"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើប្រទេសបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីរបស់ អ.ស.ប. អាចបន្តជំហរទៅមុខទៀតបានដែរឬទេ?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

សង្រ្គាមឈ្លានពានទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជាង ១ ឆ្នាំ ៣ ខែមកហើយ។ បើយើងតាមដានសង្កេតមើល មធ្យោបាយដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយលុកចូលទឹកដីអ៊ុយក្រែនភាគច្រើនថ្មីៗនេះ គឺការបាញ់គ្រាប់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវធ្វើដំណើរ អគារស៊ីវិល មន្ទីពេទ្រ ផ្សារទំនើប រោងចក្រផលិតថាមពល និងបន្ទាយទាហានជាដើម។ លើសពីនេះក៏មានការបញ្ជូនកងកម្លាំងទាហានទៅគ្រប់គ្រង់តំបន់ដែលវាយដណ្ដើមយកបានដោយផ្ទាល់​ការជួលក្រុមសកម្មប្រយុទ្ធ ឬហៅថាក្រុមស៊ីឈ្នួលធ្វើទាហាន និងការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកទៅលើគោលដៅសំខាន់ៗដែលពួកគេបានកំណត់។ ការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ភាគីរុស្ស៊ីបែបនេះ បានធ្វើឱ្យយើងនឹកឃើញដល់ពាក្យការទូតដែលរុស្ស៊ីធ្លាប់បានប្រើ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់អន្តរជាតិកាលពីទើបចាប់ផ្ដើមឈ្លានពានដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដែលធ្វើឡើងក្នុងគោលបំណង​ការពារពលរដ្ឋរុស្ស៊ីដែលកំពុង​ទទួលរងការ​រំលោភបំពានពី​អំពើប្រល័យពូជសាសន៍ បង្កឡើងដោយ​របបដឹកនាំ​អ៊ុយក្រែន។

សេចក្ដីសម្រេចថ្កោលទោសរុស្ស៊ី

យ៉ាងណាមិញ បន្ទាប់ពីបានឈ្លានពានអ៊ុយក្រែនបាន ៦ ថ្ងៃ ពោលគឺនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) បានដាក់ចេញនូវសេចក្ដីសម្រេចមួយឱ្យប្រទេសសមាជិក បោះឆ្នោតគាំទ្រដើម្បីថ្កោលទោស និងទាមទារឱ្យរុស្ស៊ីបញ្ឈប់នូវរាល់សកម្មភាពយោធាគ្រប់បែបយ៉ាងនៅអ៊ុយក្រែន​។ ជាលទ្ធផល សមាជិកចំនួន ១៤១ ​ប្រទេស បានបោះឆ្នោតយល់ស្របទៅនឹងសេចក្ដីសម្រេចនេះ និង ៣៥ ប្រទេស បានបោះឆ្នោតអនុបវាទ ហើយ ៥ ប្រទេសបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចរបស់ អ.ស.ប. ដែលមានន័យថា ពួកគេគាំទ្រទង្វើរបស់រុស្ស៊ី។ ៥ ប្រទេសនោះរួមមានប្រទេសអេរីត្រេ កូរ៉េខាងជើង ស៊ីរី បេឡារុស និងរុស្ស៊ីផ្ទាល់ ហើយ ៣៥ ប្រទេសដែលបោះឆ្នោតអនុបវាទនោះក៏មានប្រទេសមហាអំណាចពីរក្នុងតំបន់ដែរ នោះគឺប្រទេសចិន និងប្រទេសឥណ្ឌា។

 ហេតុផលរបស់រុស្ស៊ីជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន

រុស្ស៊ីបានលើកឡើងជាទូទៅថា មុននឹងចេញមុខថ្កោលទោសរុស្ស៊ី សហគមន៍អន្តរជាតិគួរក្រឡេកទៅមើលករណីដែលសហរដ្ឋអាមេរិកធ្លាប់បានឈ្លានពានបណ្ដាប្រទេសមួយចំនួនក្នុងប្រវត្តិសាស្ត្រ ក្នុងនោះរួមមានប្រទេសកូសូវ៉ូ អ៊ីរ៉ាក់ លីប៊ី និងស៊ីរីជាដើម ដោយយកលេសអន្តរាគមន៍ផ្នែកមនុស្សធម៌ (Humanitarian Intervention) មកបាំងមុខ ដើម្បីបង្ហាញថា អ្វីដែលខ្លួនធ្វើគឺត្រូវបានច្បាប់ទំនៀមទំលាប់អន្តរជាតិ (Customary International Law) អនុញ្ញាត។ ជាក់ស្ដែង អន្តរាគមន៍ផ្នែកមនុស្សធម៌មិនត្រូវបានច្បាប់អន្តរជាតិជាក់លាក់ណាមួយ ចែងទទួលស្គាល់ជាផ្លូវការនោះទេ ប៉ុន្តែវាគឺជាគោលគំនិតដែលគេបកស្រាយចេញពីច្បាប់ទំនៀមទំលាប់អន្តរជាតិ ដូចជាគោលការណ៍ទំនួលខុសត្រូវក្នុងការការពារ (Responsibility to Protect) គោលការណ៍នេះត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប. កាលពីឆ្នាំ២០០៥ ដែលមានន័យថា រដ្ឋនីមួយៗមានទំនួលខុសត្រូវក្នុងការការពារប្រជាជនក្នុងស្រុករបស់ខ្លួនពីអំពើឃោរឃៅយង់ឃ្នងដែលអាចកើតមានឡើង ប៉ុន្តែប្រសិនបើរដ្ឋនោះមិនអាចធ្វើបាន ឬមិនចង់បំពេញទំនួលខុសត្រូវនេះនោះទេ សហគមន៍អន្តរជាតិអាចមានទំនួលខុសត្រូវមួយ គឺការចូលធ្វើអន្តរាគមន៍ជួយប្រជាជនដែលកំពុងរងគ្រោះនៅក្នុងរដ្ឋនោះបាន។

 គោលការណ៍ការពារខ្លួន (Self-defense)

បើទោះបីជា ការចោទប្រកាន់របស់រុស្ស៊ីទៅលើសហរដ្ឋអាមេរិកជារឿងពិតក៏ដោយ ប៉ុន្តែវាពិតជារឿងដែលមិនសមហេតុផលទាំងការគិតវិភាគរកហេតុផលធម្មតា និងយោងតាមច្បាប់អន្តរជាតិ ពោលគឺរុស្ស៊ីមិនអាចយកព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រទាំងអស់នោះ មកធ្វើជាទឡ្ហីករណ៍ដើម្បីបង្កើនទម្ងន់ទៅលើការបកស្រាយរបស់ខ្លួននោះទេ។ ដោយឡែក ការដែលរុស្ស៊ីហៅសកម្មភាពរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេសដើម្បីការពារពលរដ្ឋរុស្ស៊ីដែលកំពុង​ទទួលរងការ​រំលោភបំពានពី​អំពើប្រល័យពូជសាសន៍ បង្កឡើងដោយ​របបដឹកនាំ​អ៊ុយក្រែន គឺជាអំណះអំណាងមួយដែលរុស្ស៊ីផ្អែកទៅលើគោលការណ៍ការពារខ្លួន (Self-defense) ដែលមានចែងនៅក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប៉ុន្តែសកម្មភាពរបស់រុស្ស៊ីដូចដែលបានលើកឡើងនៅក្នុងកថាខណ្ឌទីមួយខាងលើ មិនមែនជាការការពារខ្លួននោះទេ ប៉ុន្តែគឺជាការឈ្លានពាន (Act of Aggression) និងការរំលោភដែនដី និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ព្រោះរដ្ឋមួយអាចប្រើប្រាស់មធ្យោបាយការពារខ្លួនទៅបានតែក្នុងករណីបួនប៉ុណ្ណោះ។ ទី១ រដ្ឋនោះត្រូវបង្ហាញថាសត្រូវកំពុងធ្វើការវាយប្រហារមកកាន់ខ្លួនពិតប្រាកដមែន។ ទី២ រដ្ឋនោះគ្មានជម្រើសផ្សេងក្រៅពីការប្រើប្រាស់កម្លាំងតបត និងទប់ទល់វិញ។ ទី៣ ទំហំនៃការតបត និងទប់ទល់នោះត្រូវសមមាត្រគ្នាជាមួយទំហំដែលកម្លាំងសត្រូវនោះមាន។ ទី៤ រដ្ឋនោះត្រូវប្រើប្រាស់មធ្យោបាយការពារខ្លួនក្នុងគោលបំណងតែមួយគត់គឺការពារខ្លួនពីសត្រូវ មិនត្រូវមានគោលបំណងផ្សេង ដូចជាការឈ្លានពានទៅកាន់ទឹកដីរបស់សត្រូវវិញឡើយ។

 ហាមដាច់ខាត ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត

បើយើងយកប្រទេសរុស្ស៊ី ទៅផ្ទៀងផ្ទាត់ជាមួយបួនចំណុចខាងលើនេះ ឃើញថា ស្ថានភាពរបស់ប្រទេសរុស្ស៊ីគ្មានចូលក្នុងចំណុចណាមួយឡើយ ព្រោះអ៊ុយក្រែនមិនបានគំរាមកំហែង ឬប៉ុនប៉ងវាយប្រហារទៅលើប្រទេសរុស្ស៊ីក្នុងទម្រង់រូបភាពណាមួយឡើយ ដូច្នេះការដែលរុស្ស៊ីអះអាងយកគោលការណ៍ការពារខ្លួនដែលមានចែងនៅក្នុងមាត្រា ៥១ នៃធម្មនុញ្ញ អ.ស.ប. មកធ្វើនីត្យានុកូលកម្មលើសកម្មភាពយោធារបស់ខ្លួននៅលើទឹកដីអ៊ុយក្រែននោះគឺពិតជាមិនត្រឹមត្រូវឡើយ។ ម៉្យាងទៀត ការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងទឹកដីរបស់ប្រទេសដទៃ ហើយថែមទាំងបានវាយប្រហារដោយប្រើប្រាស់គ្រឿងសព្វាវុធ កម្ទេចប្រទេសមួយ គឺខុសទាំងស្រុងទៅនឹងច្បាប់អន្តរជាតិដែលមានចែងនៅក្នុងជំពូកទី១ មាត្រា ២ ចំណុចទី៤ នៃធម្មនុញ្ញ អ.ស.ប. ដែលបានចែងក្នុងន័យថា រដ្ឋមួយដែលជាសមាជិក អ.ស.ប. ត្រូវបានហាមឃាត់ដាច់ខាតពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត។

 កតិកាសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ ឆ្នាំ១៩៤៩

បន្ថែមលើនេះសេចក្តីថ្លែងការណ៍របស់លោកពូទីនដែលថាអ៊ុយក្រែនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើជនជាតិរុស្ស៊ីនៅទីក្រុងដូណែតស្ក៍ (Donetsk) និងទីក្រុងលូហាន់ស្ក៍ (Luhansk) គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដែលគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់ បង្ហាញឱ្យពិភពលោកបានឃើញនោះឡើយ។ យោងតាមមាត្រា ២ នៃកតិកាសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ ឆ្នាំ១៩៤៩ បានធ្វើការកំណត់និយមន័យនៃពាក្យថាអំពើប្រល័យពូជសាសន៍ថា ជាសកម្មភាពជាក់លាក់ ដែលមានបំណងបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមមនុស្សដែលមានសញ្ជាតិណាមួយ ជនជាតិណាមួយ ពូជសាសន៍ណាមួយ ឬក្រុមសាសនាណាមួយ។ កន្លងមក គេមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់ថា អ៊ុយក្រែនបានចូលរួមក្នុងសកម្មភាពជាក់លាក់ណាមួយខាងដើមនេះទេ ពោលគឺមិនមានភស្តុតាងនៃចេតនាបំផ្លាញទាំងស្រុង ឬដោយផ្នែកណាមួយនៃក្រុមណាមួយនៅតំបន់ដូណែតស្ក៍ និងតំបន់លូហាន់ស្ក៍នោះទេ។ ហើយបើទោះបីជាអ៊ុយក្រែនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏គ្មានច្បាប់អន្តរជាតិណាមួយដែលអនុញ្ញាតឱ្យរុស្ស៊ីអាចបញ្ជូនកងទ័ពទៅឈ្លានពានទឹកដីអ៊ុយក្រែននោះដែរ ព្រោះអំពើប្រល័យពូជសាសន៍គឺជាឧក្រិដ្ឋកម្មអន្តរជាតិ ដូច្នេះករណីនេះត្រូវដោះស្រាយនៅក្រោមដែនសមត្ថកិច្ច និងយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)

ហេតុអ្វីប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចរបស់ អ.ស.ប.?

ជារួម អំណះអំណាងរបស់រុស្ស៊ីដែលបានលើកឡើងជាហូរហែដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គឺពិតជាគ្មានហេតុផលដែលអាចឱ្យសហគមន៍អន្តរជាតិទទួលយកបាននោះទេ។ ប៉ុន្តែ មានការលើកឡើងមួយថា ចុះបើទង្វើរបស់រុស្ស៊ីខុសទៅនឹងច្បាប់អន្តរជាតិជាក់ស្ដែងបែបនេះ ហេតុអ្វីប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចរបស់ អ.ស.ប. និង ៣៥ ប្រទេសបានបោះឆ្នោតអនុបវាទ? ជាការសន្និដ្ឋាន ប្រទេសទាំងអស់នេះ ទំនងជានឹងនៅតែបន្តរក្សាជំហររបស់ពួកគេជុំវិញបញ្ហានេះដូចដើម ព្រោះប្រទេសខ្លះ អាចបណ្ដាលមកពីការទទួលរងសម្ពាធពីរុស្ស៊ី ឬត្រូវពឹងផ្អែកលើរុស្ស៊ីខ្លាំងលើសលុប ជាពិសេសវិស័យសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និង​សន្តិសុខជាដើម។ រីឯប្រទេសមួយចំនួនទៀត អាចបណ្ដាលមកពីកត្តាប្រវត្តិសាស្ត្រ ឬក៏អាចមកពីក្រុមមេដឹកនាំប្រទេសនោះ ជាពិសេសមេដឹកនាំផ្ដាច់ការ មិនចុះសម្រុងគ្នាជាមួយបណ្ដាប្រទេសលោកខាងលិច ទើបស្រវាចាប់ប្រទេសរុស្ស៊ីជំនួសវិញ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា​ សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង