"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ការត្រលប់មកវិញជាមួយគ្នា និងការត្រឡប់មកកាន់តែប្រសើរជាមួយកិច្ចប្រជុំG20

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង​ ធាន

ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា កិច្ចប្រជុំកំពូល (G20) បានរៀបចំកិច្ចប្រជុំជាលើកទី​១៧ នៅកោះបាលីក្រោមប្រធានបទ ​​​“ត្រលប់មកវិញជាមួយគ្នា​ ត្រឡប់មកកាន់តែប្រសើរ”(Recover Together, Recover stronger)។​ កិច្ចសន្ទនាពហុភាគីនេះត្រូវបានចូលរួមដោយមេដឹកនាំជុំវិញពិភពដែលជាសមាជិក និង​ប្រទេសដែលអញ្ជើញចូលរួមដើម្បីដោះស្រាយនូវសន្តិសុខអនាគតសេដ្ឋកិច្ច ​និងវិបុលសុខនៃពិភព​លោក បន្ទាប់ពីការប៉ះពាល់ដល់សេដ្ឋកិច្ច​ពិភពលោកដោយជំងឺរាតត្បាតកូវីដ-១៩ ផលប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពលដោយការឈ្លានពានរបស់ប្រទេសរុស្សី។  កិច្ចប្រជុំកំពូល G20​គឺជាវេទិកាថ្នាក់អន្តរជាតិដែលមានសមាជិកជាប្រទេសចំនួន១៩ ដែលជាប្រទេសសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងឆ្នាំ​១៩៩៩​ និងជាមួយសហគមន៍​អឺរ៉ុប។   ដោយមានការកំណត់នូវរបៀបវារៈក្នុងនាមជាប្រធានប្តូរវេន​របស់កិច្ចប្រជុំកំពូល G20 ផ្តោតទៅតាមសសរស្ដម្ភទាំងបីគឺ ស្ថាបត្យកម្មសុខភាពសកល (Global Health Architecture) បរិវត្តកម្មឌីជីថល​ (Digital Transformation) និងការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព(Substainable energy transition)។ អត្ថបទនេះ នឹងបកស្រាយពីកាលានុវត្តភាពរបស់កិច្ចប្រជុំកំពូល G20 អំឡុងកិច្ចប្រជុំនៅឯកោះប៉ាលី។

សន្តិសុខស្បៀងអាហារ និងថាមពល         

បន្ទាប់ពីសង្រ្គាមភូមិសាស្ត្រ​រវាងប្រទេសរុស្សី និងអ៊ុយក្រែន កាលពីខែកុម្ភៈ បានបង្កឱ្យកើតមានវិបត្តិសន្តិសុខស្បៀង​​ និងវិបត្តិថាមពលពិភពលោក។​ ចំណុចដំបូងគឺ សន្តិសុខស្បៀងអាហារត្រូវបានប៉ះពាល់ ដោយប្រទេសអ៊ុយក្រែនគឺជាប្រទេសដែលផលិតប្រេង​ផ្កាឈូករ័ត្នច្រើនជាងគេ។ ប្រទេសរុស្សីជាមួយនឹង​​​​អ៊ុយក្រែនបាននាំចេញនូវ​ចំនួន១ភាគ៣នៃស្រូវសាលីពិភពលោក​។  ការឈ្លានពានពីសំណាក់រុស្ស៊ីនេះនាំឪ្យមានការរារាំងទៅដល់ការដឹកជញ្ជូនរបស់ប្រទេសអ៊ុយក្រែនទៅកាន់តំបន់មជ្ឈិម​បូព៍ា អាហ្វ៊ិ្រកខាងជើង អ៊ឺរ៉ុប និងផ្នែកខ្លះនៃតំបន់អាស៊ី។ ចំណុចបន្ទាប់គឺ កង្វះបញ្ហាឧស្ម័ន​ធម្មជាតិ និងប្រេងឆៅរបស់ប្រទេសរុស្សីសម្រាប់ផ្គត់ផ្គង់ទៅដល់រោងចក្រ អាជីវកម្ម និងក្រុមគ្រួសារនៅតំបន់អ៊ឺរ៉ុប។ បញ្ហាចំនួន២​ខាងលើនេះនឹងផ្តល់មកនូវផលអវិជ្ជមានជាច្រើនសម្រាប់ពិភពលោក និងបានក្លាយជាប្រធានបទសម្រាប់ដោះស្រាយក្នុងកិច្ចប្រជុំអន្តរជាតិនានា។ នា​កិច្ចប្រជុំកំពូល ​G20 ក៏បានលើកយកបញ្ហាស្បៀងអាហារមកដោះស្រាយ ​ដោយបានចេញនូវសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដោយបានប្តេជ្ញាចាត់វិធានការជាបន្ទាន់ក្នុងការសង្រ្គោះជិវិត ទប់ស្កាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដោយឆ្ពោះទៅរកប្រព័ន្ធកសិកម្ម ចំណីអាហារ ​និងសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពនិងភាពធន់។ កិច្ចប្រជុំក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់អាហារឱ្យដំណើរក្នុងកាលៈទេសៈដ៏លំបាក​នេះ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ​(Black Sea Graint Initiative) ​ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន គ្រឿងឧបភោគ និងជីដោយសុវត្ថិភាព ពីអ៊ុយក្រែនទៅពិភពលោកទាំងមូលតាមកំពងផែចំនួនបីគឺ Chornomosrk, Odesa និង​​Yuzhny។​  ចំពោះបញ្ហាថាមពល កិច្ចប្រជុំ G20 បានប្តេជ្ញាក្នុងការដោះស្រាយវិបត្តិថាមពលដោយស្របតាម កិច្ចព្រមព្រៀងកោះបាលី និងផែនការផ្លាស់ប្តូរថាមពលកោះបាលី (Bali Energy Transition Roadmap) ដោយពន្លឿនការស្វែងរកនូវទីផ្សារប្រកបដោយស្ថិរភាព និងមានតម្លៃសមរម្យសម្រាប់ពិភពលោក។

ទំនាក់ទំនងចិន និងអាមេរិក

​សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ​ បៃដិន (Joe Biden) មានភាពដឹកនាំ និងផែនការយុទ្ធសាស្រ្តខុសពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald trump) ដោយទីក្រុងវ៉ាស៊ីតោនបានខិតខំត្រលប់មករឹតចំណងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងវេទិកាអន្តរជាតិនាៗដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាសកល។  កិច្ចប្រជុំកំពូល G20 បានក្លាយជាវេទិកាដ៏សំខាន់​សម្រាប់ប្រទេសមហាអំណាច  ទាំងពីរក្នុងការដោះស្រាយនូវបញ្ហាសកល និងបញ្ហានាៗ ដែលប្រទេសទាំងពីរធ្លាប់មានបញ្ហារកាំរកូសរួមមាន សង្រ្គាមពាណិជ្ជកម្ម ជំងឺរាតត្បាតកូវីដ​-១៩ បញ្ហាសិទ្ធិមនុស្ស និង​​កោះតៃវ៉ាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន (The White House) នាជំនួបពិភាក្សាទ្វេភាគីលើកដំបូងរបស់លោក ចូ​ បៃដិន និង​លោក ស៊ី ជីនពីង (Xi Jinping) បន្ទាប់ពីការចូលកាន់តំណែងប្រធានាធិបតីអាមរិកនៅឆ្នាំ ២០២១ បានបញ្ជាក់ពីគោលជំហររបស់លោក ចូ​ បៃដិន  ក្នុងការគូសបង្ហាញពីតួនាទីរបស់សហរដ្ឋអាមេរិក និងចិន ក្នុងការ​ដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ពិភពលោក សន្តិសុខសុខភាព និងសន្តិសុខស្បៀងអាហាររបស់ពិភពលោក។   ការជួបពិភាក្សាខាងលើនេះ ​ជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង ​កាត់បន្ថយការ​ប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះរវាងគ្នា និងបំពេញតួនាទីជាប្រទេសមហាអំណាចក្នុងការ​ដោះស្រាយបញ្ហាសកល។

ជាចុងក្រោយកិច្ចប្រជុំកំពូល G20 បានខិតខំឧបត្ថម្ភស្បៀងអាហារស្វែងរកសង្វាក់ផ្គត់ផ្គង់ និងគំនិតផ្តួចផ្តើមផ្សេងៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាស្បៀងអាហារ និងថាមពល។ បន្ថែមពីនេះ ​ជំនួបពិភាក្សារវាងប្រទេសចិននិងអាមេរិកបានក្លាយជាឱកាសសម្រាប់ប្រទេសទាំងពីរ និងពិភពលោកក្នុងការដោះស្រាយបញ្ហាសកលសម្រាប់ពិភពលោកទាំងមូល។ កិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីបានក្លាយជាវេទិកាដ៏ជោគជ័យ បន្ទាប់ពីបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមនាវេទិកាថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងរដ្ឋមន្រ្តីការបរទេស។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ សុខ ហួរ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង