"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីបានជាតំបន់ជាច្រើននៅអាស៊ីកំពុងរងការគម្រាមកំហែងដោយទឹកលេច?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

នៅក្នុងចំណោមភាវៈមានជីវិតទាំងអស់ដែលវិវត្តនៅលើផែនដីនេះ មានតែមនុស្សយើងនេះហើយដែលមានឥទ្ធិពលញ៉ាំងឱ្យមានការផ្លាស់ប្តូរផ្សេងៗចំពោះធម្មជាតិជាមួយនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលបានធ្វើឱ្យការផ្លាស់ប្តូរមានសភាពឆាប់រហ័សនិងអាចកត់សម្គាល់ដឹងបាន។ សកម្មភាពមួយចំនួននៃដំណើរការនៃការអភិវឌ្ឍន៍នេះក៏បានបង្កនូវស្លាកស្នាមរបួសដល់ផែនពសុធាដ៏ស្រស់ត្រកាលយើងតាមរយៈការកាប់បំផ្លាញព្រៃឈើ ឬសកម្មភាពឧស្សាហកម្មធំៗដែលដើរដោយចំហេះផូស៊ីលឥន្ធនៈជាដើម។ សកម្មភាពទាំងនេះបានបង្កឱ្យកើតមាននូវបញ្ហាចម្បងមួយគឺ ការកើនកម្តៅផែនដី ហើយវាក៏បានជះផលអាក្រក់មកដល់មនុស្សជាតិវិញផងដែរ ។ ការកើនកម្តៅផែនដី គឺជាបញ្ហាសកលព្រោះថាវាអាចប៉ះពាល់ដល់ជីវិតមនុស្សគ្រប់រូបដែលអាស្រ័យផែនដីទាំងមូល រួមទាំងភាវៈរស់ទាំងពួងដែលស្ថិតនៅលើផែនដី នៅក្រោមអំណាចធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ផលប៉ះពាល់នៃការកើនកម្តៅផែនដីទាំងឡាយសុទ្ធតែមានសភាពធ្ងន់ធ្ងរ ហើយមួយក្នុងចំណោមនោះ ដែលបានចោទជាកង្វល់សម្រាប់សកលលោកគឺ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ។

ការកើនឡើងនៃនីវ៉ូទឹកសមុទ្រសំដៅទៅដល់ការកើនឡើងនៃរយៈកម្ពស់ទឹកធៀបទៅនឹងផ្ទៃទឹកសមុទ្រចាស់ ដែលការកើនឡើងនៃកម្រិតទឹកអាចបង្កឱ្យមានការលិចលង់ ទឹកជំនន់ ឬខ្យល់ព្យុះដែលកើតឡើងជាញឹកញាប់។ វាបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់តំបន់ ជុំវិញឆ្នេរ ឬតំបន់កោះជាដើមដែលបង្កវិនាសកម្មដល់អាយុជីវិត ការរស់នៅ ប្រព័ន្ធទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធមានស្ពាន ផ្លូវ រោងចក្រសហគ្រាស ព្រមទាំងសេដ្ឋកិច្ចប្រចាំតំបន់ឬប្រទេសទាំងឡាយទៀតផង។

ឥទ្ធិពលនៃកំណើនកម្តៅនៅលើផែនដីទៅលើការកើនឡើងនៃនីវ៉ូទឹកសមុទ្រ

កំណើនកម្តៅនៅលើផែនដីអាចបង្កឱ្យកើតមានបាតុភូតនៃការកើនឡើងនីវ៉ូទឹកសមុទ្រតាមរបៀប២យ៉ាងដែលសុទ្ធតែអាចបង្កមហន្តរាយ ដល់អនាគតរបស់មនុស្សជាពិសេសអ្នកដែលរស់នៅតំបន់ឆ្នេរ។

ទី១ ការកើនកម្តៅមហាសមុទ្រ

ភពផែនដីយើងនេះ ត្រូវបានគ្របដណ្តប់ដោយទឹកប្រមាណ៧០ភាគរយនៃផ្ទៃដីសរុប ហើយប្រសិនបើមានការប្រែប្រួលតែបន្តិចក៏អាចបង្កឱ្យមានការប៉ះទង្គិចទ្រង់ទ្រាយធំចំពោះការរស់នៅរបស់ភាវៈរស់ផងដែរ។កំណើនកម្តៅនៅលើផែនដីដែលជាស្នាដៃរបស់មនុស្សយើងអាចធ្វើឱ្យមានការកើនសីតុណ្ហភាពនៃទឹកសមុទ្រជាហេតុធ្វើឱ្យទឹករីកមាឌ ហើយការរីកមាឌនៃទឹកសមុទ្រញ៉ាំងឱ្យធារទឹកមានការឡើងខ្ពស់ជាងអាងសមុទ្រដែលជាបុព្វហេតុចម្បងនៃការកើនឡើងនៃកម្រិតកម្ពស់ទឹកសមុទ្រ។

ទី២ ការរលាយនៃផ្ទាំងទឹកកក

ផ្ទាំងទឹកកកដែលគ្របដណ្តប់ផ្ទៃផែនដីរួមទាំងនៅទ្វីបអង់តាកទិក និងនៅប្រចាំប៉ូលទាំងពីរនៃផែនដីក៏មានវិសាលភាពមិនតិចដែរគិតតាំងពីផ្ទៃលើនឹងជម្រៅ។ ការកើនកម្តៅបន្តិចម្តងៗបណ្តាលមកពីផលនៃផ្ទះកញ្ចក់អាចធ្វើឱ្យផ្ទាំងទឹកកកដែលនៅឈរជើងរាប់លានឆ្នាំមកហើយនោះ ចាប់ផ្តើមរលាយធ្វើឱ្យមានការបន្ថែមបរិមាណទឹកថែមមួយកម្រិតទៀត។ យោងតាមការស្រាវជ្រាវរបស់អង្គការណាសា និងរបាយការណ៍ដែលផ្តល់ឱ្យដោយផ្កាយរណបរបស់អឺរ៉ុបក្នុងរយៈពេល២៥ឆ្នាំចុងក្រោយបានឱ្យដឹងថា ការកើនឡើងយ៉ាងគំហុកនៃរយៈកម្ពស់ទឹកនាពេលថ្មីៗនេះបណ្តាលមកពីការរលាយនៃផ្ទាំងទឹកកកក្នុងតំបន់Greenland និងអង់តាកទិក (Antarctica) ហើយហានិភ័យធំនឹងមកដល់នាប្រមាណឆ្នាំ២១០០ខាងមុខ។

ហេតុអ្វីបានជាការកើនឡើងនៃនីវ៉ូទឹកសមុទ្រក្លាយជាបញ្ហាព្រួយបារម្ភចំពោះពិភពលោក?

ចាប់ពីឆ្នាំ១៨៨០ មករហូតមកដល់បច្ចុប្បន្នរយៈកម្ពស់ទឹកសមុទ្រមានការកើនឡើងយ៉ាងខ្លាំងរហូតទៅដល់ប្រមាណ២៥សង់ទីម៉ែត្រ។ យោងតាមសន្ទស្សន៍របស់អង្គការណាសាបានឱ្យដឹងថា នីវ៉ូទឹកចាប់ផ្តើមមានការកើនឡើងខ្លាំងចាប់ពីឆ្នាំ១៩៩០ មកដល់សព្វថ្ងៃដែលគិតជាមធ្យមរហូតដល់៣.៤មីលីម៉ែត្រក្នុងមួយឆ្នាំ។ ប៉ុន្តែ ថ្មីៗនេះក្នុងឆ្នាំ២០២០ បានក្លាយជាឆ្នាំដែលសេចក្តីព្រួយបារម្ភកាន់តែខ្លាំងជាពិសេសសម្រាប់ប្រទេសក្បែរខាងដូចជាប្រទេសថៃ វៀតណាម និងឥណ្ឌូណេស៊ី ជាដើមដែលត្រូវបានអ្នកជំនាញដូចជាអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល Climate Central ប៉ាន់ស្មានថាអាចនឹងស្ថិតនៅក្រោមកម្រិតទឹកដល់ទៅ១ម៉ែត្រនៅក្នុងឆ្នាំ២១០០ ហើយសម្រាប់ប្រទេសថៃផ្ទាល់មានការកើនឡើងកម្រិតទឹករហូតទៅដល់៤មីលីម៉ែត្រទន្ទឹមនឹងការកើនឡើងឥតឈប់ឈរនៃរបាយប្រជាជន ដែលអាចនឹងបង្កការខូចខាតដល់វិស័យកសិកម្ម ព្រមទាំងធ្វើឱ្យតំបន់ទាំងនោះមិនអាចរស់នៅបានទៀតផង។ អ្វីដែលធ្វើឱ្យគេព្រួយបារម្ភខ្លាំងនោះគឺ នៅឆ្នាំ២១០០ តំបន់ជាប់សមុទ្រនៅអាស៊ីត្រូវបានព្យាការណ៍ថានឹងរងគ្រោះខ្លាំងដែលអាចលិចតំបន់មួយចំនួនដូចជាទីក្រុងបាំងកករបស់ប្រទេសថៃ ហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី ទីក្រុងសៀងហៃរបស់ប្រទេសចិនជាដើម។ យ៉ាងណាមិញ Climate Central បានព្យាករណ៍រថាតំបន់ដូចជាវៀតណាមខាងត្បូងនិងទីក្រុងបាងកកជាដើមនឹងត្រូវលិចជាបណ្ដើរៗនៅឆ្នាំ២០៥០។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក គិត សុវណ្ណបូរី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង