"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិបត្ដិគីមឈី Kimchi Crisis

ចាប់ផ្ដើមពីបន្លែផ្អាប់ទុកដើម្បីដោះទាល់អំឡុងពេលកង្វះស្បៀងរបស់ដូនតាកូរ៉េ គីមឈីបានប្រែមុខមាត់ទៅជាម្ហូបប្រពៃណីរបស់ជនជាតិកូរ៉េ និងត្រូវបានវាយឡុកនៅលើទីផ្សារសឹងតែពាសពេញសកលលោករហូតដល់អង្គការយូនីស្កូ (UNESCO) ចាត់ទុកជាបេតិកភណ្ឌវប្បធម៌កាលពីឆ្នាំ២០១៣។ ពិភពលោកមិនត្រឹមតែស្គាល់គីមឈីថាជាម្ហូបដែលពេញនិយមនោះទេ គីមឈីក៏ (១) ធ្លាប់បាននិងកំពុងជួបប្រទះវិបត្ដិដែលគេឱ្យឈ្មោះថា វិបត្ដិគីមឈី ឬ KimChi Crisis (២) ជាគោលនយោបាយការបរទេស (៣) មានប្រវត្ដិធ្លាក់ក្នុងវិវាទរវាងប្រទេសនិងប្រទេស និង (៤) ឱនភាពគីមឈី ឬ Kimchi Dificit។

ការផលិតគីមឈីបានក្លាយជាប្រពៃណីមួយរបស់ជនជាតិកូរ៉េ ហើយរដូវកាលផលិតគីមឈីត្រូវបានគេដាក់ឈ្មោះថា គីមចាង Kimjang ឬ Gimjang។ ជាទូទៅ រដូវកាលគីមចាងចាប់ផ្ដើមនៅពាក់កណ្ដាលខែវិច្ឆិកា ទៅដល់ខែធ្នូ ហើយវិបត្ដិគីមឈីកើតឡើងភាគច្រើននៅអំឡុងពេលរដូវកាលនេះ ដោយសារតែបញ្ហាកង្វះស្ពៃដែជាគ្រឿងផ្សំគោលសំខាន់។ ការដែលខ្វះគ្រឿងផ្សំគោលគឺមិនត្រឹមតែធ្វើឱ្យបរិមាណថយចុះនោះទេ ប៉ុន្តែតម្លៃផលិតផលក៏ស្ទុះកើនដែរ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២០នេះ កូរ៉េខាងត្បូងនឹងជួបប្រទះវិបត្ដិគីមឈីម្ដងទៀត ដោយសារតែកង្វះស្ពៃដែលបណ្ដាលមកពីបញ្ហាអាកាសធាតុ។ យោងតាម Bloomberg កាលពីខែកញ្ញា តម្លៃស្ពៃនៅកូរ៉េខាងត្បូងបានកើនឡើង ៦០% ដោយសារដំណាំទាំងនោះត្រូវបានបំផ្លាញដោយទឹកជំនន់ដែលបង្កដោយព្យុះទីហ្វុង Typhoons ចំនួន ៣។ បញ្ហាកង្វះស្ពៃនេះបានធ្វើឱ្យតម្លៃគីមឈីដែលកំពុងដាក់លក់នៅលើទីផ្សារកើនថ្លៃយ៉ាងគំហុក ហើយចំពេលវិបត្ដិកូវីដ១៩ដែលប្រជាពលរដ្ឋកូរ៉េត្រូវស្ថិតនៅក្នុងផ្ទះច្រើនជាងមុន និងកាត់បន្ថយទទួលទានអាហារតាមភោជនីយដ្ឋាន ដែលជាហេតុធ្វើឱ្យតម្រូវការគីមឈីក៏កើនជាងមុនដែរ។

គោលនយោបាយការបរទេសគីមឈីគឺជាយុទ្ធសាស្ត្រមួយមានឈ្មោះថា GASTRODIPLOMACY ដែលជាផ្នែកមួយសម្រាប់ពង្រីកអំណាចទន់ soft power របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ គោលនយោបាយមួយនេះមិនខុសពីពាក្យស្លោកខ្មែរដែលបានពោលថា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន” នោះទេ។ កូរ៉េខាងត្បូងបានប៉ាក់គីមឈីជាប់នឹងបេះដូង ហើយប្រើប្រាស់គោលនយោបាយគីមឈីដើម្បីបង្កើតឥទ្ធិពលលើផ្នត់គំនិតនិងទស្សនៈរបស់ប្រជាពលរដ្ឋដទៃឱ្យយល់ឃើញពីជីវភាពដ៏ល្អរបស់ពលរដ្ឋកូរ៉េខាងត្បូង និងលើកមុខមាត់កូរ៉េត្បូងបន្ថែមនៅលើឆាកអន្តរជាតិ។ ហេតុនេះហើយទើបរដ្ឋាភិបាលកូរ៉េជំរុញគោលនយោបាយនេះដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកូរ៉េបើកភោជនីយដ្ឋានសឹងតែទូទាំងពិភពលោក និងបង្កើតយុទ្ធសាស្ត្រម៉ាឃីតធីង (Marketing) ជាច្រើនរូបភាពដើម្បីឱ្យពិភពលោកចង់សាក ចង់ពិសារ និងចុងក្រោយក្លាយជាម្ហូបសំណព្វចិត្ដរបស់មនុស្សរាល់គ្នា។

មិនត្រឹមតែប៉ុណ្ណោះទេ គីមឈីក៏ធ្លាប់ធ្លាក់ចូលវិបត្ដិការទូតនិងពាណិជ្ជកម្មផងដែរ។ កាលពី ២០ ឆ្នាំមុន កូរ៉េខាងត្បូងបានចោទប្រកាន់ជប៉ុនថាបានព្យាយាមបំផ្លាញគុណតម្លៃនៃភាពដើមរបស់គីមឈី ដោយសារតែ ជប៉ុនធ្វើ Markerting លើម្ហូបមួយដែលអ្នកផលិតដោយជប៉ុនបាន ហើយវាស្រដៀងគ្នា និងមានឈ្មោះថាគីមឈីផងដែរ។ ក្នុងករណីនេះ កូរ៉េខាងត្បូងបានស្នើសុំ អង្គការសុខភាពពិភពលោក (WHO) និងអង្គការចំណីអាហារនិងកសិកម្មពិភពលោក(Food and Agriculture Organization’s Codex Alimentarius commission) ដើម្បីកំណត់ស្តង់ដារអន្តរជាតិមួយលើផលិតផលដែលបានដាក់ឈ្មោះគីមឈី។ ជាលទ្ធផល អ្វីដែលកូរ៉េខាងត្បូងបានទាញយកផលប្រយោជន៍នៃវិវាទនេះគឺពិភពលោកបានសម្រេចបង្កើតស្តង់ដារអន្តរជាតិមួយលើការផលិតគីមឈីកាលពីឆ្នាំ២០០១។ ក្រៅពីនេះ គីមឈីក៏បានក្លាយជាវិវាទរវាងកូរ៉េខាងត្បូងនិងចិនផងដែរ។ វិវាទនោះគឺជាការចោទគ្នាទៅវិញទៅមកនូវបច្ចេកទេសផលិតដែលបណ្ដាលឱ្យមានពងបរាសិត (parasite eggs)។ វិវាទគីមឈីរវាងកូរ៉េខាងត្បូងនិងចិននៅកាលនោះ គឺសឹងតែឈានទៅដល់សង្គ្រាមពាណិជ្ជកម្មទៅហើយ។ ក៏ប៉ុន្តែជាលទ្ធផល បន្ទាប់ពីកូរ៉េបានចោទប្រកាន់ថាការផលិតគីមឈីរបស់ចិនមានបញ្ហា យោងតាមសារពត៌មាន VOA ស្រាប់តែអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងបានរកឃើញថា ផលិតផលគីមឈី១២ម៉ាក មានផ្ទុកពងដង្កូវ (roundworm eggs)។ ការរកឃើញរបស់អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងនេះ បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងត្បូងធូរស្បើយឡើងវិញដោយការដោះស្រាយតាមផ្លូវការទូត។

បច្ចុប្បន្ន កង្វល់របស់កូរ៉េខាងត្បូងមួយទៀតគឺប្រជាពលរដ្ឋកូរ៉េខាងត្បូងហាក់មិនពេញនិយមទទួលទានគីមឈីក្នុងស្រុក ខណៈដែលមានប្រទេសជាច្រើនក៏បានផលិតគីមឈីក្រោមតម្លៃថោក ដែលជាហេតុបង្កឱ្យមានឱនភាពគីមឈី (Kimchi Dificit)។ ឱនភាពគីមឈីគឺមានន័យថា ប្រទេសកូរ៉េលក់គីមឈីតិចទៅប្រទេសក្រៅ ប៉ុន្តែនាំចូលច្រើនពីប្រទេសក្រៅទៅវិញ។ ឱនភាពគីមឈីនេះកើតឡើងដោយសារតែសន្ទុះផលិតកម្មគីមឈីនៅក្រៅប្រទេស ហើយជាពិសេសប្រទេសចិនដែលអាចផលិតគីមឈីថោកជាងប្រទេសកូរ៉េខាងត្បូង និងត្រូវបានពលរដ្ឋកូរ៉េនិយមទិញនិងទទួលទានក្រោមមូលហេតុនៃតម្លៃ និងការមិនចង់ចំណាយពេលផលិតខ្លួនឯង។ យោងតាមការចេញផ្សាយរបស់ Daily Times ឱនភាពគីមឈីបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ហើយកាលពីឆ្នាំ២០១៧ កូរ៉េខាងត្បូងបាននាំចូលគីមឈីចំនួនលើសពី ២៧០,០០០ តោន ហើយភាគច្រើននាំចូលពីប្រទេសចិន ប៉ុន្តែនាំចេញវិញល្បាក់ ២៤,០០០ តោន ដែលឱនភាពនេះស្មើនឹង ៤៧,៣ លានដុល្លារអាមេរិក។ ហេតុផលមួយទៀតដែលធ្វើឱ្យមានឱនភាពគីមឈីគឺតម្លៃដឹកជញ្ជូន។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម-នេសាទ និងពាណិជ្ជកម្ម ចំណីអារហាររបស់កូរ៉េខាងត្បូង (Korea Agro-Fisheries & Food Trade Corp) គីមឈីមួយគីឡូត្រូវចំណាយអស់តែ ០,៥ ដុល្លារអាមេរិកទេ ប៉ុន្តែប្រសិនបើនាំចេញទៅជប៉ុនវិញគឺត្រូវចំណាយ ៣,៣៦ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ ឱនភាពគីមឈីនេះមិនត្រឹមតែផ្ដល់វិបាកលើសេដ្ឋកិច្ចទេ ប៉ុន្តែឱនភាពនេះក៏បញ្ជាក់ពីហានិភ័យនៃវប្បធម៌ផលិតគីមឈីក្នុងរដូវកាលគីមចាងផងដែរ ពីព្រោះពលរដ្ឋកូរ៉េមិននិយមធ្វើគីមឈីដូចមុនទៀតឡើយ ហើយបែរជានិយមទិញគីមឈីនាំចូលពីប្រទេសក្រៅ។ គួររំលឹកដែលថា កាលពីឆ្នាំ ២០១៣ រដូវកាលគីមចាងត្រូវបានយូនីស្កូចាត់ទុកថាជាទំនៀមទំលាប់ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់កូរ៉េខាងត្បូង និងជាឱកាសក្នុងការពង្រឹងការសហការគ្នានៅក្នុងក្រុមគ្រួសារនីមួយៗ។ ជាមួយគ្នានេះដែរ គីមចាងក៏បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនកូរ៉េខាងត្បូងថាមនុស្សត្រូវតែរស់នៅក្នុងសង្គមដែលជាសុខដមរមនាជាមួយធម្មជាតិ។

អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង