"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ គំនិតជាតិនិយមនៅប្រទេសឥណ្ឌូនេស៊ីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

គំនិតជាតិនិយមសំដៅទៅលើគោលគំនិតនៃនយោបាយបែបទំនើប ដែលបានចាប់កំណើតឡើងអំឡុងពេលសម័យអាណានិគម។   នៅពេលដែលនិយាយដល់គំនិតជាតិនិយមគេក៏នឹកឃើញដល់ប្រទេសដែលមានទីតាំងស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍។  ក្នុងនោះប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថា  ជាប្រទេសដែលមានឥទ្ធិពលគំនិតជាតិនិយមខ្លាំងក្លា ជាពិសេសក្នុងរជ្ជកាលក្រោមការត្រួតត្រារបស់អាណានិគមហូឡង់ ​​ ។ ​​                  ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ បានប្រកាសខ្លួនចេញពី អាណានិគមនៅក្នុងឆ្នាំ ១៩៤៥ ក្រោមការផ្ដួចផ្ដើមរបស់មេដឹកនាំជាតិនិយមឈ្មោះថាលោក ស៊ូ  កាណូ។   ក្នុងនាមជាប្រទេសដែលទើបរួចផុតពីអាណានិគម  ហើយក៏ចេញផុតពីភ្លក់ភ្លើងនៃសង្គ្រាមថ្មីៗ តើប្រទេសឥណ្ឌូនេស៊ីបំផុសបំផុលគំនិតជាតិនិយមរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ?

ក្នុងនាមជាប្រទេសដែលទើបនឹងរីកដុះដាល  ប្រាកដណាស់វាពិតជាមានភាពលំបាកយ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឲ្យទៅរកភាពសម្បូរសប្បាយ។  ឥណ្ឌូនេស៊ីជាក់ស្ដែងបានជួបប្រទះនិងបញ្ហាភូមិសាស្ត្រនយោបាយ វិសមភាពសេដ្ឋកិច្ច ការចម្រុះជាតិសាសន៍ សាសនា ក៏ដូចជាប្រព័ន្ធគ្រប់គ្រងរដ្ឋផងដែរ។  ហេតុនេះហើយទើប លោក  ស៊ូ កាណូ​ តំណាងឲ្យប្រជាជាតិឥណ្ឌូនេស៊ីទាំងមូល ប្រកាន់យកនូវគោលគំនិតជាតិនិយមក្នុងការកសាងរដ្ឋ និងប្រទេសឲ្យមានភាពរីកចម្រើន។​ ​   ជាដំបូងលោកបានមកឈោងចាប់ការដឹកនាំតាមបែបប្រជាធិបតេយ្យរបស់ពួកអឺរ៉ុបដែលមានឈ្មោះថា  Parliamentary Democracy ដែលមានឈ្មោះជាភាសាខ្មែរថា  របបប្រជាធិបតេយ្យដឹកនាំបែបសភានិយម។​ ការដឹកនាំមួយនេះទៀតសោតបានផ្ដោតលើចំណុចសំខាន់ៗចំនួន៣ ដូចជា ការតំណាងឲ្យប្រជាពលរដ្ឋ,  ការបម្រើទៅដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ  និងការត្រួតពិនិត្យព្រមទាំងកំណត់លក្ខខណ្ឌរបស់ប្រធានាធិបតី។   ផ្ទុយទៅវិញការប្រព្រឹត្តិទៅនៃរបបប្រជាធិបតេយ្យមិនបានរីកសុះសាយពេញផ្ទៃប្រទេសឥណ្ឌូនេស៊ីនោះទេ  ក៏ព្រោះតែកត្តាភូមិសាស្ត្ររបស់ប្រទេសនេះនៅដាច់ដោយឡែកពីគ្នា គឺប្រជាជន កោះជ្វា និងបណ្ដាលកោះដទៃទៀតមិនបានទទួលនូវឥទ្ធិពលទាំងអស់នោះទេ។  គួបផ្សំជាមួយនឹងការខ្វែងគំនិតគ្នានៃបក្សនីមួយៗក៏ដូចជា ការកកើតឡើងនៃរបបយោធាផងដែរនោះ  ទើបធ្វើឲ្យរបបគ្រប់គ្រងប្រជាធិបតេយ្យបែបសភាមួយនេះបានដួលរលំ  ហើយក៏ជាហតុធ្វើឲ្យប្រជាជននៃប្រទេសបាត់បង់គំនិតជាតិនិយមអស់មួយរយៈពេលខ្លី។ តែទោះជាយ៉ាងណា  គោលគំនិតមួយនេះមិនបានសាបសូន្យនោះទេ ប្រជាជាតិឥណ្ឌូនេស៊ីនៅតែប្រកាន់ខ្ជាប់នូវគោលការណ៏របស់ខ្លួ​ន  ក្នុងការបង្កើតឲ្យមានតម្លាភាពក្នុងផ្ទៃប្រទេស ពោលគឺលុបបំបាត់ភាពចម្រុះនៃគណៈបក្សនយោបាយ ជាតិសាសន៍ សាសនា និងការបង្រួបបង្រួមគ្នាជាធ្លុងមួយ។

រហូតមកដល់ឆ្នាំ ១៩៥៩  អ្នកចលនាជាតិនិយម លោក ស៊ូ កាណូបានណែនាំរបបប្រជាធិបតេយ្យមួយទៀត   ដែលមានបំណងស្របតាមឆន្ទៈនៃគំនិតជាតិនិយមរបស់ប្រជាពលរដ្ឋ ដែលរបបនេះមានឈ្មោះជាភាសាអង់គ្លេសថា  Guided Democracy ។    របបត្រូវបានគេស្គាល់ថាជាការរួបរួមចូលគ្នារវាងគោលគំនិតពីរសំខាន់គឺ គណៈបក្សនយោបាយ (គណៈបក្សនយោបាយច្រើនមកចូលរួមគ្នាតែមួយ)  និងក្រុមប្រឹក្សាជាតិនៃប្រទេសឥណ្ឌូនេស៊ីទាំងមូល។ ចំពោះទស្សនៈនៃការធ្វើ បែបនេះជាភាពវៃឆ្លាតមួយរបស់មេដឹកនាំក្នុងការបង្រួបបង្រួមអ្នកដែលមានគំនិតជាតិនិយមទាំងអស់ឲ្យមកសហការគ្នា  និងរួបរួមគ្នាតែមួយ។  អំឡុងពេលនោះលោកស៊ូ កាណូបានប្រើប្រាស់ពាក្យស្លោកមួយថា “ស៊ូហត់នឿយជាមួយគ្នា  សម្រក់ញើសតាមរយៈការនឿយ នោះជាមួយគ្នា​ ដើម្បីរួបរួមក្នុងការដោយស្រាយបញ្ហាដែលយើងកំពុងនឹងប្រឈម”។​    ការធ្វើការបង្រួបបង្រួមគ្នាបែបនេះរបស់លោក ស៊ូ កាណូ គឺដើម្បីដើម្បីបង្ការកុំមានការប្រឆាំងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងពីគ្រប់តំបន់  ដូចពីកាលការដឹកនាំរបបប្រជាធិបេតយ្យបែបសភាដែលតំបន់ខ្លះបានទទួលការមែលថែទាំ រីឯតំបន់ខ្លះមិនទទួលបានអ្វីទាល់តែសោះ។   ដំណើរការនៃការប្រព្រឹត្តិទៅរបស់របបប្រជាធិបតេយ្យមួយនេះគឺទទួលបានជោគជ័យ សម្រាប់ការកសាងជាតិរបស់ប្រទេសឥណ្ឌូនេស៊ីនាសម័យនោះផង ហើយក៏ទទួលជាគោលគំនិតជាតិនិយមមួយរបស់អ្នកដឹកនាំនាសម័យកាលនោះផងដែរ។​

សរុបជារួមមក គំនិតជាតិនិយមរបស់ប្រជាជនឥណ្ឌូនេស៊ីដែលផ្ដោតសំខាន់ទៅលើការកសាងសង្គម   គឺពឹងផ្អែកខ្លាំងក្នុងការជ្រើសរើសប្រព័ន្ធនយោបាយនៃការដឹកនាំ ដើម្បីឲ្យកាន់តែច្បាស់ថាប្រទេសគួរតែប្រកាន់យករបបនយោបាយបែបណា  ទើបប្រទេសអាចងើបផុតពីបញ្ហាដែលបានចោទឡើងក្នុងនាមជារដ្ឋថ្មីមួយក្នុងពិភពលោក។  ជាក់ស្ដែងតាមរយៈការប្រើប្រាស់របបនយោបាយបែបប្រជាធិបតេយ្យតាមសភា ឃើញថាផលអវិជ្ជមានគឺមានច្រើនដោយសារតែ  ការដឹកនាំបែបនេះត្រូវបានធ្វើរួចមកហើយនៅប៉ែកអឺរ៉ុប ក្នុងនាមឥណ្ឌូនេស៊ីជារដ្ឋថ្មីវាពិតជាពិបាកក្នុងការដើរតាមរបបបែបនេះហើយទទួលបានជោគជ័យណាស់។   ដោយឡែកដោយសារតែឃើញនូវចំណុចទាំងនេះ  ទើបគេបានផ្លាស់ប្ដូរ ទៅជារបបនយោបាយដែលមានឈ្មោះថា Guided Democracy។​ របបនេះទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ គួបផ្សំជាមួយនឹងភាពវៃឆ្លាតរបស់មេដឹកនាំដែលបានសង្កេតឃើញនូវចំណុចខ្វះខាតដែលធ្លាប់មានពីមុនមក។    តាមរយៈរបបនយោបាយទាំងពីរ និងគំនិតជាតិនិយមរបស់ប្រជាជននៃប្រទេសឥណ្ឌូនេស៊ី   ទើបវាក្លាយជាយាន្តមួយសម្រាប់ប្រទេសអាស៊ីដីកោះមួយនេះ   ក្នុងការអភិវឌ្ឍប្រទេសនិងសង្គមរបស់ខ្លួនឲ្យដើរទៅរករបបប្រជាធិបតេយ្យមួយដែលកម្លាំងនៃប្រជាធិបតេយ្យខ្លាំងក្លាជាងគេក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងបែកអាស៊ីអាគ្នេយ៍។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ម៉ី ម៉ូនីតា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ