"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងប្រទេសហ្វាំងឡង់និងស៊ុយអែតឱ្យចូលជាសមាជិកណាតូ?

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

នៅក្នុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ប្រទេស២ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី គឺប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកអង្គការណាតូ ជាផ្លូវការ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំង២គឺបណ្តាលមកពីជម្លោះដែលកើតមានឡើង រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនអស់រយៈពេលជាង៤ ខែទៅហើយ។ ប៉ុន្តែបេក្ខភាពរបស់ប្រទេសទាំង ២ គឺ មិនមានភាពរលូននោះទេ ដោយសារតែមានការជំទាស់ពីសមាជិកមួយរូបនៅក្នុងអង្គការណាតូ គឺប្រទេសតួកគី។ ហេតុអ្វីបានជាប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត?

ការជួយជ្រោមជ្រែងសត្រូវរបស់ប្រទេសតួកគី

មូលហេតុចម្បងមួយដែលប្រទេសតួកគីជំទាស់នឹងបេក្ខភាពរបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់ នោះគឺដោយសារតែរដ្ឋាភិបាលអក់ការា (Ankara)បានចោទថារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ុបខាងជើងទាំង២ គឺបានជួយជ្រោមជ្រែងទៅដល់ក្រុមយោធាPKK ដែលរដ្ឋាភិបាលប្រទេសតួកគីចាត់ទុកថាជាក្រុមភេវរកម្ម។ ក្រុមPKK មានឈ្មោះពេញថាគណបក្សពលករឃីឌីស្ថាន (Kurdistan Workers’ Party) គឺជាក្រុមមួយដែលមានសមាជិកប្រមូលផ្តុំទៅដោយសមាជិកជាតិនិយមឃីដ(Kurd) ដែលជាជនជាតិមួយដែលរស់នៅក្នុងតំបន់ឃីដីស្ថាន ដែលបច្ចុប្បន្នជាទឹកដីដែលបែងចែកជា៤ដូចជា ភាគអាគ្នេយ៍នៃប្រទេសតួកគី ភាគខាងឥសាននៃប្រទេសស៊ីរី ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងភាគខាងពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។ គោលបំណងរបស់ក្រុមជាតិនិយមដូចជាក្រុម PKK គឺព្យាយាមដើម្បីបានរដ្ឋឯករាជ្យមួយសម្រាប់ជនជាតិឃិដ។ ពួកគេបានចោទប្រកាន់ថារដ្ឋាភិបាលនៃប្រទេសដែលពួកគេរស់នៅដូចជាប្រទេសតួកគីជាដើមថាបានគាប់សង្កត់នូចសិទ្ធិសេរីភាពដើម្បីប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់របស់ពួកគេ។ វិវាទបានកើតឡើងរវាងក្រុមPKK និងអង្គការអង់ការាតាំងពីឆ្នាំ១៩៧៩ រហូតដល់មានកិច្ចចរចារបទឈប់បាញ់រវាងភាគីទាំង២ ដោយក្រុមPKK បានផ្លាស់ប្តូរទីស្នាក់ការទៅក្នុងប្រទេសអ៊ីរ៉ាក់ជាប់ព្រំប្រទល់ប្រទេសតួគីវិញ នៅក្នុងឆ្នាំ២០១៣។ តើក្រុមPKK បានទំនាក់ទំនងអ្វីជាមួយនឹងប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ដែលនាំឲ្យរដ្ឋាភិបាលលោក Erdogan បដិសេដបេក្ខភាពជាសមាជិកណាតូ?

ទំនាក់ទំនងប្រទេសស៊ុយអែត និងប្រទេសតួកគី?

ប្រទេសស៊ុយអែត និងប្រទេសតួកគីក្នុងស្ថានភាពជាក់ស្តែងគឺជាសម្ព័ន្ធមិត្តមួយដែលមានទំនាក់ទំនងល្អ។ ប្រទេសស៊ុយអែតជាប្រទេសទីមួយក្រៅពីប្រទេសតួកគីដែលបានចុះក្រុមPKKក្នុងបញ្ជីនៃក្រុមភេវរកម្មក្នុងឆ្នាំ១៩៨៤។ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលតួកគីមិនពេញចិត្តនោះគឺ ច្បាប់អន្តោប្រវេសន៍របស់ប្រទេសស៊ុយអ៉ែត។ ច្បាប់អន្តោប្រវេសន៍របស់ប្រទេសនេះមានភាពធូររលុងជាខ្លាំងបើប្រៀបធៀបជាមួយនឹងប្រទេសឯទៀតនៅក្នុងទ្វីបអឺរ៉ុបខាងកើតដូចជា ប្រទេសដាណឺម៉ាក និង ប្រទេសនរវែសជាដើម។ ដោយហេតុដូចនេះហើយ នៅអំឡុងពេលដែលក្រុមPKK មានជម្លោះជាមួយនឹងរដ្ឋាភិបាលប្រទេសតួកគី សមាជិកជាច្រើននៃក្រុមនេះបានភៀសខ្លួនទៅប្រទេសស៊ុយអ៉ែត និងបានបន្តសកម្មភាពខ្លួននៅទីនោះ។ ប្រទេសស៊ុយអែតមានគោលនយោបាយខុសពីប្រទេសជិតខាងរបស់ខ្លួនដោយប្រទេសនេះ គឺមានការស្វាគមន៍ខ្លាំងចំពោះជនភៀសខ្លួន និងក្រុមជនជាតិដែលទទួលរងការគាបសង្គត់ពីសំណាក់ក្រុមដែលមានអំណាច។ រដ្ឋាភិបាលរបស់ប្រទេសតួកគីបានទាមទារឲ្យរដ្ឋាភិបាលស្តុកហូម ប្រគល់បុគ្គលមួយចំនួន ប៉ុន្តែរដ្ឋាភិបាលស៊ុយអ៉ែតមិនអាចអនុវត្តតាមសំណើបានដោយសារតែច្បាប់បត្យាប័ននៃប្រទេសស៊ុយអ៉ែត មានភាពតឹងតែង។ ប្រទេសហ្វាំងឡង់ក៏មានស្ថានភាពស្រដៀងជាមួយនឹងប្រទេសស៊ុយអែតដែលជាប្រទេសជិតខាងផងដែរ ដែលប្រទេសមួយនេះក៏ទទួលបានជនអន្តោប្រវេសន៏ចំនួនរវាង១៥ពាន់ទៅ១៨ពាន់នាក់ក្នុងឆ្នាំ២០១៦ យោងទៅតាមរបាយការណ៍របស់ស្ថាប័ន The Kurdish Institute of Paris។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់បានបញ្ជាក់ថាប្រទេសរបស់ខ្លួនគឺបានចាត់ទុកក្រុមPKK ថាជាក្រុមភេវរកម្មរួចទៅហើយ ហើយប្រធានាធិបតីនៃប្រទេសហ្វាំងឡង់ក៏បានប្តេជ្ញាថានឹងបង្កើនការឃ្លាំមើលទៅលើសកម្មភាពរបស់ក្រុមPKKនៅក្នុងប្រទេសហ្វាំងឡង់ផងដែរ។

តើប្រទេទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ជាជង្រុករបស់ភេរវកម្មមែនទេ?

ប៉ុន្តែពិតមែនតែប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានចុះក្រុមPKK នៅក្នុងបញ្ជីក្រុមភេវរកម្មក៏ពិតមែន តែរដ្ឋាភិបាលប្រទេសតូកគីបានចោទប្រកាន់ថាប្រទេសស៊ុយអ៉ែត និងប្រទេសហ្វាំងឡង់នៅតែមិនទាន់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមផ្សេងៗទៀតដែលរដ្ឋាភិបាលអង់ការ៉ាគិតថាមានទំនាក់ទំនងជាមួយនឹងក្រុមPKK ជាពិសេសគឺក្រុម YPG។ ក្រុមYPG ឈ្មោះពេញហៅថា ក្រុមអង្គភាពការពារប្រជាជន(People’s Defense Unit) គឺជាក្រុមយោធាមួយដែលមានសមាជិកជាជនជាតិឃីដដូចជាក្រុម PKK ដែរ តែក្រុមមួយនេះមានសកម្មភាពនៅក្នុងតំបន់ជនជាតិឃីដ នៃប្រទេសស៊ីរី ដែលមានព្រំប្រទេស់ជាប់នឹងប្រទេសតួគីផងដែរ។ ផ្ទុយពីក្រុមPKK ក្រុមYPG ទទួលបានការគាំទ្រ និងជំនួយពីប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលរួមទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ផងដែរ ហើយក្រុមនេះក៏មិនមានឈ្មោះនៅក្នុងបញ្ជីក្រុមភេវរកម្មផងដែរ។ មូលហេតុចម្បងដែលនាំឲ្យប្រទេសលោកខាងលិចគាំទ្រទៅដល់ក្រុមYPG គឺដោយសារតែក្រុមនេះប្រឆាំងជាមួយនឹងក្រុមISIS/ISIL កីដូចជារដ្ឋាភិបាលរបស់ប្រទេសស៊ីរី ដែលជាមុខសញ្ញានៃប្រទេសលោកខាងលិច។ ប៉ុន្តែសម្រាប់ប្រទេសតួគឺវិញ ក្រុមYPG និងក្រុមPKK គឺជាក្រុមនៃអំបូរជនជាតិឃីដតែមួយ ហើយការជួយជ្រោមជ្រែងរបស់ប្រទេសលោកខាងលិច ទៅលើក្រុមYPG អាចជះឥទ្ធិពលទៅដល់ចលនានៃការទាមទារស្វយ័តភាព ក៏ដូចជាឯករាជ្យភាពរបស់ជនជាតិឃីដនៅក្នុងប្រទេសរបស់ខ្លួន ហើយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បូរណភាពទឹកដីរបស់ប្រទេសតួកគីបច្ចុប្បន្ននេះ។

នៅក្នុងអង្គការណាតូ ប្រទេសតួកគីគឺជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយ ដោយប្រទេសតួកគីជាច្រកចេញចូលរវាងសមុទ្រខ្មៅនិងសមុទ្រមេឌីទែរ៉ាណេរ ដែលអាចហៅថាជារបត់ឈាមនៃផ្លូវពាណិជ្ជកម្មនិងការដឹកជញ្ជូនសព្វាវុធរបស់ប្រទេសរុស្ស៊ី។ ចំណុចនេះហើយដែលនាំឲ្យប្រទេសតួកគីជាសមាជិកមួយដែលមានទឹកមាត់ប្រៃនៅក្នុងអង្គការណាតូផងដែរ។ សរុបរួមមក ការដាក់បេក្ខភាពណាតូរបស់ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់គឺជាឱ១កាសមាសមួយសម្រាប់ប្រទេសតួកគីដើម្បីធ្វើជាឈ្នាន់ដើម្បីឲ្យប្រទេសទាំង២ ជាពិសេសប្រទេសស៊ុយអែតផ្តាច់ទំនាក់ទំនងទាំងស្រុងពីចលនាទាមទារឯករាជ្យរបស់ជនជាតិឃីដ ដែលជាកត្តាគំរាមកំហែងដ៏ធំទៅលើបូរណភាពទឹកដីរបស់ប្រទេសតួកគី។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង