"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធី​វិចារណកថាថ្ងៃសុក្រ៖ របត់ថ្មីនៃគោលនយោបាយសន្តិសុខជាតិហ្វីលីពីន

គំនូរច្នៃប្រឌិតដោយ៖ លោក​ ផេង ធាន

មហិច្ឆតាពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររវាងមហាអំណាចចិននិងអាមេរិកនាសមុទ្រចិនខាងត្បូងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសហ្វីលីពីនដោយខ្លួនធ្លាប់មាននូវអតីតកាលបង្ហូរឈាមយ៉ាងជូរចត់ធ្លាក់ចូលក្នុងជម្លោះអនុត្តរភាពសង្រ្គាមត្រជាក់ម្តងរួចទៅហើយ។

ដោយក្តីព្រួយបារម្ភនេះ​ឥរិយាបថការពារជាតិប្រទេសហ្វីលីពីននៅតំបន់សមុទ្រខាងកើតរបស់ខ្លួនហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់​មួយរយៈពេលចុងក្រោយនេះ។ មូលហេតុខ្លះៗដែលបង្កជាកង្វល់ទៅដល់សាធារណរដ្ឋហ្វីលីពីននោះរួមមានដូចជាកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣ ក្រសួងធនធានរ៉ែនៃសាធារណរដ្ឋប្រជាមានិតចិនដាក់ចេញនូវរូបភាពផែនទីសមុទ្រចិនខាងត្បូងថ្មីមួយ ដែលអ្នកវិភាគអន្តរជាតិដាក់ឈ្មោះថា “10 Dash Line” ដោយមានរាងជាអក្សរUនោះវាបានប៉ះពាល់ទៅលើបូរណភាពទឹកដីតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសអាស៊ីអាគ្នេយ៍បួនរួមមានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន និងក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ ចិន និង ហ្វីលីពីនបានប្រឈមមុខដាក់គ្នាយ៉ាង ខ្លាំងនៅឯប្រជុំកោះ Spratly និងច្រាំងថ្ម Scarborough រហូតដល់មានការក្លែងខ្លួនពីសំណាក់ឆ្មាំសមុទ្រហ្វីលីពីនធ្វើជាអ្នកនេសាទដើម្បីដករបាំងបណ្តែតទឹកចេញដោយជោគជ័យនៅឯតំបន់ជម្លោះថ្មប៉ប្រះទឹកមួយដែលមានសភាពតានតឹងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចោទថាត្រូវបានដំឡើងដោយចិន ដើម្បីរារាំងប្រជាជន ហ្វីលីពីនពីការចូលទៅនេសាទ នៅឯប្រមាណថ្មីទី២៦ខែកញ្ញា។ នេះសបញ្ជាក់ឲ្យឃើញថា ឥរិយាបថហ្វីលីពីនហាក់មានទំនោរថ្មីមួយដែលមានលក្ខណៈមុះមុតជាងមុនក្នុងការប្រឈមមុខគ្នាផ្ទាល់ ជាមួយមហាយក្សចិន នៅទីតាំងសមុទ្រហ្វីលីពីនខាងលិច ឬភាគីចិនហៅសមុទ្រនេះថាជាសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិកក៏បានគាំទ្រនូវឥរិយាបថបែបនេះរបស់ហ្វីលីពីនផងដែរ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀត​នោះគឺហ្វីលីពីនហាក់បីដូចជាអស់ជំនឿរចិត្តម្តងបន្តិចៗលើច្បាប់អន្តរជាតិ និងការអន្តរាគមន៍របស់អាស៊ានក្នុងការការពារអធិបតេយ្យភាព និង បូរណភាពទឹកដីខ្លួន។ ជាទឡ្ហីករណ៍បើទោះជាមានការកាត់ក្តីពីសំណាក់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (Permanent Court of Arbitration) ថាសកម្មភាពចិននៅលើសមុទ្រនេះបានប៉ះពាល់ទៅដល់អធិបតេយ្យភាពដែនទឹកហ្វីលីពីន និង ជាតំបន់សេដ្ឋកិច្ចពិសេសហ្វីលីពីនយ៉ាងពិតប្រាកដហើយថែមទាំងប្រាស់ចាកពីគោលការណ៍ច្បាប់សមុទ្រអន្តរជាតិយ៉ាងណាក្តី ក្រោយពីការកាត់ក្តីនៅឆ្នាំ២០១៦នោះ យើងមិនឃើញមានការថយចុះនូវសម្ពាធពីភាគីចិននោះទេ ផ្ទុយទៅវិញយើងបែរជាឃើញការបុកគ្នាដោយផ្ទាល់បន្តិចបន្តួចរវាងនាវាល្បាតហ្វីលីពីន និងចិនទៅវិញ ដោយភាគីហ្វីលីពីនបានលើកឡើងថានាវាឆ្នាំសមុទ្រចិនបានព្យាយាមបង្អាក់ដំណើរបេសកកម្ម​ផ្គត់ផ្គង់​ឡើង​វិញរបស់ហ្វីលីពីន។ មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋ​អាមេរិកក៏​បាន​បង្ហាញ​ការ​គាំទ្រខ្លួន​ចំពោះ​ប្រទេស​ហ្វីលីពីន ដោយ​បាន​ថ្កោលទោស ការ​បង្អាក់របស់​ចិន​លើបេសកកម្ម​ផ្គត់ផ្គង់​ឡើង​វិញ​ដោយ​ស្រប​ច្បាប់​របស់​ហ្វីលីពីននេះ។ ម៉្យាងវិញទៀតមូលហេតុដែលម៉ានីលអាចអស់ជំនឿរលើអាស៊ាននិងច្បាប់អន្តរជាតិនោះ គឺដោយសារតែដំណើរការនៃកិច្ចចរចារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះហាក់មិនមានការរីកចម្រើនបន្តទៀតទេពីព្រោះជំហររបស់ភាគីអាស៊ីអាគ្នេយ៍ភាគច្រើនពឹងផ្អែកទៅលើច្បាប់សមុទ្រអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថាUNCLOSចំណែកឯភាគីចិនមិនគាំទ្រនូវការរួមបញ្ចូលអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ច្បាប់​ដែន​សមុទ្រ ក្នុងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះឡើយ។ គួរបញ្ជាក់ផងដែរថា ផ្លូវសមុទ្រនេះគីជា​ច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វីបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មានថា ១/៣​ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ​ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ បើយោងតាមការស្រាវជ្រាវរបស់ AALEP ហើយច្រកសមុទ្រនេះក៏បានផ្ទុកនូវឧស្ម័នធម្មជាតិប្រមាណជា១៤ទ្រីលានធុង(14 Trillion barrels) និងប្រមាណ១១ប៊ីលានធុងនៃប្រេង (11 Billion barrels) នេះបើយោងតាមការស្រាវជ្រាវរបស់ EIA​។ លើសពីនេះទៅទៀតបើទោះបីជាអាស៊ានបានព្យាយាមដាក់ចេញនូវគំនិតផ្តួចផ្តើមនិងទស្សន​វិស័យ​ដែនសមុទ្រ​អាស៊ាន(ASEAN Maritime Outlook)

យ៉ាងណាមិញ ឥរិយាបថម៉ានីលហាក់មានទំនោរចង់ពង្រឹងអំណាចរឹងរបស់ខ្លួនដែលវាជាកត្តាលីករដ៏សំខាន់បំផុតមួយក្នុងការការពារដែនដី និងអធិបតេយ្យភាពរបស់ខ្លួន។ ដើម្បីឱ្យវាកើតឡើងបាន គោលនយោបាយសន្តិសុខជាតិហ្វីលីពីន បានលើកឡើងថាគោលនយោបាយជោគជ័យត្រូវតែចាប់ផ្តើមដោយ “ការប្រុងប្រយ័ត្ន និង ការវាយតម្លៃវិភាគលើកត្តា និងកាលៈទេសៈ” ដែលយើងអាចនិយាយជារួមបានថាជាកត្តាដែលនូវពីក្រោយសុខដុមរមនាសន្តិសុខជាតិប្រទេសេនេះ។ ចំណែកឯឧទាហរណ៍ជាក់ស្តែងដែលហ្វីលីពីនមានមហិច្ឆតាពង្រឹងអំណាចរឹងរបស់ខ្លួនដើម្បីការពារសន្តិសុខជាតិនោះគឺការព្រមព្រៀងគ្នារវាងភាគីហ្វីលីពីន និង ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ហើយថែមទាំងមានគោលបំណងចងសម្ព័ន្ធមិត្តជាមួយគ្នាក្នុងកម្រិត “quasi-alliance”​ ដោយប្រទេសទាំងពីរនេះមានសាធារណរដ្ឋប្រជាមានិតចិនជាសត្រូវរួម នេះបើយើងតាមសារព័ត៌មាន Nikkei Asia និង Asahi Shimbun។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរកំពុងចរចារគ្នាលើកិច្ចព្រមព្រៀងការពារជាតិមួយឈ្មោះថា Reciprocal Access Agreement​ (RAA) ដោយកិច្ចព្រមព្រៀងនេះមានគោលបំណងសម្រួលការធ្វើសមប្រយុទ្ធជាមួយគ្នា ហើយប្រសិនបើការចរចារនេះជោគជ័យ នោះហ្វីលីពីននឹងក្លាយជាប្រទេសទី៣ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និងជាប្រទេសទីមួយមកពីតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានប្រទេសពីរទៀតរួមមាន អូស្រ្តាលី និង ចក្រភពអង់គ្លេស ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តអាមេរិក (AUKUS) ហើយមានចក្ខុវិស័យចង់បាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលបើកជំហរ និង មានសេរីភាពនាវាចរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃ៣ ខែវិច្ឆិកា កន្លងទៅនេះនាយករដ្ឋមន្រ្តីហ្វីលីពីនក៏បានព្រមព្រៀងផ្តល់ប្រព័ន្ធរ៉ាដាឃ្លាំមើលឆ្នេរសមុទ្រ (Coastal Suveillance System) និងឧបករណ៍ផ្សេងទៀតទៅកាន់ប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌជំនួយសន្តិសុខផ្លូវការ Official Security Assistance(OSA) ដែលទើបបានបង្កើតឡើងថ្មីៗនេះ។ និងជាចុងក្រោយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺសារព័ត៌មានមួយចំនួនដូចជា Nikkei Asia ជាដើម បានរំពឹងថាលោក Ferdinand Marcos Jr. ដែលជាប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការទ័ពឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក នៅឯកំពង់ផែ Pearl Harbor រដ្ឋហាវ៉ៃ ដើម្បីជួបលោក Adm. John Aquilino ដែលជាមេបញ្ជាកានៅទីនោះដើម្បីផ្តល់នូវសន្ទុរកឋាមួយស្តីពី គោលនយោបាយការពារជាតិ ដោយវាជារឿងដ៏ចម្លែកមួយក្នុងប្រូតូកូលការទូតនៅពេលដែលមានប្រមុខរដ្ឋាភិបាលមួយទៅជួបទស្សនកិច្ចតំបន់យោធាបរទេស ដោយមានត្រឹមមេបញ្ជាការភូមិភាគចាំទទួលស្វាគមន៍។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក មឿង ឈៀរី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ