"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី

ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។

ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក Yoshiro Mori បានលើកឡើងថាស្ត្រីជប៉ុនជាបន្ទុកដែលបង្អូសអង្គប្រជុំគណៈកម្មាធិការអូឡាំពិកជប៉ុន (Japanese Olympic Committee) ឱ្យយូរដោយសារស្ត្រីជប៉ុននិយាយច្រើនពេក។ ទន្ទឹមនឹងនេះ គណបក្ស The Liberal Democratic Party បានស្នើឱ្យស្ត្រីអាចចូលរួមប្រជុំបាន ប៉ុន្តែមិនអាចបញ្ចេញមតិក្នុងអង្គប្រជុំឡើយ ហើយស្ត្រីអាចដាក់ស្នើបញ្ចេញមតិបន្ទាប់ពីអង្គប្រជុំបញ្ចប់។ ការបញ្ចេញទស្សនៈរបស់បុគ្គលសាធារណៈយ៉ាងនេះ មិនត្រឹមតែបញ្ជាក់ឱ្យពិភពលោកឃើញពីភាពតូចចង្អៀតនៃឱកាសចូលរួមសកម្មភាពរបស់ស្ត្រីជប៉ុននៅក្នុងសង្គមទេ ទស្សនៈទាំងនេះក៏អាចជាន់ពន្លិចគំនិតលើកកម្ពស់ស្ត្រីនៅក្នុងសង្គមជប៉ុនផងដែរ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ Global Data on  National Parliaments បានបង្ហាញថា នៅក្នុងសភារបស់ជប៉ុន (House of Representative Shugiin) សមាជិកដែលជាស្ត្រីគឺមានត្រឹមតែ ៤៦ នាក់នៃចំនួនសរុបចំនួន ៤៦៤ នាក់តែប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ World Economic Forum បានបង្ហាញថា សមភាពយេនឌ័រនៅប្រទេសជប៉ុនគឺស្ថិតនៅលំដាប់លេខ១២១ ក្នុងចំណោម ១៥៣ ប្រទេស។ របាយការណ៍នេះបញ្ជាក់ថា ការចូលរួមផ្នែកសេដ្ឋកិច្ចនិងឱកាស (Economic Participation and Opportunity) និងការផ្ដល់អំណាចនយោបាយ (Political Empowerment) ជាដើមរបស់ស្ត្រីជប៉ុននៅមានកម្រិតនៅឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងប្រទេសដ៏ជឿនលឿនមួយនេះ គឺនៅតែប្រកាន់យកគំនិតដែលថាស្ត្រីត្រូវលះបង់ការងារដើម្បីមកមើលថែគ្រួសារ។ ត្បិតតែជប៉ុនបានអនុម័តច្បាប់ស្ដីពីសមភាពឱកាសការងារ (The Equal Employment Opportunity Act) អស់រយៈពេលលើសពី ៣០ ឆ្នាំក្ដី ប៉ុន្តែបច្ចុប្បន្នក៏នៅមានស្ត្រីជប៉ុនជាច្រើនត្រូវបានជួបនឹងច្រវ៉ាក់មើលថែគ្រួសារបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ជាពិសេសក្រោយពេលមាតុភាព។ ផ្នត់គំនិតថាមើលថែទាំការងារផ្ទះគឺជាកាតព្វកិច្ចរបស់ស្ត្រី ហើយបើយោងតាមរបាយការណ៍របស់ IMF Paper បានរកឃើញថាស្ត្រីភាគច្រើនយល់ថាមានអារម្មណ៍មិនគប្បីនៅពេលដែលមិនបានបំពេញកាតព្វកិច្ចការងារផ្ទះ។ កាលពីឆ្នាំ២០២០ របាយការណ៍ស្ទង់មតិដែលធ្វើដោយគណៈរដ្ឋមន្ត្រីជប៉ុន Cabinet Office បានរកឃើញថា មានមនុស្សចំនួន ៦១% ប៉ុណ្ណោះ យល់ឃើញថាស្ត្រីគួរតែអាចបន្តធ្វើការទោះបីជាបន្ទាប់ពីមាតុភាព។ ហើយកាលពីឆ្នាំ២០១២ ស្ត្រីបានធ្វើមាតុភាពរួចចំនួន ៨៦% ប្រាថ្នាបន្តធ្វើការងារ ក៏ប៉ុន្តែប្រាថ្នានេះភាគច្រើនបានត្រឹមតែជាការស្រមៃ បើយោងតាមការចេញផ្សាយរបស់ The Japan Time។

លោកអតីតនាយករដ្ឋមន្ត្រី ស្ហីនហ្សូ អាបេ បានយល់ឃើញថាជប៉ុនត្រូវការស្ត្រីជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយ Abeconomic និងលើកសេដ្ឋកិច្ចជប៉ុនចេញពីវិបត្ដិបរិត្តផរណា។ លោកក៏បានសន្យាថានឹងធ្វើឱ្យជប៉ុនជាទឹកដីដែលអាចឱ្យស្ត្រីរះចែងចាំង “a Japan in which women can shine” និងរួមទាំងបង្កើតគោលនយោបាយ “Womenomics Strategy”។ Womenomics Strategy គឺសសរមួយរបស់ Abeconomic និងមានគោលដៅបង្កើនភាពជាអ្នកដឹកនាំរបស់ស្ត្រីចំនួន ៣០% នៅឆ្នាំ២០២០។ សន្យាមិនទាន់បានបីឆ្នាំផង រដ្ឋបាលរបស់លោក អាបេ ក៏បានពង្រួញគោលដៅមកត្រឹម ៧% នៅស្ថាប័នបម្រើសាធារណៈ និង ១៥% នៅជួររដ្ឋាភិបាលនិងស្ថាប័នឯកជន។ យោងទៅតាមរបាយការណ៍របស់ World Economic Forum នៅឆ្នាំ២០២០ ប្រាក់ចំណូលរបស់ស្ត្រីជប៉ុនជាមធ្យមវិញមានត្រឹមតែពាក់កណ្ដាលនៃប្រាក់ចំណូលរបស់បុរស។ ប្រទេសជប៉ុនមិនដែលមានប្រមុខរដ្ឋាភិបាលជាស្ត្រីនោះទេ ហើយមានស្ត្រីតែ២នាក់ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga)។ មានអ្នកជំនាញជាច្រើនយល់ឃើញថាការចុះចេញពីតំណែងរបស់លោក អាបេ នៅឆ្នាំ២០២០ គឺបានបន្សល់ទុកប្រាថ្នាមួយចំនួនមិនទាន់សម្រេច ក្នុងនោះគឺការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យការងារ​និងសង្គម។

មានកត្ដាចំនួនបួនដែលបណ្ដាលឱ្យមានវិសមភាពយេនឌ័រក្នុងប្រទេសជប៉ុន។ ទីមួយនោះគឺកត្តាដែលស្ត្រីជប៉ុនចំណាយពេលវេលាច្រើនលើការងារដែលមិនបានប្រាក់កម្រៃ។ បើយោងតាមរបាយការណ៍របស់ OECD  ស្ត្រីជប៉ុនបានចំណាយពេលវេលាចំនួន៣ម៉ោងនិង៤៤នាទី ដែលស្មើនឹង៤ដងនៃចំនួនពេលវេលាបុរសទៅលើការងារដែលមិនបានប្រាក់កម្រៃ ដូចជាការងារផ្ទះនិងមើលថែកូន ដែលនេះជាហេតុធ្វើឱ្យស្ត្រីមានពេលតិចលើការងារដែលមានប្រាក់កម្រៃ ឬមិនអាចចំណាយពេលច្រើនលើការងារ។ ជាមួយគ្នានេះ យោងតាម The Japan Times សេវាកម្មមើលថែទាំកុមារមិនអាចបង្កើនការទទួលមើលថែកុមារទាំងអស់នៅពេលដែលមានកំណើនស្ត្រីទៅធ្វើការនោះទេ។ ទីពីរនោះគឺវប្បធម៌ផ្នត់គំនិតអវិជ្ជមានលើភាពជាអ្នកដឹកនាំរបស់ស្ត្រី។ យោងលទ្ធផលសិក្សារបស់ Kantar and Women Political Leaders បានបង្ហាញឱ្យឃើញថា មានតែមនុស្សចំនួន ២៤% ប៉ុណ្ណោះដែលមានអារម្មណ៍ល្អធ្វើការជាមួយអគ្គនាយកប្រតិបត្ដិ (CEO) ជាស្ត្រី។ កត្ដាទីបីនោះគឺ ការបៀតបៀនផ្លូវភេទនៅក្នុងការិយាល័យធ្វើការ។ យោងតាមការចេញផ្សាយរបស់ South China Morning Post ការបៀតបៀនផ្លូវភេទនៅក្នុងកន្លែងការងារគឺមិនមែនករណីប្លែកទេនៅក្នុងប្រទេសជប៉ុន ដោយសារតែរចនាសម្ព័ន្ធនៃឋានានុក្រមរបស់ក្រុមហ៊ុន វប្បធម៌នៃការគោរពស្ដាប់បង្គាប់ខ្លាំង និងការបំពេញការងាររយៈពេលយូរ។ ជាមួយគ្នានេះ យោងតាមការសិក្សារបស់ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពបានរកឃើញថាជាង ៣៣% នៃចំនួនអ្នកមានបញ្ហាផ្លូវចិត្ដ គឺកើតឡើងបណ្ដាលមកពីការបៀតបៀនផ្លូវភេទ ការជិះជាន់ និងការបំពានអំណាចដោយមេៗរបស់ពួកគេ។ កត្ដាទីបួនគឺភាពចន្លោះប្រហោងនៃច្បាប់ដែលមានគោលបំណងកាត់បន្ថយគម្លាតវិសមភាពយេនឌ័រ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានធ្លាប់បង្ហាញឆន្ទៈក្នុងការកាត់បន្ថយវិសមភាពរវាងស្ត្រីនិងបុរសតាមរយៈការតាក់តែង និងការដាក់ឱ្យអនុវត្ដច្បាប់មួយចំនួនផងដែរ ប៉ុន្តែច្បាប់និងបទប្បញ្ញត្ដិទាំងនោះហាក់ដូចជាមិនសូវមានប្រសិទ្ធភាព ប្រសិនបើយើងមើលទិន្នន័យនាពេលបច្ចុប្បន្ន។ យោងតាមការចេញផ្សាយមួយចំនួនដូចជា CNN ច្បាប់ដែលមានគោលបំណងលើកកម្ពស់ស្ដ្រីនោះគឺមិនបានចែងពីទោសបញ្ញត្ដិលើក្រុមហ៊ុនដែលមិនបានអនុវត្ដច្បាប់នោះឡើយ។ ជាមួយគ្នានេះ សារពត៌មាន Asahai បានលើកឡើងថាមូលហេតុដែលរដ្ឋាភិបាលមានភាពចំហលើចំណុចខ្លះនៅក្នុងច្បាប់គឺដោយសារតែភាពពិបាកបែងចែកនៃសកម្មភាពបៀតបៀននៅកន្លែងធ្វើការ។

វិសមភាពយេនឌ័រនេះគឺជាសញ្ញាណមិនល្អឡើយទៅលើជំងឺសេដ្ឋកិច្ចរបស់ជប៉ុន។ ជំងឺសេដ្ឋកិច្ចជប៉ុនដែលប៉ះពាល់ដល់កម្លាំងចលករមាន ដូចជា មនុស្សចាស់ច្រើនជាងកម្លាំងយុវជន ចំនួនប្រជាជនធ្លាក់ចុះជាដើម ហើយវិសមភាពយេនឌ័របានធ្វើឱ្យខ្ជះខ្ជាយធនធានមនុស្សដែលកម្រិតអប់រំខ្ពស់។ តាមការប៉ាន់ស្មានរបស់ World Economic Forum ការចូលរួមរបស់ស្ត្រីដោយស្មើភាពគឺនឹងជួយផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន ចំនួន ៥៥០ ប៊ីលានដុល្លារអាមេរិក។ មួយវិញទៀត ការណ៍ដែលជប៉ុនឈានជើងចូលទៅក្នុងបដិវត្ដន៍ឧស្សាហកម្ម ៤.០ អាចនឹងផ្ដល់ហានិភ័យបន្ថែមលើការលើកម្ពស់ស្ត្រីដើម្បីជាកម្លាំងចលករដោយសារតែម៉ាស៊ីននឹងជំនួសការងារមនុស្សយ៉ាងច្រើន។ ហើយការណ៍ដែលចំនួនការងារនឹងកាត់បន្ថយនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើឱកាសការងាររបស់ស្ត្រី។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង