"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ ៖ សហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

ស្ថិតក្រោមការផ្លាស់ប្តូរនៃបរិបទភូមិសាស្ត្រនយោបាយពិភពលោក ខណៈដែលតំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច​ គេសង្កេតឃើញថាទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ ជាពិសេសនោះគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និង នយោបាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្តូរទិសដៅយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបមកតំបន់អាស៊ានដែលធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងតំបន់ទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ាន លើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ សហភាពអឺរ៉ុប និងអាស៊ានបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ ដោយប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ។ ហេតុនេះហើយសប្តាហ៍នេះយើងនឹងមកសិក្សាស្វែងយល់ពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ានថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យតំបន់អាស៊ានកាន់តែមានសារៈសំខាន់ចំពោះសហភាពអ៊ឺរ៉ុបនិងតើទំនាក់ទំនងរវាងតំបន់ទាំងពីរបានកើនឡើងដល់កម្រិតណា?

ការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន

ដើម្បីសិក្សាពីការកើនឡើងនូវទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ាន យើងគួរតែមកស្វែងយល់ពីមូលហេតុចម្បងចំនួន៣ដែលធ្វើឱ្យសហភាពអ៊ឺរ៉ុបផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនមករកតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុទីមួយគឺភាពមិនច្បាស់លាស់ទាក់ទងនឹងតួនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកមកលើសហភាពអ៊ឺរ៉ុប។ នៅខណៈដែលភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិកកំពុងមានការធ្លាក់ចុះនិងការទម្លាក់ដៃចុះនៃការប្តេជ្ញាចិត្តពង្រឹងស្ថេរភាពទំនាក់ទំនងចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន វាជាភាពចាំបាច់សម្រាប់សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួនក្នុងការស្វែងរកនិងពិចារណាលើភាពជាដៃគូថ្មីជាមួយតំបន់ផ្សេងៗ។ ដូចដែលយើងដឹងហើយថារបបគ្រប់គ្រងរបស់លោកដូណាល់ ត្រាំបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទំនាក់ទំនងអាមេរិកនិងសហភាពអ៊ឺរ៉ុបដោយសារតែលោកដូណាល់ ត្រាំហាក់មិនអើពើបញ្ហាចោទសំខាន់ៗរបស់សហភាពអ៊ឺរ៉ុបដែលអាចមានដូចជាពាណិជ្ជកម្មនិងការប្រែប្រួលអាកាសធាតុជាដើម។ ផ្ទុយទៅវិញ លោក ដូណាល់ ត្រាំបានអនុវត្តការការពារជាតិនិយម(Protectionism)ព្រមទាំងការប្រកាសសង្រ្គាមពាណិជ្ជកម្មជាមួយចិនបានធ្វើឱ្យសហភាពអ៊ឺរ៉ុបនិងអាស៊ីបានរៀនមេរៀនមួយថា សហរដ្ឋអាមេរិកមិនមែនជាដៃគូដែលអាចទុកចិត្តនិងពឹងពាក់បានបានទាំងស្រុងនិងរហូតនោះទេ។ ជាក់ស្តែងទាំងប្រទេសនៅអ៊ឺរ៉ុបនិងនៅអាស៊ីអាគ្នេយ៍សុទ្ធតែព្យាយាមរើបម្រះពីរបៀបវារៈនៃការពារជាតិនិយមរបស់សហរដ្ឋអាមេរិកនេះ ដែលធ្វើឱ្យតំបន់ទាំងពីរកាន់តែមានឆន្ទៈក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ជាតិ។ បើទោះបីជាការដឹកនាំរបស់លោកចូ បៃដិនព្យា យាមផ្សះផ្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបក៏ដោយ ក៏វានៅតែមិនអាចផ្តល់ភាពប្រាកដប្រជារបស់សហរដ្ឋអាមេរិកបានទៀតឡើយ។

ទីពីរ គឺការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ក៏ដូចជាពិភពលោក។ អាស៊ីអាគ្នេយ៍ត្រូវបានគេកំណត់ថាជាតំបន់សំខាន់សម្រាប់ផែនការវិនិយោគEU’s Global Gateway Initiative ដែលត្រូវបានបង្ហាញកាលពីចុងឆ្នាំ២០២១ ហើយត្រូវបានគេមើលឃើញថាជាគម្រោងដែលមានសក្តានុពលប្រឆាំងនឹងគម្រោងវិនិយោគ Belt and Road Initiative (BRI) ដ៏ធំរបស់ប្រទេសចិនដែលបានភា្ជប់ផ្លូវពាណិជ្ជកម្មរវាងតំបន់អាស៊ីនិងអ៊ឺរ៉ុប។ ជាក់ស្តែង រដ្ឋនៅអឺរ៉ុបខាងលិចជាច្រើនមិនបានចុះហត្ថលេខាលើ BRI ក៏ប៉ុន្តែរដ្ឋមួយចំនួនទៀតគឺជាផ្នែកមួយនៃគម្រោងនេះ។ ទោះបីជាយ៉ាងណាក៏សហភាពអឺរ៉ុបគឺជាផ្នែកមួយសំខាន់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ ដូច្នេះហើយ ទោះបីស្ថិតក្នុងកម្រិតផ្សេងៗគ្នាក៏ដោយ ក៏វាបង្ហាញថាសហភាពអ៊ឺរ៉ុបគឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់ប្រទេសចិន ដែលស្វែងរកការបង្កើតផ្លូវពាណិជ្ជកម្មEurasiaឡើងវិញជាមួយផ្លូវសូត្រចាស់(old Silk Road) ដែលតភ្ជាប់ទ្វីបទាំងពីរ។ បន្ថែមពីនោះ ខណៈដែលប្រទេសជាសមាជិកអាស៊ានជាច្រើនកំពុងព្យាយាមទប់ទល់នឹងភាពមិនពឹងផ្អែកលើចិនដោយការអនុវត្តការទូតចម្រុះ(Diversification) វាបានបើកឱកាសឱ្យសហភាពអ៊ឺរ៉ុបដើម្បីទទួលបានវត្តមាននិងតួនាទីនៅក្នុងតំបន់ដែលអាចឈរជើងជាមួយចិនបាន។

ទីបី គឺការកើនឡើងនៃសក្តានុពលសេដ្ឋកិច្ចរបស់តំបន់អាស៊ាន។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ាន (ADO) បានឱ្យដឹងថា GDP សរុបរបស់ប្រទេសអាស៊ានទាំង ១០ ក្នុងឆ្នាំ ២០១៩ មានតម្លៃ ៣.២ ពាន់ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យអាស៊ានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៥ លើពិភពលោក ហើយកំពុងធ្វើដំណើរឆ្ពោះទៅរកការក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅឆ្នាំ២០៣០។ ជាមួយនឹងចំនួនប្រជាជនសរុបប្រហែល ៧០០ លាននាក់ ដែល ៦១% មានអាយុក្រោម ៣៥ ឆ្នាំជាយុវជនដែលពួកគេភាគច្រើនកំពុងទទួលយកនិងហ៊ុមព័ទ្ធដោយបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ ម្យ៉ាងវិញទៀត កត្តានយោបាយរបស់អាស៊ានដូចជាភាពជាកណ្តាលរបស់អាស៊ាន (ASEAN Centrality) និងកត្តាផលប្រយោជន៍សេដ្ឋកិច្ចរួមមានភាពសម្បូរបែបនៃធនធានធម្មជាតិ និង ប្រាក់ឈ្នួលការងារដែលមានតម្លៃថោកបានទាក់ទាញការវិនិយោគទុនពីសហភាពអ៊ឺរ៉ុបកាន់តែច្រើន។ នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនព្យាយាមជៀសវាងការដាក់ស៊ុតរបស់ពួកគេទាំងអស់នៅក្នុងកន្ត្រកតែមួយ ហើយព្យាយាមកាន់តែខ្លាំងឡើងដើម្បីទប់ទល់នឹងការពឹងផ្អែកខ្លាំងលើប្រទេសចិននោះ សហភាពអឺរ៉ុបបានធ្វើការវិនិយោគយ៉ាងច្រើនសម្បើមដើម្បីអាចពង្រឹងទំនាក់ទំនងនិងបញ្ចូលតួនាទីរបស់ខ្លួននៅក្នុងតំបន់ទៅលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។

ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប

បន្ទាប់ពីរយៈពេល ៤៤ ឆ្នាំនៃភាពជាដៃគូផ្លូវការអាស៊ាន និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០។ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបអាចចាត់ទុកថាជាការបង្រួបបង្រួមនៃការរៀបចំកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងគោលបំណងរួម ដែលមានលក្ខណៈទូលំទូលាយបើប្រៀបធៀបទៅនឹងទំនាក់ទំនងកាលពីមុន។ ទាំងនេះរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការគាំទ្រជាបន្តបន្ទាប់របស់ EU សម្រាប់សមាហរណកម្មអាស៊ាន និងកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជាការឆ្លើយតបទៅនឹង COVID-19 ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង ការអភិវឌ្ឍន៍ ការតភ្ជាប់ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខតាមអ៊ីនធឺណិត។​ យ៉ាងណាមិញ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអ៊ឺរ៉ុបអាចត្រូវបានគេមើលឃើញថា សហភាពអឺរ៉ុបកំពុងស្វែងរកតួនាទីសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលភាពជាដៃគូយុទ្ធសាស្ត្រនេះអាចជាក្របខណ្ឌសម្រាប់ការពង្រីកតួនាទី និងឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់ បើទោះបីជាសហភាពអ៊ឺរ៉ុបត្រូវបានកំណត់ថាជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុក៏ដោយ។ ក៏ប៉ុន្តែលោក Bart Gaens អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិហ្វាំងឡង់បានប្រាប់សារព័ត៌មានDW ថា “សហភាពអឺរ៉ុបត្រូវបានគេមើលឃើញថាជាដៃគូយុទ្ធសាស្រ្តដែលអាចទុកចិត្តបាន ប៉ុន្តែមិនមែនជាអ្នកដើរតួនាទីក្នុងផ្នែកសន្តិសុខនៅអាស៊ីទេ”។ បើទោះបីជាមានការយល់ឃើញបែបនេះបែបនោះក៏ដោយ ក៏យើងអាចសង្កេតបានថាសហភាពអឺរ៉ុបកាន់តែមើលឃើញពីសារៈសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ថាជាតំបន់ដែលអាចអះអាងឥទ្ធិពលលើពិភពលោក ហើយវាក៏ជាកន្លែងដែលឥទ្ធិពលរបស់សហភាពអ៊ឺរ៉ុបត្រូវបានស្វាគមន៍ផងដែរដែលធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រនេះកាន់តែមានភាពស៊ីជម្រៅ។

តួយ៉ាង កាលពីសប្តាហ៍មុនសហភាពអឺរ៉ុបនិងអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលពេញលេញជាលើកដំបូងនៅទីក្រុងព្រុចសែលគឺជាសញ្ញាមួយបង្ហាញថា ប្លុកទាំងពីរកំពុងបង្កើនភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ ចំពេលប្រទេសមហាអំណាចកំពុងប្រកួតប្រជែងជាយុទ្ធសាស្ត្រនៅតំបន់អាស៊ី។ ចំពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត និងការលំបាកដែលកើតចេញពីការខ្វះខាតការគាំទ្រពីតំបន់អាស៊ាន សហភាពអឺរ៉ុបបានយល់ថាមានចន្លោះប្រហោងក្នុងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួន ដែលវាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងផ្នែកការទូត និងការអភិវឌ្ឍន៍លើវិស័យការពារជាតិ។ ហេតុនេះហើយសហភាពអឺរ៉ុបកំពុងបង្ហាញចំណាប់អារម្មណ៍ជាថ្មីក្នុងការមានវត្តមានបន្ថែមនៅក្នុងតំបន់ដែលគោលបំណងចម្បងគឺដើម្បីធានាវត្តមានដ៏គួរឱ្យគោរពរបស់ខ្លួនក្នុងនាមជាភាគីពាក់ព័ន្ធដែលមានទំនួលខុសត្រូវក្នុងការរក្សាសណ្តាប់ធ្នាប់ឥណ្ឌូប៉ាស៊ីហ្វិក។

ងាកមកកាន់ទំនាក់ទំនងខាងសេដ្ឋកិច្ចវិញ យើងឃើញថាផលប្រយោជន៍សេដ្ឋកិច្ចគឺជាគោលដៅចម្បងមួយដែលមិនអាចប្រកែកបានដោយប្លុកទាំងពីរមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងនេះ។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់អាស៊ាន ដែលមានចំនួនប្រហែល ១០.៦% នៃពាណិជ្ជកម្មអាស៊ាន។ ទន្ទឹមនឹងនេះ អាស៊ានទាំងមូលគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់សហភាពអឺរ៉ុបនៅក្រៅទ្វីបអឺរ៉ុប ជាមួយនឹងពាណិជ្ជកម្មទ្វេរភាគីលើទំនិញ និងសេវាកម្មឈានដល់ ១៨៩.៧១ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២០ ។ ពាណិជ្ជកម្មទ្វេភាគីលើសេវាកម្មមានចំនួន ៩៣.៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៩ ហើយ ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងអាស៊ានមានចំនួន ៣១៣.៦ ពាន់លានអឺរ៉ូ។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អាស៊ាន និងសហភាពអឺរ៉ុបបានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AE CATA) ដែលវាគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសពីប្លុកមួយទៅប្លុកដំបូងគេរបស់ពិភពលោក ហើយនឹងជំរុញការតភ្ជាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងចំណោមរដ្ឋសមាជិកទាំង ៣៧ នៃអាស៊ាន និងសហភាពអឺរ៉ុប នេះបើតាមរបាយការណ៍របស់EEAS។ បន្ថែមពីនោះ ប្រទេសអាស៊ានចំនួនពីរបានយល់ព្រមរួចហើយនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុបដូចជាសិង្ហបុរីក្នុងឆ្នាំ២០១៩ និងវៀតណាមក្នុងឆ្នាំ២០២០ ហើយការចរចាកំពុងបន្តរវាងសហភាពអ៊ឺរ៉ុបនិងម៉ាឡេស៊ី ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ជារួមការ ផ្លាស់ប្តូរថ្មីៗដូចជាឥទ្ធិពលកាន់តែខ្លាំងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងភាពមិនច្បាស់លាស់ទាក់ទងនឹងតួនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែគំរាមកំហែងដល់ស្វ័យភាពគោលនយោបាយការបរទេសរបស់សមាជិកអាស៊ានមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានផ្តល់ឱកាសមួយសម្រាប់សហភាពអឺរ៉ុបក្នុងការដើរតួនាទីកាន់តែច្រើននៅក្នុងតំបន់។ ភាពដៃគូជាយុទ្ធសាស្ត្រ មិនត្រឹមតែអនុញ្ញាតិឱ្យតំបន់ទាំងពីរមើលឃើញពីសារៈសំខាន់នៃការសហការគ្នានៃរបត់ភូមិសាស្ត្រនយោបាយពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបញ្ចុះបញ្ចូលប្រទេសអាស៊ីអាគ្នេយ៍ថា សហភាពអ៊ឺរ៉ុបមិនត្រឹមតែជាអ្នកផ្តល់ហិរញ្ញប្បទានដល់គម្រោងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាដៃគូដែលមានភាពប្រាកដប្រជានិងស្ថេរភាពរបស់អាស៊ាន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា​ ចិន ស្រីពេជ្រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ