"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង

កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ដោយសារអំពើភេវរកម្មនេះ ឥណ្ឌាបានចោទទៅលើក្រុមប្រដាប់អាវុធដែលមានទីតាំងនៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងបានបើកប្រតិបត្តិការវាយប្រហារទៅកាន់ទីនោះតែម្តង។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានបាញ់តបតទៅកាន់ឥណ្ឌាវិញ ដែលធ្វើឱ្យពិភពលោកមានក៏ព្រួយបារម្ភជាខ្លាំង។ តើអ្វីទៅដែលជាកង្វល់ខ្លាំងជាងគេបំផុតរបស់ពិភពលោក នៅពេលឥណ្ឌានិងប៉ាគីស្ថានប៉ះទង្គិចគ្នា?

១. ដើមចមនៃជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀ

ត្រឡប់ទៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានប្រគល់ឯករាជ្យទៅដល់ទឹកដីអាណានិគមនៅអាស៊ីខាងត្បូងប៉ុន្តែដោយនៅពេលនោះតំបន់នោះត្រូវបានបែងចែកជាពីរទៅជាប្រទេសឥណ្ឌាដែលសំបូរទៅដោយអ្នកកាន់សាសនាហិណ្ឌូ និងប្រទេសប៉ាគីស្ថានដែលសំបូរទៅដោយអ្នកកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែការបែងចែកនោះកើតចេញពីអន្តរកម្មដ៏ស្មុគស្មាញនៃកត្តានយោបាយ សាសនា និងរដ្ឋបាលនៅតំបន់ទាំងនោះ។ ក្នុងអំឡុងពេលបែងចែកនោះផងដែរ តំបន់កាស្មៀត្រូវបានអង់គ្លេសផ្ដល់សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការចូលទៅរួមជាមួយប្រទេសឥណ្ឌា ឬប្រទេសប៉ាគីស្ថាន។ គួរឱ្យកត់សម្គាល់ផងដែរថា តំបន់កាស្មៀគឺជាតំបន់ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ ប៉ុន្តែអ្នកគ្រប់គ្រងនៅទីនោះគឺជាមហារាជ ហារី ស៊ីង (Hari Singh) ដែលជាអ្នកកាន់សាសនាហិណ្ឌូ។ ដំបូងឡើយ មហារាជ ហារី ស៊ីង ចង់ប្រែក្លាយតំបន់ដែលខ្លួនគ្រប់គ្រងទៅជារដ្ឋឯករាជ្យមួយដែលមិនចង់ទៅខាងណាទាំងអស់។ ប៉ុន្តែដោយសារប្រជាជននៅក្នុងតំបន់កាស្មៀនោះភាគច្រើនសុទ្ធសឹងជាអ្នកកាន់សាសនាអ៊ីស្លាម ​និងមានក្រុមប្រដាប់អាវុធ (Pakistani tribal army) ដែលចង់ទៅចូលរួមទៅខាងប៉ាគីស្ថាន និងបានវាយប្រហារនៅតំបន់កាស្មៀផងនោះ ទើបធ្វើឱ្យមហារាជ ហារី ស៊ីង សម្រេចចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាចូលរួមជាមួយឥណ្ឌានៅឆ្នាំ១៩៤៧តែម្តង។ បន្ទាប់ពីចុះចូលជាមួយឥណ្ឌារួចមក ឥណ្ឌាបានបញ្ចូនកងទ័ពរបស់ខ្លួនចូលក្នុងតំបន់កាស្មៀដើម្បីការពារតំបន់នេះពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធដែលគាំទ្រពីប្រទេសប៉ាគីស្ថាន ហើយនេះគឺជាការចាប់ផ្តើមសង្រ្គាមឥណ្ឌា-ប៉ាគីស្ថានលើកទី១​ និងជាបញ្ហាដ៏ស្មុគស្មាញដែលបានចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះ។ ទោះបីជាបញ្ហាតំបន់កាស្មៀនេះ ធ្លាប់បានត្រូវឥណ្ឌាលើកឡើងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ និងមានការផ្ទុះអាវុធជារឿយៗផងដែរ។

២. ក្ដីបារម្ភរបស់ពិភពលោកទៅលើបញ្ហាអាវុធនុយក្លេអ៊ែរ

ការប៉ះទង្គិចគ្នារវាងឥណ្ឌា និងប៉ាគីស្ថាននៅលើតំបន់កាស្មៀតែងតែកើតឡើងតាំងពីឆ្នាំ១៩៤៧ រហូតមកដល់ពេលបច្ចុប្បន្នដែលមិនទាន់អាចរកផ្លូវបញ្ចប់បានទេ។ ការប៉ះទង្គិចរវាងប្រទេសពីរនេះ ត្រូវបានគេចាត់ទុកជាបញ្ហាដ៏ធំមួយនៅក្នុងពិភពលោក ពីព្រោះភាពតានតឹងនេះ អាចឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយសារប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន សុទ្ធសឹងតែជាប្រទេសដែលមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែនៅក្នុងដៃ។ តាមការប៉ាន់ស្មាន ប្រទេសឥណ្ឌាមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រហែលជាង១៧២ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ចំណែកឯប៉ាគីស្ថានវិញ ត្រូវបានគេប៉ាន់ស្មានមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រហែល ១៧០ ដែលគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាបានបើកការវាយប្រហារដោយកាំជ្រួចសំដៅទៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន ដោយសារតំបន់នោះជាត្រូវបានឥណ្ឌាចាត់ទុកថាគឺជាជំរុំរបស់ពួកសកម្មប្រយុទ្ធដែលបានបង្កនូវអំពើភេវរកម្មនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ដោយមើលឃើញថាឥណ្ឌាបានវាយចូលក្នុងទឹកដីរបស់ខ្លួន ប៉ាគីសា្ថនក៏ធ្វើការវាយបកដោយផ្តោតលើមូលដ្ឋានទ័ពរបស់ឥណ្ឌាផ្ទាល់តែម្តង។ ការវាយប្រហារនេះបានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ពីព្រោះតែខ្លាចប្រទេសទាំងពីរឈានទៅដល់ប្រើប្រាស់អាវុធនុយក្លេអ៊ែដែលខ្លួនមានប្រសិនជាស្ថានភាពជម្លោះមិនមានការធូរស្រាល។ ប៉ុន្តែអ្វីៗត្រូវបានធូរស្បើយមកវិញ ដោយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បទឈប់បាញ់រវាងប្រទេសទាំងពីរបានកើតមានឡើង បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោះស្រាយទាំងខាងការទូតដែលមានការចូលរួមដោយសហរដ្ឋអាមេរិក និងការទំនាក់ទំនងជាមួយគ្នារវាងប្រទេសទាំងគ្នា។ តែទោះបីជាមានបទឈប់បាញ់យ៉ាងណាក្ដី ប្រទេសទាំងពីរនៅតែចោទប្រកាន់គ្នាក្នុងការគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរមិនបានល្អផងដែរ។ ឥណ្ឌាបានទាមទារឱ្យអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានត្រូវដាក់ឱ្យត្រួតពិនិត្យត្រឹមត្រូវពីសមាគមន៍អន្តរជាតិ ចំណែកឯប៉ាគីស្ថានវិញ ក៏បានចោទលើឥណ្ឌាវិញថាមានការធ្វេសប្រហែសនាពេលកន្លងមក ដោយធ្វើឱ្យមានការជួញដូរគ្រឿងផ្សំនុយក្លេអ៊ែរដ៏គ្រោះថ្នាក់។ ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ ធ្វើឱ្យពិភពលោកក៏តែមានការព្រួយបារម្ភមួយកម្រិតទៀតលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរព្រោះថា ទំនាស់រវាងប្រទេសទាំងពីរនៅមិនអាចទាន់បញ្ចប់ដោយងាយៗនោះទេ ព្រោះបញ្ហាចាក់ស្រេះដែលមានតាំងពីសម័យក្រោយអាណានិគមលើតំបន់កាស្មៀនេះ គឺមិនងាយដោះស្រាយ ទោះបីជាពួកគេបានចែកតំបន់នេះជាពីរក៏ដោយ។

៣. សន្និដ្ឋាន

សរុបមក អាវុធនុយក្លេអ៊ែរ គឺជាកង្វល់ដ៏ធំបំផុតសម្រាប់ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថាន ពីព្រោះប្រទេសទាំងពីរសុទ្ធសឹងតែជាប្រទេសដែលមានការផលិត និងអភិវឌ្ឍអាវុធនុយក្លេអ៊ែររៀងខ្លួន ដែលក្នុងមួយប្រទេសមានប្រហែលជាង១៧០ ដែលនេះគឺជាគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ពិភពលោកប្រសិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ពិភពលោកនឹងកាន់តែមានការព្រួយបារម្ភ ប្រសិនទំនាស់រវាងឥណ្ឌា និងប៉ាគីស្ថាន មានជាបន្តបន្ទាប់ទៀត ហើយប្រសិនសង្គ្រាមកាន់តែធំ ការផ្ទុះសង្រ្គាមនុយក្លេអ៊ែរអាចនឹងកើតឡើងផងដែរ ។ ហេតុនេះហើយបានជាប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិច ចិន ប្រទេសមជ្ឈឹមបូព៌ា និងក្រុមប្រទេសG7 ព្យាយាមឱ្យប្រទេសទាំងពីរត្រូវតែអត់ធ្មត់ ឈប់វាយប្រហារ  និងត្រឡប់ស្វែងរកការចរចាបញ្ហាសម្រាប់សន្តិភាពក្នុងតំបន់វិញ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ