"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើពិភពលោកត្រូវការ B3W របស់ក្រុមប្រទេសទាំង៧ G7 ឬក៏ត្រូវការ BRI របស់ប្រទេសចិន?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

ដើមកំណើតនៃក្រុមប្រទេសទាំង៧ (Group 7)

វេទិការជជែកពិភាក្សារវាងក្រុមប្រទេសទាំង៧ Group 7 មិនមែនជាស្ថាប័នអន្តររដ្ឋាភិបាលផ្លូវការនោះទេ ប៉ុន្តែវាជាការបង្កើតឡើងនៅឆ្នាំ១៩៧៥ ដោយមានសហស្ថាបនិកដំបូង៦ប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង ជប៉ុន មួយឆ្នាំក្រោយមកទៀត ប្រទសកាណាដា ក៏បានចូលរួមជាមួយបន្ថែម បង្កើតបានជាក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7។ ផ្អែកទៅលើគេហទំព័រក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចខ្លាំងក្លា ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តគោលការណ៍ទីផ្សារសេរី ដែលដំបូងឡើយ ពួកគេបង្កើតវេទិការជជែកពិភាក្សានេះឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចនៅដើមទសវត្សឆ្នាំ១៩៧០ ដែលបណ្ដាលមកពីកំណើនអត្រាអតិផរណាខ្ពស់ និងសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែការប្រកាសបញ្ឈប់នាំប្រេងចេញដោយប្រទេសផលិតប្រេងដ៏ធំលំដាប់ថ្នាក់លេខ២នៅលើពិភពលោកគឺអារ៉ាប៊ីសាអូឌីត។ ក្រោយមកទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៧ បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរហូតមក ក្នុងការលើកយកនូវបញ្ហាប្រឈមដែលពិភពលោកំពុងជួបប្រទះមកដាក់ក្នុងរបៀបវារៈដើម្បីរួមសហការគ្នាដោះស្រាយ។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២១របស់ Group 7

បន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២១របស់ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងខនវ៉ល Cornwall ប្រទេសអង់គ្លេសបានបញ្ចប់ទៅ កិច្ចប្រជុំកំពូលដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តមួយនេះបានក្លាយជាប្រធានបទដ៏រសើបមួយក្នុងចំណោមអ្នកតាមដានការវិវត្តនៃដំណើរព្រឹត្តិការណ៍ពិភពលោក។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនិងជាប្រធានដឹកនាំកិច្ចប្រជុំ។ លទ្ធផលនៃកិច្ចពិភាក្សារវាងក្រុមប្រទេសប្រជាធិបតេយ្យទាំង៧ ត្រូវបានសរុបរួមនៅក្នុងសេចក្ដីថ្លែងការណ៍ចំនួន២៥ទំព័រ ហើយក្នុងនោះមានរបៀបវារៈចំនួន៦ចំណុចសំខាន់ៗដែលជាបញ្ហាសកលត្រូវរួមគ្នាដោះស្រាយ ជាពិសេសប្រទេសទាំង៧បានរួមគ្នាបង្កើតនូវគោលនយោបាយថ្មីស្រឡាងមួយដែលមានឈ្មោះថា »កសាងពិភពលោកឱ្យកាន់តែប្រសើរឡើង» (Build Back a Better World) ឬហៅកាត់ថា B3W។

តើអ្វីជាគោលនយោបាយ B3W របស់ក្រុមប្រទេសទាំង៧?

យោងតាមការចេញផ្សាយរបស់គេហទំព័រសេតវិមាន B3W គឺជាគោលនយោបាយ ផ្ដោតលើតម្លៃជាគោល ស្ដង់ដារខ្ពស់ និងភាពជាដៃគូរហេដ្ឋារចនាសម្ព័ន្ធប្រកបដោយតម្លាភាព ដែលដឹកនាំដោយបណ្ដាប្រទេសប្រជាធិបតេយ្យធំៗក្នុងការគ្រោងចំណាយនូវថវិកាប្រមាណជាង៤០ទ្រីលានដុល្លាសហរដ្ឋអាមេរិកគិតត្រឹមឆ្នាំ២០៣៥ខាងមុខ ជាពិសេសដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវបានប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩។ ជ្រុងមួយទៀតនៃការយល់ឃើញទៅលើគោលនយោបាយ B3W គឺជាយុទ្ធសាស្ត្រនយោបាយការបរទេសថ្មីមួយរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តទាំង៦របស់ខ្លួនដើម្បីចូលរួមដោះស្រាយបញ្ហាសកលដែលពិភពលោកកំពុងប្រឈមខ្លាំងរួមមាន ហេដ្ឋារចនាសម្ព័ន្ធ អត្រាគ្មានការងារធ្វើ សន្តិសុខនិងសុខមាលភាពសង្គម បរិស្ថាននិងបម្រែបម្រួលអាកាសធាតុ និងប្រកួតប្រជែងជាមួយប្រទេសចិន ជាពិសេស រារាំងឥទ្ធិពលរបស់ចិនដែលកំពុងមានមហិទ្ធានុភាពសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតល្អប្រសើរគួរកត់សំគាល់ខ្លាំងជាមួយបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative)។ ដូច្នេះ សំណួរមួយត្រូវបានលើកឡើងថាតើក្រុមប្រទេសទាំង៧ (G7) អាចរួមគ្នាជួយកសាងពិភពលោកឱ្យមានភាពរីកចម្រើនប្រសើរជាង យុទ្ធសាស្ត្រ BRI របស់ប្រទេសចិនដែរឬទេ?

តើអ្វីជាយុទ្ធសាស្ត្រផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន?

យុទ្ធសាស្រ្តផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន ត្រូវបានលើកឡើងជាលើកដំបូងដោយប្រធានធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងការថ្លែងសន្ទរកថាសំខាន់មួយកាលពីឆ្នាំ២០១៣ នៅក្នុងសាលកលវិទ្យាល័យ Nazarbayev ប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ដើម្បីធ្វើការស្នើនូវគម្រោងសាងសង់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាលរួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន។ គម្រោងមួយនេះមានគោលបំណងធំក្នុងការពង្រីកនូវវិសាលភាពនៃសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសចិនដែលលាតសន្ធឹងពីតំបន់អាស៊ីខាងកើត បែកចេញជាផ្លូវសេដ្ឋកិច្ចពីរសំខាន់ៗ ដែលផ្លូវទឹកឆ្លងកាត់សមុទ្រចិនខាងត្បូងរហូតដល់មហាសមុទ្រឥណ្ឌា ឆ្ពោះទៅដល់ទ្វីបអាហ្រ្វិក និងផ្លូវគោកចាប់ផ្ដើមពីតំបន់អាស៊ីខាងកើតទៅកាន់អាស៊ីកណ្ដាល រហូតដល់មជ្ឍឹមបូព៌ារ និងហួសទៅដល់ទ្វីបអឺរ៉ុបទាំងមូល រួមទាំងរុស្ស៊ីផងដែរ។

វិស័យសំខាន់ៗរបស់ប្រទេសចិនក្នុងក្របខ័ណ្ឌ BRI

មហិច្ឆតានៃយុទ្ធសាស្រ្តវឌ្ឍនភាពសេដ្ឋកិច្ចរវាងក្រុមប្រទេសទាំង៧ និងប្រទេសចិនសុទ្ធសឹងតែជាមធ្យោបាយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយឡែក ក្នុងន័យទំនាក់ទំនងអន្តរជាតិ ប្រទេសចិនកំពុងព្យាយាមបង្ហាញនិងបញ្ជាក់ប្រាប់ពិភពលោកឱ្យទទួលស្គាល់ថាខ្លួនក៏ជាមហាអំណាចថ្មីមួយដែលមានទំនួលខុសត្រូវនិងតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់អន្តរជាតិ និងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចសកល។ យោងតាមគេហទំព័រ beltroad-initiative តាមរយៈគោលនយោបាយ​ BRI ប្រទេសចិនបានត្រៀមថវិកាអនុវត្តសរុបចន្លោះពី ១ ទៅ ៨ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយរហូតមកដល់បច្ចុប្បន្ននេះ តាមការសន្និដ្ឋានក្នុងក្របខ័ណ្ឌ BRI ប្រទេសចិនបាននឹងកំពុងអនុវត្តគម្រោងសរុប១១៨ ដែលគម្រោងទាំងអស់ស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា និងប្រភេទនៃគម្រោងផ្សេងៗគ្នាផងដែរ ដោយរាប់ចាប់តាំងពី វិស័យអប់រំ ថាមពល អគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស (SEZ) បច្ចេកវិទ្យាសារគមនាគមន៍ (ICT) ទេសចរណ៍ ផ្លូវថ្នល់និងផ្លូវរថភ្លើង និង គម្រោងនគរូបនីយកម្មផ្សេងៗ ដោយគ្របដណ្ដប់ទៅលើ១៤០ប្រទេសនៅលើពិភពលោក។

ភាពជោគជ័យនៃយុទ្ធសាស្ត្រ BRI

ឧទាហរណ៍មួយចំនួននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះមានដូចជា ការសាងសង់ផ្លូវរថភ្លើងទំនើបនៅបង់ក្លាដែស អ៊ីរ៉ង់ កេនយ៉ា ឡាវ កំពង់ផែផ្ទុកទំនិញនៅកាហ្សាក់ស្ថាន ក្រិក អ៊ីស្រាអែល មីយ៉ាន់ម៉ា ព្រលានយន្តហោះនៅប៉ាគីស្ថាន ឥណ្ឌូនេស៊ី ទំនប់វារីអគ្គិសនីនៅប៉ាគីស្ថាន កម្ពុជា ហ៊្សកហ្ស៊ី ឥណ្ឌូនេស៊ី ផ្លូវជាតិនៅប្រទេសឥណ្ឌា បំពង់បង្ហូរឧស្ម័នធម្មជាតិនៅអាស៊ែបៃហ្សង់ និងមួយខ្សែទៀតតភ្ជាប់ពីអាស៊ីកណ្ដាលទៅកាន់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចពិសេសនៅអេស្ស៊ីប មីយ៉ាន់ម៉ា និងប៉ាគីស្ថាន និងគម្រោងរុករកធនធានរ៉ែធម្មជាតិជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ក្នុងបណ្ដាប្រទេសនៅទ្វីបអាហ្រ្វិក ដោយយោងតាមការចេញផ្សាយរបស់ Los Angeles Times នៅឆ្នាំ២០២៥ខាងមុខ ប្រទេសចិននឹងផ្តល់ហិរញ្ញប្បទានដល់ទ្វីបអាហ្រ្វិករួមមាន ការវិនិយោគដោយផ្ទាល់ ប្រាក់កម្ចីទន់ និងប្រាក់កម្ចីពាណិជ្ជកម្មសរុបចំនួនប្រមាណ ១ ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ ការវិនិយោគពីក្រុមហ៊ុនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើបណ្ដាប្រទេសទាំងអស់នោះ បានជួយដល់ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។

ស្វែងយល់អំពីនយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy)

ប៉ុន្តែ ការចំណាយទឹកប្រាក់ដ៏ច្រើនលើសលុបរបស់ចិនទៅលើគម្រោងអភិវឌ្ឍន៍ខាងលើ ត្រូវបានគេយល់ឃើញថាប្រទេសចិនកំពុងធ្វើនយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy) ទៅលើប្រទេសក្រីក្រដែលខ្វះលទ្ធភាពអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការផ្ដល់កម្ចីហិរញ្ញប្បទានដោយការគិតការប្រាក់ទាប និងមានលក្ខណ្ឌធូររលុង។ ដោយផ្អែកទៅលើរបាយការណ៍ឆ្នាំ២០១៨​ របស់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍពិភពលោក បានបង្ហាញថាមានប្រទេសចំនួន ២៣ ស្ថិតក្នុងស្ថានភាពហានិភ័យខ្លាំងដោយសារជំពាក់បំណុលចិន ក្នុងនោះរួមមាន ប្រទេសអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ស្រីលង្កា អ៊ីរ៉ាក់ បេឡារុស អ៊ុយក្រែន ឡាវ និង ហ៊្សកដានីជាដើម។ ការធ្វើនយោបាយសេដ្ឋកិច្ចពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនបានធ្វើឱ្យប្រទេសមួយចំនួនលង់ខ្លួននិងបានសម្រេចផ្ដល់សម្បទាន ឬជួលផ្ដាច់មុខឱ្យក្រុមហ៊ុនចិននូវផ្នែកខ្លះនៃសម្បត្តិជាតិដោយសារគ្មានសមត្ថភាពសងបំណុលដ៏ច្រើនលើសលុប។ ជាក់ស្ដែង ប្រទេសឡាវបានផ្ដល់សម្បទានបណ្តាញអគ្គិសនីជាតិដល់ក្រុមហ៊ុនចិនចំនួន២៥ឆ្នាំ។ កំពង់ផែហាំបាន់តូតា (Hambantota) របស់ប្រទេសស្រីលង្កាត្រូវបានជួលឱ្យចិនរយៈពេល៩៩ឆ្នាំ។ ច្រកទ្វារមេឡាកា (Melaka Gateway) នៅប្រទេសម៉ាឡេស៊ីក៏ដូចគ្នាដែរ គឺត្រូវបានស្ថិតក្រោមការគ្រប់គ្រង់របស់ចិន៩៩ឆ្នាំ។ មូលដ្ឋានទ័ព OBOCK នៅប្រទេសជីប៊ូទីត្រូវបានជួលឱ្យចិន១០ឆ្នាំ។ កំពង់ផែក្វាដា (Gwadar) របស់ប៉ាគីស្ថានត្រូវបានជួលឱ្យចិនរយៈពេល ៤០ឆ្នាំ។ តាជីគីស្ថានបានប្រគល់ដីដល់ប្រទេសចិនចំនួន១០០០គីឡូម៉ែត្រការ៉េដើម្បីដោះស្រាយបញ្ហាបំណុល។

បញ្ហាប្រឈមរបស់ B3W

បើយើងក្រឡេកទៅមើលគោលនយោបាយថ្មី B3W របស់ក្រុមប្រទេសទាំង៧វិញ ពួកគេបានសន្យាថារហូតដល់ឆ្នាំ២០៣៥ នឹងផ្ដល់ថវិកាប្រមាណ ៤០ទ្រីលានដុល្លារសហរដ្ឋអាមេរិកសម្រាប់ធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការរបស់ប្រទេសចំណូលទាប និងមធ្យម។ សម្រាប់ភាគីអាមេរិកវិញ បានប្រកាសដោយត្រង់ៗថាខ្លួនបង្កើតគោលនយោបាយ B3W នេះឡើងដើម្បីប្រកួតប្រជែងជាមួយយុទ្ធសាស្ត្រ BRI របស់ចិន​ ខណៈចម្ងល់ខ្លះត្រូវបានលើកឡើងថាតើសមាជិកទាំង៦ដទៃទៀតមានគោលដៅដូចទៅនឹងអាមេរិកដែរឬទេ ដោយហេតុថាប្រទេសអង់គ្លេសមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយចិន ហើយសូម្បីតែប្រទេសអ៊ីតាលីដែលជាសមាជិករបស់ក្រុមខ្លួន ក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនដើម្បីទទួលយកនូវគម្រោងរបស់ BRI មួយចំនួនផងដែរ។ ដោយសារតែគោលនយោបាយមួយនេះទើបតែនឹងបង្កើតថ្មី ដូច្នេះវាមិនទាន់មានជាលទ្ធផលអ្វីដើម្បីយកមកធ្វើការប្រៀបធៀបគ្នាថាតើ B3W ល្អជាង BRI ឬក៏យ៉ាងណានៅឡើយទេ។ ស្របពេលដែលការផ្ដួចផ្កើមមួយនេះកំពុងលេចចេញជារូបរាងឡើង ក៏មានការលើកឡើងផងដែរពីបញ្ហាប្រឈមមួយចំនួន។

បើយោងតាមការចុះផ្សាយរបស់ The Conversation បញ្ហាទីមួយនោះគឺនៅពេលថវិកាត្រូវបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការពីបណ្ដុំប្រទេសអ្នកមានទាំងនោះ។ តើពួកគេហ៊ានប្រថុយផ្ដល់ប្រាក់កម្ចីទាំងនោះទៅដល់ប្រទេសក្រីក្រដែលកំពុងមានបញ្ហាអស្ថរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដូចទៅនឹងប្រទេសចិនដែលធ្លាប់ធ្វើកន្លងមកទៅលើប្រទេសមួយចំនួននៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអាស៊ីកណ្ដាលដែរឬទេ? ឧបមាថា ប្រសិនបើពួកគេហ៊ានផ្ដល់ប្រាក់កម្ចីនោះពិតមែន ប៉ុន្តែតើកម្ចីនោះអាចប្រកួតប្រជែងជាមួយកម្ចីរបស់ប្រទេសចិនដែលមានការប្រាក់ដ៏ទាប ហើយថែមទាំងគ្មានលក្ខណ្ឌអ្វីតឹងរឹងនោះដែរឬទេ? បើមិនអាចទេ នោះជម្រើសប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះប្រកដជាជ្រើសរើសយកកម្ចីពីប្រទេសចិនដដែល។ បើទោះបីជាគោលនយោបាយ B3W នេះត្រូវបានដំណើរការទៅដោយរលូនអំឡុងពេលស្ថិតក្រោមរដ្ឋការលោក ចូ បៃដិន ក៏ដោយ វានៅតែពិបាកព្យាករណ៍ដឹងច្បាស់ថាតើអនាគតនៃប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយនៅតែបន្តចង់អនុវត្តគោលនយោបាយមួយនេះដែរឬទេ? ម៉្យាងទៀត បើយោងតាមប្រភពដដែល យុទ្ធសាស្ត្រតភ្ជាប់ (Connectivity Strategy) របស់សហគមន៍អឺរ៉ុបក៏បានក្លាយជាគូប្រជែងមួយរបស់ B3W រួចស្រេចទៅហើយ ក្នុងគោលបំណងស្រដៀងគ្នាគឺផ្សារភ្ជាប់សហគមន៍អឺរ៉ុបជាមួយបណ្ដាប្រទេសនៅអាស៊ី។ កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់កន្លងមកមានដូចជា សហគមន៍អឺរ៉ុប–ជប៉ុននៅឆ្នាំ២០១៩ សហគមន៍អឺរ៉ុប–សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២០ និង សហគមន៍អឺរ៉ុប–ឥណ្ឌានៅដើមឆ្នាំ២០២១ថ្មីៗនេះ។ យ៉ាងណាមិញ គេមិនទាន់ឃើញមានសេចក្ដីប្រកាសណាមួយស្ដីពីអនាគតនៃការផ្សារភ្ជាប់រវាងសហគមន៍អឺរ៉ុបនិងចិននៅឡើយទេ។

ដើម្បីធ្វើការជំរុញដល់ដំណើរការ B3W ឱ្យមានវឌ្ឍនភាព​ និងនិរន្តរភាព ក្រុមប្រទេសទាំង៧​គួររៀនសូត្រពីការអនុវត្តយុទ្ធសាស្ត្រ BRI របស់ប្រទេសចិនកន្លងមក អំពីចំណុចវិជ្ជមាននិងអវិជ្ជមាន ដើម្បីត្រឡប់ទៅស្វែងរកដំណោះស្រាយ និងត្រៀមខ្លួនប្រឈមជាមួយបញ្ហាមួយចំនួនដែលបានលើកឡើងខាងលើ។ ពិភពលោកនឹងរងចាំមើល B3W និង BRI ប្រកួតប្រជែងគ្នាក្នុងទីលាននយោបាយការទូត និងយុទ្ធសាស្រ្តទីផ្សារសេដ្ឋកិច្ច រវាងលោកប្រជាធិបតេយ្យសេរីខាងលិច និងលោកកុម្មុយនីស្ដផ្ដាច់ការខាងកើត។ លទ្ធផលនៅប្រហែលពីរទសវត្សខាងមុខរវាងគោលនយោបាយ B3W របស់ក្រុមប្រទេសទាំង៧ និងយុទ្ធសាស្រ្ត BRI របស់ប្រទេសចិន អាចនឹងមានឥទ្ធិពលកំណត់ទស្សនៈនិងការយល់ឃើញរបស់ពិភពលោកសារជាថ្មី កាន់តែជាក់ច្បាស់ថា តើពិភពលោកគួរសម្របខ្លួនតាមរបបដឹកនាំបែបមហាអំណាចនៅអាស៊ី ឬរបបដឹកនាំតាមបែបមហាអំណាចលោកខាងលិច?

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង