"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើប្រទេសឡាវក្លាយជាប្រទេសកុម្មុយនីស្ដយ៉ាងដូចម្ដេច?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សោម សុជាតា

ប្រទេសឡាវជាប្រទេសមួយស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងហើយក៏បានធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលដែលទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ច្រើនឆ្នាំផងដែរ។ ប្រទេសនេះបច្ចុប្បន្នជាប្រទេសមួយដែលប្រកាន់លិទ្ធិកុម្មុយនីស្ដក្រោមបក្សតែមួយរបស់ខ្លួនគឺជាគណបក្សប្រជាជនបដិវត្ដឡាវ។ ដំបូងឡើយ ប្រទេសឡាវជាប្រទេសមួយដែលប្រកាន់យករបបរាជានិយមតាំងដើមមករហូតដល់ឆ្នាំ១៩៧៥ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាសង្គ្រាមផ្ទៃក្នុង ការនៅក្រោមចំណុះសៀម និងក្រោមអាណានិគមបារាំងជាដើម។ មួយវិញទៀតឡាវធ្លាប់ជាប្រទេសមួយដែលមានទឹកដីធំក្នុងអាស៊ីអាគ្នេយ៍ផងដែរ មានឈ្មោះថា «ឡាងសាង»។ បន្ទាប់ពីទទួលឯករាជ្យពីបារាំង ប្រទេសនេះនៅតែប្រកាន់របបរាជានិយមហើយមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ»។ ប៉ុន្តែដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដែលជាសង្គ្រាមរវាងទីក្រុងវៀងច័ន្ទនិងចលនាកុម្មុយនីស្ដក្នុងប្រទេសដែលមានវៀតណាមនិងសម្ព័ន្ធមិត្តកុម្មុយនីស្ដដទៃទៀតនៅពីក្រោយ។ ដោយសារតែចលនាកុម្មុយនីស្ដក្នុងប្រទេសឡាវកាន់តែមានសកម្មភាពក្នុងការប្រយុទ្ធកាន់តែខ្លាំងទើបធ្វើឱ្យរាជធានីវៀងច័ន្ទបានប្តូរពី «ព្រះរាជាណាចក្រឡាវ» ទៅជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនិងបដិវត្ដផ្លាស់ប្តូររបស់ពួកកុម្មុយនីស្ដប៉ាថេតឡាវ។ តើមានព្រឹត្តិការណ៍អ្វីខ្លះនៃការតស៊ូរបស់ពួកប៉ាថេតឡាវដែលបានធ្វើបដិវត្ដប្តូររបបរាជានិយមទៅជារបបកុម្មុយនីស្ដដោយជោគជ័យ?

១. ចលនាកុម្មុយនីស្ដឡាវក្នុងព្រះរាជាណាចក្រឡាវឯករាជ្យ

ប្រទេសឡាវជាប្រទេសមួយដែលស្ថិតក្នុងតំបន់ឥណ្ឌូចិនហើយធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង។ ប្រទេសនេះបានទទួលបានឯករាជ្យពេញលេញក្នុងឆ្នាំ១៩៥៤បន្ទាប់ពីសន្និសីទទីក្រុងហ្សឺណែវដែលតម្រូវឱ្យបារាំងដកទ័ពទាំងអស់ចេញពីឥណ្ឌូចិនទាំងអស់។ បន្ទាប់ពីទទួលបានឯករាជ្យ ប្រទេសឡាវនៅតែជាប្រទេសរាជានិយមមានឈ្មោះថា «ព្រះរាជាណាចក្រឡាវ» ហើយរបបនេះបានគ្រប់គ្រងលើគ្រប់ផ្នែកទាំងអស់នៃប្រទេសឡាវលើកលែងតែខេត្តពីរប៉ុណ្ណោះដែលស្ថិតក្នុងការគ្រប់គ្រងដោយពួកកុម្មុយនីស្ដគឺខេត្តសាមណឿ និងខេត្តផុងសាលី។ ចលនាកុម្មុយនីស្ដប៉ាថេតឡាវក៏មានគណបក្សមួយមានឈ្មោះថា «គណបក្សបដិវត្ដប្រជាជនឡាវ» ដែលកើតចេញពីគណបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៣០និងបក្សនេះបានបង្កើតឆ្នាំ១៩៥៥។ ចលនាកុម្មុយនីស្ដឡាវមានមេដឹកនាំសំខាន់ៗដូចជាព្រះអង្គម្ចាស់ សុផានុវង្ស ដែលជាខ្សែរាជវង្សដែលមាននិន្នាការឆ្វេងនិយម លោក កៃសន ព្រហ្មវិហានដែលមេដឹកនាំដ៏មានឥទ្ធិពលមួយរូបក្នុងចលនាប៉ាថេតឡាវមួយនេះ។ ក្នុងនោះផងដែរ ពួកកុម្មុយនីស្ដឡាវក៏បានដើរតួនាទីច្រើនផងដែរក្នុងការទាមទារឯករាជ្យឡាវ តែបន្ទាប់ពីសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលបានបញ្ជាក់ពីការដកទ័ពបារាំងចេញពីឥណ្ឌូចិនទាំងមូល ក្នុងនោះចលនាកុម្មុយនីស្ដដែលបានខេត្តចំនួនពីរនៅប្រទេសឡាវតាំងពីការតស៊ូជាមួយបារាំងនោះត្រូវបានគេកំណត់ជាកងកម្លាំងដែលត្រូវធ្វើការចូលរួមជាមួយរាជរដ្ឋាភិបាលឡាវវិញនិងត្រូវស្វែងរកកិច្ចសញ្ញាបណ្តោះអាសន្ឬកិច្ចចរចាណាមួយរវាងពួកកុម្មុយនីស្ដនិងរាជរដ្ឋាភិបាលទីក្រុងវៀងច័ន្ទដើម្បីធ្វើឱ្យប្រទេសឡាវជាប្រទេសដែលជ្រកក្រោមព្រះរាជបល្ល័ង្គតែមួយ។ រាជរដ្ឋាភិបាលឡាវក៏មានការចរចាជាច្រើនផងដែររវាងខ្លួននិងខាងកុម្មុយនីស្ដដែរ ដោយពេលខ្លះបានយល់ព្រមឱ្យអាសនៈក្នុងសភាទៅដល់ពួកឆ្វេងនិយមនិងបញ្ចូលឈ្មោះក្នុងរាជរដ្ឋាភិបាលផងដែរ។ ប៉ុន្តែដោយសារសម័យនោះស្ថិតក្នុងសង្គ្រាមត្រជាក់ អ្នកនយោបាយរបស់ឡាវដែលមិនមែនជាពួកឆ្វេងនិយមហើយមានការគាំទ្រពីសហរដ្ឋអាមេរិកផងនោះ បានធ្វើការបោសសម្អាតពួកកុម្មុយនីស្ដ ជាពិសេសនៅអំឡុងឆ្នាំ១៩៥៩។ ហេតុនេះបានធ្វើឱ្យចលនាកុម្មុយនីស្ដនេះលែងមានការទុកចិត្តលើសំណើរបស់ពួកអ្នកនយោបាយក្នុងជួររាជរដ្ឋាភិបាលឡាវនិងមិនព្រមងាយទទួលការចរចាណាមួយឡើយនិងដោយមានការគាំទ្រពីវៀតណាមខាងជើងផងនោះ ពួកគេមិនព្រមបដិសេធធ្វើសមាហរណកម្មនិងបានការតស៊ូយ៉ាងខ្លាំងដើម្បីឆ្ពោះទៅកាន់ការរំដោះរដ្ឋពួកគេឱ្យដើរតាមមាគ៌ាបដិវត្ដរបស់ពួកគេ។

២.សង្គ្រាមស៊ីវិលនិងជ័យជំនះនៃបដិវត្ដរបស់ពួកកុម្មុយនីស្ដ

ព្រះរាជាណាចក្រឡាវ បានជួបសង្គ្រាមស៊ីវិលជាមួយពួកកុម្មុយនីស្ដចាប់តាំងពីពេលទទួលបានឯករាជ្យមកម្ល៉េះ។ ទោះបីជាមានកិច្ចចរចាគ្នាយ៉ាងណាក៏ដោយ ក៏ភាពមិនទុកចិត្តគ្នាមិនអាចបញ្ចៀសពីសង្គ្រាមក្នុងប្រទេសបានឡើយក្នុងអំឡុងពេលដែលពិភពលោកជួបប្រទះសង្គ្រាមមនោគមវិជ្ជា។ មួយវិញទៀត សិ្ថរភាពនយោបាយឡាវនាពេលនោះគឺមិនមានលំនឹងទេព្រោះរដ្ឋប្រហារបានកើតឡើងជាច្រើនដង ដើម្បីកម្ចាត់ពួកកុម្មុយនីស្ដ ដែលរដ្ឋប្រហារទាំងនោះមានការគាំទ្រដោយសហរដ្ឋអាមេរិកជាពិសេសនៅឆ្នាំ១៩៦០ដែលអនុសេនីយវ័យក្មេង គង់ ឡែ បានរៀបចំរដ្ឋប្រហារមួយដែលចង់ពួកឱ្យប្រទេសឡាវជានីតិរដ្ឋដ៏ពិតប្រាកដមួយ។ បើយើងនិយាយពីសង្រ្គាមស៊ីវិលឡាវក៏មានជាមានជាប់ទាក់ទងនឹងសង្រ្គាមក្នុងប្រទេសវៀតណាមផងដែរ ព្រោះប្រទេសវៀតណាមខាងជើងបានធ្វើការគាំទ្រក្រុមប៉ាថេតឡាវក្នុងការប្រយុទ្ធនឹងរាជរដ្ឋាភិបាលឡាវ។ ក្នុងនោះផងដែរ យើងបានឃើញថាទ័ពកុម្មុយនីស្ដជាទ័ពព្រៃទើបបណ្តាលឱ្យរាជរដ្ឋាភិបាលឡាវនិងអាមេរិកបានព្យាយាមកម្ទេចដោយការទម្លាក់គ្រាប់បែកដើម្បីកម្ចាត់ទាំងទ័ពកុម្មុយនីស្ដឡាវនិងវៀតណាមជាពិសេសផ្លូវលំហូជីមិញក្នុងប្រទេសឡាវផងដែរ។ កងទ័ពប៉ាថេតឡាវចាប់ផ្តើមមានកម្លាំងជាងកងទ័ពជាតិឡាវវិញបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ នៅពេលដែលអាមេរិកដកកងទ័ពខ្លួនចេញពីវៀតណាម។ នៅពេលអាមេរិកដកទ័ពចេញពីវៀតណាមគឺប្រៀបបានដូចជាការដកចេញពីឥណ្ឌូចិនទាំងមូលហើយបានធ្វើឈប់ផ្តល់អាវុធនិងការគាំទ្រធ្វើសង្រ្គាមក្នុងប្រទេសឡាវច្រើនដូចមុនទៀត។ ហេតុនេះហើយ បានផ្តល់ឱកាសឱ្យកងទ័ពប៉ាថេតឡាវបានធ្វើការវាយប្រហារយ៉ាងខ្លាំង ដោយមានការគាំទ្រពីសមមិត្តកុម្មុយនីស្ដវៀតណាមជួយផងនោះបានធ្វើឱ្យពួកប៉ាថេតឡាវទទួលជ័យជំនះលើទ័ពរាជរដ្ឋាភិបាលនិងបញ្ចប់របបរាជានិយមក្នុងប្រទេសឡាវក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥។ ហើយនេះគឺជាជ័យជំនះនៃបដិវត្ដពួកកុម្មុយនីស្ដប៉ាថេតឡាវនិងប្រកាសប្រទេសជា «សាធារណប្រជាមានិតប្រជាធិបតេយ្យឡាវ» ក្រោមការគ្រប់គ្រងបក្សប្រជាជនបដិវត្ដឡាវ ដែលមានព្រះម្ចាស់សុផានុវង្សជាប្រធានាធិបតី និងលោក កៃសន ព្រហ្មវិហានជានាយករដ្ឋមន្រ្តីដំបូងនៃរដ្ឋាភិបាលកុម្មុយនីស្ដដំបូងនេះផងដែរ។

សរុបមកជ័យជំនះនៃបដិវត្ដនេះគឺកើតឡើងចេញពីសង្រ្គាមស៊ីវិលក្នុងប្រទេសដែលស្ថិតក្រោមឥទ្ធិពលសង្រ្គាមត្រជាក់។ កងទ័ពរាជរដ្ឋាភិបាលឡាវដែលមានការគាំទ្រពីអាមេរិកមានការធ្លាក់ដៃជាខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានធ្វើឱ្យអាមេរិកដកទ័ពចេញពីវៀតណាមខាងត្បូងក៏ដូចជាឥណ្ឌូចិនទាំងមូល ហើយធ្វើពួកកុម្មុយនីស្ដប៉ាថេតឡាវបានវាយប្រឆាំងនិងបានធ្វើបដិវត្ដបានជោគជ័យក្នុងឆ្នាំ១៩៧៥និងបានដឹកនាំប្រទេសឡាវតរហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់បក្សបដិវត្ដប្រជាជនឡាវតែមួយគត់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង