Tiktok គឺកម្មវិធីចែកចាយវីឌីអូដែលផ្តើមចេញពី Musical.ly ដែលកម្មវិធីផ្តោតទៅលើការច្រៀងមិនបញ្ចេញសម្លេង (Lip-syncing) ប៉ុន្តែក្រោយមកកម្មវិធីនេះត្រូវបានទិញយកដោយក្រុមហ៊ុន ByteDance នៅឆ្នាំ ២០១៨ ហើយត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា Tiktok នេះឯង។ ដោយសារតែក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនរបស់ជនជាតិចិន វាក៏ត្រូវបានសហរដ្ឋអាមេរិកចោទថាមានការជាប់ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនផងដែរ។ ទន្ទឹមនេះ ដោយសារតែចំនួនអ្នកគាំទ្រទៅលើកម្មវិធី Tiktok កំពុងតែបានកើនឡើងជាលំដាប់ សហរដ្ឋអាមេរិកក៏កើតមានការព្រួយបារម្ភទៅលើសន្តិសុខជាតិរបស់ខ្លួន ហើយក៏បានចាត់វិធានការ ដើម្បីចាត់ចែងក្នុងការបញ្ឈប់ការប្រើប្រាស់កម្មវិធីTiktokនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ វិធានការនេះបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងលោក ចូ បៃឌិន បានទទួលនូវមកវិញនូវការតវ៉ាជាច្រើនពីប្រជាជនខ្លួន។ ដោយហេតុនេះហើយ នៅក្នុងអត្ថបទនេះយើងនឹងលើកឡើងអំពីកម្មវិធី TikTok រដ្ឋការរបស់ លោក ដូណាល់ត្រាំ និង លោក ចូ បៃឌិន ទៅលើTiktok ក៏ដូចជា ឥទ្ធិពលរបស់ Tiktok ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនៅពេលខាងមុខ។
អំពីកម្មវិធី Tiktok
Tiktok គឺជាកម្មវិធីចែកចាយវីឌីអូដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីឌីអូខ្លីៗទៅលើប្រធានបទកំសាន្តនានាតាមចំណង់ចំណូលចិត្ត។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតមាតិកា (content) ផ្សេងៗដោយប្រើប្រាស់ចម្រៀងនិងសម្លេង (Sound effect) ជាច្រើន។ ក្រោយពីបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ByteDance នៅឆ្នាំ២០១៨ កម្មវិធីបានទទួលនូវការចាប់អារម្មណ៍ជាលំដាប់រហូតមានចំនួនអ្នកប្រើប្រាស់ដល់ទៅ១ពាន់លាននាក់ នេះបើយោងទៅតាមគេហទំព័រ influencermarketinghub។ គួរបញ្ជាក់ឱ្យដឹងផងថាកម្មវិធី Tiktok មិនមានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសចិនឡើយបើទោះជាក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិនដែល បានទិញយកកម្មវិធីនេះពីសហរដ្ឋអាមេរិកក៏ដោយ។
បើយើងក្រឡេកមកមើល ByteDance វិញ ByteDance គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅប្រទេសចិនតាំងពីឆ្នាំ ២០១២ ជាប្រព័ន្ធផ្សព្វផ្សាយ (social media) សម្រាប់ការកំសាន្ត (entertainment)។ ដោយសារតែ ByteDance ជាកម្មវិធីដែលស្ថិតនៅក្នុងប្រទេសចិនហើយច្បាប់នៅប្រទេសចិនកាលពីឆ្នាំ ២០១៧ បានចែងឱ្យក្រុមហ៊ុនទាំងអស់ត្រូវតែប្រគល់ទិន្នន័យទៅឱ្យរដ្ឋាភិបាលទើប ByteDance ត្រូវបានសហរដ្ឋអាមេរិកភ័យខ្លាចក្នុងការឱ្យ ប្រជាជនខ្លួនប្រើប្រាស់ Tiktok នេះ។
រដ្ឋកាលលោកដូណាល់ត្រាំមកលើកម្មវិធី Tiktok (trump’s administration on tiktok)
ដោយសារតែចំនួនអ្នកប្រើប្រាស់នៅទូទាំងប្រទេសបានកើនឡើងជាខ្លាំង កាលពីឆ្នាំ ២០២០ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាត់វិធានការដើម្បីទិញកម្មវិធី Tiktok នេះ។ វិធានការនេះគឺធ្វើឡើងដោយសារតែលោកបានលើកឡើងថា Tiktok បានប្រើប្រាស់កម្មវិធីនេះដើម្បីធ្វើចារកម្ម (spy) លួចព័ត៌មានប្រជាជនរបស់ខ្លួន។ ដោយហេតុនេះហើយលោកត្រាំបានចាត់វិធានការដើម្បីឱ្យក្រុមហ៊ុនក្នុងស្រុកខ្លួនទិញយកកម្មវិធី Tiktok ពីក្រុមហ៊ុនByteDance និងបានចាត់ វិធានការឱ្យបិទកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិកដែលបានធ្វើឡើងដើម្បីការពារសន្តិសុខជាតិ។
រដ្ឋកាលរបស់លោកចូ បៃឌិនមកលើកម្មវិធី Tikotok
នៅរយៈពេលថ្មីៗនេះកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ មានការធ្វើការសួរនាំ (testify) រវាងនាយកនៃ Tiktok (ceo) លោក ស៊ូ ឈូ (Shew Chou)ជាមួយនឹងសមាជិកសភា (congress) របស់សហរដ្ឋអាមេរិក។ ការសួរនាំនេះគឺជាកើតចេញក្រោមការគ្រប់គ្រងរបស់លោក ចូ បៃឌិន ទៅលើ Tiktok ក្នុងបំណងចង់ការពារសន្តិសុខជាតិរបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភពី ការផ្ទុកទិន្នន័យរបស់ Tiktok ដែលអាចនឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ការសួរនាំនេះបានលើកឡើងនូវសំណួរជាច្រើនដែលសួរថាតើកម្មវិធីTiktok ពិតជាគួរហាមឃាត់មែនឬទេ?
ការសួរនាំនេះក៏បានលើកឡើងនូវជម្រើសបី (PBS) ទៅកាន់Tiktokផងដែរ ដោយទីមួយគឺការទាមទាររបស់រដ្ឋាភិបាលលោក បៃឌិន ឱ្យមានការលក់កម្មវិធី Tiktok នេះមកឱ្យសហរដ្ឋអាមេរិក។ ទីពីរគឺការហាមឃាត់ការប្រើប្រាស់កម្មវិធីនេះពីសហរដ្ឋអាមេរិកតែម្តងដែលនេះជាការលើក ឡើងដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ។ ចុងក្រោយគឺជាការធ្វើឡើងនូវគម្រោងតិចសាស់ (Project Texas) ដែលគម្រោងនេះបានលើកឡើងដោយលោក ស៊ូ ឈូ ដែលនិយាយថាទិន្នន័យរបស់អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកនិងត្រូវបានផ្ទុកនៅលើទឹកដីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនរបស់អាមេរិកនិងមើលការខុសត្រូវដោយបុគ្គលិកអាមេរិក (American Personnel)។
ឥទ្ធិពលរបស់កម្មវិធី TikTok ដែលអាចមានទៅលើការបោះឆ្នោតរបស់សហរដ្ឋអាមេរិក
អ្វីដែលខាងសហរដ្ឋអាមេរិកបារម្ភអំពី Tiktok បំផុតនោះគឺការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនដើម្បីចេញមាតិកាដែលអាចជ្រែតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការគ្រប់គ្រងព័ត៌មានក្លែងក្លាយដែលក៏ជាកត្តាក្នុងការប៉ះពាល់ឆន្ទៈក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកដែរ។ កាលពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ មានការអះអាងមួយចំនួនថា Tiktok បានបញ្ចេញព័ត៌មានមិនពិតដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតជំនាន់នោះ ហើយគេព្រួយបារម្ភថាប្រវត្ដិសាស្ត្រអាចកើតឡើងម្ដងទៀតសម្រាប់ការបោះឆ្នោតអាណិត្ដក្រោយ។ យោងតាមការសិក្សារបស់អង្គការ Global Witness នៅឆ្នាំ២០២២ Tiktok គឺជាបណ្ដាញសង្គមមួយដែលគួរឱ្យបារម្ភជាងគេបង្អស់ក្នុងចំណោមបណ្ដាញសង្គមនានា ដោយសារតែបើទោះបីជាបណ្ដាញសង្គមនេះអះអាងថាមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត (ads misleading information) ទាក់ទងនឹងការបោះឆ្នោតជាង ៩០%។ មិនថាតែនៅសហរដ្ឋអាមេរិកទេ ប៉ុន្តែ Tiktok ក៏ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេស Kenyna និង ព័ត៌មាននៅប្រទេសអ៊ុយក្រែនផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian។ ហេតុដូចនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកTiktok ថាជាការគម្រាមកំហែងសន្តិសុខជាតិ។