"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ ដំណើរដែលឈានទៅដល់បដិវត្ដន៍ផ្កាកុលាប

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

ចលនាបដិវត្តន៍ បានលេចឡើងនៅក្នុងសកលលោកយើងនេះអស់រយៈកាលជាយូរមកហើយ   ជាពិសេស គឺនៅក្នុងកំឡុងសតវត្សទី២០។      ចលនាបដិវត្តន៍ទាំងនោះភាគច្រើនមានការផ្ដួចផ្ដើមពីអ្នកដែលមានអំណាចក្នុងសង្គម    ដែលរួបរួមប្រជាពលរដ្ឋ ឱ្យទាំងអស់ងើបឡើងប្រឆាំងបះបោរជាមួយនឹងភាពអវិជ្ជមានដែលបានកើតឡើងនៅក្នុងសង្គមដែលគេកំពុងស្ថិតនៅ។​      ស្របជាមួយគ្នានេះដែរ គេសង្កេតឃើញថា បដិវត្តន៍ជាច្រើនឡើងបានកើតឡើងបន្ទាប់ពីសហភាពសូវៀតបានដួលរលំ។  និយាយចូលមកដល់ចំណុចបញ្ហាមួយនេះ ប្រទេសហ្សកហ្ស៊ី ដែលជាអតីតប្រទេសស្ថិតនៅក្រោមសហភាពសូវៀត មានបដិវត្តដែលល្បីល្បាញមួយដែលគេស្គាល់ថាជា ចលនាបដិវត្តន៍ផ្កាកូលាប។ តើបដិវត្តន៍ផ្កាកូលាបនេះ មានដំណើរការ ឫរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ?

ប្រកាសឯករាជ្យ តែទៅជួបការដើរថយក្រោយដោយសាររបបផ្ដាច់ការ

ជាក់ស្តែង បន្ទាប់ពីប្រទេសហ្សកហ្ស៊ី បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀតនៅខែមេសាឆ្នាំ១៩៩១រួចមក ភ្លាមៗនោះបញ្ហាជាច្រើនបានកើតឡើងនៅក្នុងប្រទេសដែលទើបទទួលបានឯករាជ្យមួយនេះ។ រឿងរ៉ាវដែលបានកើតឡើងនោះគឺប្រធានាធិបតីទីមួយ លោក ហ្ស៉ីវែត កាំសាឃូឌៀ​(Zviad Gamsakhurdia) បានសម្រេចចិត្តគ្រប់គ្រងរដ្ឋ ដោយដើរតាមរបបផ្តាច់ការ ដែលរបៀបគ្រប់គ្រងមួយនេះមិនអាចនាំសង្គមទៅរកស្ថិរភាព ចីរភាព និងការអភិវឌ្ឍបាន។ អស់រយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានឋានៈជាប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ត្រូវបានគេទម្លាក់ចេញពីតំណែងភ្លាមៗតាមរយៈការធ្វើរដ្ឋប្រហារ ។ ក្រោយមក លោក អេដ្វ៉ាត ហ្សេវ៉ាណាតហ្សេរ (Eduard Shevardnadze) ដែលត្រូវបានគេមើលឃើញថា មានសមត្ថភាពល្អគ្រប់គ្រាន់ ត្រូវបានជ្រើសរើសជាប្រធានាធិបតីទីពីររបស់សាធារណរដ្ឋហ្សកហ្ស៊ីក្នុងឆ្នាំ ១៩៩៥ ក្រោយពីការទាញទម្លាក់អតីតប្រធានាធិបតី លោក ហ្ស៉ីវែត កាំសាឃូឌៀ ចេញពីតំណែង។ បន្ទាប់ពីការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីនៃអាណត្តិនេះ ជម្លោះបង្ហូរឈាមជាច្រើន បានវាយលុកចូលមកប្រទេសដែលទើបនឹងរីកចម្រើនលូតលាស់មួយនេះ ពោលគឺនៅពេលគ្រាដំបូងៗ នៃអាណត្តិរបស់លោក ហ្សេវ៉ាណាតហ្សេរ ដែលមានដូចជាការបរាជ័យផ្នែកយោធា អំពើហិង្សាលើជនជាតិភាគតិច ជម្លោះផ្ទៃក្នុងជាដើម។ល។ ក្នុងអំឡុងពេលនោះ រដ្ឋាភិបាលរបស់ ហ្សេវ៉ាណាតហ្សេរ បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានធ្លាក់ចុះជាលំដាប់នូវការគាំទ្រ ក៏ដូចជាប្រជាប្រិយភាព។ អស្ថិរភាពក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក ហ្សេវ៉ាណាតហ្សេរ បាននាំឱ្យកើតមានភាពក្រីក្រ និងការជាប់គាំងសេដ្ឋកិច្ចជាខ្លាំង និងរួមទាំងភាពចម្រូងចម្រាស់ជាមួយរដ្ឋាភិបាលខ្លួនផ្ទាល់ បានទាញយកប្រទេសនេះទៅរកភាពអន្តរាយ គឺការរង្គោះរង្គើនៃរដ្ឋ (Fragile State)។

របត់ដែលឈានទៅដល់ចលនាបដិវត្តន៍ផ្កាកុលាប

នៅថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០០៣ ការបោះឆ្នោតត្រូវបានប្រារព្ធឡើងសម្រាប់ការជ្រើសរើសសភាជាតិហ្សកហ្ស៊ី។ ការបោះឆ្នោតមួយនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ណាស់ សម្រាប់ការដាក់ជាមូលដ្ឋានគ្រឹះក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០០៥។​  ប្រជាជនទាំងអស់សង្ឃឹមថានឹងជ្រើសរើសបាននរណាម្នាក់ដែលអាចជំរុញប្រទេសឆ្ពោះទៅមុខផុតពីទុក្ខកង្វល់ទាំងនេះ។ ដោយគេសង្ស័យថាលោក ហ្សេវ៉ាណាតហ្សេរ បានបន្លំការបោះឆ្នោត នោះទើបមានការតវ៉ាអហិង្សាបានផ្ទុះឡើងភ្លាមៗនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០០៣ បន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតជាសាធារណៈ។ ដូច្នេះហើយបានជាមានការអំពាវនាវឱ្យ ពួកក្រុមបាតុករទាំងឡាយនាំគ្នាបង្ខំឱ្យលោក ហ្សេវ៉ាណាតហ្សេរ លាលែងពីតំណែង ហើយឱ្យមានការបោះឆ្នោតជាថ្មី ដែលនឹងត្រូវធ្វើឡើងនៅខែមករាក្នុងឆ្នាំបន្ទាប់។ ចលនានេះ​ ត្រូវបានបំផុសឡើង និងគាំទ្រដោយ លោក មីឃែល ហ្សាកាស្ស៉ីវីលី (Mikheil Saakashvili)ដែលជាអ្នកនយោបាយម្នាក់មានគោលបំណងចង់ស្តារជាតិចេញពីភាពអនាធិបតេយ្យ និងឆ្ពោះទៅរកកំណែទម្រង់ថ្មីៗដើម្បីការអភិវឌ្ឍទៅមុខ។ លោក មីឃែល ហ្សាកាស្ស៉ីវីលី បានបណ្តុះស្មារតីជាតិនិយមដល់ពលរដ្ឋគ្រប់រូប ហើយរួបរួមគ្នាប្រឆាំងនឹងភាពពុករលួយដែលកើតឡើងក្នុងអាណត្តិរបស់លោក ហ្សេវ៉ាណាតហ្សេរ ពិសេសអំឡុងពេលបោះឆ្នោត។ ជនជាតិនិយមទាំងអស់កាន់ផ្កាកូលាបក្រហមនៅនឹងដៃ ដើម្បីរំលឹកដល់ការពុះពាររបស់ជនរួមជាតិតាំងពីសម័យសហភាពសូវៀតមក។ អស់រយៈពេល ២០​ ថ្ងៃទើប បដិវត្តន៍មួយនេះទទួលបានផ្លែផ្កាល្អប្រសើរមួយ ដោយលោក ហ្សេវ៉ាណាតហ្សេរ បានលាលែងចេញពីតំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋហ្សកហ្ស៉ី។ ជាលទ្ធផល លោក មីឃែល ហ្សាកាស្ស៉ីវីលី បានក្លាយជាអ្នកដឹកនាំប្រទេស ដោយអនុវត្តតាមទ្រឹស្តីចលនាបដិវត្តន៍ផ្កាកូលាប ពោលគឺធ្វើឱ្យជាតិរីកចម្រើនខុសពីការដឹកនាំមុនៗ។

ចលនាបដិវត្តន៍ផ្កាកូលាបនេះ ត្រូវបានគេកំណត់ថាស្ថិតក្នុងចំណោមហេតុការណ៍សំខាន់ៗជាច្រើន ដែលនាំឱ្យមានការអភិវឌ្ឍប្រទេសហ្សកហ្ស៉ីដល់សព្វថ្ងៃ។ ចលនានេះបាននាំយកមកនូវ​ កំណែទម្រង់ធំៗចំពោះរដ្ឋាភិបាលចាស់ៗ ហើយក៏ដូចជាពង្រឹងសេដ្ឋកិច្ចឱ្យរីកលូតលាស់បែបជាសកលភូនីយកម្ម និងសេរី។ ទន្ទឹមនេះ សាធារណរដ្ឋហ្សកហ្ស៉ីក៏ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច ការរីកចម្រើនលឿន និងសុខសុវត្ថិភាពបំផុតក្នុងបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប។ បដិវត្តន៍ផ្កាកុលាបមួយនេះក៏បានបង្កើនល្បឿនយ៉ាងខ្លាំងដល់ដំណើរការនយោបាយដែលរដ្ឋបានគ្រោងទុក ដោយបានដោះស្រាយបញ្ហាមូលដ្ឋានមួយចំនួន និងបើកទ្វារស្វែងរកឱកាសថ្មីៗ​ ដូចជា ជំនួញ កិច្ចព្រមព្រៀង ឬ ដៃគូសហការជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បដិវត្តន៍ផ្កាកុលាប បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសដែលជាអតីតសមាជិកសហភាពសូវៀត។ វាគឺជាជ័យជម្នះដែលបំផុសគំនិតសម្រាប់លទ្ធិប្រជាធិបតេយ្យ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការតវ៉ាប្រឆាំងដោយ​សន្តិវិធី ឬការដោះស្រាយ​ជម្លោះ​រវាង​រដ្ឋនិង​សង្គម​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ផេង ធាន
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ