"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ស៊ាន ស្រីការ

អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។

គោលបំណងក្នុងការបង្កើតអង្គការណាតូ និងសហភាពអឺរ៉ុប

អង្គការណាតូត្រូវបានបង្កើតឡើងជាការឆ្លើយតបទៅនឹងឥទ្ធិពលនៃសង្គ្រាមលោកលើកទីពីរ និងការចុះខ្សោយនៃទំនាក់ទំនងរវាងសហភាពសូវៀត និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងលិច និងអាម៉េរិកខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty) ក្នុងឆ្នាំ ១៩៤៩ ក្នុងទិសដៅប្រឆាំងនឹងការគំរាមកំហែងដល់សេរីភាព និងសន្តិភាពនៅអឺរ៉ុបខាងលិច ជាពិសេសការទប់ស្កាត់ទៅលើការរីកសាយភាយនូវលទ្ធិកុម្មុយនីស្ត។ លក្ខណៈពិសេសរបស់អង្គការនេះ គឺថាប្រសិនបើសម្ព័ន្ធមិត្តមួយត្រូវបានវាយប្រហារ នោះណាតូនឹងចាត់ទុកវាថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងអស់។ ក្រៅ​ពី​មាន​គោល​បំណង​យោធា ណាតូ​ក៏លើក​កម្ពស់​តម្លៃ​ប្រជាធិបតេយ្យ និង​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខតំបន់ផងដែរ។

សហភាពអឺរ៉ុបចាប់ផ្ដើមលេចចេញជារូបរាងដំបូងក្នុងនាមជាសមាគមសេដ្ឋកិច្ចអឺរ៉ុប (European Economic Community) តាមរយៈសន្ធិសញ្ញាទីក្រុង Rome នៅឆ្នាំ ១៩៥៧។ ក្រោយមក សហភាពអឺរ៉ុបទំនើបត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញាទីក្រុង Maastricht នៅឆ្នាំ ១៩៩១ ដោយ រដ្ឋសមាជិកចំនួន ១២។ សន្ធិសញ្ញាបានត្រួសត្រាយផ្លូវក្នុងការបង្កើតប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប និងសញ្ញាតិ្តអឺរ៉ុបរួមផងដែរ។ ទម្រង់បច្ចុប្បន្នរបស់សហភាពអឺរ៉ុបត្រូវបានកើតចេញពីសន្ធិសញ្ញាទីក្រុង Lisbon ឆ្នាំ ២០០៧ ។​ ដូចអង្គការណាតូដែរ សហភាពអឺរ៉ុបលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ប៉ុន្តែខុសពីណាតូ អង្គការនេះផ្តោតជាចម្បងទៅលើផ្នែកសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុតំបន់ មិនមែនវិស័យការពារជាតិទេ។

ណាតូ និងសហភាពអឺរ៉ុប៖ រចនាសម្ព័ន្ធ

ណាតូមានរចនាសម្ព័ន្ធស៊ីវិល និងយោធា ដោយមានទីស្នាក់ការកណ្តាល តំណាងអចិន្ត្រៃយ៍ (Permanent Representatives) ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) និងបុគ្គលិកស៊ីវិលមកពីគ្រប់ប្រទេសសមាជិកទាំងអស់។ ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) ដែលជាស្ថាប័នធ្វើការសម្រេចចិត្តនយោបាយដ៏សំខាន់ និងកំពូលនៃអង្គការនេះ។ អគ្គលេខាធិការរបស់ណាតូ (Secretary-General) មានតួនាទីដឹកនាំទូទៅ និងជាអ្នកនាំពាក្យរបស់អង្គការផ្ទាល់។ ចំពោះរចនាសម្ព័ន្ធយោធារបស់អង្គការនេះវិញ ត្រូវបានដឹកនាំដោយគណៈកម្មាធិការយោធា ដែលរួមមានបុគ្គលិកយោធាពីប្រទេសសមាជិក និងរចនាសម្ព័ន្ធបញ្ជាការយោធា។ អង្គការណាតូមិនមានកងទ័ពឈរជើងផ្ទាល់ខ្លួនទេ ប៉ុន្តែមានរចនាសម្ព័ន្ធបញ្ជាការយោធាជាអចិន្ត្រៃយ៍ ដែលកើតចេញការរួមបញ្ចូលគ្នាពីបុគ្គលិកយោធា និងស៊ីវិលរបស់ប្រទេសសមាជិកទាំងអស់។

សហភាពអឺរ៉ុប (EU) មានស្ថាប័នសំខាន់ៗចំនួនប្រាំពីរ ដែលមានលក្ខណៈជាអង្គនីតិប្រតិបត្តិ នីតិបញ្ញត្តិ តុលាការ និងអង្គភាពគ្រប់គ្រងហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាអឺរ៉ុប (European Council) ជាក្រុមប្រឹក្សាដែលប្រមូលផ្ដុំមេដឹកនាំនយោបាយកំពូលៗមកពីរដ្ឋសមាជិកនីមួយៗ និងមានប្រធានមួយរួបក្នុងការដឹកនាំ។ ក្រុមប្រឹក្សានេះមានតួនាទីក្នុងការកំណត់ជោគវាសនារួមអឺរ៉ុប។ គណៈកម្មការអឺរ៉ុប​ (European Commission) ជាស្ថាប័ននីតិប្រតិបត្តិ ដោយធ្វើការស្នើច្បាប់នានា គ្រប់គ្រងថវិកា និងអនុវត្តបទប្បញ្ញត្តិដែលដាក់ចេញ។ សភាអឺរ៉ុប​ (European Parliament) ជាស្ថាប័ននីតិបញ្ញត្តិ  ដែលមានតំណាងកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋអឺរ៉ុប។ ស្ថាប័ននេះមានតួនាទីអនុម័តច្បាប់ និងផ្ដល់ភ្លើងខៀវដល់ច្បាប់ថវិកាអឺរ៉ុប ប៉ុន្តែមិនអាចស្នើច្បាប់បានទេ។ ក្រុមប្រឹក្សារដ្ឋមន្រ្តី (Council of Ministers) ជាស្ថាប័ននីតិបញ្ញត្តិទី២ ដែលមានសមាជិកភាពរដ្ឋមន្ត្រីមកពីប្រទេសសមាជិក និងមានតួនាទីនៅក្នុងការអនុម័តច្បាប់ទាំងអស់។ តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (Council of  Justice of the European Union) ជាស្ថាប័នតុលាការកំពូលនៃសហភាពអឺរ៉ុប ដែលមានតួនាទីក្នុងការធានានូវការបកស្រាយ និងការអនុវត្តច្បាប់សហភាពអឺរ៉ុប។ ធនាគារកណ្តាលអឺរ៉ុប (The European Central Bank) មានមុខងារក្នុងការគ្រប់គ្រងប្រាក់អឺរ៉ូ និងគោលនយោបាយរូបិយវត្ថុ ខណៈដែលតុលាការត្រួតពិនិត្យអឺរ៉ុប (European Court  of Auditors) ផ្ទៀងផ្ទាត់ការចំណាយរួមរបស់សហភាព និងធ្វើការរាយការណ៍ពីករណីមិនប្រក្រតីក្នុងការចំណាយនានារបស់អង្គការតំបន់មួយនេះ។

NATO និង EU៖ សមាជិកភាព

អង្គការ NATO មានប្រទេសជាសមាជិកចំនួន ៣០ ប្រទេស។ សមាជិកភាពនៃអង្គការនេះគឺបើកចំហចំពោះរដ្ឋអឺរ៉ុបណាមួយដែលបានប្តេជ្ញាចិត្តក្នុងការជំរុញគោលការណ៍នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty)។ ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) នឹងសម្រចជាឯកច្ឆន្ទ (Consensus) នៅក្នុងការជ្រើសរើសប្រទេសណាដែលមានបំណងចូលរួម។

សហភាពអឺរ៉ុប (EU) មានរដ្ឋសមាជិកចំនួន ២៧ ដែលដើម្បីចូលរួមជាសមាជិក រដ្ឋទាំងអស់ត្រូវតែបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយ “លក្ខន្តិកៈទីក្រុងកូប៉ិនហាក” (Copenhagen Criteria) ដែលរួមមានការរក្សានូវស្ថេរភាពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលយកច្បាប់សហភាពអឺរ៉ុបទាំងអស់ ។ បន្ទាប់មក ​ក្រុមប្រឹក្សាអឺរ៉ុប (European Council)​ នឹងស្នើ​ឱ្យគណៈកម្មកាអឺរ៉ុប​ (European Commission) ធ្វើការវាយតម្លៃសមាជិកភាព​។ បណ្តាប្រទេសដែលមានបំណងចូលរួមជាសមាជិករបស់សហភាពអឺរ៉ុបត្រូវតែធ្វើសមាហរណកម្មច្បាប់របស់សហភាពអឺរ៉ុបទៅក្នុងច្បាប់ជាតិប្រទេសទាំងនោះដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ លឹម​ ពន្លឺ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ