"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ ៖ បញ្ហាមីយ៉ាន់ម៉ាស្ថិតក្នុងដៃរបស់ប្រធានអាស៊ានថ្មីឆ្នាំ២០២៣

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

បន្ទាប់ពីបញ្ចប់២០២២និងបានឈានចូលឆ្នាំ២០២៣គឺជាពេលដែលបានដល់វេនប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា។ មិនខុសពី២ឆ្នាំមុនដែលយើងឃើញថាបញ្ហាមីយ៉ាន់ម៉ានៅតែជាបញ្ហាមួយដែលអាស៊ានមិនអាចមើលរំលងបាន។ សំរាប់រយៈពេល២ឆ្នាំនេះប្រធានអាស៊ានទាំងកម្ពុជានិងព្រុយណេសុទ្ធតែបានខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែនៅតែមិនអាចឈានដល់ជោគជ័យបាន។​ ប្រទេសអាស៊ានមួយចំនួននៅតែមិនពេញចិត្តចំពោះទង្វើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលរំលោភទៅដល់សិទ្ធិមនុស្សជាខ្លាំងដូចជាការឃុំអ្នកទោសនយោបាយ រួមទាំងការប្រហារជីវិតដល់អ្នកនយោបាយនិងសិស្សនិស្សិតផងដែរ។ ក្នុងករណីនេះ កម្ពុជាជាប្រធានអាស៊ាននិងបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនិងមានការស្នើសុំមីយ៉ាន់ម៉ាកុំឱ្យមានការប្រហារជីវិតជនស្លូតត្រង់និងអ្នកប្រឆាំងខ្លួនក៏ដោយ។ បញ្ហាមីយ៉ាន់ម៉ាបានធ្វើឱ្យកៅអីខ្លួននៅទំនេរដែលអាស៊ានបានយល់ព្រមឱ្យតែត្រឹមអ្នកតំណាងមិនមែនជាអ្នកនយោបាយចូលប្រជុំប៉ុណ្ណោះ តែមីយ៉ាន់ម៉ានៅតែធ្វើពហិការមិនចូលប្រជុំតាំងពីឆ្នាំ២០២១រហូតដល់ឆ្នាំ២០២២។ ដោយឡែកនៅឆ្នាំ២០២៣នេះ បញ្ហាមីយ៉ាន់ម៉ាត្រូវធ្លាក់ទៅក្នុងដៃប្រធានអាស៊ានទី៣ ដែលជាប្រទេសឥណ្ឌូនេស៊ី។ ដូចដែលយើងបានដឹងហើយថាឥណ្ឌូនេស៊ីជាប្រទេសមួយដែលមិនគាំទ្រនឹងរបបយោធាមីយ៉ាន់ម៉ានិងមានការថ្កោលទោសខ្លាំងបំផុតលើបញ្ហានេះព្រោះតែមីយ៉ាន់ម៉ាមិនបានគោរពនូវគោលការណ៍ទាំង៥ដែលចេញដោយអាស៊ាន និងបណ្ដោយឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរជាមួយថ្ងៃទៅមួយថ្ងៃ។ តើប្រធានអាស៊ានថ្មីមានជំហរបែបណានិងត្រូវមានវិធានការដោះស្រាយដូចម្តេចចំពោះបញ្ហាមីយ៉ាន់ម៉ា?

ក្នុងឆ្នាំ២០២៣នេះគឺជាឆ្នាំដែលប្រទេសឥណ្ឌូនេស៊ីត្រូវតតំណែងជាប្រធានអាស៊ានបន្ទាប់ពីប្រទេសកម្ពុជាហើយក៏ជាឆ្នាំទី៣នៃបញ្ហាមីយ៉ាន់ម៉ាកើតឡើងផងដែរ។ បន្ទាប់ពីមានការឆ្លងកាត់ការខិតខំដោះស្រាយដោយប្រធានអាស៊ានចំនួនពីររួចមកគឺដល់ពេលឥណ្ឌូនេស៊ីជាអ្នកចូលខ្លួនមកកាន់លើបញ្ហានេះម្តង។ តាមគោលការណ៏ទាំង៥ចំណុចក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ីត្រូវតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរបន្ទាប់ពីកម្ពុជា។ បើយើងមើលលើគោលជំហររបស់ឥណ្ឌូនេស៊ីតាំងពីបញ្ហានេះកើតឡើងគឺប្រទេសនេះបានខិតខំជួយប្រទេសនេះនិងបានប្រឆាំងនៅការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានអំពើហិង្សានេះតាំងពីដំបូង។ ក្នុងនាមជាសមាជិកអាស៊ាននិងបានរៀបចំការប្រជុំពិសេសនៅអគ្គលេខាដ្ឋានអាស៊ានដែលក្នុងប្រទេសខ្លួននៅខែមេសាឆ្នាំ២០២១ ហើយជាលទ្ធផលបានចេញគោលការណ៍ទាំង៥សំរា​ប់បញ្ហាមីយ៉ាន់ម៉ាដែលបានប្រកាសនៅមុខរបស់លោក មីង អោងឡាំង។​ ហើយរយៈពេល២ឆ្នាំនេះ យើងមើលឃើញថាប្រទេសមីយ៉ាន់ម៉ាពុំបានគោរពនូវគោលការណ៍ទាំង៥ពេញលេញឡើយ ដោយខ្លួនបានដោះលែងតែអ្នកទោសមួយចំនួនប៉ុន្តែនៅតែបន្តកាត់ទោសលោកស្រី អង់សាន ស៊ូជីនិងប្រហារជីវិតអ្នកនយោបាយជាដើម។ មូលហេតុទាំងនេះហើយដែលទើបធ្វើឱ្យអាស៊ានឈឺក្បាលជាខ្លាំងនិងទាមទារឱ្យមីយ៉ាន់ម៉ាដោះស្រាយជាបន្ទាន់ ហើយជាពិសេសគឺប្រទេសឥណ្ឌូនេស៊ីតែម្តង។ ក្នុងឆ្នាំ២០២៣នេះដែលឥណ្ឌូនេស៊ីត្រូវកាន់ខ្លួនជាប្រធានអាស៊ានផ្ទាល់តែម្តង ហើយយើងឃើញថាប្រទេសមីយ៉ាន់ម៉ាក៏មានការរៀបចំការបោះឆ្នោតផងដែរ។ សំរាប់ការប្រើប្រាស់នយោបាយការទូតសំរាប់ការដោះស្រាយលើកបញ្ហាមីយ៉ាន់ម៉ាវិញ ឥណ្ឌូនេស៊ីបានខិតខំតាំងពីខ្លួនមិនទាន់កាន់ជាប្រធានអាស៊ានមកម៉្លេះទាំងជាទំនាក់ទំនងទម្រង់ជាទ្វេភាគី តំបន់និងពហុភាគីដែលពាក់ព័ន្ធ។ អ្វីដែលគួរអាចកត់សម្គាល់ខ្លាំង ការធ្វើការរបស់ឥណ្ឌូនេស៊ីក៏ជាការជំរុញនិងជាជំហរឱ្យប្រទេសមីយ៉ាន់ម៉ាគោរពនៅលិទ្ធិប្រជាធិបតេយ្យឡើងវិញដែលខ្លួនបានអនុវត្តមុនរដ្ឋប្រហារនិងឱ្យមានការរៀបចំការបោះឆ្នោតឱ្យបានយ៉ាងល្អនៅក្នុងឆ្នាំ២០២៣នេះ។ យើងក៏អាចមើលឃើញថាក្នុងកិច្ចប្រជុំអាស៊ានអាចនៅតែអញ្ជើញត្រឹមឥស្សរជនមិនមែនជាអ្នកនយោបាយមកចូលរួមដដែលព្រោះស្ថានភាពមីយ៉ាន់ម៉ាមិនអាចងាយស្រួលក្នុងការបញ្ចប់ស្រួលទេ។ មួយ​វិញទៀត បើមិនមានការវិវត្តអ្វីហើយកាន់មានបញ្ហាខ្លាំងជាងមុនកៅអីមីយ៉ាន់ម៉ាអាចនឹងទុកទំនេរនិងមិនអញ្ជើញផងដែរ។បញ្ហាមួយដែលអាស៊ានពិបាកទទួលមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំ ព្រោះពុំបានឱ្យប្រេសិតពិសេសនៃប្រធានអាស៊ានចូលជួបគ្រប់ភាគីដែលដូចខ្លួនបានសន្យាក្នុងគោលការណ៏ទាំង៥របស់អាស៊ានដែលប្រធានអាស៊ានពីរហើយទទួលបរាជ័យរឿងនេះ ទោះមានការស្នើសុំនិងទៅទស្សនកិច្ចដោយផ្ទាល់ក៏ដោយ។ ដូច្នេះយើងអាចសន្និដ្ឋានបានថាវានឹងជារឿងពិបាកមួយសំរាប់ប្រធានអាស៊ានថ្មីក្នុងការដោះស្រាយនិងស្របតាមគោលការណ៍របស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាព្រោះរដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ានៅតែបន្តឥរិយាបថតឹងតែងខ្លាំងចំពោះការជូបភាគីផ្សេងទៀតជាពិសេសលោកស្រីអង់សាន ស៊ូជីដែលកំពុងមានទោសនិងត្រូវបានកាត់ទោសដោយពួកយោធា។ ជារួម ទាំងឥណ្ឌូនេស៊ីនិងសមាជិកទាំងអស់នៅអាស៊ាននឹងចាំមើលលើការបោះឆ្នោតមីយ៉ាន់ម៉ាឆ្នាំ២០២៣និងការអនុវត្តគោលការណ៍ទាំង៥របស់មីយ៉ាន់ម៉ាដែលខ្លួនបានសន្យាចំពោះមុខសមាជិកអាស៊ានទាំង៩។

សរុបមក​ឥណ្ឌូនេស៊ីបានទទួលតំណែងជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះដែរ បញ្ហាមីយ៉ាន់ម៉ានៅតែបន្តជារឿងសំខាន់ជាងគេនិងការបញ្ហាប្រឈមខ្លាំងក្នុងកិច្ចប្រជុំអាស៊ានដែលមានខ្លួ​នជាម្ចាស់ផ្ទះក្នុងឆ្នាំនេះផងដែរ ព្រោះតែរឿងនេះគឺកើតឡើងក្នុងគ្រួសារអាស៊ាន។ សមាជិកអាស៊ានទាំង៩ក្នុងទន្ទឹងរង់ចាំមើលស្ថានភាពមីយ៉ាន់ម៉ាបន្តដោយក្នុងឆ្នាំនេះផងដែរ ខណៈដែលរបបយោធាក៏នឹងមានការរៀបចំបោះឆ្នោតឡើងវិញផងដែរ។ ឥណ្ឌូនេស៊ីជាប្រទេសមួយដែលប្រឆាំងចំពោះការប្រព្រឹត្តិរបស់យោធាមីយ៉ាន់ម៉ាដែលមិនគោរពនៅគោលការណ៍ទាំង៥របស់អាស៊ានខណៈខ្លួនក៏នឹងចូលដោះស្រាយបញ្ហានេះបន្តបន្ទាប់ពីកម្ពុជានិងប្រកាន់ជំហរនាំប្រជាធិបតេយ្យដល់មីយ៉ាន់ម៉ាឡើងវិញ។ យើងនឹងអាចឃើញថាឥណ្ឌូនេស៊ីនឹងមានវិធីយ៉ាងណាដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ាចាកចេញពីបញ្ហាដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន ខណៈក្នុងឆ្នាំ២០២២ពេលដែលប្រទេសកម្ពុជាជាប្រធានមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាច្រើន តែមិនទាន់គ្រប់លក្ខខណ្ឌដែលអាស៊ានចង់បាននោះទេព្រោះបញ្ហានេះនៅធ្វើឱ្យអាស៊ានឈឺក្បាលព្រោះភាពដឹកនាំរបស់ពួកយោធាធ្វើទារុណកម្មនិងឈានទៅដល់ការប្រហារជីវិតអ្នកទោសនយោបាយជាច្រើន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ