ្យវីរុសកើតឡើងវិញផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ចិន ស្រីពេជ្រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង