"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ឌីជីថលយ័ន (Digital Yuan) នឹងក្លាយជាជំហានថ្មីមួយក្នុងប្រព័ន្ធធនាគាររបស់ប្រទេសចិន

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

បដិវត្តន៍ឧស្សាហកម្មក្នុងពិភពលោកបាននឹងកំពុងតែកើតឡើងជាបន្តបន្ទាប់ ពីមួយសម័យកាលទៅមួយសម័យកាល ហើយបដិវត្តន៍ ៤.០ ក្នុងសតវត្សទី២១នេះ បាននាំឱ្យអរិយ្យធម៌មនុស្សជាតិប្រែប្រួលជាខ្លាំង ដោយវាបានក្លាយជាយុគសម័យមួយ ដែលបច្ចេកវិទ្យារីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ ការរីកចម្រើនដ៏ឆាប់រហ័ស បានញ៉ាំងឱ្យបច្ចេកវិទ្យាឌីជីថលដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃ។ របៀបរស់នៅរបស់ប្រជាជនទូទាំងសកលលោក មានការពឹងផ្អែកជាខ្លាំងលើបណ្ដាញបច្ចេកវិទ្យាឥតខ្សែ ឬឌីជីថល។ ជាពិសេសមនុស្សបានងាកមករកស៊ីក្នុងរបៀបថ្មី តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-commerce) ដែលនាំឱ្យតម្រូវការនៃការទូទាត់អេឡិចត្រូនិចកាន់តែពេញនិយម (e-payment) ដោយគេអាចស្កេន QR Code ដើម្បីទូទាត់ប្រាក់ ឬផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ។ លើសពីនេះ ពិភពលោកក៏ផ្ដើមរីកចម្រើនលើវិស័យរូបិយប័ណ្ណឌីជីថល (Cryptocurrency) យ៉ាងឆាប់រហ័សផងដែរ ដោយយើងឃើញមានការបង្កើតរូបិយប័ណ្ណឌីជីថលជាច្រើនដូចជា Bitcoin, Ethereum, Binance, Litecoin និង Ripple ជាដើម។

បច្ចុប្បន្នមនុស្សស្ទើរមិនចាំបាច់កាន់លុយ ឬត្រូវយកកាបូបលុយជាប់ខ្លួនទៀតហើយ គេគ្រាន់តែមានទូរសព្ទដៃទំនើបមួយគ្រឿង ដែលមានគណនីធនាគារ មានកម្មវិធីទូទាត់សាច់ប្រាក់តាមទូរសព្ទ ឬកាតធនាគារជាប់ខ្លួនក៏អាចចាយវាយបានដែរ។ ស្របជាមួយការរីកចម្រើននេះ ធនាគារកណ្ដាលរបស់ចិនបាននឹងកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការបង្កើតរបៀបចាយវាយសម្រាប់យុគសម័យថ្មី ដោយរដ្ឋាភិបាលបានបង្កើតរូបិយវត្ថុឌីជីថលជាតិ ដែលត្រូវបានគេហៅថាឌីជីថលយ័ន ដើម្បីជំនួសសាច់ប្រាក់ និងកាក់ ដែលគេកំពុងប្រើប្រាស់បច្ចុប្បន្ន។ រដ្ឋាភិបាលចិន បាននិងបន្តធ្វើកិច្ចសហប្រតិបត្តិលើការប្រើប្រាស់ រូបិយវត្ថុឌីជីថលយ័នជាមួយក្រុមហ៊ុនទូទាត់សាច់ប្រាក់ Alipay និង WeChat Pay ដែលជាក្រុមហ៊ុនយក្សចិនផងដែរ។ ជាមួយនឹងទស្សនៈវិស័យនេះ ប្រទេសចិនមិនមែនត្រឹមតែចង់ ប្រើប្រាក់ឌីជីថលយ័ន សម្រាប់ចាយវាយក្នុងប្រទេសប៉ុណ្ណោះទេ តែក៏មានមហិច្ឆតាឱ្យរូបិយវត្ថុឌីជីថលជាតិមួយនេះ ក្លាយជារូបិយប័ណ្ណឌីជីថល សម្រាប់ចាយវាយ និងដោះដូរពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិនាពេលអនាគតតែម្ដង។ ទន្ទឹមនឹងការរៀបរាប់ខាងលើ នាំឱ្យមានចម្ងល់មួយចំនួនដែលយើងត្រូវបកស្រាយថាតើ រូបិយវត្ថុឌីជីថលយ័នគឺជាអ្វី? ហេតុអ្វីបានជាចិនបង្កើតរូបិយវត្ថុឌីជីថលយ័ន? តើមហិច្ឆតាក្នុងការដាក់ឱ្យប្រើប្រាស់រូបិយវត្ថុឌីជីថលយ័ន អាចដំណើរការទៅបានដែរឬទេ?

អត្ថប្រយោជន៍នៃរូបិយវត្ថុឌីជីថលយ័នទៅលើសេដ្ឋកិច្ចនិងសង្គមចិន

រូបិយវត្ថុឌីជីថលយ័ន ដែលមានឈ្មោះជាផ្លូវការថា DCEP (Digital Currency Electronic Payment) គឺលុយអេឡិចត្រូនិចដែលត្រូវបានបង្កើតឡើង ដោយធនាគារកណ្ដាលរបស់ប្រទេសចិន និងកំពុងដឹកនាំធ្វើការនេះដោយអង្គភាព CBDC (Central bank digital currency) ចាប់តាំងពីឆ្នាំពីឆ្នាំ ២០១៤មកម្ល៉េះ។ ដោយមើលឃើញពីសន្ទុះនៃការងាកមកទូទាត់ប្រាក់ តាមរយៈទូរសព្ទទំនើបជាជាង ការទូទាត់សាច់ប្រាក់ដោយផ្ទាល់របស់ប្រជាជនចិន រដ្ឋាភិបាលមានទស្សនៈវិស័យថ្មីមួយ គឺការបង្កើតរូបិយវត្ថុឌីជីថលយ័ន ដើម្បីជំនួសក្រដាសប្រាក់ និងកាក់យ័ន ដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនេះ។

ទីផ្សារប្រទេសចិនសព្វថ្ងៃ គឺមានភាពជឿនលឿនខ្លាំង ក្នុងការបង់ប្រាក់ តាមរយៈបណ្ដាញឌីជីថលដែលគ្មានសាច់ប្រាក់ ហើយរូបិយវត្ថុឌីជីថលយ័ន នឹងក្លាយជាមធ្យោបាយថ្មីមួយដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនចិននៅទូទាំងប្រទេសនៅថ្ងៃអនាគត។ យោងតាម CNBC លោក យាន សៀវ (Yan Xiao) ប្រធានគម្រោងពាណិជ្ជកកម្មឌីជីថលលើវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានលើកឡើងថា “ការប្រើប្រាស់សាច់ប្រាក់នឹងមានការថយចុះជាបន្តបន្ទាប់ ហើយនៅទីបំផុតសាច់ប្រាក់នឹងត្រូវបានជំនួសដោយរូបិយប័ណ្ណក្នុងទម្រង់ឌីជីថល”។

លោក ហ្វាន យីហ្វី (Fan Yifei) អគ្គលេខាធិការធនាគារកណ្ដាលចិន បានលើកឡើងថា “វាជាតម្រូវការចាំបាច់ដែលត្រូវធ្វើឌីជីថលភាវូបនីយកម្មលើក្រដាសប្រាក់ និងកាក់យ័ន”។ ការផលិត និងរក្សាទុកសាច់ប្រាក់ ត្រូវបានគេដឹងថាមានតម្លៃថ្លៃ ហើយថែមទាំងងាយស្រួលក្នុងការក្លែងបន្លំ នៅពេលដែលយើងចាយទៀតផង។ បន្ថែមពីនេះ នៅពេលប្រជាជនងាកមកចាយរូបិយវត្ថុឌីជីថលយ័ន វាថែមទាំងផ្ដល់ភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្និន័យប្រើប្រាស់លុយក្នុងសកម្មភាពខុសច្បាប់យ៉ាងងាយ។

តើឌីជីថលយ័នគឺជាប្រភេទនៃ Crypto ដែរឬទេ?

គួរឱ្យដឹងថា ឌីជីថលយ័ន ឬ e-NY មិនដូចគ្នា ទៅនឹងរូបិយប័ណ្ណគ្រីបតូនោះទេ ព្រោះឌីជីថលយ័ន ឬ e-NY ត្រូវបានគ្រប់គ្រងដោយធនាគារកណ្ដាលចិន។ ដោយឡែក រូបិយប័ណ្ណគ្រីបតូមិនត្រូវបានគ្រប់គ្រងដោយរដ្ឋ ឬធនាគារកណ្ដាលប្រទេសណាមួយនោះទេ វាត្រូវបានបង្កើតឡើង ពឹងផ្អែកលើបច្ចេកវិទ្យា Blockchain ហើយគ្មានស្ថាប័នណាមួយគ្រប់គ្រងនោះទេ ព្រោះលក្ខណៈទូលំទូលាយខ្លាំងមែនទែន។

សូមបញ្ជាក់ដែរថា Blockchain ជាប្រព័ន្ធបច្ចេកវិទ្យាកត់ត្រាព័ត៌មានលើកុំព្យូទ័រ ដែលមិនងាយនឹងមានការលួច ឬក្លែងបន្លំទិន្នន័យបានឡើយ។ យោងតាមគេហទំព័រ IBM.com បានបង្ហាញថា វាជាសៀវភៅកត់ត្រាឌីជីថលដែលប្រតិបត្តិការតាមដានសុវត្ថិភាពទ្រព្យសម្បត្តិរូបិយ (ផ្ទះ ឡាន សាច់ប្រាក់ ប្លង់ដី…) និងអរូបិយ (កម្មសិទ្ធិបញ្ញា ប៉ាតង់ យីហោហ្វ្រែនឆាយ…) ហើយស្ទើរតែអ្វីៗទាំងអស់ដែលមានតម្លៃ គឺត្រូវបានតាមដាន និងជួញដូរលើបណ្ដាញ Blockchain ។

គេត្រូវធ្វើបែបណាដើម្បីអាចដំណើរការរូបិយវត្ថុឌីជីថលយ័នបាន?

ធនាគារប្រជាជនចិន (People’s Bank of China) បានដាក់ដំណើរការកម្មវិធីទូរសព្ទមួយដែលអនុញ្ញាត្តិឱ្យប្រជាពលរដ្ឋចិនអាចប្រើប្រាស់បាន នៅតំបន់សំខាន់ៗចំនួន១០ រួមទាំងទីក្រុងធំៗដូចជា សៀងហៃ និងប៉េកាំង ក៏មានការដាក់ឱ្យប្រើប្រាស់រូបិយវត្ថុឌីជីថលយ័នផងដែរ។ បច្ចុប្បន្ននេះ វេទិកាទូទាត់សាច់ប្រាក់ឌីជីថល ដែលមានប្រជាប្រិយរបស់ប្រទេសចិនមានពីរគឺ Ali Pay ជាបុត្រសម្ព័ន្ធរបស់ Alibaba Group និង WeChat Pay របស់ក្រុមហ៊ុនអ៊ីនធឺណិតយក្ស Ten cent។ ទន្ទឹមនឹងប្រជាប្រិយភាពរបស់ខ្លួនលើវិស័យវេទិកាទូទាត់សាច់ប្រាក់ក្នុងប្រទេស ក្រុមហ៊ុនយកទាំងពីរក៏បានបង្ហាញជំហរក្នុងការគាំទ្ររដ្ឋាភិបាល ក្នុងយុទ្ធនាការជំរុញឱ្យប្រជាជនប្រើប្រាស់រូបយិវត្ថុឌីជីថលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

ប៉ុន្តែអ្វីដែលជាចំណោទដែលគួរឱ្យចាប់អាម្មរណ៍ក្នុងយុទ្ធនាការនេះគឺ តើប្រជាជនចិននឹងងាកមកទូទាត់ប្រាក់ឌីជីថលយ័នជាមួយក្រុមហ៊ុនយក្សទាំងពីរដែរឬទេ? ខណៈពេលដែលវាមានលក្ខណៈស្មុគស្មាញជាងការទូទាត់សាច់ប្រាក់ក្នុងពេលបច្ចុប្បន្ន ដោយត្រូវចំណាយពេលទាញយកកម្មវិធីទូរសព្ទរបស់ធនាគារកណ្ដាលដែលមានឈ្មោះថា e-NY ហើយចុះឈ្មោះដាច់ដោយឡែកក្នុងកម្មវិធីនេះ រួចទើបភ្ជាប់ជាមួយ Ali Pay និង WeChat Pay ម្ដងទៀត។ បើយោងតាម CNBC បានបង្ហាញថា ការទាញយកកម្មវិធីទូរសព្ទ និងឈ្មោះចុះច្រើនលើក ជាបញ្ហាមួយដែលរដ្ឋាភិបាលចិនកំពុងតែជួបប្រទះ បើទោះបីជារដ្ឋាភិបាលព្យាយាមទាក់ទាញប្រជាជនឱ្យងាកមកចាយប្រាក់ឌីជីថលយ័ននេះ តាមរយៈការផ្ដល់ឱ្យជារង្វាន់ឆ្នោតផ្សងសំណាងហើយចាយលុយឌីជីថលរាប់សិបលានយ័នឱ្យប្រជាជនហើយក៏ដោយ ក៏ទំនងជាមិនមែនជាមធ្យោបាយល្អក្នុងការទាក់ទាញប្រជាជនឱ្យប្រើប្រាស់រូបិយវត្ថុឌីជីថលនេះដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏នៅតែមានមធ្យោបាយអាចធ្វើឱ្យប្រជាជនងាកមកប្រើរូបិយវត្ថុឌីជីថលបានខ្លះដែរ ជាពិសេសគឺតាមរយៈការបង់ថ្លៃសេវាសាធារណៈផ្សេងៗ។

ឌីជីថលយ័នអាចមានវត្តមានក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិដែរទេ?

រដ្ឋាភិបាលចិនមិនមែនត្រឹមតែជំរុញឱ្យប្រជាជនងាកមកប្រើ រូបិយវត្ថុឌីជីថលរបស់ខ្លួនប៉ុណោ្ណះទេ ថែមទាំងជំរុញឱ្យមានអន្តរភាវូបនីយកម្មនៃប្រាក់យ័ននៅលើឆាកអន្តរជាតិទៀតផង ហើយមានទស្សនៈខ្លះបានយល់ឃើញថា ឌីជីថលយ័នអាចក្លាយជារូបិយប័ណ្ណអន្តរជាតិនៅថ្ងៃខាងមុន ព្រោះវាគឺជាមធ្យោបាយដ៏ងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្ម ដោយប្រទេសចិនកំពុងតែមានភាពឈានមុនគេក្នុងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលស្រាប់។

បើយោងតាមសារព័ត៌មាន Tivium’s Bao របស់ចិន បច្ចុប្បន្ននេះ ចំពោះរូបិយប័ណ្ណឌីជីថលយ័ន រដ្ឋាភិបាលកំពុងតែមានការផ្តោតអារម្មណ៍ក្នុងការដាក់ឱ្យប្រើប្រាស់ក្នុងស្រុកសិនប៉ុណោ្ណះ ហើយការប្រើប្រាស់ជាលក្ខណៈអន្តរជាតិ មិនមែនជាអាទិភាពភ្លាមៗនោះទេ ។ ប៉ុន្តែធនាគារកណ្ដាលចិនបានចាប់ផ្តើមកសាងមូលដ្ឋានរូបិយប័ណ្ណឌីជីថលយ័នដែលត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការឆ្លងប្រទេសជាបណ្ដើរៗ។ កាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលចិន បានចូលរួមជាមួយធនាគារកណ្តាលមកពីប្រទេសថៃ អារ៉ាប់រួម ជាដើម ដើម្បីស្វែងរកគម្រោងទូទាត់រូបិយប័ណ្ណឌីជីថលឆ្លងព្រំដែនរួមគ្នា។

ហេតុនេះប្រសិនបើមើលតាមលទ្ធភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន យើងអាចសន្និដ្ឋានបានថា រូបិយវត្ថុឌីជីថលយ័ននេះ មិនទាន់អាចក្លាយជារូបិយប័ណ្ណសម្រាប់ប្រើប្រាស់ជាលក្ខណៈអន្តរជាតិបាននៅឡើយទេ ព្រោះនៅមានលក្ខណៈខ្វះខាតក្នុងការផ្ដល់ភាពងាយស្រួលដល់ការទូទាត់ ហើយអ្វីដែលជាបញ្ហាចម្បងនោះគឺ ប្រជាជនចិនខ្លួនឯងពុំទាន់មានការប្រើប្រាស់រូបិយវត្ថុឌីជីថលរបស់ខ្លួនជាលក្ខណៈទ្រងទ្រាយទូលំទូលាយគ្រប់គ្នាឡើយ។

ផ្ទុយទៅវិញប្រសិនបើ រដ្ឋាភិបាលចិនអាចដោះស្រាយវិបត្តិក្នុងប្រទេសបាន ដោយធ្វើឱ្យប្រជាជនងាកមកប្រើប្រាក់ឌីជីថលយ័នទូទាំងប្រទេស វានឹងក្លាយជាគន្លឹះមួយដ៏សំខាន់សម្រាប់ពង្រីកវិសាលភាពប្រាក់ឌីជីថលយ័ន។ ម្យ៉ាងវិញទៀតសព្វថ្ងៃ ប្រជាជនចិន ប្រមាណ២៦០លាននាក់ហើយ ដែលបានចាប់ផ្ដើមប្រើប្រាស់រូបិយវត្ថុឌីជីថលយ័នរបស់ខ្លួន ដែលម្ល៉ោះហើយ បើរដ្ឋាភិបាលអាចបង្កើតវិធីសាស្ត្រដែលអនុញ្ញាត្តិឱ្យអ្នកប្រើប្រាស់ រក្សាឯកជនភាពបានល្អ ងាយស្រួលប្រើប្រាស់ រហ័សទាន់ចិត្ត ហើយឌីជីថលយ័នមាននិរន្តភាពប្រកបដោយទំនុកចិត្តខ្ពស់ អ្នកប្រើប្រាស់នឹងមានកំណើនជាបន្តបន្ទាប់យ៉ាងប្រត្យក្ស។ ស្របគ្នាជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃទំហំសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្មអន្តរជាតិ និងការព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល ជាមួយធនាគារកណ្ដាលរបស់ប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ យើងនៅតែអាចមើលឃើញថា ចិនពិតជាមានលទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ឌីជីថលយ័នជាលក្ខណៈអន្តរជាតិ អាចនិយាយបានថា នៅសល់ដំណើរផ្លូវវែងឆ្ងាយទៀត សម្រាប់ឌីជីថលយ័នលើឆាកអន្តរជាតិ ព្រោះសព្វថ្ងៃរូបិយប័ណ្ណដុល្លារត្រូវបានប្រើជា រូបិយ័ណ្ណរបស់ពិភពលោកទៅហើយ ដោយបានគ្រប់ដណ្ដប់រហូតដល់ ៦២% ឯណោះ។ ប៉ុន្តែ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ណោង សុខនិមល
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង