"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។

វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities – MBS) និងនិស្សន្ទវត្ថុ (Derivates) ក៏បានធ្លាក់ចុះផងដែរ។

កត្តាដែលបង្កនូវវិបត្តិនៃឱនភាពសេដ្ឋកិច្ច

បើយោងទៅតាមរបាយការណ៍ឆ្នាំ២០១១ ដោយគណៈកម្មការស៊ើបអង្កេតវិបត្តិសេដ្ឋកិច្ច និងហរិញ្ញវត្ថុ (Financial Crisis Inquiry Commission) សរបញ្ជាក់ឲ្យឃើញថាមានកត្តារួមចំណែកសំខាន់ៗមួយចំនួនរួមមានការផ្ទុះឡើងនៃពពុះទីផ្សារអចលនទ្រព្យផ្ទះនៅសហរដ្ឋអាមេរិក និងការបរាជ័យនៃគោលនយោបាយរបស់រដ្ឋាភិបាលដែលបានបង្កឲ្យសេដ្ឋកិច្ចអាមេរិកប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនាឆ្នាំ២០០៧។

មុននឹងហេតុការណ៍នៃវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧ គេសង្កេតឃើញមានហេតុការណ៍នៃការផ្ទុះឡើងនូវទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យា ឬអ៊ីនធឺណិត (Dotcom Bubble or Internet Bubble) នាឆ្នាំ២០០១ គួបផ្សំនឹងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយ៉ាងទម្ងន់។ ហេតុនេះហើយបានរដ្ឋាភិបាលបានបង្កើតនូវគោលនយោបាយ (Federal Policy) មួយក្នុងគោលបំណងចង់លើកទឹកចិត្តឲ្យប្រជាជនអាមេរិកមានថវិកាគ្រប់គ្រាន់ក្នុងការទិញ និងកាន់កាប់នូវអចលនទ្រព្យ។ គោលនយោបាយនេះទៀតសោតក៏តម្រូវឲ្យធនាគារកណ្តាលរបស់អាមេរិក (Federal Reserve) សម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់ឲ្យនៅកម្រិតទាបបំផុតក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ហើយក៏បានបន្តរក្សាអត្រាការប្រាក់ទាបរហូតដល់ពាក់កណ្តាលឆ្នាំ២០០៤។

ជាមួយគ្នានេះដែរ គោលនយោបាយនេះក៏បានរួមចំណែកដល់ការរីកដុះដាលនៅក្នុងទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុ ជាពិសេសការកើនឡើងគួរឲ្យកត់សម្គាល់នូវអត្រានៃបំណុលកម្ចីទិញផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏មានការកែសម្រួលក្នុងគោលបំណងចង់ឲ្យកម្ចីមានលក្ខខណ្ឌងាយស្រួលជាងមុន ពោលគឺប្រជាជនអាមេរិកនាពេលនោះមិនចាំបាច់បំពេញ ឬឆ្លងកាត់នូវលក្ខខណ្ឌស្មុគស្មាញក្នុងការទទួលបានកម្ចីនោះឡើយ។ ការធ្វើបែបនេះទៀតសោត រដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យប្រជាជនទទួលយកនូវប្រាក់កម្ចី ដើម្បីទិញផ្ទះស្របទៅតាមគោលនយោបាយដែលបានដាក់ ដោយរដ្ឋាភិបាល ដោយរំពឹងទុកថាអត្រាការប្រាក់នឹងបន្តនៅកម្រិតទាប ហើយតម្លៃផ្ទះនឹងមានការកើនឡើងវិញ។

ក្នុងអំឡុងពេលនៃការរីកដុះដាលលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ស្ថាប័នហិរញ្ញវត្ថុបានលក់មូលបត្រដែលគាំទ្រដោយកម្ចីទិញផ្ទះ និងនៅពេលដែលទីផ្សារអចលនទ្រព្យបានធ្លាក់ចុះក្នុងឆ្នាំ២០០៧ តម្លៃនៃមូលបត្រទាំងនេះក៏បានធ្លាក់ចុះយ៉ាងគំហុកដូចគ្នា។ ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញនូវការដួលរលំនៃ Bear Stearns ដែលជាធនាគារវិនិយោគជាសកលដ៏ធំមួយ ក្នុងខែមីនា ឆ្នាំ២០០៨ ដោយក្រោយមកទៀត នាខែកញ្ញា ឆ្នាំ២០០៨ ធនាគារវិនិយោគធំជាងគេទីបួនរបស់សហរដ្ឋអាមេរិកគឺធនាគារ Lehman Brothers ក៏បានប្រកាសក្ស័យធនផងដែរ។

ឥទ្ធិពល និងផលប៉ះពាល់នៃវិបត្តិឱនភាពសេដ្ឋកិច្ច

ជាលទ្ធផល វិបត្តិសេដ្ឋកិច្ចនេះបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសនៅប៉ែកអឺរ៉ុប។ បើយោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក វិបត្តិឱនភាពសេដ្ឋកិច្ចនេះបានធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់នូវការងារជាង ៨,៧ លានកន្លែង។ តួលេខនេះបង្ហាញថាមានការកើនឡើងទ្វេដងនៃអត្រាអ្នកគ្មានការងារធ្វើ គឺបានកើនឡើងពី ៥ ភាគរយ ក្នុងខែធ្នូ ឆ្នាំ២០០៧ ដល់ ៩,៥ ភាគរយ ក្នុងខែមិថុនា ឆ្នាំ២០០៩  ហើយក៏នៅតែបន្តកើនឡើងរហូតដល់ ១០ ភាគរយ ក្នុងខែតុលា ក្នុងឆ្នាំដដែល។

ចំណែក តម្លៃផ្ទះបានធ្លាក់ចុះជាមធ្យម ៣០ ភាគរយ នៅពាក់កណ្តាលឆ្នាំ២០០៦ ដល់ពាក់កណ្តាលឆ្នាំ២០០៩។ រីឯផលិតផលក្នុងស្រុកសរុប (Real GDP) បានធ្លាក់ចុះ ៤,៣ ភាគរយ គិតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៩​។ លើសពីនេះ សូម្បីតែជីវភាពប្រជាជន និងមុខជំនួញ ឬក្រុមហ៊ុនជាច្រើនក៏ត្រូវបានខាតបង់ផងដែរ។ យោងតាមរតនាគារសហរដ្ឋអាមេរិក ប្រជាជនអាមេរិកបានបាត់បង់នូវទ្រព្យសម្បត្តិប្រហែល ១៩ ទ្រីលានដុល្លារ ខណៈដែលទីផ្សារភាគហ៊ុនកំពុងធ្លាក់ចុះដូចគ្នា។

ជារួមមក សហរដ្ឋអាមេរិកបានឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដែលគេស្គាល់ថាជាឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ បន្ទាប់ពីការផ្ទុះឡើងនៃពពុះលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ពោលគឺមានន័យថាតម្លៃលំនៅដ្ឋានកើនឡើងខ្លាំងដោយសារតម្រូវការកើនឡើងខ្ពស់ ចំណែកការផ្គត់ផ្គង់មានកំណត់ដែលនាំឲ្យមានការគាំងស្ទះអចលនទ្រព្យ និងវិបត្តិហិរញ្ញវត្ថុពិភពលោក។ យ៉ាងណាមិញ កត្តាដែលបង្កនូវវិបត្តិឱនភាពសេដ្ឋកិច្ចនេះគឺការបរាជ័យនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងកម្ចីឥណទាន និងហិរញ្ញវត្ថុ។ ជាពិសេស គោលនយោបាយដែលលើកទឹកចិត្តឲ្យមានការទិញ ក៏ដូចជាការកាន់កាប់អចលនទ្រព្យរបស់ប្រជាជនអាមេរិក រហូតឈានដល់ការខ្ចីប្រាក់ច្រើនហួសហេតុ ដោយមិនបានយល់ច្បាស់អំពីប្រព័ន្ធហិរញ្ញវត្ថុ។ ហេតុដូច្នេះ តម្លៃនៃទីផ្សារអចលនទ្រព្យក៏មានការធ្លាក់ចុះរហូតដល់វិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ឈានមកដល់។ សេដ្ឋកិច្ចអាមេរិកក៏បានឆ្លងផុតវិបត្តិនេះនាខែមិថុនា ឆ្នាំ២០០៩ ដោយក្រោយមក សហរដ្ឋអាមេរិកបានបន្តពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនរហូតបន្តក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង