មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា?
១. មូលហេតុដែលអ៊ីស្រាអ៊ែលប្រកាសវាយប្រហារលើអ៊ីរ៉ង់
វិបត្តិរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តើមចេញពីការប្រកាសប្រតិបត្តិការ Rising Lion របស់អ៊ីស្រាអ៊ែលធ្វើការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ ជាពិសេស រោងចក្រនុយក្លេអ៊ែរ ទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ និងក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ជាដើម។ មូលហេតុដែលប្រទេសអ៊ីស្រាអ៊ែលបើកការវាយប្រហារទៅលើប្រទេសនៅឈូងសមុទ្រពែក្សនេះ គឺដោយសារតែមិនចង់ឱ្យប្រទេសអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនដែលអាចឈានដល់ការផលិតអាវុធនុយក្លេអ៊ែរ ហើយអាចនាំឱ្យអ៊ីរ៉ង់កាន់តែបង្កការគំរាមកំហែងខ្ពស់ក្នុងតំបន់ និងពិភពលោក និងជាពិសេស ទៅលើប្រទេសអ៊ីស្រាអ៊ែលផ្ទាល់តែម្តង។ ប្រតិបត្តិការរបស់អ៊ីស្រាអ៊ែលបានកម្ទេចប្រព័ន្ធរ៉ាដា និងជើងទម្រមីស៊ីលជាច្រើន ហើយរួមទាំងបានឆក់យកជីវិតមេទ័ពអ៊ីរ៉ង់ និងអ្នកជំនាញនុយក្លេន៊ែមួយចំនួន។ ការវាយប្រហារនេះបានធ្វើឱ្យអ៊ីរ៉ង់មានការខឹងសម្បារជាខ្លាំង ហើយក៏បានបើកការវាយបកភ្លាមៗនៅថ្ងៃបន្ទាប់ចូលទៅក្នុងទីក្រុង Tel Aviv ដើម្បីជាការសងសឹកផងដែរ។ ប៉ុន្តែរឿងមួយដែលគួរឱ្យចាប់អារម្មណ៍លើវិបត្តិនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បេនចាមីន នេតាន់យ៉ាហ៊ួ បានបង្ហាញតាមរយៈកិច្ចសម្ភាសន៍សារព័ត៌មានមួយដោយឥតលាក់បាំងថាអ៊ីស្រាអ៊ែលមានមហិច្ឆតាសម្លាប់ប្រមុខសាសនាអ៊ីរ៉ង់ផងដែរ ព្រោះប្រមុខសាសនាលោក អាលី ខាមេណី គឺជាមនុស្សដែលអ៊ីស្រាអ៊ែលគិតថាមានការគំរាមកំហែងខ្លាំងបំផុតដល់ខ្លួន។ ជាប្រតិកម្មទូទៅ, មនុស្សគ្រប់គ្នាបានគិតថា ការប្រកាសបែបនេះរបស់លោកនាយករដ្ឋមន្រ្តីរូបនេះនឹងអាចបង្កជាសង្រ្គាមក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក្ដី លោក បេនចាមីន នេតាន់យ៉ាហ៊ួ បាននិយាយថាផែនការរបស់លោកនេះអាចនឹងជួយបញ្ចប់សង្រ្គាម និងជាឱកាសដើម្បីឈានទៅការរកផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដើម្បីបញ្ឈប់ការគំរាមកំហែងមកលើប្រទេសខ្លួន។ ទោះបីជាយ៉ាងក្ដី, សង្គ្រាម ឬវិបត្តិរវាងប្រទេសទាំងពីរនៅតែបន្តដោយក្តៅគគុកគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។
២. តើពិភពលោកត្រូវនៅរិះរកវិធីដោះស្រាយបែបណាដើម្បីសម្រួលដល់វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់?
ក្រោយវិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានផ្ទុះឡើង, ពិភពលោកមានការភ្ញាក់ផ្អើល ព្រោះវិបត្តិនេះគេអាចនឹងក្លាយជាវិបត្តិដ៏ធំមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ។ មហាអំណាចពិភពលោក ទាំងចិន និងសហរដ្ឋអាមេរិច បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្លួនដែលរស់នៅទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល ជម្លៀសខ្លួនចេញជាបន្ទាន់ព្រោះស្ថានការណ៍ក្នុងវិបត្តិនេះមិនអាចគ្រប់គ្រងបានទេ ដោយសារមានការបាញ់ដាក់គ្នាទៅវិញទៅមកដោយមីស៊ីលរវាងប្រទេសទាំងពីរ។ បើយើងនិយាយពីយន្តការដោះស្រាយរបស់ពិភពលោកវិញ, បន្ទាប់ពីវិបត្តិនេះបានកើតឡើង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសទាំង២ ត្រូវតែអត់ធ្មត់ទៅវិញទៅមកដើម្បីកុំឱ្យមានសង្រ្គាមកាន់តែរីកធំឡើងៗ។ ចំណែកឯក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មទាំង៧ (G7) ដែលធ្លាប់តែជាការប្រជុំផ្តោតសំខាន់លើសេដ្ឋកិច្ច ក៏បានយកវិបត្តិសង្គ្រាមនេះជារបៀបវារៈមួយនៅក្នុងការប្រជុំនិងពិភាក្សាផងដែរ។ ក្នុងនោះ ក្រុមប្រទេសនេះបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយអំពាវនាវឱ្យមានដំណោះស្រាយ ធ្វើការបន្ធូរបន្ថយស្ថានការណ៍ និងព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ ប៉ុន្តែក៏មានការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ”ប្រទេសអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ”។ មិនខុសពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិទេ លោកប្រធានាធិបតីបារាំងបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់រវាងភាគីជម្លោះទាំងពីរផងដែរ។ ចំណែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអ៊ែលវិញ តែងតែបដិសេធថាខ្លួនមិនបានពាក់ព័ន្ធលើការវាយប្រហារទៅលើអ៊ីរ៉ង់នេះទេ ប៉ុន្តែបានប្រាប់អ៊ីរ៉ង់ឱ្យចរចាជាមួយនឹងអ៊ីស្រាអ៊ែល បើមិនចង់ឱ្យមានសង្គ្រាមកាន់តែផ្ទុះថែមទៀត។
សរុបមក វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យតំបន់មជ្ឈឹមបូព៌ាក្លាយជាកង្វល់របស់ពិភពលោកបន្ថែមទៀត ខណៈដែលជម្លោះនៅតំបន់ហ្គាហ្សាមិនទាន់ទាំងបានបព្ចាប់ផងនោះ។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែលនេះហាក់ដូចជាការបំពានអធិបតេយ្យភាពរបស់អ៊ីរ៉ង់យ៉ាងខ្លាំង ប៉ុន្តែពួកគេបានអះអាងថាធ្វើឡើងដើម្បីការពារខ្លួន និងមិនចង់ឱ្យអ៊ីរ៉ង់មានលទ្ធភាពក្នុងការផលិតអាវុធនុយក្លេអ៊ែបាន ព្រោះថាប្រសិនបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែបាន នោះពិភពលោកនឹងមានហានិភ័យលើការគ្រប់គ្រងអាវុធនេះ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខរបស់ខ្លួន ដោយសារមេដឹកនាំសាសនាអ៊ីរ៉ង់តែងតែប្រកាសក្តែងៗថាចង់បំផ្លាញអ៊ីស្រាអ៊ែល និងអាមេរិកជាដើម។