"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបគម្រប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនដោយក្រោមហេតុផលថាធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារជនជាតិភាគតិចរុស្ស៊ីនិងចោទថារដ្ឋាភិបាលអ៊ុយក្រែនជាពួក Neo- Nazi បានធ្វើទុកបុកមេ្នញជនជាតិរបស់ពួកគេ។ បន្ទាប់ពីមានការឈ្លានពាននេះកើតឡើង មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេសភ្លាមៗស្តីពីជម្លោះខាងលើនេះនិងជាលទ្ធផលបានឃើញថាមានប្រទេសចំនួន១៤១បានគាំទ្រការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ៣៥ប្រទេសអនុបវាទ និង៥ប្រឆាំងនឹងការដកកងទ័ព។ ទោះបីមានការគាំទ្រការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ក៏ប្រទេសនេះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនលើប្រទេសអ៊ុយក្រែនរហូតមកដល់ឆ្នាំ២០២៣នេះ។ កាលពីពេលថ្មីៗនេះ យើងឃើញថាទាំងលោកពូទីននិងហ្សេឡែនគីសុទ្ធតែប្តេជ្ញាយកឈ្នះរៀងខ្លួនផងដែរ តែសម្រាប់ពិភពលោកវិញ វិបត្តិអ៊ុយក្រែននេះនៅតែជាកង្វល់សម្រាប់ពិភពលោកបន្តទៀតផងដែរ ហើយក្នុងរយៈពេលថ្មីៗនេះបានឃើញថាពិភពលោកកំពុងធ្វើការងាររួមដើម្បីឱ្យវិបត្តិនេះធូរស្រាលនិងមានព្រឹត្តិការណ៏ទាក់ទងវិបត្តិនេះផងដែរ ដូចជាចិនបានចេញមុខអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនិងមានការទស្សនកិច្ចរបស់លោកចូបៃដិនទៅប្រទេសអ៊ុយក្រែនមុនបួនថ្ងៃមុនគំរប់ខួបមួយឆ្នាំផងដែរ។ តើទស្សនកិច្ចលោក បៃដិន និងការចូលរួមរបស់ចិនក្នុងវិបត្តិនេះមានផលប្រយោជន៏សម្រាប់សន្តិភាពសម្រាប់ជម្លោះនេះដែរឬទេ?

១. ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោកបៃដិនទៅអ៊ុយក្រែន

នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានធ្វើទស្សនកិច្ចមួយទៅកាន់ប្រទេសអ៊ុយក្រែនដែលនេះជាលើកទី១ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ រាប់ចាប់ពីទស្សនកិច្ចរបស់ លោកចច​ ប៊ូស ដែលជាប្រធានាធិបតីទី៤៣ ទៅកាន់ប្រទេសនេះក្នុងឆ្នាំ២០០៨។ ប៉ុន្តែក្នុងទស្សនកិច្ចមួយនេះមានភាពខុសប្លែកជាងមុន ព្រោះទស្សនកិច្ចនេះធ្វើឡើងដោយគ្មានការប្រកាសមុនឡើយ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ចូ បៃដិន បានធ្វើការជួបសន្ទនាជាមួយនឹងលោកហ្សេឡែនគី។ ទន្ទឹមគ្នានៃការជជែកលើបញ្ហារុស្ស៊ី-អ៊ុយក្រែន លោក ហ្សេឡែនគីបានជូនលោក ចូ បៃដិនដើរទស្សនាជុំវិញវិហារមាស St. Michael’s Cathedra ក្នុងទីក្រុងគៀវផងដែរ។ បន្ទាប់ពីមានកិច្ចសន្ទនារួចហើយ លោកប្រធានាធិបតីអាមេរិករូបនេះនៅតែបញ្ជាក់ថា”សហរដ្ឋអាមេរិកឈរនៅជាមួយអ៊ុយក្រែនជានិច្ចទោះបីជាកាលៈទេសៈណាក៏ដោយ”​។ នេះសរបញ្ជាក់ថាអាមេរិកនៅគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងក្នុងវិបត្តិនេះនិងបញ្ជាក់ពីបំណងរបស់ខ្លួនក្នុងកិច្ចការពារអ៊ុយក្រែនក្នុងការឈ្លានពានរបស់រុស្ស៊ី។ អំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនេះ លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយបន្ថែម ៥០០ លានដុល្លារអាមេរិកទៅកាន់អ៊ុយក្រែនបន្ថែមទៀតរួមបញ្ចូលឧបករណ៍យោធាជាច្រើនទៀតដូចជា កាំភ្លើងធំ គ្រាប់កាំភ្លើងធំ និងកាំភ្លើងយន្ត Howitzers ជាច្រើនរួមទាំងការប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីទៀត។ អ្វីដែលគួរចាប់អារម្មណ៍មួយទៀត ចំពោះទស្សនកិច្ចនេះក៏ប្រព្រឹត្តទៅមុនមួយថ្ងៃនៃការថ្លែងសន្ទរកថារបស់លោកពូទីនក្នុងវិមានក្រឹមឡាំងជុំវិញរឿងវិបត្តិអ៊ុយក្រែនរយៈពេលមួយឆ្នាំផងដែរ។

២.ចិនចាប់ផ្តើមចេញមុខលើវិបត្តិអ៊ុយក្រែន

ចិនគឺជាប្រទេសមួយដែលមានភាពស្ងៀមស្ងាត់ជាងគេចាប់តាំងពីវិបត្តិអ៊ុយក្រែននិងរុស្ស៊ីបានកើតឡើង។ ចិនគឺមិនដូចប្រទេសលោកខាងលិចដែលខិតខំជួយអ៊ុយក្រែនទេ ហើយក៏មិនមានការជួយទៅកាន់រុស្ស៊ីផងដែរ។ ក្នុងការបោះឆ្នោតថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ ស្តីពីការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ប្រទេសចិនបានបោះឆ្នោតអនុបវាទចំពោះការសំរេចមួយនេះព្រោះប្រទេសចិននិងរុស្ស៊ីមានទំនាក់ទំនងប្រសើរនឹងគ្នាទាំងសេដ្ឋកិច្ចនិងនយោបាយ។ ប្រសិនពេលនោះចិនបោះឆ្នោតគាំទ្រការដកទ័ពរុស្ស៊ីចេញអ៊ុយក្រែននោះទំនាក់ទំនងទាំងពីរអាចល្អក់កករនឹងគ្នា។ មួយវិញទៀត ប្រសិនចិនបោះឆ្នោតប្រឆាំងវិញប្រទេសចិនប្រហែលនឹងត្រូវប្រឈមមុខនឹងពួកលោកខាងលិចវិញម្តង។ នេះហើយជាលទ្ធផលដែលចិនពេលនោះត្រូវតែបោះឆ្នោតបែបនេះទោះចង់ឬមិនចង់ក៏ដោយ។ ប៉ុន្តែកាលពីថ្មីៗនេះនៃគម្រប់១ឆ្នាំនៃការវាយលុយរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែន ចិនហាក់ដូចផ្លាស់ប្តូរឥរិយាបថចង់ចូលខ្លួនធ្វើជាអាជ្ញាកណ្តាលម្តង។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវ៉ាង យី ដែលជាប្រមុខការទូតចិនបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ និងបាននិយាយពីផែនការដំណោះស្រាយសន្តិភាពលើវិបត្តិអ៊ុយក្រែនប្រាប់ទៅកាន់លោកពូទីនក្នុងវិមានក្រឹមឡាំងផងដែរ។ ក្នុងដំណោះស្រាយសន្តិភាពនោះគឺប្រទេសចិនបានប្រកាសផែនការសម្រាប់កិច្ចចរចាសន្តិភាពចំនួន១២ចំណុចជាពិសេសផ្តោតលើការអំពាវនាវឱ្យគោរពអធិបតេយ្យភាពជាតិ។ ក្នុងនោះផងដែរ យើងបានឃើញសម័្ពន្ធរុស្ស៊ីគឺបេឡារុសបានបង្ហាញការគាំទ្រដូចចិនចំពោះដំណោះស្រាយដោយសន្តិវិធីលើវិបត្តិអ៊ុយក្រែនតាមរយៈការជួបគ្នារវាងលោកប្រធានាធិបតី អេឡិចសាន់ឌឺ លុកកាសិនកូ (Alexander Lukashenko) និងលោក ស៊ី ជិនពីង ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ផងដែរ។ មួយវិញទៀត ចិនក៏បានប្រាប់ដល់អឺរ៉ុបអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិនលើកទី២៣ផងដែរថាខ្លួននឹងជួយដោះស្រាយនិងជុំរុញឱ្យមានសន្តិភាពលើវិបត្តិនេះតាមវិធីសាស្ត្ររបស់ខ្លួនហើយមានឆន្ទៈបន្តដើរតួនាទីជាមួយសហគមន៏អន្តរជាតិដើម្បីសន្តិភាពផងដែរ។​ នេះបានសរបញ្ជាក់ថាចិនកំពុងតែធ្វើខ្លួនជាអាជ្ញាកណា្តលក្នុងវិបត្តិអ៊ុយក្រែននេះដែលខ្លួនមិនបញ្ចេញប្រតិកម្មខ្លួនរយៈពេលជាងមួយឆ្នាំមកហើយ។

សរុបមក សកម្មភាពរបស់ចិននិងអាមេរិកហាក់មើលទៅមានភាពខុសគ្នាចំពោះវិបត្តិអ៊ុយក្រែនព្រោះអាមេរិកនៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែនជាសញ្វវុធនិងបន្តដាក់ទណ្ឌកម្មដល់រុស្ស៊ីដែលសហរដ្ឋអាមេរិកមើលឃើញថាវិបត្តិនេះហាក់ដូចជាពិបាកក្នុងការធ្វើកិច្ចចរចារកសន្តិភាពណាស់ដោយមូលហេតុមួយថាទាំងរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធប្រកាសពីការប្រឹងយកជ័យជំនះរៀងខ្លួនក្នុងឆ្នាំ២០២៣នេះ។ ទោះចង់ឬមិនចង់ប្រសិនសង្គ្រាមពុំបានរលត់ឬមានកិច្ចចរចាណាមួយ​ទេ​ សហរដ្ឋអាមេរិកក៏នៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែនដដែលដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីព្រោះតែអ៊ុយក្រែនបានប្រទេសដែលសហរដ្ឋអាមេរិចជាចាត់ទុកជាប្រទេសរងគ្រោះនិងជាសម្ព័ន្ធមិត្តរបស់ខ្លួនរួចទៅហើយ។ ខុសពីអាមេរិក ចិនមិនបានផ្តល់ជំនួយដល់ខាងណាទេគឺប្រទេសនេះបែរជាប្រកាសក្នុងបំណងជួយដោះស្រាយនិងប្រកាសផែនការសម្រាប់កិច្ចចរចាចំនួន១២ចំនុចសម្រាប់វិបត្តិនេះវិញ។ ការប្រកាសនេះបានធ្វើឱ្យមានការគាំទ្រនិងជំរុញពីបណ្តាលប្រទេសនៅអឺរ៉ុបឱ្យចិនខិតខំជួយនិយាយជាមួយរុស្ស៊ីនិងស្វែងរកសន្តិភាពសម្រាប់តំបន់ដែលមានវិបត្តិមកវិញផងដែរ។ សកម្មភាពបែបនេះធ្វើឱ្យពិភពលោកមានសង្ឃឹមបន្តិចផងដែរព្រោះចិននិងរុស្ស៊ីមានទំនាក់ទំនងល្អនឹងគ្នា ហើយក៏ជាការល្អមួយផងដែរប្រសិនមានការជួយពីចិនក្នុងកិច្ចចរចាសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ