"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីបានជាអាមេរិកត្រូវលូកដៃចូលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

នៅក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយដែលពណ៌នាពីការនិយាយតាមរយៈខ្សែទូរសព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីប្រទេសរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។ នៅក្នុងការនិយាយចរចារ លោកចូ បៃដិន បានលើកឡើងពីបញ្ហាមួយដែលទាក់ទងនឹងការបង្កើនកងកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ីនៅឯព្រំប្រទល់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែលោកពូទីនបានបង្ហាញជំហររបស់ខ្លួនយ៉ាងរឹងមាំចំពោះសកម្មភាពរបស់ខ្លួនដោយលោកបានអះអាងថា រដ្ឋាភិបាលរបស់អ៊ុនក្រែនបានគាបសង្កត់ទៅលើជនជាតិរុស្ស៊ីដែលកំពុងរស់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ តើហេតុអ្វីបានជាប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធនឹងវិវាទជាមួយនឹងប្រទេសអ៊ុយក្រែន ហើយហេតុអ្វីបានជាសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ទៅលើបញ្ហារវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន?

ដើមចមនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន

ជម្លោះរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានកកើតឡើងចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយសារ ព្រឹត្តិការណ៍ Euromaidan ហើយព្រឹត្តិការណ៍នេះក៏ជារបត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ Euromaidan គឺជាការធ្វើបាតុកម្មរបស់ប្រជាជនអ៊ុយក្រែនក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលទំនោរទៅរដ្ឋាភិបាលរុស្ស៊ីក្នុងការពន្យារពេលក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងសហភាពអឺរ៉ុបដែលជាកិច្ចព្រមព្រៀងសំខាន់សម្រាប់ប្រទេសអ៊ុយក្រែនក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ការធ្វើបាតុកម្មនេះបានបញ្ចប់ដោយក្រុមបាតុករទទួលបានជ័យជំនះ ហើយប្រធានាធិបតីអ៊ុយក្រែននាពេលនោះគឺ លោក Viktor Fedorovych Yanukovych បានភៀសខ្លួនទៅប្រទេសរុស្ស៊ី។ ដោយឃើញពីភាពជោគជ័យរបស់ក្រុមបាតុករដែលមិនពេញចិត្តនឹងឥទ្ធិពលរបស់ប្រទេសរុស្ស៊ី ក៏ដូចជាការអះអាងថាការពារសុវត្ថិភាពរបស់ជនជាតិរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលពូទីនបានពង្រាយកងទ័ពចូលឈ្លានពានកាន់កាប់តំបន់Donbas និងតំបន់ Crimea រហូតមកដល់សព្វថ្ងៃ។

រុស្ស៊ីក្រោមការគ្រប់គ្រងរបស់លោក ពូទីន

ប្រទេសរុស្ស៊ីនៅក្រោមការគ្រប់គ្រងរបស់លោក ពូទីន មានគោលនយោបាយដ៏សំខាន់មួយគឺស្តារមុខមាត់ឱ្យប្រទេសរុស្ស៊ីនៅក្នុងឆាកអន្តរជាតិក្រោយពីសហភាពសូវៀតបានបែកបាក់ក្នុងចុងសតវត្សរ៍ទី២០។ ដើម្បីស្តារមុខមាត់ក៏ដូចជាឥទ្ធិពលរបស់ប្រទេស ប្រមុខថ្នាក់ដឹកនាំនិងរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងបណ្តាប្រទេសដែលជាអតីតសមាជិករបស់សហភាពសូវៀត។ ប្រទេសអ៊ុយក្រែនជាមុខសញ្ញាដ៏ចម្បងមួយរបស់ប្រទេសរុស្ស៊ីពីព្រោះទីតាំងភូមិសាស្រ្ត និងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ុយក្រែនគឺស្អិតរមួតជាមួយនឹងអរិយធម៌របស់រុស្ស៊ី។ ជាក់ស្តែងបើយោងតាមឯកសាររបស់ SIL Ethnologue ប្រទេសអ៊ុយក្រែនគឺជាប្រទេសក្រៅពីប្រទេសរុស្ស៊ីដែលមានចំនួនជនជាតិរុស្ស៊ីច្រើនជាងគេ ដល់ទៅប្រមាណ៨លាននាក់ទឹកដីដែលជាប្រទេសអ៊ុយក្រែនបច្ចុប្បន្នក៏មានសារៈសំខាន់ចំពោះក្រអៅបេះដូងជនជាតិរុស្ស៊ីផងដែរ ពីព្រោះប្រទេសអ៊ុយក្រែន ជាពិសេសគឺរដ្ឋធានីគៀវ(Kyiv)គឺជាទីកន្លែងកំនើតនៃអរិយធម៍របស់ជនជាតិរុស្ស៊ីដែលជាកន្លែងដែលកកើតរដ្ឋ Kievan Rusជារដ្ឋដែលបង្កើតឡើងថោយបុព្វបុរសជនជាតិរូស្ស៊ី អ៊ុយក្រែន និងបេឡារូស។ មកដល់សម័យសង្រ្គាមត្រជាក់ ទីក្រុងគៀវក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយវាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ ក៏ដូចជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីបីនៅក្នុងសហភាពសូវៀត។ រដ្ឋាភិបាលសូវៀតក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទឹកដីប្រទេសអ៊ុយក្រែនក៏ដូចជាកំពង់ផែនាវាចម្បាំងនិងបានផ្ទុកក្បាលគ្រាប់បរិមាណូចំនួន១៩០០គ្រឿងនៅទីនោះជាដើម។

សារៈសំខាន់នៃអ៊ុយក្រែន

ប្រទេសអ៊ុយក្រែននៅតែដើរតួនាទីសំខាន់នៅក្នុងគោលនយោបាយរដ្ឋាភិបាលរុស្ស៊ីទោះក្រោយបែកបាក់សហភាពសូវៀតក៏ដោយ។ ជាក់ស្តែងសេដ្ឋកិច្ចនិងស្ថានភាពសង្គមរបស់ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជំពាក់ជំពិនជាមួយគ្នា។ ប្រទេសរុស្ស៊ីក៏ធ្លាប់ជាដៃគូពាណិជ្ជកម្មដែលធំជាងគេរបស់ប្រទេសអ៊ុយក្រែនមុនពេលដែលប្រទេសទាំងពីរមានសង្រ្គាមលើតំបន់Crimea។ ប្រទេសរុស្ស៊ីមានបំណងក្នុងការបញ្ចុះបញ្ចូលប្រទេសអ៊ុយក្រែន ដែលជាអតីតសមាជិកសហភាពសូវៀតឱ្យនៅក្នុងទីផ្សាររួមគឺ Eurasian Economic Union ជាមួយប្រទេសដែលជាអតីតសមាជិកដទៃទៀតដូចជាប្រទេសបេឡារូស អាមេនី និងកាហ្សាក់ស្ថានជាដើម។ មួយវិញទៀត ប្រទេសរូស្ស៊ីក៏បានសាងសង់ប្រព័ន្ធបំពង់ប្រេងឆ្លងកាត់ប្រទេសអ៊ុយក្រែនផងដែរ ដែលប្រព័ន្ធនេះគឺសំខាន់សម្រាប់ប្រទេសរុស្ស៊ីក្នុងការបញ្ចូនប្រេងរបស់ខ្លួនទៅលក់ឱ្យប្រទេសក្នុងអឺរ៉ុបខាងលិចនិងកណ្តាល។

ហេតុអ្វីអាមេរិកត្រូវលូកដៃចូលបញ្ហារុស្ស៊ីនិងអ៊ុយក្រែន?

ចំពោះសហរដ្ឋអាមេរិកវិញ ការការពារបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែនគឺសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក។ ជាក់ស្តែងសហរដ្ឋអាមេរិកបានពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈទ្វេភាគីរវាងរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលអ៊ុនក្រែន ក៏ដូចជាតាមរយៈអង្គការណាតូផងដែរ។ ជាក់ស្តែងនៅក្រោយពេលដែលប្រទេសរុស្ស៊ីពង្រាយកងទ័ពនៅក្នុងតំបន់CrimeaនិងDonbasរបស់ប្រទេសអ៊ុយក្រែន អង្គការណាតូមានភាពស្វិតស្វាញក្នុងការធ្វើទំនាក់ទំនងជាមួយនឹងប្រទេសអ៊ុយក្រែនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗលើផ្នែកការពារសន្តិសុខនៅក្នុងតំបន់។ រដ្ឋាភិបាលអ៊ុយក្រែន ជាពិសេសគឺរដ្ឋាភិបាលរបស់លោក Zelensky គឺចាត់ទុកការក្លាយជាសមាជិកអង្គការណាតូជាកិច្ចការសំខាន់មួយសម្រាប់ប្រទេសអ៊ុយក្រែន។ នៅឆ្នាំ២០១៧ សភារបស់អ៊ុយក្រែនបានអនុម័តច្បាប់ដែលជំរុញឱ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិកអង្គការណាតូជាស្នូលមួយនៃគោលនយោបាយសន្តិសុខការបរទេសរបស់ប្រទេសអ៊ុយក្រែន។ មានមូលហេតុពីរដែលសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍លើបញ្ហានេះ។ ទីមួយគឺប្រសិនបើជម្លោះរបស់ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីឈានទៅរកការប្រើកងកម្លាំងប្រដាប់អាវុធនោះ គឺអាចប៉ះពាល់ដល់សុវត្ថិភាពនិងស្ថិរភាពរបស់សហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សព្វថ្ងៃនេះប្រទេសអ៊ុយក្រែនគឺជាខែលដែលបាំងសហភាពអឺរ៉ុបពីប្រទេសរុស្ស៊ីកុំឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់។ ប្រសិនបើប្រទេសអ៊ុយក្រែនត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ីបានដោយជោគជ័យ នោះសហភាពអឺរ៉ុបនឹងប្រឈមនឹងគ្រោះថ្នាក់នៃការឈ្លានពានរបស់ប្រទេសរុស្ស៊ី ហើយភាគឺទាំងពីរនឹងតម្លើងកម្លាំងអាវុធនិងយោធាដាក់គ្នាទៅវិញទៅមក ដែលជាហេតុបង្កភាពតានតឹងទៅដល់សន្តិសុខរបស់ទ្វីបអឺរ៉ុបទាំងមូល។ សហរដ្ឋអាមេរិកក៏ត្រូវចំណាយច្រើនដើម្បីពង្រឹងអង្គការណាតូផងដែរ ដែលនេះអាចត្រូវការទាំងដើមទុនច្រើនពីថវិការដ្ឋាភិបាល។ ទីពីរនោះ គឺវាអាចប៉ះពាល់ដល់កិត្យានុភាពរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមានអំណាចខ្លាំងជាងគេខាងផ្នែកយោធា។ ប្រសិនបើប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនបានដោយជោគជ័យ នោះអាចសរបញ្ជាក់បានថា សហរដ្ឋអាមេរិកនិងអង្គការណាតូគឺចាប់ផ្តើមចុះខ្សោយហើយ។ គួររំលេចបន្តិចថា កិត្យានុភាពយោធារបស់សហរដ្ឋអាមេរិកបានទទួលរងនូវការខូចខាតយ៉ាងដំណំក្រោយពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្រេចចិត្តក្នុងការបោះបង់ចោលបេសសកម្មនៅក្នុងប្រទេសអាហ្វហា្គនីស្ថាន នាដើមឆ្នាំ២០២១នេះ។

សរុបមក ប្រទេសអ៊ុយក្រែននឹងនៅតែជាមុខសញ្ញារបស់ប្រទេសរុស្ស៊ីដែលជាពិសេសគឺរបបរដ្ឋាភិបាលរបស់លោកពូទីននេះឯង នេះគឺដោយសារតែគោលនយោបាយតបស់លោកដែលចង់ពង្រឹងនូវកិត្យានុភាពនិងអំណាចរបស់ប្រទេសរុស្ស៊ីនៅក្នុងឆាកអន្តរជាតិ ហើយប្រទេសអ៊ុយក្រែនគឺជាមុខសញ្ញាសំខាន់មួយដោយសារតែប្រទេសនេះ មានប្រវត្តិសាស្រ្ត សេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ប្រទាក់ប្រទិនជាមួយនឹងប្រទេសនិងអរិយធម៌រុស្ស៊ី។ ប្រទេសអ៊ុយក្រែន នៅក្រោមការដឹកនាំដោយរដ្ឋាភិបាលរបស់លោក Zelensky បច្ចុប្បន្ននេះគឺមានទំនោរទៅរកលោកខាងលិច រាប់ទាំងសហរដ្ឋអាមេរិក។ ចំពោះសហរដ្ឋអាមេរិក ការជួយការពារបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែនគឺមានសារសំខាន់ដោយសារតែនេះជាកាលៈទេសៈដែលអាចប៉ះពាល់ដល់កិត្យានុភាពរបស់ខ្លួនក៏ដូចជាអង្គការណាតូផងដែរ ក្រោយពីសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសតាលីប៉ង់ម្តងទៀត។ ម្យ៉ាងវិញទៀត ប្រសិនបើប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនបានដោយជោគជ័យ នោះវាអាចបង្កអស្ថិរភាពនៅក្នុងតំបន់នៃទ្វីបអឺរ៉ុបទាំងមូល និងបង្កហានិភ៏យដល់សហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង