"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើពួកតាលីបង់គឺជានរណា?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

តាលីបង់ (Taliban) ជាភាសាផាសតូ (Pashto) ប្រែថា “សិស្ស” គឺជាក្រុមបក្សពួកនិយមខាងនយោបាយ និងសាសនាជ្រុលនិយមអ៊ីស្លាមដែលបានលេចឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដកកងទ័ពសូវៀត និងការដួលរលំនៃរបបកុម្មុយនីស្តអាហ្វហ្កានីស្ថាន និងការបែកបាក់ជាបន្តបន្ទាប់នៃសណ្តាប់ធ្នាប់ស៊ីវិល។ ក្រុមនេះបានចាប់ផ្តើមឡើងដោយកម្លាំងតូចមួយនៃក្រុមសិស្សានុសិស្ស និងអ្នកប្រាជ្ញខាងសាសនានៅប្រទេសអាហ្វហ្កានីស្ថានក្នុងគោលបំណងធ្វើការប្រឈមមុខនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ។

នៅឆ្នាំ១៩៩៤ ក្រុមអតីតយុទ្ធជនដែលមានទំនាក់ទំនងជាមួយ ម៉ាដ្រាសា នៅក្នុងភូមិមួយនៃខេត្តកាន់ដាហា (Kandahar) បានបង្ក្រាបមេទ័ពក្នុងស្រុកបានដោយជោគជ័យ។ បន្ទាប់មក ពួកតាលីបង់បានទទួលការគាំទ្រដ៏ពេញនិយម នឹងបានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចុងឆ្នាំ១៩៩៦ ពួកតាលីបង់បានដណ្ដើមយករដ្ឋធានីកាប៊ុល និងគ្រប់គ្រងនៅលើតំបន់ចំនួនពីរភាគបីនៃផ្ទៃប្រទេសអាហ្វហ្កានីស្ថាន។ របបគាបសង្កត់យ៉ាងឃោរឃៅនេះបានមកពីមនោគមវិជ្ជាសាសនាដ៏តឹងរឹង ដែលជាល្បាយនៃប្រពៃណីនិយម (Deobandi និង Wahhābī puritanism​) កូដសង្គម​ (Pashtun ) និងអភិរក្សនិយម( Pashtunwali )។

គោលនយោបាយរបស់ក្រុមនេះរួមមាន ហាមឃាត់ស្ត្រីមិនឱ្យចេញទៅទីសាធារណៈដូចជាការប្រកបរបរការងារ និងទទួលបានការអប់រំនៅសាលាជាដើម ព្រមទាំងបានបំផ្លិចបំផ្លាញវត្ថុបុរាណ និងសិល្បៈដែលមិនមែនជារបស់សាសនាអ៊ីស្លាម និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរទៀតផង។ នៅឆ្នាំ២០០១ ពួកតាលីបង់បានគ្រប់គ្រងលើប្រទេសអាហ្វហ្កានីស្ថានស្ទើរទាំងស្រុង លើកលែងតែផ្នែកតូចមួយនៃភាគខាងជើងអាហ្វហ្កានីស្ថានតែប៉ណ្ណោះ ប៉ុន្តែសហគមន៍អន្តរជាតិភាគច្រើនមិនបានទទួលស្គាល់របបមួយនេះឡើយ លើកលែងតែប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលបានទទួលស្គាល់របបនេះ។

អាហ្វហ្កានីស្ថានក្រោយការកាន់កាប់របស់ពួកតាលីបង់

នៅខែធ្នូ ឆ្នាំ២០២១ ក្រុមតាលីបង់បានចូលកាន់អំណាចនៅប្រទេសអាហ្វហ្កានីស្ថានម្ដងទៀត ក្រោយពីការផ្តួលរំលំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១។ ប្រទេសអាហ្វហ្កានីស្ថានជាប្រទេសដែលបានធ្លាក់ទៅក្នុងរណ្តៅនៃភាពក្រីក្ររួចស្រេចទៅហើយ បែរជាត្រូវធ្លាក់ក្រោមភ្លើងសង្រ្គាម និងភាពឯកោ​ពីសហគមន៍អន្តរជាតិទៀត។ ការណ៍នេះបណ្ដាលឱ្យកើតមានវិបត្តិសេដ្ឋកិច្ចក្រោយការកាន់កាប់របស់តាលីបង់ក្នុងឆ្នាំ២០២១។

ក្រៅពីនេះ ភាពក្រីក្រកាន់តែធ្ងន់ធ្ងរឡើងដោយសារជួបនឹងគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិដែលបានកើតឡើងដោយកត្តាការប្រែប្រួលអាកាសធាតុ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ឆ្នាំ២០២១ ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩៧% កំពុងរស់នៅក្នុងភាពក្រីក្រ ដែលកាលពីឆ្នាំ២០២០ មានតែ ៤៧% ប៉ុណ្ណោះ។ កង្វះនៃការគាំពារសង្គម បាននាំឱ្យគ្រួសារនៅក្នុងប្រទេសអាហ្វហ្កានីស្ថានស្វែងរកមធ្យោបាយចិញ្ចឹមជីវិតនានា ដែលក្នុងនោះរួមមានការរៀបអាពាហ៍ពិពាហ៍តាំងពីវ័យនៅក្មេង និងការលក់សរីរាង្គទៀតផង។ ដោយឡែក ជំនួយមនុស្សធម៌ក៏មានផងដែរសម្រាប់ទប់ស្កាត់ការអត់ឃ្លាន ប៉ុន្តែមិនបានរួមចំណែកដល់តម្រូវការសង្គមផ្សេងទៀតនោះទេ។

ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ហាក់ដូចជាមានការរីករាលដាលយ៉ាងខ្លាំងផងដែរ។ ជាពិសេស វាបានកើតឡើងទៅលើក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាល សមាជិកនៃក្រុមប្រដាប់អាវុធ ដូចជារណសិរ្សតស៊ូជាតិ (NRF) រដ្ឋអ៊ីស្លាមខេត្ត កូរ៉ាសាន (Khorasan) និងអ្នកដែលត្រូវបានចោទប្រកាន់ថាមិនអនុវត្តតាមច្បាប់របស់ពួកតាលីបង់។ នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២២ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (UNAMA) បានកត់ត្រាចំនួនជនស៊ីវិលចំនួន ២១០៦ នាក់ ដែលបានស្លាប់បាត់បង់ជីវិត។​ ក្រៅពីនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា មានការសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងហោចណាស់ចំនួន ៦៩ ករណីផ្សេងទៀតកាលពីថ្ងៃទី១២ និងទី១៤ ខែកញ្ញា នៅក្នុងខេត្តផាញសៀ (Panjshir) ។

ក្រោយការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ ក្រុមតាលីបង់បានអះអាងថា អ្នកដែលពួកគេបានសម្លាប់ គឺជាពួកឧទ្ទាម បើទោះបីជាអ្នកស្លាប់ទាំងអស់សុទ្ធតែជាជនស៊ីវិលក៏ដោយ។ និទណ្ឌភាព ឬ ភាពមិនត្រូវបានផ្តន្ទាទោស ត្រូវបានក្រុមតាលីបង់យកមកប្រើប្រាស់ដើម្បីយកឈ្នះលើក្រុមដែលប្រឆាំងនឹងខ្លួន ទោះបីជាក្រុមនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មក៏ដោយ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬតម្លាភាពចំពោះការកាត់ទោសក្រៅប្រព័ន្ធតុលាការ ឬ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេ។ មន្ត្រីតាលីបង់បានបន្តបដិសេធថា មិនមានការរំលោភបែបនេះបានកើតឡើងទេ ហើយបានច្រានចោលការរកឃើញរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ផងដែរ។

ពួកតាលីបង់បានចាប់ផ្តើមប្រហារជីវិតជាសាធារណៈ ដោយចោទថាបានប្រព្រឹត្តឃាតកម្ម ចោរកម្ម ទំនាក់ទំនងមិនស្របច្បាប់ ឬ បានរំលោភលើបទដ្ឋានសង្គមជាដើម។ ចន្លោះពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែធ្នូ មនុស្សជាង ១០០ នាក់ត្រូវបានវាយដំនៅទីសាធារណៈនៅក្នុងពហុកីឡាដ្ឋានក្នុងខេត្តមួយចំនួន។

សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយបានធ្លាក់ចុះជាខ្លាំង ខណៈដែលក្រុមតាលីបង់បានបង្កើតបរិយាកាសបំភិតបំភ័យ ដោយបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបិទទ្វារ។ អ្នកកាសែតប្រឈមមុខនឹងការរឹតបន្តឹង ការចាប់ខ្លួនតាមអំពើចិត្ត ការឃុំខ្លួនដោយខុសច្បាប់ និងការធ្វើទារុណកម្ម នៅពេលដែលពួកគេរិះគន់ពួកតាលីបង់។ អ្នកកាសែតជាច្រើននាក់ទៀតបានភៀសខ្លួនចេញពីប្រទេស រីឯអ្នកសារព័ត៌មានទូរទស្សន៍ស្ត្រី ត្រូវបង្ខំឱ្យបិទមុខរបស់ពួកគេស្ទើរតែទាំងស្រុង។

គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្កានីស្ថាន (AIHRC) ដែលជាស្ថាប័នសិទ្ធិមនុស្សជាតិនៅតែបន្តបិទទ្វារ។ ពួកតាលីបង់បានបិទក្រសួងកិច្ចការនារីដោយប្តូរទៅជា ក្រសួងផ្សព្វផ្សាយគុណធម៌ និងបង្ការទម្លាប់អាក្រក់ (Ministry for the Propagation of Virtue and Prevention of Vice) ដែលបានដាក់ចេញក្រឹត្យដើម្បីរឹតត្បិត និងបំពានលើសិទ្ធិស្ត្រី និងកុមារី។ ស្ត្រី​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រឹតត្បិត​ ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់ និង​រងសម្ពាធពីការប្រើប្រាស់អំពើ​ហិង្សាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្មេងស្រីនៅតែត្រូវបានហាមឃាត់មិនឱ្យចូលរៀននៅអនុវិទ្យាល័យ និងថ្នាក់ឧត្តមសិក្សាឡើយ ដោយឱ្យរៀនត្រឹមតែនៅបឋមសិក្សាប៉ុណ្ណោះ។

ពួកតាលីបង់បានកំណត់ឱ្យស្ត្រីស្លៀកពាក់ជិតពីក្បាលដល់ចុងជើង និងតម្រូវឱ្យសមាជិកក្នុងគ្រួសារជាបុរស អមដំណើរជាមួយនៅពេលដែលពួកគេធ្វើដំណើរចេញនៅទីសាធារណៈ។ កាលពីខែសីហា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា និស្សិតសាកលវិទ្យាល័យស្ត្រីចំនួន ៦០ នាក់ត្រូវបានបដិសេធមិនឱ្យចេញពីប្រទេសអាហ្វហ្កានីស្ថាន ដោយសារតែពួកគេមិនមានអ្នកអមដំណើរជាមួយ។លើសពីនេះ ក្រុមតាលីបង់បានប្រកាសថា សាច់ញាតិរបស់ស្ត្រីទាំងនោះគឺជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភបំពានដែលមានចំពោះស្រ្តី។ ប្រការនេះបាននាំឱ្យសមាជិកគ្រួសារមានការរឹតត្បិតសិទ្ធិរបស់ស្ត្រីកាន់តែខ្លាំង ដោយសារតែការភ័យខ្លាចចំពោះការសងសឹកពីសំណាក់អាជ្ញាធរតាលីបង់។ ជាមួយគ្នានេះផងដែរ ក្នុងខែធ្នូ ឆ្នាំ២០២២ ពួកតាលីបង់បានហាមឃាត់ស្ត្រី និងកុមារីមិនឱ្យធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល។ ការរឹតបន្តឹងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ស្ត្រី ជាពិសេសគ្រួសារដែលស្ត្រីជាអ្នករកចំណូលចិញ្ចឹមជីវិត ខណៈពេលមានអសន្តិសុខស្បៀងនៅក្នុងប្រទេសផងដែរ។

ការកាន់កាប់រដ្ឋាភិបាលដោយពួកតាលីបង់បានបន្តធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ដូចជាការបណ្ដេញវេជ្ជបណ្ឌិត វិស្វករ មេធាវី គ្រូបង្រៀន និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ត្រីដែលមានចំណេះដឹងក្នុងវិស័យថែទាំសុខភាព ដូច្នេះវាបានធ្វើឱ្យវិស័យទាំងនោះបាត់បង់ធនធានយ៉ាងច្រើន ឯការទទួលបានសេវាថែទាំសុខភាព ការងារ និងការអប់រំក៏ត្រូវជួបនឹងភាពពិបាកខ្លាំង។

ការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញរបស់ពួកតាលីបង់ ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនធំបានបន្តភៀសខ្លួនចេញពីប្រទេសនេះ។ នៅដើមឆ្នាំ២០២២ ប្រជាជនចំនួន ៣,៨ លាននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក ដោយស្ថានភាពមិនច្បាស់លាស់ និងលទ្ធភាពក្នុងការទទួលបាននូវការការគោរពសិទ្ធិមនុស្សរបស់ពួកគេ។ ជនភៀសខ្លួនអាហ្វហ្កានីស្ថានមួយចំនួនត្រូវបានបាញ់សម្លាប់ ឬបដិសេធការសុំជ្រកកោន ជួបនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្សេងទៀតដោយអាជ្ញាធរតាលីបង់។ ជនភៀសខ្លួនមួយចំនួនទៀតត្រូវបានអាជ្ញាធរដេញឱ្យចូលទៅកន្លែងដើមវិញ ដោយត្រូវរស់នៅប្រឈមមុខជាមួយនឹងភាពក្រីក្រខ្លាំងបំផុត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង