"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ផ្លូវមួយខ្សែក្រវាត់មួយនៅក្នុងតំបន់អាស៊ាន

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។ ទស្សនវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីងពីង​ គឺ ការបង្កើនការវិនិយោគជាពិសេសកំពង់ផែ ការអភិវឌ្ឍតាមមហាសមុទ្រឥណ្ឌា អាស៊ាន អាហ្វ្រិកខាងកើត និងផ្នែកខ្លះនៃអឺរ៉ុបដូចជាការកសាងហេដ្ឋារចនាសសម្ព័ន្ធដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗផងដែរ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ធ្លាប់បានចោទយុទ្ធសាស្ត្ររបស់ចិនមួយនេះថាជាអន្ទាក់ បំណុលការទូតដោយការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសក្រីក្រដើម្បីខ្លួនអាចមានលទ្ធភាពចាប់យកតំបន់យុទ្ធសាស្ត្រនិងពង្រីកយោធារបស់ខ្លួននិងការបោះជំហានសេដ្ឋកិច្ច។ សហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងគម្រោង BRI ផងដែរដែលបានលើកឡើងថាគម្រោងនេះអាចប៉ះបាល់ទៅដល់បរិស្ថាន​ សិទ្ធិមនុស្ស និងវិបត្តិបំណុល។

ទិដ្ឋភាពទូទៅរបស់ BRI នៅក្នុង ASEAN

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយបានកំពុងតែដើរតួរយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ តំបន់អាស៊ាននៅស្ទើរតែគ្រប់វិស័យទាំងអស់ ដូចជា សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ប្រាក់កម្ចីនិងកិច្ចសហប្រតិបត្តិការសំខាន់ៗផ្សេងៗទៀត។ ​​ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាស៊ានដែលមានទំហំសេដ្ឋកិច្ចប្រហែល១៦%នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន។​ ប្រទេសចិននិងអាស៊ានបានរីករាយនឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏ជិតស្និទ្ធនិងការអភិវឌ្ឍលើពាណិជ្ជកម្មនិងការវិនិយោគចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ។ គួរបន្ថែមផងដែរថា ចាប់តាំងពីការលើកកម្ពស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community)បានបង្កើតឡើងជាផ្លូវការក្នុងខែធ្នូ ឆ្នាំ២០១៥មក អាស៊ានបានក្លាយជាទីផ្សារធំទីបីនៅក្នុងពិភពលោក។

BRI ជាឱកាសសម្រាប់ ASEAN

គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនត្រូវបានចាត់ទុកថាជាឱកាសដោយគម្រោងមួយនេះបានផ្តល់នូវអត្ថប្រយោជន៏ច្រើនលើសលុបមកកាន់អាស៊ាន។ បើយើងនិយាយអំពីផ្នែកសេដ្ឋកិច្ចវិញគម្រោងមួយនេះបានបង្កើនឱ្យមានទំហំពាណិជ្ជកម្មទ្វេភាគីចិនអាស៊ានបានកើនឡើងយ៉ាងឆាប់រហ័សពី ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩១ ដល់ ៤៧២,២ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ និងជិតដល់ ៦០០ ប៊ីលានដុល្លារក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០២២ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានអស់រយៈពេល ១៣ ឆ្នាំជាប់ៗគញនា។ ទន្ទឹមនឹងនេះ អាស៊ានបានទាក់ទាញប្រមាណ ៥% ទៅ ៦% នៃការវិនិយោគសរុបរបស់ចិននៅនៅក្នុងតំបន់ផងដែរដោយការវិនិយោគទាំងនេះត្រូវបានបែងចែកនៅក្នុងវិស័យផ្សេងៗរួមមានសេវាកម្មពាណិជ្ជកម្មលក់ដុំនិងរាយ ការផលិតអគ្គិសនី ការផលិត និងការរុករករ៉ែនិងថាមពលផ្សេងៗទៀត។ ក្រៅពីនេះ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលរបស់ប្រទេសចិនបានកើនឡើងនៅតំបន់ភាគច្រើននៅក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែសេដ្ឋកិច្ចអាស៊ានជាតំបន់មួយដែលនៅតែមានទំនាក់ទំនងច្រើនបំផុតជាមួយចិនបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។​ នេះទំនងជាឆ្លុះបញ្ចាំងពីការវិនិយោគទុនខាងក្រៅពីសំណាក់ប្រទេសចិនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់ដូចជាប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីខណៈដែលចិនខ្លួនឯងបានងាកមករកប្រទេសមានសេដ្ឋកិច្ចតូចដើម្បីធ្វើឱ្យសង្វាក់ផលិតកម្មទាប និងកាត់បន្ថយពន្ធទំនិញនាំចេញនាំចូល ដូចជាកម្ពុជា និងឡាវជាដើម។ ជាក់ស្តែង ពាណិជ្ជកម្មទំនិញកម្ពុជា-ចិន មានចំនួនសរុប ១០.៥៧៩ ប៊ីលានដុល្លារ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ និងបានកើនឡើង ៦.៣១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការនាំចូលពីប្រទេសចិន។ មានចំណែក ៨៩.៥១ ភាគរយ កើនឡើង ៣.២៩ ភាគរយធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២១ នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាកររបស់កម្ពុជា(GDCE)។ ម្យ៉ាងវិញទៀត សិង្ហបុរី វៀតណាម ថៃ ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង១០ ដែលមានទំនាក់ទំនងច្រើនជាងគេបំផុតជាមួយប្រទេសចិនតាមរយៈពាណិជ្ជកម្ម​ ហើយប្រទេសចិនក៏បានបន្តធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រឡេកទៅមើលការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ រដ្ឋាភិបាលសាធារណរដ្ឋចិនបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិការកសាងផ្លូវថ្នល់អគារពាណិជ្ជកម្មនិងការវិនិយោគមួយចំនួនក្នុងវិស័យអាកាសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ។

បច្ចុប្បន្ននេះ BRI មានប្រជាប្រិយភាពខ្លាំងនៅក្នុងអាស៊ានដែលគម្រោងនេះបានផ្តល់លក្ខណៈពិសេសដោយបានផ្តល់ឱ្យប្រទេសជាសមាជិកអាស៊ានអាចចូលទៅប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុដែលដឹកនាំដោយចិនដូចជាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងមូលនិធិផ្លូវសូត្រ(Silk Road Fund)។ ចាប់តាំងពីប្រទេសចិនគឺជាម្ចាស់ជំនួយដ៏ធំបំផុតក៏ដូចជាអ្នកផ្តល់ប្រាក់កម្ចីនិងផ្តល់គម្រោងវិនិយោគទុនក្រៅស្រុកជាច្រើនសម្រាប់អាស៊ាន។

BRI ជាបញ្ហាប្រឈមរបស់អាស៊ាន

បើទោះបីជាគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនមួយនេះផ្តល់អត្ថប្រយោជន៏ច្រើនលើសលប់មកកាន់អាស៊ានវាក៏មាននូវចំណុចមួយចំនួនដែលបង្ហាញថាគម្រោងមួយនេះក៏អាចជាបញ្ហាប្រឈមរបស់អាស៊ានផងដែរ។ វិបត្ដិបំណុលនេះបានធ្វើឱ្យប្រទេសមួយចំនួនបង្កើនចំណាប់អារម្មណ៍ពីការចាញ់ប្រៀបលើផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ាន។ កំណើននៃបំណុលរបស់សមាជិកអាស៊ានមួយចំនួនក៏អាចជាកត្តាលីករមួយដែលជំរុញភាពអព្យាក្រឹត្យ និងប៉ះពាល់ទៅដល់ការសម្រេចណាដែលជាប្រយោជន៍របស់អាស៊ាន។ ជាក់ស្ដែង ប្រទេសឡាវគឺជាប្រទេសមួយដែលបានជំពាក់បំណុលចិនជាងពាក់កណ្តាលនៃបំណុលជាតិរបស់ខ្លួនដែលកាលពីឆ្នាំ២០១៨កន្លងទៅនេះក្រុមហ៊ុនរដ្ឋចិន China Southern Power Grid បានកាន់កាប់ភាគហ៊ុនគ្រប់គ្រងនៅក្នុងបណ្តាញថាមពលជាតិរបស់ប្រទេសឡាវហើយបានបង្តើតឱ្យមានភាពចម្រូងចម្រាសជាខ្លាំងនៅក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះលំហូរចូលបៃប្រជាជនចិន ទំនិញកម្លាំងពលកម្មសេវាកម្មការវិនិយោគនិងបច្ចេកវិទ្យារបស់ចិនបានធ្វើឱ្យបាត់បង់ឱកាសការងាររបស់ប្រទេសក្នុងស្រុក។ ម៉្យាងវិញទៀត គម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាលប្រទេសសមាជិកអាស៊ានមួយចំនួនអាចនឹងមិនអាចសម្រេចនៃក្ដីស្រមៃរបស់ BIC ដោយហេតុតែប្រទេសមួយចំនួនមិនអាចចាត់ចែងប្រាក់កម្ចីបានល្អ អំពើពុករលួយ និងអស្ថិរភាពនយោបាយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង