ប្រទេសវៀតណាម ជាប្រទេសមួយនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលនៅតែបន្តមានការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងសម័យកូវីដ-១៩ ខណៈដែលសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតបានជួបប្រទះនូវការធ្លាក់ចុះយ៉ាងគំហុក ។ យ៉ាងណាមិញ ប្រទេសវៀតណាមក៏ធ្លាប់បានឆ្លងកាត់នូវបញ្ហាសេដ្ឋកិច្ចជាហូរហែររហូតដល់ឆ្នាំ ១៩៨៦ ហើយទើបតែចាប់ផ្តើមមានភាពរីកចម្រើននៅពេលដែលប្រទេសនេះចាប់ផ្តើមធ្វើនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានឈ្មោះថា ដូយ ម៉ឺយ (Doi Moi)តែប៉ុណ្ណោះ។ នៅក្នុងអត្ថបទនេះយើងនឹងងាកមកស្វែងយល់អំពីកំណែរទម្រង់សេដ្ឋកិច្ច ដូយ មើយ ដែលបានបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ-សង្គមនិយមដែលមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។
នៅមុនឆ្នាំ ១៩៨៦
មុនពេលដែលមានកំណែទម្រង់សេដ្ឋកិច្ច “ ប្រទេសវៀតណាមបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការបង្រួបបង្រួមវៀតណាមខាងត្បូងនិងខាងជើងក្នុងឆ្នាំ ១៩៧៦។ នាពេលនោះ សេដ្ឋកិច្ចរបស់វៀតណាមត្រូវជួបប្រទះនឹងវិបត្តិនៃ ការថយចុះនៃផលិតកម្ម អតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ អប្រសិទ្ធភាពក្នុងការបែងចែកធនធាននៅសេដ្ឋកិច្ច ព្រមទាំងកំណើនអត្រាអតិផរណានិងបញ្ហាបំណុល។
ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៩១ ប្រទេសវៀតណាមបានក្លាយជាសមាជិកនៃ Comecon ដែលជាក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចទៅវិញទៅមក ដែលបានបង្កើតឡើងនៅចន្លោះឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៩១ ស្ថិតក្រោមការដឹកនាំរបស់សហភាពសូវៀត។ ការចូលជាសមាជិកនេះបានធ្វើឱ្យ ប្រទេសវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្មប្រទេសរបស់ខ្លួនជាមួយសហភាពសូវៀត។ បន្ទាប់ពីការដួលរលំនៃ Comecon និងការបាត់បង់ដៃគូពាណិជ្ជកម្ម របស់ខ្លួន វៀតណាមត្រូវបានបង្ខំឱ្យធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ទម្លាក់តម្លៃអត្រាប្តូរប្រាក់របស់ខ្លួន ដើម្បីបង្កើនការនាំចេញ និងចាប់ផ្តើមនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឡើងវិញ។ ជាមួយគ្នានេះដែរ អតិផរណាក៏បានកើនឡើងដល់ជាង ៧០០ ភាគរយ ចំណែកឯកំណើនសេដ្ឋកិច្ចក៏បន្តធ្លាក់ចុះ ហើយប្រាក់ចំណូលពីការនាំចេញក៏មានអត្រាទាបជាងតម្លៃសរុបនៃការនាំចូលផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ASEAN POST។ នាពេលនោះទៀតសោត ជំនួយរបស់សូវៀតក៏បានថយចុះ ដែលបង្កើនភាពឯកោរបស់វៀតណាមរហូតដល់ប៉ះពាល់ទាំងសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។
កំណែទម្រង់ “ដូយ ម៉ឹយ”
បន្ទាប់ពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ចវៀតណាម លេខាបក្សនៃសមាជបក្សលើកទី៦ លោក Nguyễn Văn Linh ដែលគេស្គាល់ថាជាអ្នកផ្ដើមគំនិតនៃកំណែទម្រង់ ដូយ ម៉ឺយ និងជាអតីតមេដឹកនាំរណសិរ្សរំដោះជាតិ បានដឹកនាំកំណែទម្រង់សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ១៩៨៦ ដោយមានគោលបំណងផ្ដល់នូវសិទ្ធិសេរីភាពទៅកាន់ប្រជាជនក្នុងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចដោយមិនផ្អែកទាំងស្រុងលើរដ្ឋាភិបាលវៀតណាមនោះឡើយ និងបើកចំហសេដ្ឋកិច្ចរបស់វៀតណាម។
កំណែទម្រង់ ដូយ ម៉ឺយ ក្នុងដំណាក់កាលដំបូង គឺផ្ដោតសំខាន់លើការបើកសេដ្ឋកិច្ចទីផ្សាររបស់ខ្លួន រួមទាំងសេរីភាវូបនីយកម្មទីផ្សារក្នុងស្រុក ការលើកទឹកចិត្តនូវវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) និងពីឯកជន។ ហេតុនេះហើយ កំណែទម្រង់ ដូយ ម៉ឺយ បានផ្លាស់ប្តូរប្រព័ន្ធផលិតកម្មកសិកម្មដែលស្ថិតក្រោមរដ្ឋាភិបាលទៅជាការផ្ដល់កម្មសិទ្ធិឯកជន។ កំណែទម្រង់ទាំងនេះបានចែងនៅក្នុងច្បាប់ដីធ្លី (Land Law) ឆ្នាំ ១៩៩៣ ដែលបានធានាដល់កសិករម្នាក់ៗក្នុងការទទួលបាននូវសិទ្ធិសំខាន់ៗចំនួនប្រាំលើកម្មសិទ្ធិដីរបស់ពួកគេ រួមមាន៖ ការដោះដូរ បញ្ចាំ ផ្ទេរ ជួល និងទុកជាមរតក។ កំណែទម្រង់នេះបានបង្កើនផលិតកម្ម ក៏ដូចជាផ្តល់ឱ្យគ្រួសារក្នុងវិស័យកសិកម្មមានសេរីភាពក្នុងការផលិត និងកាន់កាប់ផងដែរ។
បន្ថែមពីលើនោះទៅទៀត កំណែទម្រង់ ដូយ ម៉ឺយក៏បានកាត់បន្ថយនូវបញ្ញត្តិដ៏តឹងរ៉ឹង ដែលវៀតណាមបានដាក់មកលើផ្នែកវិនិយោគទុន និងអ្នកជំនួញអន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគទុន ក្នុងការធ្វើជំនួញដើម្បីទាក់ទាញអាជីវកម្មនៅក្នុងប្រទេសវៀតណាម។ បន្ថែមពីនេះទៅទៀតប្រទេសវៀតណាមក៏បានបង្កើតច្បាប់ថ្មីស្តីពីការវិនិយោគបរទេសដែលបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៨៧ផងដែរ។ ច្បាប់នេះផ្ទាល់បានធ្វើឱ្យមានការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់ប្រទេសវៀតណាម ដែលបន្ទាប់មកឈានដល់ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបប្រមាណ ១០% ក្នុងឆ្នាំ ១៩៩៤ នេះបើយោងទៅតាមទិន្នន័យរបស់ ASEAN POST។
ការអនុវត្តច្បាប់ស្តីពីការវិនិយោគបរទេសរដ្ឋបានអនុវត្តនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ក្នុងប្រទេសវៀតណាម ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចដោយការលើកទឹកចិត្តដល់វិនិយោគិនបរទេស ក្នុងការបង្កើតអាជីវកម្មផ្សេងៗនៅក្នុងតំបន់ភូមិសាស្ត្រទាំងនោះ។ ហេតុនេះហើយ រដ្ឋាភិបាលវៀតណាមក៏បានបង្កើតតំបន់អភិវឌ្ឍន៍ពិសេស (Development Zones) ដែល នៅឆ្នាំ ១៩៩១ តំបន់អភិវឌ្ឍន៍ពិសេសដំបូងត្រូវបានបង្កើតឡើងនៅទីក្រុងហូជីមិញ។
គោលនយោបាយ ដូយ ម៉ឺយ ក៏ផ្ដោតលើការចងសម្ព័ន្ធនៃទំនាក់ទំនងពាណិជ្ជកម្មដោយសេរីជាមួយប្រទេសផ្សេងៗទៀតផងដែរ ដោយវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន ដែលរួមមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននៅឆ្នាំ ១៩៩៥។ វៀតណាមក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ និងនាឆ្នាំ ២០០៧ វៀតណាមបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ឥទ្ធិពលនៃកំណែទម្រង់ “ដូយ ម៉ឹយ”
កំណែទម្រង់ ដូយ ម៉ឺយ ត្រូវបានគេដឹងថាជាគន្លឹះដ៏សំខាន់ដែលនាំឱ្យប្រទេសវៀតណាមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបាននាំមកនូវការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វៀតណាមទាំងមូល។
ដំណាក់កាលដំបូងនៃកំណែទម្រង់ (១៩៨៦ – ១៩៩០) បានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រទេសដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ទៅជាប្រទេសដែលបាននាំចេញអង្ករចំនួន ៤,៧ លានតោនក្នុងឆ្នាំ ១៩៨៩ ជាលើកដំបូង។ នាពេលនោះ គេសង្កេតឃើញថាមានកំណើន GDP ជាមធ្យម ៤,៤ ភាគរយក្នុងមួយឆ្នាំ។ បើគិតពីទំហំ GDP របស់វៀតណាមបានកើនឡើងជិត ៥ ដងពី ៦,៤៧២ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩០ ដល់ ៣១,១៧២ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០។ ទាំងនេះបានបង្ហាញឱ្យឃើញថាផលិតកម្ម និងកម្រិតជីវភាពរបស់ប្រជាជនវៀតណាមបានមានភាពប្រសើរឡើង។
កំណែទម្រង់នេះក៏នាំឱ្យរដ្ឋាភិបាលវៀតណាមបង្វែរចំណូលពន្ធដែលប្រមូលបាន ដើម្បីធ្វើការពង្រីកសកម្មភាពសេដ្ឋកិច្ច ក្នុងគោលបំណងដោយធានាថាតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ទទួលបានការវិនិយោគគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ជាលទ្ធផល សូម្បីតែអត្រានៃភាពក្រីក្របានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងខេត្តភាគច្រើន ខណៈដែលប្រាក់ចំណូលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ទីក្រុង និងខេត្តដែលមានកម្រិតនៃការវិនិយោគខ្ពស់។ ជាមួយគ្នានេះដែរ កំណែទម្រង់ ដូយ ម៉ឺយ បានធ្វើឲ្យវៀតណាមបើក និងពង្រីកទីផ្សាររបស់ខ្លួន និងចងភ្ជាប់នូវដៃគូពាណិជ្ជកម្មសំខាន់ៗរួមមាន ជប៉ុន សិង្ហបុរី ហុងកុង តៃវ៉ាន់ កូរ៉េ និងសហភាពអឺរ៉ុប។ នៅពេលដែលវៀតណាមពង្រីកទីផ្សាររបស់ខ្លួននៅបរទេស វៀតណាមក៏បានជំរុញផ្នែកឧស្សាហកម្មដោយមានការនាំចេញ និងដាក់នូវច្បាប់លើការនាំចូលទំនិញផលិត ដើម្បីឱ្យមានតុល្យភាពនៃការនាំចេញ និងនាំចូលផងដែរ។
ជារួមមក វៀតណាមបានប្រែក្លាយខ្លួនពីទីផ្សារដែលស្ថិតក្រោមរដ្ឋាភិបាលទៅជាសេដ្ឋកិច្ចទីផ្សារសង្គមនិយម ដោយសារតែកំណែទម្រង់ ដូយ ម៉ឺយ ក្នុងឆ្នាំ ១៩៨៦។ កំណែទម្រង់នេះអនុញ្ញាតឱ្យវៀតណាមផ្លាស់ប្តូរការអនុវត្តសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រីកទីផ្សារទៅកាន់ដៃគូផ្សេងៗទៀត ដោយមិនផ្អែកលើសហភាពសូវៀតទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កំណែទម្រង់នេះក៏បានផ្តួចផ្តើមច្បាប់ស្តីពីការវិនិយោគបរទេស ក៏ដូចជាការបន្ធូរបន្ថយលើច្បាប់នៃពាណិជ្ជកម្មតឹងរ៉ឹង និងទីផ្សារបិទរបស់ពួកគេ។ ជាលទ្ធផលនៃកំណែទម្រង់ ដូយ ម៉ឺយ វៀតណាមបានកាត់បន្ថយអត្រាភាពក្រីក្រ បង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់តែខ្វះខាតអង្ករទៅជាប្រទេសដែលនាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗទៀត រហូតមកដល់សព្វថ្ងៃនេះ ប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។