"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ ៖ គុណតម្លៃយុទ្ធសាស្រ្តនៃសមុទ្រចិនខាងត្បូងចំពោះអាមេរិក និង ចិន

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានដាក់គំនាបយ៉ាងខ្លាំងមកកាន់នយោបាយសន្តិសុខអាស៊ាន​ ដោយហេតុនេះទើបមានការចោទជាសំណួរសម្រាប់អ្នកតាមដានព្រឹត្តិការណ៏អន្តរជាតិមួយថា​​ “តើតំបន់នេះបានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្តអ្វីខ្លះទើបអាមេរិកនិងចិនប្រកួតប្រជែងចង់កាន់កាប់ច្រកសមុទ្រនេះ?”។

ជាដំបូងយើងគួរស្វែងយល់ថា​ ការទាមទារកម្មសិទ្ធិនៃច្រកជំនួញ ដ៏សំខាន់នេះបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហើយរដ្ឋពាក់ព័ន្ធនីមួយៗ​ (Claimant state)សុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តជាប់សមុទ្រនេះ និងមានគោលជំហរខុសៗគ្នា។​ នៅពីក្រោយមហិច្ឆតា​នៃការព្យាយាមដណ្តើមកាន់កាប់ផ្លូវសមុទ្រនេះមានមូលហេតុសំខាន់ៗបួនគឺ ៖ ទី១ ផ្លូវសមុទ្រនេះគីជា​ច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វិបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មាថា ១/៣​ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ​ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ AALEP។​ ទី២ ច្រកសមុទ្រនេះក៏បានផ្ទុកនូវឧស្ម័នធម្មជាតិប្រមាណជា១៤ទ្រីលានធុង(14 Trillion barrels) និងប្រមាណ១១ប៊ីលានធុងនៃប្រេង (11 Billion barrels) នេះបើយោងតាមការស្រាវជ្រាវរបស់ EIA​។ ទី៣ បើយោងតាម RFA សមុទ្រនេះក៏ជាកន្លែងដ៏សំខាន់ចំពោះការនេសាទផងដែរដោយមានអ្នកនេសាទប្រមាណ៣.២លាននាក់នៅតំបន់នេះ​ ហើយជំនួញនេសាទនៅសមុទ្រនេះមានតម្លៃប្រមាណ ១០០ប៊ីលាន​ ដែលស្មើនឹង១២% នៃការនេសាទជុំវិញសកលលោក។​ ទី៤ បើយោងតាមការលើកឡើងរបស់លោក Allen Clark & Chang Li ច្រកសមុទ្រនេះក៏បានផ្ទុកនូវធនធានធម្មជាតិមានតម្លៃដូច ជា មាស ម៉ាញេទិច គ្រីស្តាល់(Monazite)​ និង​ សំណប៉ាហាំងជាដើម។

បញ្ហានេះក៏បានជះនូវបច្ច័យអវិជ្ជមានចំពោះជម្លោះរវាងប្រទេសមហាអំណាច អាមេរិក និង​ ចិនផងដែរ។ ដោយប្រទេសនីមួយៗមានការយុទ្ធសាស្រ្តនិងចក្ខុវិស័យផ្ទាល់ខ្លួន ដែលជាហេតុនាំឱ្យប្រទេសក្នុងតំបន់ និង ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រនេះដូចជា ជប៉ុន និង ឥណ្ឌាកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងអាមេរិកបានលូកដៃចូលក្នុងបញ្ហានេះដោយគេបានលើកឡើងថា អាមេរិកមកធ្វើនេះដើម្បីថែរក្សាសណ្តាប់ធ្នាប់សន្តិសុខពិភពលោក ដោយពួកគេពឹងផ្អែកទៅលើច្បាប់សមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិជាពិសេសច្បាប់សមុទ្រ ១៩៩៤(UNCLOS)​ និង​ ច្បាប់សេរីភាពនាវាចរ(FONOPs)នៅតាមតំបន់សេដ្ឋកិច្ចពិសេស(EEZ)។ មិនត្រឹមតែប៉ុណ្ណោះគេក៏បានលើកឡើងថា “ពួកគេមិនត្រូវចាំបាច់ជូនដំណឹងទៅរដ្ឋសមាជិកណាមួយមុននឹងគេធ្វើសកម្មភាពយោធានៅតំបន់នេះឡើយ”។ យ៉ាងណាមិញ ភាគីចិនក៏មានអំណះអំណាងមួយបែបទៀតដោយពួកគេបានយកគោលការណ៍ “ ខ្សែបន្ទាត់ប្រាំបួនផ្នែក” (Nine Dash Line) ជាបង្អែក ហើយលើសពីនេះទៅទៀតគេក៏បានសាងសង់ជាកោះសិប្បនិម្មិតសម្រាប់ធ្វើជាបន្ទាយទាហានខ្លួននៅលើកោះមួយចំនួនក្នុងតំបន់ខ្សែបន្ទាត់នេះផងដែរ។​​​ ចំពោះអាមេរិក សមុទ្រចិនខាងត្បូងនេះទំនងអាចនឹងបម្រើយុទ្ធសាស្រ្តរបស់គេនៅក្នុងតំបន់នេះ ដែលអាចមានដូចជាគំនិតផ្តួចផ្តើម QUAD និង​ The US Indo-Pacific strategy គឺជាការចងសម្ព័ន្ធមិត្ត ទាំងយោធា ទាំងសេដ្ឋកិច្ចរវាងអាមេរិក ជាមួយប្រទេសដែលភាគច្រើនមានទំនោរទៅរកលទ្ធិសេរីនិយម និង មានចក្ខុវិស័យចង់ការពារខ្លួនពីការហូរចូលនៃឥទ្ធិពលចិន។ ទន្ទឹមនេះ ប្រទេសទាំងនោះសុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តអំណោយផលហើយអាចមានលទ្ធិភាពទប់ស្កាត់ការរីកសាយភាយនូវឥទ្ធិពលចិនតាមរយៈផ្លូវទឹកបាន។ ទី២ ចំពោះចិនវិញ សមុទ្រនេះនឹងអាចជួយខ្លួនឱ្យរួចផុតពីគំនាបភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាមេរិកនៅតំបន់ច្រកមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងតំបន់សមុទ្រចិនខាងត្បូងផ្ទាល់។ ក្រៅពីនេះ​  សមុទ្រចិនខាងត្បូងគឺជាទីតាំងដ៏មានសារៈសំខាន់ក្នុងការជួយសម្រួលការចេញចូលយុទ្ធសាស្ត្ររបស់នាវាមុជទឹកបំពាក់ក្បាលនុក្លេអ៊ែររបស់ចិនឆ្ពោះទៅភាគខាងលិចនៃមហាប៉ាស៊ីហ្វិក។ ស្ថានភាពយុទ្ធសាស្ត្រនេះនឹងអាច ជួយចិនក្នុងការបង្កើនសមត្ថភាពឆ្លើយតបនុយក្លេអ៊ែររបស់ខ្លួនក្នុងការបង្ការការវាយប្រហារនុយក្លេអ៊ែរណាមួយពីសំណាក់សហរដ្ឋអាមេរិកផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក មឿង ឈៀរី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ