"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលនយោបាយការបរទេសរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំពោះចិន និងអាមេរិក

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

សាធារណរដ្ឋហ្វ៊ីលីពីន

សាធារណរដ្ឋហ្វ៊ីលីពីនជាប្រទេសដែលធ្លាប់ត្រូវបានស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអេស៉្បាញ (១៥៦៥–១៨៩៨) និងសហរដ្ឋអាមេរិក (១៨៩៨–១៩៤៦)។ ក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៩៤៦ ពីសហរដ្ឋអាមេរិក ប្រទេសនេះបានទទួលនូវមរតកនៃរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។ មាត្រា២នៃរដ្ឋធម្មនុញ្ញហ្វ៊ីលីពីនឆ្នាំ១៩៨៧ បានចែងថា «ហ្វ៊ីលីពីនគឺជារដ្ឋប្រជាធិបតេយ្យនិងសាធារណរដ្ឋ។ អធិបតេយ្យភាពស្ថិតនៅក្នុងដៃរបស់ប្រជាជន ហើយអំណាចរដ្ឋាភិបាលទាំងអស់កើតចេញពីប្រជាជន។» ប្រធានាធិបតី អនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសតាំងជារៀងរាល់អាណត្តិដែលមានរយៈពេល៦ឆ្នាំ។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាប្រធានគណបក្សប្រជាធិបតេយ្យហ្វ៊ីលីពីន – អំណាចប្រជាជន (LPD-Laban) បានឈ្នះឆ្នោត ហើយបានឡើងកាន់ដំណែងជាប្រធានាធិបតីក្នុងអាណត្តិទី១៦ រហូតមកដល់បច្ចុប្បន្ន។

រ៉ូឌ្រីហ្គោ ឌូតឺតេ ជានរណា?

ប្រធានាធិបតីទី១៦របស់ហ្វ៊ីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ​ត្រូវបានគេស្គាល់ថាជាមេដឹកនាំប្រឆាំងដាច់ខាតនឹងគ្រឿងញៀន និងអំពើពុករលួយយ៉ាងមុះមុត ដែលត្រូវបានគេហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» (The Punisher)។  គ្រាន់តែឡើងកាន់តំណែងក្នុងឆ្នាំ២០១៦ភ្លាម លោកបានរឹតបន្តឹងការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលក្នុងរយៈពេលត្រឹមតែ៦ខែ ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៧.០០០នាក់ ត្រូវបានសម្លាប់ក្រោមប្រតិបត្តិការប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្លាប់ក្រៅប្រព័ន្ធតុលាការទៀតផង នេះដោយយោងទៅតាមការចេញផ្សាយរបស់ Amnesty International UK ។ ទង្វើនេះក៏ត្រូវបានសហគម​ន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ក៏ដូចជាអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើលោក ឌូតឺតេ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រវត្តិនៃទំនាក់ទំនងហ្វ៊ីលីពីន–អាមេរិក​

សហរដ្ឋអាមេរិកបានដើរតួរជាសម្ព័ន្ធមិត្ត ជាដៃគូរអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាដៃគូរសហការរបស់ហ្វ៊ីលីពីន ក្នុងកិច្ចការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងអានុតំបន់អាស៊ីប៉ាស៊ីហ្វិកតាំងពីក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ។ ឧទាហរណ៍ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញាការពារជាតិទៅវិញទៅមក (Mutual Defense Treaty) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥១ ដើម្បីអាចឱ្យប្រទេសទាំងពីរការពារគ្នាពីការឈ្លានពានពីសំណាក់ប្រទេសដទៃ។ រហូតដល់ឆ្នាំ១៩៩៨ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងមួយទៀត ហៅថា Visiting Forces Agreement ដែលបានអនុញ្ញាតឱ្យយោធាជើងទឹកនិងអាកាសរបស់សហរដ្ឋអាមេរិកអាចចេញចូលប្រទេសហ្វ៊ីលីពីនបានងាយស្រួល។

ភាពមិនចុះសម្រុងគ្នារវាងហ្វ៊ីលីពីន–អាមេរិក

ប៉ុន្តែ វត្តមានរបស់ប្រធានាធិតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានទាញហ្វ៊ីលីពីនឱ្យឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកតាំងតែពីថ្ងៃដែលលោកបានហៅអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាជា «កូនស្រីសំផឹង» (Son of whore) ដែលជាការព្រមានដល់សហរដ្ឋអាមេរិកដែលបានរិះគន់ទៅលើបញ្ហាការសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនក្រៅប្រព័ន្ធតុលាការ។ ជាការឆ្លើយតប លោក អូបាម៉ា បានលុបចោលនូវជំនួបជាមួយលោក ឌូតឺតេ ក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅចុងឆ្នាំ២០១៦ ក្នុងប្រទេសឡាវវិញផងដែរ។ ទោះជាយ៉ាងណា លោក ឌូតឺតេ តែងតែអះអាងថាការដឹកនាំក្នុងអាណត្តិរបស់លោកនឹងប្រកាន់ជំហរលើគោលនយោបាយឯករាជ្យដោយអនុលោមទៅតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ។

គោលនយោបាយគាំទ្រចិន

ផ្ទុយទៅវិញ លោកបានផ្អាកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកមួយចំនួនដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ដោយលោកបានលើកហេតុផលថា វាអាចបណ្ដាលឱ្យប្រទេសចិនអាក់អន់ស្រពន់ចិត្ត ព្រោះលោកបានស្នើសុំជំនួយមូលនិធិពីលោក ស៊ី ជីនពីង កាលពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងពីឆ្នាំ២០១៦​ ដើម្បីបន្ធូបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ និងពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយកាលនោះ លោក ស៊ី ជីនពីង ក៏បានសន្យានឹងផ្តល់ជំនួយនិងការវិនិយោគដែលមានទំហំជាទឹកប្រាក់ ២៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសហ្វ៊ីលីពីន តាមរយៈការផ្ដល់ជាកម្ចី ការវិនិយោគដោយផ្ទាល់ និងការនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ដែរថា កាលនោះលោក ឌូតឺតេ បានអះអាងយ៉ាងផ្លូវការថាខ្លួននឹងដើរចេញពីសម្ព័ន្ធមិត្តច្រើនជំនាន់សហរដ្ឋអាមេរិក ហើយត្រឡប់មកកសាងចំណងមិត្តភាពថ្មីជាមួយប្រទេសចិន។

ការខកបំណងរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

យោងតាម Bloomberg បើទោះបីជាលោក ឌូតឺតេ បានខិតខំប្រឹងប្រែងងាកទៅរកចិនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងណាក៏ដោយ ជាង៥ឆ្នាំរហូតដល់ជិតចប់អាណត្តិរបស់ខ្លួនទៅហើយ ប្រទេសចិននៅមិនទាន់បានបំពេញតាមសន្យារបស់ខ្លួននៅឡើយ ដែលថានឹងផ្តល់ជំនួយនិងការវិនិយោគ ២៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសហ្វ៊ីលីពីន។ ម៉្យាងទៀត ជម្លោះនៅសមុទ្រចិនខាងត្បូងដែលកើតចេញពីការទាមទានូវតំបន់ប្រជុំកោះតូចៗ និងផ្លូវសមុទ្រដើម្បីដាក់ជាដែនអធិបតេយ្យភាពរបស់បណ្ដាប្រទេសដូចជាចិន តៃវ៉ាន់ វៀតណាម ហ្វ៊ីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើមនោះ បានធ្វើឱ្យលោក ឌូតឺតេ ក៏ដូចជាប្រជាជនហ្វ៊ីលីពីនមិនពេញចិត្តយ៉ាងខ្លាំងនូវសកម្មភាពនាវានិងទូកនេសាទរបស់ចិនដែលតែងតែចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) របស់ខ្លួន។ ម៉្យាងទៀត ការប្រឈមមុខដាក់គ្នារវាងចិននិងហ្វ៊ីលីពីនក្នុងការដណ្ដើមយកតំបន់ផ្សេងៗមកជារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដូចជាតំបន់ Scarborough Shoal ជាដើម ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។

ការវិលទៅរកការផ្សះផ្សារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

ការណ៍ទាំងនេះហាក់បានក្លាយជាកត្តាធ្វើឱ្យលោក ឌូតឺតេ បានចាប់ផ្ដើមងាកទៅរកការផ្សះផ្សារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញបន្តិចម្ដងៗចាប់តាំងពីឆ្នាំ២០១៨មក។ ជាក់ស្ដែង ការពង្រីកសកម្មភាពសមយុធ្ធយោធារវាងហ្វ៊ីលីពីននិងសហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមមានកំណើនសារជាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ លោក ឌូតឺតេ ក៏បានសម្រេចចិត្តស្ដារឡើងវិញនូវកិច្ចព្រមព្រៀងយោធា Visiting Forces Agreement ដែលលោកបានគម្រោងលុបចោលកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយហេតុថាសហរដ្ឋអាមេរិកបានបដិសេធផ្ដល់ទិដ្ឋាការដល់សម្ព័ន្ធមិត្តរបស់គាត់គឺអតីតអគ្គស្នងការនគរបាលជាតិហ្វ៊ីលីពីនលោក Ronald Dela Rosa។ ដូច្នេះ ការងាកទៅរកសម្ព័ន្ធមិត្តអាមេរិកវិញរបស់លោក ឌូតឺតេ អាចបណ្ដាលមកពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីយកសហរដ្ឋអាមេរិកជាខ្នងបង្អែកក្នុងគ្រាណាមួយដែលប្រទេសចិនហ៊ានប្រើកម្លាំងយោធាឈ្លានពាននោះ ហ្វ៊ីលីពីននឹងយកសន្ធិសញ្ញាហ្វ៊ីលីពីន–អាមេរិក Mutual Defense Treaty មកអនុវត្តភ្លាម។

សរុបសេចក្ដីមក ឥរិយាបថប្រែប្រួលពីម្ដងចិន ម្ដងអាមេរិករបស់ ឌូតឺតេ បានបង្ហាញពីភាពបត់បែននៃគោលនយោបាយការបរទេសហ្វ៊ីលីពីន។ បើយោងទៅលើទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះ មហាអំណាចទាំងពីរមិនអាចធ្វើជាសត្រូវផ្ដាច់មុខជាមួយហ្វ៊ីលីពីនបានឡើយ។ ប្រសិនបើប្រទេសចិនហ៊ានធ្វើជាសត្រូវផ្ដាច់មុខរបស់ហ្វ៊ីលីពីននោះ ចិននឹងបាត់បង់ប្រយោជន៍ដូចជា បង្កើតសត្រូវឱ្យខ្លួនឯងបន្ថែមមួយទៀត ខាតបង់ប្រយោជន៍ក្នុងទំនាក់ទំនងជាមួយសមាជិកអាស៊ានដទៃ បង្កើតឧបសគ្គដល់ការអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងរងសម្ពាធពីសហរដ្ឋអាមេរិកកាន់តែខ្លាំង។ ដោយឡែក សហរដ្ឋអាមេរិកវិញក៏មិនហ៊ានឃ្លាតឆ្ងាយពីហ្វ៊ីលីពីនប៉ុន្មានដែរ ដោយហេតុថាហ្វ៊ីលីពីនមានសក្ដានុពលខ្លាំងក្នុងការរាំងខ្ទប់វឌ្ឍនភាពរបស់ចិន ទាំងកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តារបបនយោបាយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង