"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ ៖ គំនាបសិទ្ធិស្ត្រីនៅប្រទេសអ៉ីរ៉ង់

គំនូរច្នៃប្រឌិតដោយ៖ TPHILIPPOS CHRISTOU/ASSOCIATED PRESS

អ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាដែលគេអាចហៅម្យ៉ាងទៀតថាពែក្ស(Persia)ដែលមានឈ្មោះពេញថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រទេសនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយដោយធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្នុងតំបន់ផងដែរ។ អ៊ីរ៉ង់ត្រូវបានផ្លាស់ប្តូររបបពីគ្រប់គ្រងដោយស្តេចទៅជាសាធារណរដ្ឋដោយបដិវត្តន៍អ៊ីរ៉ង់ឬបដិវត្តន៍ឥស្លាមដែលដឹកនាំដោយលោករូហូឡាស គូមីណី(Ruhollah Khomeini)។ ដូចដែលយើងបានដឹងហើយថា​លោក គូមីណី គឺជាមេដឹកនាំផ្នែកសាសនាដូចនេះច្បាប់សាសនាត្រូវបានបញ្ចូលទៅក្នុងការដឹកនាំប្រទេស។ហេតុនេះហើយតាំងពីឆ្នាំ១៩៧៩​រហូតមកដល់បច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសមួយដែលគោរពប្រតិបត្តិសាសានាអ៊ីស្លាមដ៏តឹងរឹងជាពិសេសលើស្ត្រីនិងក្មេងស្រីចាប់ពី៩ឆ្នាំឡើង ដែលជាហេតុធ្វើឱ្យបាត់បង់សិទ្ធិរបស់ពួកគេដូចជាលើការស្លៀកពាក់និងការចូលរួមកម្មវិធីផ្សេងៗក្នុងសាធារណៈ។ កាលពីពេលថ្មីៗការប្រឆាំងនឹងការប្រតិបត្តិច្បាប់បានកើតឡើងដោយសារការស្លាប់របស់ស្រ្តីម្នាក់ក្នុងប្រទេសដែលត្រូវបានអាជ្ញាធរចោទថាបានរំលោភបំពានច្បាប់ដោយការស្លៀកពាក់មិនត្រឹមត្រូវ។ ​ តើប្រទេសអ៊ីរ៉ង់មានច្បាប់តឹងរឹងអ្វីខ្លះចំពោះស្រ្តីនិងមានការប្រឆាំងតវ៉ាអ្វីខ្លះដើម្បីសិទ្ធិស្រ្តីក្នុងប្រទេសនេះ?

១. ច្បាប់ដ៏តឺងរឹងចំពោះស្ត្រី

ចាប់តាំងបដិវត្តន៍ឆ្នាំ១៩៧៩មក ប្រទេសអ៊ីរ៉ង់បានក្លាយជាសាធារណរដ្ឋអ៊ីស្លាមដែលមានលោកហូឡាស គូមីណីជាមេដឹកនាំខាងសាសនាបានក្លាយជាមេដឹកនាំដំបូងក្នុងរបបថ្មីនេះ។ របបថ្មីជានេះត្រូវបានគេមើលឃើញថាជារបបមួយមានច្បាប់ដ៏តឹងរឹងទាក់ទងនឹងច្បាប់សាសនាជាពិសេសលើស្ត្រីនិងកុមារីចាប់ពីអាយុ៩ឆ្នាំឡើង។ ស្ត្រីក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប្រឈមមុខការរើសអើងទាក់ទងនឹងអាពាហ៍ពិពាហ៍ មរតកនិងការលែងលះជាដើម។ បើយោងតាមច្បាប់ក្នុងប្រទេសនេះស្ត្រីដែលរៀបការពុំមានសិទ្ធិក្នុងការកាន់លិខិតឆ្លងដែននោះទេប៉ុន្តែបើសិនចង់ចេញទៅក្រៅប្រទេសលុះត្រាតែមានការអនុញ្ញាតពីប្តីជាលាយលក្ខណ៍អក្សរ។ មួយវិញទៀត ស្រ្តីត្រូវបានរឹតបន្តឹងជាខ្លាំង ជាពិសេសលើការរៀបចំខ្លួនទៅទីសាធារណៈផ្ទាល់តែម្តង។ ពាក់ព័ន្ធនឹងច្បាប់ដែលត្រូវបានគេចាត់ទុកបិទសិទ្ធិនារីគឺបានចែងក្នុងក្រមព្រហ្មទណ្ឌនៃអ៊ីរ៉ង់ត្រង់មាត្រាទី៦៣៨បានចែងថា”ស្ត្រីដែលបង្ហាញមុខតាមទីសាធារណៈ និងតាមដងផ្លូវដោយមិនពាក់មួកឥស្លាមឬកន្សែងហ៊ីចាប(Islamic hijab) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីដប់ថ្ងៃទៅពីរខែ ឬពិន័យជាប្រាក់ពីប្រាំម៉ឺនទៅប្រាំលានរៀលអ៊ីរ៉ង់(Rials)”។​ ក្នុងនោះផងដែរ ប្រទេសអ៊ីរ៉ង់ក៏មានប៉ូលីសខាងសីលធម៌ជាអ្នកត្រួតពិនិត្យនិងមានសិទ្ធិលើអ្នកណាដែលប្រព្រឹត្តខុសលើច្បាប់នេះ។ ស្រ្តីក្នុងប្រទេសក៏ត្រូវបានរំលោភបំពាននិងមានអំពើហិង្សាលើស្ត្រីជាច្រើនផងដែរដែលធ្វើឱ្យធ្វើបាតុកម្មដើម្បីទាមទារសិទ្ធិដល់ស្ត្រីមកវិញ។ ស្ត្រីត្រូវបានបិទសិទ្ធិនិងហាមឃាត់មិនឱ្យចូលរួមទស្សនាការប្រកួតកីឡារបស់បុរសៗនោះទេ ដែលនេះជាហេតុដែលធ្វើឱ្យពិភពលោកមានការប្រឆាំងហើយទាមទារសិទ្ធិរបស់ពួកគេដើម្បីចូលរួមទស្សនា។ ជាលទ្ធផលយើងបានឃើញថារដ្ឋាភិបាលបានបន្ទន់ឥរិយាបថដោយយល់ព្រមឱ្យស្ត្រីចូលរួមទស្សនាការប្រកួតឡើងវិញនោះគឺការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ជួបជាមួយប្រទេសកម្ពុជានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ប៉ុន្តែច្បាប់ដែលតឹងរឺងរបស់អ៊ីរ៉ង់មិនបានបន្ធូរឡើយលើការស្លៀកពាក់ជាពិសេសត្រូវបិទបាំងកុំឱ្យចេញសក់ដោយពាក់កន្សែងហាជីពជាដើម បើមិនដូចនោះទេនឹងមានការចាប់ឃុំខ្លួនផងដែរ។ ការប្រឆាំងនឹងការបិទសិទ្ធរបស់នារីនេះក៏មានយុទ្ធនាការប្រឆាំងជាច្រើនកើតឡើង ក្នុងនោះមានដូចជាយុទ្ធនាការថ្ងៃពុធ។ បើយោង​តាមរបាយការណ៍របស់​អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងឆ្នាំ២០២១បានបង្ហាញថាយ៉ាងហោចណាស់សកម្មជន ៥ នាក់កំពុងនៅពីក្រោយការឃុំខ្លួនសម្រាប់ការតវ៉ាដោយសន្តិវិធីរបស់ពួកគេប្រឆាំងនឹងច្បាប់ហ៊ីចាបជាកាតព្វកិច្ចដែលចេញដោយរដ្ឋាភិបាលអ៊ីរ៉ង៉ដែលបានអនុវត្ត។

២. ការធ្វើបាតុកម្មទាមទារសិទ្ធិនិងការស្លាប់របស់ម៉ាសា អាមីនី

កញ្ញា ម៉ាសា អាមីនី ត្រូវបានគេស្គាល់ថាជាស្រ្តីវ័យ២២ឆ្នាំជនជាតិឃីដដែលត្រូវបាននគរបាលអ៊ីរ៉ង់ចោទប្រកាន់និងចាប់ខ្លួនដោយសារការស្លៀកពាក់មិនសមរម្យខុសនឹងក្រមព្រហ្មទណ្ឌរបស់អ៊ីរ៉ង់។ កញ្ញា ត្រូវបានប៉ូលីសខាងសីលធម៌បានចាប់ខ្លួនអំឡុងពេលកញ្ញា ដើរទស្សនាទីក្រុងតេហេរ៉ង់ជាមួយគ្រួសាររបស់កញ្ញា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ បន្ទាប់ពីការចាប់ខ្លួន ២ ម៉ោងបន្ទាប់ ប៉ូលីសបានប្រាប់ទៅបងប្រុសរបស់កញ្ញា ថាកញ្ញា មានជំងឺគាំងបេះដូងនិងប្រកាច់ ប៉ុន្តែត្រូវបានគេសង្ស័យនិងចោទថាបូលីសបានប្រើអំពើហិង្សាចំពោះកញ្ញា  ព្រោះអ្នកដែលបានឃើញហេតុការណ៏ពេលចាំខ្លួនបានរាយការណ៏ថាឃើញប៉ូលីសចាប់កញ្ញា ចូលឡានរួចហើយបានធ្វើការវាយទៅលើរូបកញ្ញា  ព្រមទាំងបងប្រុសរបស់កញ្ញា បានឃើញសភាពរាងកាយមុខរបស់កញ្ញា ហើម ហើយ កញ្ញា មាសា​ អាមីនី ត្រូវបានស្លាប់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ បន្ទាប់ពីការស្លាប់របស់កញ្ញា ​ មនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះ អំពើហិង្សានិងច្បាប់ដ៏តឹងរឹងរបស់អ៊ីរ៉ង់។ មនុស្សជុំវិញពិភពលោកបានធ្វើបាតុកម្មប្រឆាំងនឹងការប្រព្រឹត្តិរបស់រដ្ឋាភិបាលរបស់អ៊ីរ៉ង់ទៅលើស្ត្រីម្នាក់នេះព្រោះយើងទាំងអស់គ្នាមើលឃើញថាអំពើបែបនេះជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរដែលខុសពីច្បាប់អន្តរជាតិនិងសិទ្ធិរបស់ស្រ្តីសព្វថ្ងៃ។ មិនខុសគ្នានោះទេ ប្រជាជនក្នុងប្រទេសក៏មានការក្រោកឡើងធ្វើបាតុកម្មប្រឆាំងលើការរំលោភបំពាននេះផងដែរ។ ដើម្បីជាការប្រឆាំងរដ្ឋាភិបាលដែលបិទសិទ្ធិស្ត្រីជាខ្លាំង ពួកបាតុករបានស្រែកថា “ស្ត្រី ជីវិត សេរីភាព” “ស្លាប់ទៅជនផ្តាច់ការ” និងបានទាមទារឱ្យស្ត្រី​​ចេញ​ទៅ​ខាង​ក្រៅ​ដោយ​មិន​ពាក់កន្សែងហ៊ីចាប​​មាន​អ្នក​ខ្លះ​ដក​ហូត​ចេញ​ជា​សាធារណៈ ហើយ​ថែម​ទាំង​ដុត​ហ៊ីចាប និង​កាត់សក់ខ្លួនឯង​ទៀត​ផង។ បាតុកម្មនេះក៏មានបានប៉ះទង្គិចគ្នារវាងប៉ូលីសនឹងបាតុកររហូតដល់ឈានដល់មានការស្លាប់ផងដែរក៏ព្រោះតែការទាមទារសិទ្ធិនិងប្រឆាំងចំពោះការស្លាប់របស់កញ្ញា អាមីនី។ ម្យ៉ាងវិញទៀត ការស្លាប់របស់កញ្ញា ក៏ក្លាយជាប្រធានបទមួយដ៏ក្តៅផងដែរចំពោះអ៊ីរ៉ង់ព្រោះប្រទេសជាច្រើនបានធ្វើការថ្កោសទោសចំពោះសកម្មភាពប្រព្រឹត្តិលើកញ្ញា អាមីនី និងរួមទាំងមេដឹកនាំធំៗដូចជាប្រធានាធិបតីអាមេរិច លោកចូ បៃឌិន ក៏បានបញ្ចេញមតិនៅខាងប្រជាជនអ៊ីរ៉ង់ជាពិសេសស្រ្តី ដើម្បីសិទ្ធិរបស់ពួកគេផងដែរតាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជាដើម។ ជាមួយគ្នានេះ សូម្បីតែក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលចូលរួមការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅក៏បានសម្តែងការមិនពេញចិត្តចំពោះអំពើនេះផងដែរដោយពួកគេមិនបានច្រៀងចម្រៀងភ្លេងជាតិឡើយ ដើម្បីចូលរួមបង្ហាញការគាំទ្រដល់ក្រុមបាតុករ។

ជាសរុបមកចំពោះការស្លាប់របស់កញ្ញា អាមីនីគឺពាក់ព័ន្ធនឹងច្បាប់ដ៏តឹងរឹងនិងបិទសិទ្ធិសេរីភាពរបស់ស្ត្រីរបស់ប្រទេសអ៊ីរ៉ង់។ ការស្លាប់របស់កញ្ញា គឺជានិមិត្តរូបនៃការទាមទារសិទ្ធិរបស់ស្រ្តីឡើងវិញក្នុងប្រទេសនិងបញ្ឈប់ការប្រើអំពើហិង្សាចំពោះស្ត្រីដែលខ្លួនចោទថាបានប្រព្រឹត្តិខុសប្រពៃណីស្លៀកពាក់។ប្រជាជនជុំវិញពិភពលោកក៏មានការភ្ញាក់ផ្អើលចំពោះការស្លាប់របស់កញ្ញា ដែលកើតឡើងពីការធ្វើទុកបុកម្នេញរបស់ប៉ូលីសនិងបានធ្វើការថ្កោលទោសជាខ្លាំងចំពោះទង្វើដ៏សាហាវនេះ។ ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសបានធ្វើបាតុកម្មចំពោះការប្រព្រឹត្តិអំពើហិង្សាចំពោះស្រ្តីនិងការចេញក្រៅទីសាធារណៈចូលរួមទស្សនាការប្រកួតកីឡាផ្សេងៗ។ បាតុកម្មនោះក៏ធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងបាតុកររហូតដល់ស្លាប់ផងដែរ។តែទោះជាយ៉ាងណាំ ដូចយើងបានឃើញហើយថាប្រជាជនជុំវិញពិភពលោករួមទាំងប្រជាជនអ៊ីរ៉ង់ខ្លួនឯងផ្ទាល់បានគាំទ្រនិងការទាមទារសិទ្ធិរបស់ស្រ្តីឡើងវិញក្នុងប្រទេសអ៊ីរ៉ង់រួមទាំងសង្ឃឹមថានឹងគ្មានការធ្វើទុកបុកមេ្នញណាមួយឡើយចំពោះស្ត្រី។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង