"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ តើអ្វីគឺជាអាស៊ានបូកបី “ASEAN Plus Three”?

គំនូរច្នៃប្រឌិតដោយ៖ Torez

អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three”  និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។  នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។

១. ​អ្វីទៅជា អាស៊ានបូកបី (​APT)?​

អាស៊ានបូកបី (APT) នេះគឺជាដៃគូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសដែលជាសមាជិកអាស៊ានទាំងដប់រួមមាន៖ ប្រទេសព្រុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូណេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម ជាមួយនឹងប្រទេសជាដៃគូសហការដែលមិនជាសមាជិកអាស៊ានចំនួនបី រួមមានដូចជា ប្រទេសចិន ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង។ អាស៊ានបូកបី(APT) បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការដំបូងឡើយគឺនៅឆ្នាំ១៩៩៧ ហើយបានដាក់ចេញជាផ្លូការនៅឆ្នាំ១៩៩៩ នៅពេលដែលមេដឹកនាំនីមួយៗតំណាងប្រទេសដែលជាសមាជិក​នៃកិច្ចសហប្រតិបត្តិការនេះបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) លើកទីបីរបស់ពួកគេនៅទីក្រុងម៉ានីល។  ចាប់តាំងពីពេលនោះមក ដំណើរការកិច្ចសហប្រតិបត្តិការនេះ បានវិវឌ្ឍជាយានជំនិះដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។ អាស៊ានបូកបី (APT) បានយល់ព្រមរវាងគ្នានៅក្នុងការពង្រឹងកិច្ចសន្ទនាគោលនយោបាយ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាហិរញ្ញវត្ថុ រូបិយវត្ថុ និងសារពើពន្ធដែលមានផលប្រយោជន៍រួម។  ដំបូងឡើយ វាផ្តោតលើតែបញ្ហាទាក់ទងនឹងការគ្រប់គ្រងហានិភ័យម៉ាក្រូសេដ្ឋកិច្ច ការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការត្រួតពិនិត្យលំហូរមូលធនក្នុងតំបន់ ការពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ប៉ុន្តែកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីនេះ បានពង្រីកបន្ត និងស៊ីជម្រៅលើវិស័យជាច្រើនទៀត រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្មនិងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ បរិស្ថាន កសិកម្មនិងព្រៃឈើ ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម។

២. ដំណើរការឆ្ពោះទៅការបង្កើតអាស៊ានបូកបី(APT)​

មុននឹងមានការបង្កើតឡើងនូវអាស៊ានបូកបី (APT)នេះ គឺមានការស្នើឡើងមួយដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​​​​ Mahathir Mohamad ក្នុងឆ្នាំ ១៩៩០ ដែលបានធ្វើការស្នើឱ្យមានការបង្កើត វេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEC) ឬក្រុមសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEG) រវាងប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ក្នុង បំណងទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើងនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងអាស៊ីទាំងមូល។ ការស្នើឡើងEAEC គឺអាចចាត់ទុកថាជាប្រតិកម្មចំពោះការធ្វើសមាហរណកម្មរបស់អាស៊ានទៅក្នុង APEC ដោយលោក Mahathir ដែលប្រកាន់ខ្ជាប់នូវទស្សនៈ Pan-Asian ដ៏រឹងមាំរបស់គាត់។  ទោះជាយ៉ាងណាក៏ដោយ សំណើរនេះត្រូវបានបរាជ័យដោយសារតែមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកផង និងព្រមទាំងការបដិសេដមិនចូលរួមពីប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូងផង។ ក្រោយមកនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ បានកើតឡើង ហើយគួបផ្សំនឹងការអាក់អន់ចិត្តក្នុងតំបន់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការដោះស្រាយវិបត្តិរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុមអាស៊ីបូព៌ា ដែលវាហាក់បីដូចជាផ្តល់ឱកាសថ្មីដល់គំនិតអាស៊ីបូព៌ារបស់លោក Mahathirផុសឡើងមកម្ដងទៀត។ បើទោះបីជាកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចេញមុនវិបត្តិហិរញ្ញវត្ថុអាស៊ីក៏ដោយ គេច្រើនចាត់ទុកកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ថាឈ្មោះផ្សេងមួយទៀតរបស់ ” វេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEC) ឬក្រុមសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEG)” ។ បន្ទាប់មក មានការធ្វើការងារសម្រាប់សមាហរណកម្មបន្ថែមទៀតក៏បានបន្ត ហើយអាស៊ានបូកបី ដែលមានអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានបង្កើតនៅក្នុងខែធ្នូ ឆ្នាំ ១៩៩៧ នៅពេលកិច្ចប្រជុំកំពូលក្រៅផ្លូវការ​អាស៊ានលើកទី ២ នៅប្រទេសម៉ាឡេស៊ីក្នុងចំណោមមេដឹកនាំអាស៊ាន និងចិន ជប៉ុន និង កូរ៉េខាងត្បូង។ ហើយបានដាក់ចេញជាផ្លូការនៅឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទីបីនៅទីក្រុងម៉ានីល ហើយបានកោះប្រជុំលើកទី១ របស់ពួកគេនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃក្នុងខែឧសភា ឆ្នាំ ២០០០។

៣.​តើអាស៊ានបូកបីបានធ្វើអ្វីខ្លះ​តាំងពីបង្កើតឡើងមក?

នៅពេលកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ានលើកទី ២ នៅប្រទេសម៉ាឡេស៊ី បានចេញនូវសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅឆ្នាំ១៩៩៧ ដែលបានកំណត់គោលដៅសំខាន់ៗ គោលការណ៍ និងទិសដៅបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការប្រទេស អាស៊ានបូកបី (APT) ។  នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ អាស៊ានបូកបី (APT) បានសម្រេចចិត្តពង្រឹង និងស៊ីជម្រៅកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គម នយោបាយ និងវិស័យផ្សេងៗទៀត។ ចាប់តាំងពីពេលនោះមក ក្របខណ្ឌ អាស៊ានបូកបី (APT) បានក្លាយជាធាតុសំខាន់មួយសម្រាប់ការជំរុញនិយមក្នុងតំបន់អាស៊ីបូព៌ា។  កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានពង្រីកយ៉ាងស៊ីជម្រៅ ដើម្បីគ្របដណ្តប់លើផ្នែកជាច្រើននៃផ្នែកនយោបាយ និងសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន  ពាណិជ្ជកម្មនិងការវិនិយោគ  ហិរញ្ញវត្ថុ  ទេសចរណ៍ កសិកម្មនិងព្រៃឈើ  ថាមពល  សារធាតុរ៉ែ សហគ្រាសធុនតូចនិងមធ្យម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត  បរិស្ថាន  ការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ  សុខុមាលភាព​សង្គម  ភាពចាស់សកម្ម  យុវជន  ស្ត្រី  សេវាកម្ម​ស៊ីវិល  ពលកម្ម  វប្បធម៌និងសិល្បៈ  ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ  ការអប់រំ  ការគ្រប់គ្រងគ្រោះមហន្តរាយ  សុខភាព​សាធារណៈ និងការតភ្ជាប់រវាងបណ្ដាប្រទេសនៅតំបន់អាស៊ីតំបន់ អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។

ជារួមមក អាស៊ានបូកបី គឺជាវេទិកានិង ជាអ្នកសម្របសម្រួលមួយដែលសំខាន់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីដែលរួមមាន​ ប្រទេសចិន ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ១៩៩៧ អាស៊ានបូកបីបានតួយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងតំបន់​ លើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ពង្រឹងសន្តិសុខថាមពលនិងកិច្ចសហប្រតិបត្តិការ​ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ណុល ដារ៉ាវិស័យ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង