"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ ទ្រឹស្ដីភូមិសាស្ត្រនយោបាយដែលមានគោលដៅគ្រប់គ្រងពិភពលោក

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

ទ្រឹស្ដី Heartlandរបស់លោក Halford Mackinder និងទ្រឹស្ដី Rimland របស់លោក Nicholas J. Spykman គឺសុទ្ធតែជាគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយដែល ទ្រឹស្តីទាំងពីរនេះបានពន្យល់អំពីការវិវត្តនៃភូមិសាស្ត្រនយោបាយនៃពិភពលោក ប៉ុន្តែគំនិតរបស់ទ្រឹស្ដីទាំងពីរនេះគឺមិនដូចគ្នានោះទេ។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងសិក្សាទៅលើទ្រឹស្ដីទាំងពីរនេះឱ្យបានស៊ីជម្រៅ។

១. តើអ្វីទៅជាទ្រឹស្ដី Heartland ?

នៅក្នុងឆ្នាំ១៩០៤ លោក Halford Mackinder បានសរសេរកម្រងសំណេរមួយដែលមានចំណងជើងថា «The Geographical Pivot of History»​​ ដែលនៅក្នុងសំណេរនេះផងដែរ​ លោកបានលើកឡើងថា ដើម្បីគ្រប់គ្រងពិភពលោកបាន ការគ្រប់គ្រងតាមរបៀបទ្រឹស្ដី Heartland គឺមានសារៈសំខាន់ណាស់។ ទ្រឹស្ដី ​Heartland នេះ បង្ហាញថា ភូមិសាស្រ្តពិភពលោកត្រូវបានបែងចែកជា ២ ផ្នែកដែលក្នុងនោះមានដូចជា ដែនកោះ (ទ្វីបអឺរ៉ាស៊ី និងទ្វីបអាហ្រ្វិក ដែលបង្កើតបានជាកោះពិភពលោក) និងតំបន់ជុំវិញ (គឺទ្វីបតូចៗ និងកោះផ្សេងៗជុំវិញកោះពិភពលោក)។ លោក Mackinder បានពន្យល់ថា អ្នកណាដែលបានគ្រប់គ្រងអឺរ៉ុបខាងកើត(Heartland) គឺនឹងអាចគ្រប់គ្រងបានពិភពលោកទាំងមូល។ ពោលគឺអ្នកណាដែលគ្រប់គ្រងនៅអឺរ៉ុបខាងកើតគឺគ្រប់គ្រង Heartland ដែលត្រូវបានគេស្គាល់ម៉្យាងទៀតថាជាតំបន់ Pivot ហើយអ្នកណាដែលគ្រប់គ្រងតំបន់នេះគឺនឹង អាចគ្រប់គ្រងលើទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ាស៊ី បានយ៉ាងងាយស្រួល ហើយអ្នកណាគ្រប់គ្រងកោះទាំងឡាយនៅក្នុងពិភពលោកបាន អ្នកនោះគឺជាអ្នកគ្រប់គ្រងពិភពលោកទាំងមូល។ លោក Halford Mackinder បានបកស្រាយអំពីលក្ខណៈទំនាក់ទំនងគ្នានៃគំនិត «ទីតាំងកណ្តាល»  ដោយបានចង្អុលបង្ហាញថា នៅក្នុងបរិបទនៃដំណើរការភូមិសាស្ត្រនយោបាយសកល ទ្វីបអឺរ៉ាស៊ី (The Eurasian Continent) ត្រូវបានរកឃើញថានៅចំណុចកណ្តាលនៃពិភពលោក ហើយតំបន់ Heartland គឺនៅចំចំណុចកណ្តាលនៃទ្វីបអឺរ៉ាស៊ី (The Eurasian Continent)។  តាមគោលគំនិតនៃទ្រឹស្ដីរបស់គាត់បានណែនាំថា អ្នកដែលអាចគ្រប់គ្រងលើតំបន់ Heartland បាននោះ នឹងមានសក្តានុពលខ្លាំងក្នុងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយសារតែតំបន់ Heartland នេះគឺជា ទីតាំងភូមិសាស្ត្រនយោបាយដែលសម្បូរដោយធនធានដ៏សំខាន់បំផុតមួយចំនួនដែលមានដូចជា វត្ថុធាតុដើម និងភាពអំណោយផលក្នុងការធ្វើកសិកម្ម ដែលជាធាតុផ្សំចាំបាច់សម្រាប់ការគ្រប់គ្រងនិងបង្កើតកម្លាំងយោធាដ៏ធំមួយ។  ប្រសិនបើមានឥទ្ធិពលនិងអំណាចយោធាដ៏ធំមួយហើយនោះ វានឹងបង្កឱ្យមានភាពងាយស្រួលក្នុងការវាទីតំបន់បន្តិចម្តងៗ រហូតដល់កាន់កាប់តំបន់លើពិភពលោកទាំងមូល។ ចំពោះទ្រឹស្ដី Heartland នេះផងដែរ បានទទួលការពេញនិយមនិងគាំទ្រខ្លាំងពីបក្សណាស៊ីអាល្លឺម៉ង់ និងត្រូវបានទទួលស្គាល់ដោយសហភាពសូវៀត ដែលធ្វើឱ្យពួកគេបានព្យាយាមដណ្តើមយកទឹកដី Heartland ប៉ុន្តែមិនបានជោគជ័យឡើយ។

២. អ្វីទៅជាទ្រឹស្ដី Rimland?

នៅឆ្នាំ ១៩៤២ លោក Nicholas J. Spykman បានបង្កើតទ្រឹស្ដីមួយដែលមានលក្ខណ: ប្រឆាំងទៅនឹងទ្រឹស្តី Heartland របស់លោកMackinder ក្រោមចំណងជើងថា «The Rimland Theory» នៅក្នុងសៀវភៅ «The Geography of Peace» របស់គាត់ ។ ទ្រឹស្ដី Rimland នេះក៏ជាទ្រឹស្តីមួយដែលស្តីពីទំនាក់ទំនង ភូមិសាស្ត្រនយោបាយមួយដែលសិក្សាអំពីឥទ្ធិពលនៃភូមិសាស្ត្រលើនយោបាយអន្តរជាតិដែរ ប៉ុន្តែលោក Spykman មានគំនិតផ្ទុយពីគំនិតក្នុងទ្រឹស្ដី Heartland របស់លោកMackinder ដែលលោក Spykman បាននិយាយថាគន្លឹះក្នុងការគ្រប់គ្រងកោះពិភពលោកគឺជាដំបូងត្រូវ កាន់កាប់ តំបន់មាត់សមុទ្ររបស់អ៊ឺរ៉ាស៊ី ដែលជាតំបន់ឆ្នេរជាមុនសិន។ ទ្រឹស្ដីលោក Nicholas J. Spykman ត្រូវបានសិក្សាដោយផ្អែកដោយលើមូលដ្ឋានពីររបស់ ទ្រឹស្ដីលោក Mackinder ដែលមានដូចជាបុព្វហេតុភូមិសាស្ត្រនៃប្រវត្តិសាស្រ្ត និងជម្លោះរវាងថាមពលដីគោក និងថាមពលសមុទ្រ។ លោក Spykman បានផ្តល់ការសង្កត់ធ្ងន់ទៅលើការចល័តដែនសមុទ្រគឺជាមូលដ្ឋានថ្មីនៃរចនាសម្ព័ន្ធភូមិសាស្ត្រនយោបាយ ហើយបើយោងទៅតាមការពន្យល់របស់លោក មហាអំណាចសមុទ្រគឺជាចំណុចស្នូលមួយដែលអាចជំរុញឱ្យមានការឈានទៅដល់ការគ្រប់គ្រងក្នុងពិភពលោកទាំងមូល។ ទ្រឹស្ដី Rimland ចែកជាពីរតំបន់ ដែលមួយជា ស្នូលខាងក្នុង (Inner Core) និងមួយទៀតគឺ Rimland​ ដែលតំបន់ស្នូលខាងក្នុងនេះគឺស្រដៀងទៅនឹង Heartland ដែរ។  លោក Spykman បាននិយាយថា Heartland គឺជាតំបន់ដែលមានឧបសគ្គអាកាសធាតុខ្លាំង ដូចជានៅស៊ីបេរី រីឯធនធានគឺមានកំណត់ ហើយក៏មិនមានវត្តមានមនុស្ស ព្រមទាំងមិនមែនជាសម្បត្តិធម្មជាតិ ឬជាដីការពារឡើយ ដែលធ្វើឱ្យតំបន់នេះងាយស្រួលឈ្លានពាន តែវាជាទឹកដីដែលមិនមានភាពរុងរឿងនោះទេ។ តំបន់ Rimland ស្រដៀងទៅនឹងតំបន់តំបន់ក្នុង Crescent ខាងក្នុង ដែលមានមហាអំណាចសមុទ្រដ៏អស្ចារ្យទាំងអស់ ហើយតំបន់ទាំងអស់នៃ Rimland ត្រូវបានភ្ជាប់ជាមួយនឹងទឹក ពោលគឺសមុទ្រឬមហាសមុទ្រ។ គោលគំនិតនៃទ្រឹស្ដីរបស់គាត់បានណែនាំថា អ្នកណាគ្រប់គ្រង Rimland គឺប្រៀបដូចទៅនឹងបានគ្រប់គ្រងទ្វីបអ៊ឺរ៉ាស៊ី(Eurasia) ហើយអ្នកណាដែលអាចគ្រប់គ្រងបានទ្វីប Eurasia គឺនឹងក្លាយជាអ្នកដែលអាចគ្រប់គ្រងជោគវាសនារបស់ពិភពលោកបាន។

ជារួមមក ទ្រឹស្ដីទាំងពីរនេះសុទ្ធតែជាទ្រឹស្តីដែលស្តីពីទំនាក់ទំនង ភូមិសាស្ត្រនយោបាយដែលសិក្សាអំពីឥទ្ធិពលនៃភូមិសាស្ត្រលើនយោបាយអន្តរជាតិ ក៏ប៉ុន្តែការយល់ឃើញរវាងទ្រឹស្ដីនេះគឺមិនដូចគ្នាទេ ដែលទ្រឹស្ដី Heartland បានផ្តល់សារៈសំខាន់ដល់តំបន់ដីគោក ដែលមិនអាចចូលទៅដល់តាមរយៈសមុទ្របាននោះទេ ចំណែកឯទ្រឹស្ដីRimland វិញជឿថា អំណាចសមុទ្រគឺមានថាមពលខ្លាំងក្លាលើផ្នែកធនធាន និងយោធា ជាងតំបន់Heartland ដោយសារតែតំបន់ Rimland អាចចូលទៅដល់តាមរយ:សមុទ្របានងាយស្រួល។ គេសង្កេតឃើញថា ទ្រឹស្ដី Heartland ត្រូវបានគេទទួលយកភាគច្រើនក្នុងអំឡុងពេលសង្គ្រាមលោក ខណៈដែលទ្រឹស្ដី Rimland គឺល្បីបំផុតក្រោយសម័យសង្គ្រាមត្រជាក់រហូតដល់សព្វថ្ងៃ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ណុល ដារ៉ាវិស័យ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ