"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអង្គការណាសា (NASA)?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

National Aeronautics and Space Administration ឬ ហៅថា អង្គការណាសា(NASA)គឺជាទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទាក់ទងនឹងអវកាស និងលំហ។ NASA ជាតំណាងមកពីពាក្យពេញគឺ National Aeronautics and Space Administration ហើយបានបើកដំណើរការនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ១៩៥៨។ អ្នកគ្រប់គ្រង NASA ត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិក និងបញ្ជាក់ដោយការបោះឆ្នោតក្នុងព្រឹទ្ធសភា។ អង្គការនេះមានគោលបំណង៤ធំៗដូចជា៖

  • ពង្រីកចំណេះដឹងរបស់មនុស្សតាមរយៈការរកឃើញវិទ្យាសាស្ត្រថ្មីៗ
  • ពង្រីកវត្តមានរបស់មនុស្សឱ្យកាន់តែជ្រៅទៅក្នុងលំហ និងទៅកាន់ឋានព្រះច័ន្ទ សម្រាប់ការរុករក និងប្រើប្រាស់យូរអង្វែងប្រកបដោយនិរន្តរភាព
  • ដោះស្រាយបញ្ហាប្រឈមរបស់ជាតិ និងជំរុញកំណើនសេដ្ឋកិច្ច
  • បង្កើនប្រសិទ្ធភាពសមត្ថភាព និងប្រតិបត្តិការ ។

អង្គការណាសាមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន(Washington, D.C)។ ណាសាមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៩ បន្ទប់ពិសោធន៍ Jet Propulsion(មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តល់មូលនិធិដោយសហព័ន្ធ)ព្រមទាំងកន្លែងធ្វើតេស្តនិងស្រាវជ្រាវចំនួន៧កន្លែងផ្សេងៗទៀតនៅទូទាំងប្រទេស។

ពី NACAទៅ NASA

ឥទ្ធិពលនៃសង្រ្គាមលោកលើកទី១នាឆ្នាំ ១៩១៤ បានបង្ហាញពីកម្សោយនៃបច្ចេកវិទ្យាយន្តហោះរបស់សហរដ្ឋអាមេរិកនៅពីក្រោមអ៊ឺរ៉ុប ហេតុនេះ សភាជាតិអាមេរិកបានអនុម័ត បង្កើត NACA នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 1915។  NACA (National Advisory Committee for Aeronautics) ជាទីភ្នាក់ងាររដ្ឋាភិបាលឯករាជ្យ រាយការណ៍ដោយផ្ទាល់ទៅប្រធានាធិបតី ក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្ម ការសិក្សា និងការសម្របសម្រួលរបស់រដ្ឋាភិបាលលើគម្រោង ដែលទាក់ទងនឹងសង្គ្រាម តាមរយៈការអនុញ្ញាតដោយរដ្ឋាភិបាលសហព័ន្ធឱ្យប្រើច្បាប់ជាវិធានការសង្គ្រោះបន្ទាន់ក្នុងអំឡុងសង្គ្រាមលោកលើកទី 1 ។ NACA ចាប់ផ្តើមយ៉ាងសាមញ្ញ ដែលស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ ហើយវាត្រូវបានគ្រប់គ្រងដោយឧត្តមសេនីយ George Scriven និងគណកម្មាធិការសំខាន់ចំនួន១២តំណាងឱ្យរដ្ឋាភិបាល យោធានិងឧស្សាហកម្ម រួមទាំង៧នាក់ទៀតត្រូវបានជ្រើសរើសដោយគណកម្មាធិការសំខាន់ និងបុគ្គលិកម្នាក់ឈ្មោះ John F. Victory។ សមាជិកនៃកម្មាធិការមិនទទួលបានប្រាក់កម្រៃឡើយ ក៏ប៉ុន្តែបេសកកម្មស្រាវជ្រាវអាកាសចរណ៍បានរីកចម្រើនយ៉ាងឆាប់រហ័សដោយមានការផលិត និងធ្វើតេស្តយន្តហោះជាច្រើនប្រភេទដូចជា យន្តហោះដែលមានល្បឿនលឿនជាងសំឡេងដែលមានឈ្មោះថា”Bell Aircraft” រួមទាំងយន្តហោះក្នុងសង្រ្គាមជាច្រើនទៀត។ ក្នុងអំឡុងទសវត្ស១៩៥០ NACA បានលះបង់ពេលវេលាក្នុងការស្រាវជ្រាវជាច្រើនទៅលើបច្ចេកវិទ្យាមីស៊ីល ដែលដំបូងឡើយវាគ្រាន់តែផ្តោតលើក្បាលគ្រាប់មីស៊ីលតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកគេបានបង្កើតវាឱ្យមានលក្ខណៈជាយានមានលទ្ធភាពអាចផ្ទុកមនុស្សបានថែមទៀតផង ហើយនេះក៏ជាការចាប់ផ្តើមមួយនៃដំណើរឆ្ពោះទៅកាន់អវកាសជាលើកដំបូងផងដែរ។ ប៉ុន្តែ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ សហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនឈ្មោះ “Sputnik1” ដែលជាផ្កាយរណបសិប្បនិម្មិត្តដំបូងគេរបស់ពិភពលោក ហើយវាធ្វើឱ្យមានការព្រួយបារម្ភពីប្រទេសនានានៃការប្រើប្រាស់ និងរុករកអវកាស នៅពីក្រោយសូវៀត។ ដូច្នេះហើយ សភាអាមេរិកក៏បានអនុម័ត បង្កើតនូវទីភ្នាក់ងារអវកាសស៊ីវិលថ្មីមួយ គឺ អង្គការណាសា(NASA) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៨ ដោយដាក់បញ្ចូល NACAទៅក្នុងកម្មវិធីថ្មី រួមទាំងបុគ្គលិកនៃ NACAក៏បានកាន់តំណែងខ្ពស់ក្នុង NASAផងដែរ។

សមិទ្ធផលរបស់ណាសា

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ សហរដ្ឋអាមេរិកបានបង្ហោះផ្កាយរណបដំបូងរបស់ខ្លួន ព្រមទាំងបានកត់ត្រាពីអត្ថិភាពតំបន់វិទ្យុសកម្មជុំវិញផែនដី ដែលរាងដោលម៉ាញ៉េទិចរបស់ផែនដីត្រូវបានគេហៅថាខ្សែក្រវាត់វិទ្យុសកម្ម Van Allen តំបន់ទាំងនេះកំណត់ផ្នែកខ្លះនៃបន្ទុកអគ្គិសនីនៅក្នុងបរិយាកាស និងវិទ្យុសកម្មព្រះអាទិត្យដែលមកដល់ផែនដី។ NASA បានបង្កើតមជ្ឈមណ្ឌលផ្សេងៗទៀតចំនួនដប់កន្លែងនៅជុំវិញប្រទេស។ ក្នុងអំឡុងពេលម្ភៃឆ្នាំដំបូង NASA បានធ្វើកម្មវិធីបេសកកម្មសំខាន់ៗជាច្រើនដូចជា គម្រោង Mercury ការហោះហើររបស់អវកាសយានិកតែម្នាក់​ ទៅកាន់ភពពុធ(១៩៦១ដល់១៩៦៣)ដើម្បីអាចបញ្ជាក់ថាមនុស្សអាចរស់នៅលើលំហបានដែរឬទេ? នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៦១ លោក Alan B. Shepard Jr. បានក្លាយជាជនជាតិអាមេរិកដំបូងគេដែលហោះហើរទៅកាន់ទីអវកាស នៅពេលដែលគាត់ជិះយានឈ្មោះ “Mercury capsule” ក្នុងបេសកកម្ម suborbital១៥នាទី។ ជាមួយគ្នានេះដែរ លោក John H. Glenn Jr. បានក្លាយជាអវកាសយានិកអាមេរិកដំបូងគេដែលធ្វើគោចរជុំវិញផែនដីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦២។ ការហោះហើរបានប្រព្រឹត្តទៅចំនួនប្រាំមួយដង ក្នុងគម្រោង Mercuryនេះ និងបានសម្រេចគោលដៅរបស់ខ្លួនក្នុងការដាក់យានអវកាសសាកល្បងចូលទៅក្នុងគន្លងផែនដី ព្រមទាំងទាញយកអវកាសយានិកមកវិញប្រកបដោយសុវត្ថិភាព។បន្តមកទៀត គម្រោង Gemini (១៩៦៥ដល់១៩៦៦)ការហោះហើរបន្ទាប់ដោយអវកាសយានិកពីរនាក់ ដើម្បីអនុវត្តប្រតិបត្តិការអវកាស រួមមានការណាត់ជួប ការចតយានអវកាស និងសកម្មភាពក្រៅប្រព័ន្ធ(EVA)។ គម្រោងមួយនេះធ្វើបន្ថែមទៅលើគម្រោង Mercury ដោយការហោះហើរចំនួន១០ដង។ រឿងដ៏ពិសេសមួយបានកើតឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៦៥ គឺលោក Edward H. White, Jr. បានក្លាយជាអវកាសយានិកអាមេរិកដំបូងគេដែលធ្វើចលនាដើរលើលំហ។ នៅថ្ងៃទី២៥ ខែឧសភា ១៩៦១ លោកប្រធានាធិបតី ចន អេហ្វ ខេនណឺឌី(John F. Kennedy )បានប្រកាសថា “ខ្ញុំជឿថាប្រជាជាតិនេះគួរតែប្តេជ្ញាខ្លួនដើម្បីសម្រេចបាននូវគោលដៅ មុនពេលទសវត្សនេះកន្លងផុតទៅ ក្នុងការចុះចតបុរសម្នាក់នៅលើឋានព្រះច័ន្ទ ហើយបញ្ជូនគាត់មកផែនដីវិញដោយសុវត្ថិភាព”។ នៅទីបំផុត កម្មវិធី Apollo ត្រូវបានរចនាឡើង ហើយនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ១៩៦៩ អវកាសយានិកអាមេរិក លោក ណេល អាំស្រ្តង់(Neil Armstrong)បានធ្វើដំណើរទៅព្រះចន្ទដោយ Apollo11 ហើយបានក្លាយជាមនុស្សដំបូងគេដែលបានទៅដល់ឋានព្រះច័ន្ទ។ ក្រៅពីនេះ អង្គការណាសាបានបង្កើតកម្មវិធីជាច្រើនទៀតដូចជា បេសកកម្មមនុស្សយន្តទៅកាន់ព្រះចន្ទ Moon (មនុស្សយន្តឈ្មោះ Ranger, Surveyor, and Lunar Orbiter) ទៅកាន់ភពសុក្រ Venus (មនុស្សយន្ទឈ្មោះ Pioneer Venus) ទៅកាន់ភពអង្គារ Mars (មនុស្សយន្តឈ្មោះ Mariner 4, Viking 1 និង 2) និងភពខាងក្រៅ (មនុស្សយន្តឈ្មោះ Pioneer 10 និង 11, Voyager 1 និង 2)។ ការរុករកនិងស្រាវជ្រាវផ្លូវអាកាសក៏ត្រូវបានធ្វើផងដែរ ដើម្បីសុវត្ថិភាពដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ការជឿជាក់និងល្បឿនលឿន ក្នុងនោះមានការបង្កើតយន្តហោះល្បឿនលឿនជាងសំឡេងដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។ ការបង្កើតផ្កាយរណបផែនដីដើម្បីចាប់សញ្ញាពីចម្ងាយក្នុងការប្រមូលព័ត៌មាន ផ្កាយរណបLandsat សម្រាប់ត្រួតពិនិត្យបរិស្ថាន ការត្រួតពិនិត្យមើលភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ផ្ទាំងទឹកកក និងកម្មវិធីផ្កាយរណបសម្រាប់ការទំនាក់ទំនង(Skylab,Echo 1, TIROS, and Telstra) និងការត្រួតពិនិត្យអាកាសធាតុ។ ម្យ៉ាងវិញទៀត ណាសា ក៏បានបង្កើតលទ្ធភាពប្រើប្រាស់ឡើងវិញនូវយានអវកាសទាំងទៅនិងម ពីគន្លងផែនដី និងការរុករកឃើញភព និងសភាវៈផ្សេងៗទៀតនៅក្នុងលំហផងដែរ។ ទោះបីជាការហោះហើរនៅលើអាកាសហាក់ទទួលបានភាពជោគជ័យ តែណាសាក៏ធ្លាប់ជួបនូវការបរាជ័យជាច្រើនលើកច្រើនសារផងដែរដោយសារ បញ្ហាដំណើរការបច្ចេកទេសមិនត្រឹមត្រូវ រចនាសម្ព័ន្ធ វិស្វកម្មបុរាណ និងទំនុកចិត្តហួសហេតុលើបុគ្គលិកដែលមិនសូវមានបទពិសោធន៍។ ជាក់ស្តែង ការឆេះអាប៉ូឡូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៦ បានឆក់យកជីវិតរបស់អវកាសយានិក Roger B. Chaffee, Virgil “Gus” Grissom និង Edward H. White Jr. ។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ១៩៨៦ ការផ្ទុះធុងឥន្ធនៈរាវសំខាន់ក្នុងរយៈពេល ៧៣ វិនាទីបន្ទាប់ពីការបាញ់បង្ហោះ ដោយបានសម្លាប់សមាជិកនាវិកទាំង 7 នាក់។ រីឯកម្មវិធីអវកាសនេះ  ត្រូវបានផ្អាកអស់រយៈពេលជាង ២ ឆ្នាំ ខណៈដែល NASA និងអ្នកម៉ៅការរបស់ខ្លួនបានធ្វើការដើម្បីរចនាឡើងវិញនូវ កំណែទម្រង់ការគ្រប់គ្រងដើម្បីបង្កើនសុវត្ថិភាព។ ទោះយ៉ាងណាសោកនាដកម្មបានកើតឡើងម្តងទៀតនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០០៣ ខណៈដែលយានអវកាសមួយឈ្មោះ Columbia កំពុងធ្វើដំណើរគោចរវិលមកផែនដីវិញក្នុងបេសកកម្ម STS-107 វាបានបាក់បែកប្រហែល ១៥ នាទីមុនពេលវាត្រូវចុះចត ដែលនាំឱ្យមានការបរាជ័យដ៏មហន្តរាយ និងការបាត់បង់នាវិកប្រាំពីរនាក់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការបរាជ័យទាំងនេះហាក់ដូចជាពង្រឹងនិងធ្វើឱ្យ NASA កាន់តែយកចិត្តទុកដាក់ និងមានបំរុងប្រយ័ត្នក្នុងការអនុវត្តបេសកកម្មក្រោយៗទៀតបានជោគជ័យដោយមិនបង្កនូវហានិភ័យ។

ចាប់តាំងពីការបង្កើត NASA មកទល់បច្ចុប្បន្ននេះ ពិភពលោកកាន់តែមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងមានទំនាក់ទំនងជាមួយលំហអវកាសយ៉ាងជិតស្និទ្ធ ដែលវាការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់អ្នកវិទ្យាសាស្ត្រក៏ដូចជាពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយអង្គការណាសានៅតែកំពុងធ្វើការរុករករបកគំហើញថ្មីៗជាច្រើនទៀតដូចជា ការរុករកលទ្ធភាពរស់រាននៃមនុស្សនៅលើឋានព្រះចន្ទ និងភពអង្គារជាដើម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង