"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសវៀតណាម

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ មានបញ្ហានយោបាយមួយបានកើតឡើងនៅប្រទេសវៀតណាម ដោយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានលាលែងពីតំណែងបន្ទាប់ពីសមាជិកបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរងការរិះគន់គាត់ចំពោះ ការបំពាន និងការធ្វើខុស ដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់គាត់ នៅក្នុងការកើនឡើងដ៏ធំនៃការរីករាលដាលនៃអំពើពុករលួយនៅក្នុងប្រទេស។​​ ប៉ុន្មានថ្ងៃក្រោយមក​ សភាជាតិរបសវៀតណាមបានតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយ។ Thuong គឺជាសមាជិកក្មេងជាងគេនៃការិយាល័យនយោបាយរបស់គណបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ហើយត្រូវបានចាត់ទុកថាជាបុគ្គលដែលប្រឆាំងទៅនឹងអំពើរពុករលួយ។

អំពើរពុករលួយនៅក្នុងប្រទេសវៀតណាមក្រោមរដ្ឋបាលលោក Nguyen Xuan Phuc

កាលពីឆ្នាំមុន សមាជិកគណបក្សចំនួន ៥៣៩​នាក់ត្រូវបានកាត់ទោស ឬ “ដាក់វិន័យ” សម្រាប់អំពើពុករលួយ និង “ការប្រព្រឹត្តខុសដោយចេតនា” រួមទាំងរដ្ឋមន្ត្រី មន្ត្រីកំពូល និងអ្នកការទូតផងដែរ ខណៈដែលប៉ូលីសបានស៊ើបអង្កេតករណីពុករលួយចំនួន ៤៥៣ កើនឡើង ៥០% ពីឆ្នាំ ២០២១។ លោក Trong ធ្លាប់បានបាននិយាយថា គណបក្សគឺ “មានការប្តេជ្ញាចិត្តកាន់តែច្រើន និង “មានប្រសិទ្ធភាព នៅក្នុងវិធីសាស្រ្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើរពុករលួយ ហើយបានប្តេជ្ញាថានឹងផ្តល់លទ្ធផលល្អទៅកាន់ប្រជាជនវៀតណាម។ ដោយឡែកនៅក្នុងឆ្នាំ ២០២២នេះ វៀតណាមគឺជាប្រទេសដែលមានអំពើពុករលួយច្រើនបំផុតដែលស្ថិតក្នុងលេខរៀង ៧៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២២ ដែលរាយការណ៍ដោយអង្គការតម្លាភាពអន្តរជាតិ។ ក្រោយមកលោក Nguyen Xuan Phuc បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយដឹងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់នៅចំពោះមុខគណបក្ស និងប្រជាជន គាត់បានដាក់ពាក្យសុំលាលែងពីមុខតំណែងហើយចូលនិវត្តន៍។ ការលាលែងពីតំណែងប្រធានាធិបតីរបស់លោកបានធ្វើឱ្យមានការ ព្រួយបារម្ភទៅកាន់ អ្នកវិនិយោគទុនក្រៅប្រទេស​និង ក្រុមហ៊ុនបរទេសដែលមានប្រតិបត្តិការនៅវៀតណាមផងដែរ។

ហេតុអ្វីលោក Vo Van Thuong ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មី

លោក Vo Van Thuong មិនមែនជាបុគ្គលដែលទើបតែប្រឡូកក្នុងឆាកនយោបាយរបស់វៀតណាមនោះទេ។ លោកបានក្លាយជាសមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន បក្សកុម្មុយនីស្តវៀតណាម (Communist Party of Vietnam)  ចាប់តាំងពីឆ្នាំ ២០១៦មកម៉្លេះ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចាប់តាំងពីឆ្នាំ ២០០៦។ នៅក្នុងចន្លោះឆ្នាំ ២០០៦ និង ២០១១ លោក Thuong គឺជាមេដឹកនាំនិងជាលេខាទីមួយនៃសហភាពយុវជនកុម្មុយនិស្តហូជីមិញ ដែលជាប្រភពផ្តល់ការទុកចិត្តទៅកាន់ CPV។ លើសពីនេះទៅទៀត លោកត្រូវបានរដ្ឋាភិបាលទីក្រុងហាណូយ តែងតាំងតំណែងឱ្យបម្រើការរយៈពេលប្រាំមួយឆ្នាំជាលេខាគណៈកម្មាធិការបក្សខេត្ត Quang Ngai (២០១១-២០១៤) និងជាលេខារងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (២០១៤-២០១៦)។ ក្រៅពីនេះទៅទៀត មុនត្រូវបានតែងតាំងជាប្រធានាធិបតី លោក Thuong គឺជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល CPV ដែលទទួលខុសត្រូវដឹកនាំកិច្ចការបក្សប្រចាំថ្ងៃ និងការអនុវត្តន៍សេចក្តីសម្រេច និងសេចក្តីណែនាំរបស់គណបក្សស្តីពីសេដ្ឋកិច្ច សង្គម ការការពារជាតិ សន្តិសុខ និងកិច្ចការទំនាក់ទំនងបរទេស។ ពហុតួនាទីរបស់លោក Thuong ដែលធ្លាប់មានទាំងបទពិសោធន៏ពាក់ព័ន្ធនឹងតួនាទីទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់កណ្តាលផងក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ បានធ្វើឱ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់មុខតំណែងជាប្រធានាធិបតី។ ជាងនេះទៅទៀត បើប្រៀបធៀបទៅនឹងសមាជិកការិយាល័យនយោបាយភាគច្រើនផ្សេងទៀត លោកជាបុគ្គលដែលក្មេងជាង មានសមត្ថភាពខ្ពស់ស្ទើរគ្រប់វិស័យ និងជាបុគ្គលដែលមិនធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងអំពើរពុករលួយនោះទេ។

យុទ្ធនាការលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសវៀតណាម

ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបង្កើតយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ដែលចាប់បានមន្ត្រីរដ្ឋាភិបាល និងនាយកប្រតិបត្តិអាជីវកម្មរាប់រយនាក់ក្នុងការប្រព្រឹត្តិអំពើរពុករលួយ ចាប់តាំងពីឆ្នាំ ២០២១។ ការបង្រ្កាបនេះត្រូវបានបង្ហាញយ៉ាងទូលំទូលាយថាជាផ្នែកមួយនៃការប៉ុនប៉ងរបស់វៀតណាមក្នុងការរក្សាកេរ្តិ៏ឈ្មោះប្រទេសនៅក្នុងភាពស្អាតស្អំដើម្បីទទួលបាននូវ ការវិនិយោគបរទេស និងធានានូវភាពស្របច្បាប់របស់គណបក្សក្នុងការប្រឈមមុខនឹងរឿងអាស្រូវទាក់ទងទៅនឹងអំពើរពុករលួយ។ គណបក្សកុម្មុយនិស្តវៀតណាមបាន​ព្រមាន​ថា​អំពើ​ពុករលួយ​អាច​ធ្វើ​ឲ្យ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ​ជាមួយ​សាធារណជន និង​ការ​កាន់​អំណាច​ស្ថិតក្នុងគ្រោះថ្នាក់ដោយបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងន័យនេះ វៀតណាមក៏ស្រដៀងនឹងចិនដែរ ដែលជារដ្ឋឯកបក្ស ដែលមានទិសដៅក្នុងការបោសសម្អាតប្រឆាំងអំពើពុករលួយដើម្បីកុំឱ្យមានបក្សផ្សេងកកើតឡើងដើម្បីប្រជែងអំណាច។ កាលពីឆ្នាំ២០២២ អាជ្ញាធរវៀតណាមបានផ្តួចផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មលើបុគ្គលយ៉ាងហោចណាស់ ៤៦៤៦នាក់ ក្នុងនោះ ២៤៧៤ ករណីត្រូវបានកចោទប្រកាន់ពីបទពុករលួយ ការរំលោភអំណាច និងការធ្វើអនុវត្តខុសគោលការណ៏ផ្នែកសេដ្ឋកិច្ច។ លើសពីនេះទៅទៀតការិយាល័យនយោបាយ និងគណបក្សបានពិន័យមន្ត្រីប្រមាណ ៧០ នាក់ រួមទាំងរដ្ឋមន្ត្រី ៥ នាក់ និងអតីតរដ្ឋមន្ត្រី ចាប់តាំងពីដើមឆ្នាំ ២០២១ មក។ ប៉ូលីសក៏បានឃាត់ខ្លួននាយកប្រតិបត្តិមួយចំនួនផងដែរ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីការក្លែងបន្លំដែលពាក់ព័ន្ធនឹងការចេញសញ្ញាប័ណ្ណសាជីវកម្ម និងការជួញដូរភាគហ៊ុន និងការរៀបចំតម្លៃភាគហ៊ុនខុសច្បាសប់។

បន្តមកកាន់ការដឹកនាំរបស់លោក Vo Van Thuong ការលុបបំបាត់អំពើរពុកលួយនឹងនូវតែជាគោលកាណ៏ចម្បងរបស់បក្សកម្មមុយនីស្តវៀតណាម ដោយបញ្ហានេះជាបញ្ហាចោទដែលប្រធានាធិបតីវៀតណាមចាស់បានសុំលាលែងតំណែង ហើយវានឹងក្លាយជាមេរៀនទៅដល់មេដឹកនាំក្រោយៗទៀតក្នុងការរៀបក្បាលម៉ាស៊ីនដឹកនាំដែលប្រកបដោយតម្លាភាព និងគ្មានការកើតឡើងនូវអំពើរពុករលួយ។ បើយើងក្រលេកទៅមើលសុន្ទរកថាដែលបានថ្លែងដោយលោក Vo Van Thuong នៅក្នុងសភាជាតិនៅពេលដែលលោកបានតែងតាំងជាប្រធានាធិបតីយើងនឹងបានឃើញច្បាស់ពីការតាំងចិត្តរបស់លោកដែលលោកបានសច្ចាទៅកាន់ប្រជាជាតិវៀតណាម ថាលោកនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយគ្រប់កម្រិតថ្នាក់នៅក្នុងផ្ទៃប្រទេស។ លោកក៏មានភាពស្និទ្ធស្នាលជាមួយអគ្គលេខាធិការ CPV បច្ចុប្បន្ន លោក Nguyen Phu Trong ដែលដើរតួជាជំនួយការរបស់គាត់ក្នុងកិច្ចការបក្សប្រចាំថ្ងៃ ក្នុងតួនាទី ជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន និងក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ និងជាអនុប្រធាននៃ គណៈកម្មាធិការកណ្តាលសម្រាប់ការប្រឆាំងអំពើពុករលួយ និងទប់ស្កាត់ការអនុវត្តអវិជ្ជមាន។ ម៉្យាងវិញទៀត លោក Vo Van Thuong ត្រូវបានបោះឆ្នោតជ្រើសរើសដោយសភាជាតិវៀតណាមដែលមានសំឡេងជាង ៩៨% និងបានទទួលការទុកចិត្តខ្ពស់ពីសំណាសមាជិកសភា និងប្រជាជាតិវៀតណាមទាំងមូលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើរពុករលួយ ដែលវានឹងធ្វើឱ្យលោកកាន់តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឆាំងដាច់ខាតទៅនឹងបញ្ហាចោទមួយនេះ នឹងដើម្បីជៀសវាងពីការរិះគន់ដូចដែលបានកើតឡើងទៅលើរដ្ឋបាលរបស់លោក Nguyen Xuan Phuc។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ