"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអាស៊ានអាចជាសង្វៀនប្រកួតប្រជែងរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជាតំបន់ភូមិសាស្ត្រនយោបាយដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ សង្រ្គាម អាចផ្ទុះឡើងនៅក្នុងតំបន់នេះគ្រប់ពេល ប្រសិនបើប្រទេសនានាមិនមានភាពប្រុងប្រយ័ត្ននិងមិនមានគោលនយោបាយការបរទេសរឹងមាំ តួយ៉ាងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង (SCS) និងសមុទ្រចិនខាងកើត។ យើងក៏អាចកត់សម្គាល់បានផងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាជិក Quad បានកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងតំបននេះ ។ ដោយមើលឃើញពីអត្ថប្រយោជន៏យ៉ាងសំខាន់នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយមួយនេះ ប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អាមេរិក​ ជប៉ុន អឺរ៉ុប និងតូអង្គដែលសំខាន់ជាងគេនោះគឺអាស៊ាន។ អាស៊ានគឺជាស្ថាប័នមួយដែលក៏ជាអ្នកកំណត់ជោគវាសនាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែប្រទេសសមាជិកអាស៊ានស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ និងអាចក្លាយជាកូនអុករបស់ប្រទេសមហាអំណាចដើម្បីប្រើប្រាស់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

ហេតុអ្វីបានជាអាស៊ានសំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក?

អាស៊ានលាតសន្ធឹងស្ថិតនៅចំចំណុចកណ្តាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងផ្នែកសន្តិសុខ នយោបាយ​និងសេដកិច្ច ជាមួយនឹងការកើនឡើងហានិភ័យនៃជម្លោះក្នុងចំណោមមហាអំណាចធំៗ។ គួររំលេចផងដែរថា បញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលកំពុងវិវត្ត រួមជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី បានជំរុញឱ្យអាស៊ានរិះរកយុទ្ធសាស្ត្រនានារបស់ខ្លួនឆ្ពោះទៅរកការរក្សារឱ្យបានដាច់ខាតនូវ សន្តិសុខសណ្នាប់ធ្នាប់តំបន់ និង អព្យាក្រឹត្យភាព។ ជាច្រើនឆ្នាំមកហើយ មហាអំណាចទាំងពីរពោលគឺចិននិងអាមេរិកបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដើម្បីពង្រឹងអំណាចនិងបង្កើតសម័ន្ធមិត្តឱ្យបានកាន់តែច្រើនដែលបង្ករឱ្យភាពរង្គោះរង្គៅទៅដល់ស្ថិរភាពនិងសាមគ្គីភាពរបស់អាស៊ាន។ ម៉្យាងវិញទៀត អាស៊ានក៏ទទួលស្គាល់ថាស្ថិរភាពឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងមានសារៈសំខាន់យ៉ាងសំខាន់ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោកបើយោងទៅតាមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក( ASEAN’s Outlook on Indo Pacific)។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីដែលបានចូលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៣ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលថា សមាជិកអាស៊ានទាំង១០ប្រទេស ត្រូវតែខិតខំដើម្បីក្លាយជា តំបន់សន្តិភាព និងជាយុថ្កាសម្រាប់ស្ថិរភាពពិភពលោកនិង ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និង មិនមែនជាកូនអុក សម្រាប់មហាអំណាចណាមួយឡើយ” ។

ទន្ទឹមនេះ អាស៊ាននឹងបាត់បង់អព្យាក្រឹត្យភាពរបស់ខ្លួនប្រសិនបើប្រទេសដែលជាសមាជិកជ្រើសរើសយកមហាអំណាចណាមួយធ្វើជាខ្នងបង្អែក។ នៅក្នុងពេលបច្ចុប្បន្ននេះ អាមេរិកបានកំពុងតែងាកមកបង្កើតភាពស្និទ្ធស្នាលជាមួយនូវបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៏តាមរយៈ ទំនាក់ទំនងទ្វេរភាគី អាស៊ាន-អាមេរិក​(ASEAN-US Bilateral Relations)​ ដែលស្ថិតនៅក្រោមរូបភាព កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច និង សន្តិសុខតំបន់ពោលគឺដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តួរយ៉ាង ជំនួបកិច្ចប្រជុំរវាងមេដឹកនាំសមាជិកអាស៊ាន និងលោកប្រធានាធិបតី ចូ បៃដិនកាលពីឆ្នាំ​២០២២ កន្លងទៅនេះក៏បានបង្ហាញអំពីការតាំងចិត្តរបស់អាមេរិកក្នុងការពង្រឹងមិត្តភាពជាមួយនឹងអាស៊ានផងដែរ។ ចិនក៏មានមហិច្ឆិតាមិនខុសពីអាមេរិកដែរ ពោលគឺចិនបានចាត់ទុកអាស៊ានជាតំបន់យុទ្ធសាស្ត្រមួយសម្រាប់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដោយចិនបានជួយសេដ្ឋកិច្ចអាស៊ានឱ្យមានភាពកើនឡើងយ៉ាងឆាប់រហ័សនិងថែមទាំងជាដៃគូរសេដ្ឋកិច្ចធំជាងគេសម្រាប់អាស៊ានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសសមាជិកអាស៊ានជាច្រើនបានទទួលប្រាក់កម្ចី យ៉ាងច្រើនពីចិន ហើយការនាំចេញភាកច្រើនគឺត្រូវពឹកផ្អែកទៅលើទីផ្សាររបស់ចិនផងដែរ។ បន្ថែមពីនេះ បើយើងនិយាយអំពីផ្នែកសេដ្ឋកិច្ចវិញ ទំហំពាណិជ្ជកម្មទ្វេភាគីចិនអាស៊ានបានកើនឡើងយ៉ាងឆាប់រហ័សពី ៨ ប៊ីលានដុល្លារ ក្នុងឆ្នាំ ១៩៩១ ដល់ ៤៧២,២ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៥ និងជិតដល់ ៦០០ ប៊ីលានដុល្លារក្នុងឆ្នាំ២០១៩ដោយចិនបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មសេរីនិងដំណើរការនូវការនាំចេញដោយមានភាពងាយស្រួលទៅកាន់ទីផ្សារប្រទេសចិន។ នៅឆ្នាំ២០២២ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានអស់រយៈពេលជិត ៧ ឆ្នាំ ទន្ទឹមនឹងនេះ អាស៊ានបានទាក់ទាញប្រមាណ ៥% ទៅ ៦% នៃការវិនិយោគសរុបរបស់ចិននៅនៅក្នុងតំបន់ផងដែរដោយការវិនិយោគទាំងនេះត្រូវបានបែងចែកនៅក្នុងវិស័យផ្សេងៗរួមមានសេវាកម្មពាណិជ្ជកម្មពាណិជ្ជកម្មលក់ដុំ និងរាយ ការផលិតអគ្គិសនី ការផលិត និងការរុករករ៉ែនិងថាមពលផ្សេងៗទៀត។ យ៉ាងណាមិញ ប្រសិនបើសមាជិកអាស៊ានរឺ អាស៊ានទាំងមូលពឹងផ្អែកដាច់ខាតទៅលើចិន រឺអាមេរិកដោយសារតែផលប្រយោជន៏ដែលខ្លួនទទួលបាននោះ នោះអាស៊ាននឹងធ្លាក់ទៅដល់ចំណុចមួយដែលឈានទៅដល់ការបាត់បង់នូវអព្យាក្រឹត្យ ភាព និងភាពនៅកណ្តាល (ASEAN Neutrality & ASEAN Centrality)ដូចនេះ ដើម្បីធ្វើឱ្យមានតុល្យភាពនៃការទទួលរងរបស់មហាអំណាចទាំងពីរនេះ អាស៊ានត្រូវតែរក្សារឱ្យបាននូវអព្យាក្រឹត្យភាព និងដាក់ចេញនូវយុទ្ធសាស្ត្រគោលមួយចំនួនដើម្បីរក្សារស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យុទ្ធសាស្ត្រអាស៊ានឥណ្ឌូប៉ាស៊ីហ្វិក

ដើម្បីយល់ដឹងអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក យើងត្រូវក្រឡេកទៅមើល ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក( ASEAN’s Outlook on Indo Pacific)។ ការអនុម័តជាឯកច្ឆ័ន្ទនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ត្រូវ នៅទីក្រុងបាងកក ក្នុងខែមិថុនា ឆ្នាំ ២០១៩ បានបង្ហាញពីជំហររួមរបស់អាស៊ាន យ៉ាងច្បាស់នូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ។  ជាមួយនឹងទស្សនៈវិស័យនេះ អាស៊ានមានបំណងចង់ ពង្រឹងយន្តការដឹកនាំដោយអាស៊ាន (ASEAN-Led Mechanism) ដើម្បីប្រឈមមុខនឹងបញ្ហា ក្នុងតំបន់ និងចាប់យកឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំទាក់ជាមួយគ្រប់ភាគីទាំអអស់។ ដើម្បីរកចំណុចកណ្ដាលមួយដើម្បីរក្សាស្ថិរភាព ការទាក់ទាញផលប្រយោជន៍មកចូលតំបន់ និងសន្តិសុខប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ឱ្យបាននូវគោលការណ៏របស់ AOIP ដោយគួរតែយកអាស៊ានធ្វើជាស្ថាប័នមួយដែល ជំរុញឱ្យមាននូវកិច្ចសហការក្នុងតំបន់ជាមួយគ្រប់ភាគី។​ នៅក្នុងន័យនេះ អាស៊ានក៏បានលើកបញ្ជាក់ពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចង់សម្រេចបាននូវកិច្ចសហការដែនសមុទ្រ កិច្ចសហការសេដ្ឋកិច្ចស៊ីជម្រៅ និងការប្រកាន់ខ្ជាប់នូវគោលការណ៏ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៏​( Treaty of Amity and Cooperation)។ ម៉្យាងវិញទៀតដើម្បីកាត់បន្ថយភាពការគំរាមកំហែងក្នុងតំបន់ អាស៊ានគួរតែចាត់ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជា តំបន់នៃការសន្ទនាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនួសដោយការប្រកួតប្រជែង ហើយអាស៊ាននៅតែសង្កត់ធ្ងន់ដដែលទៅលើការឈរនៅកណ្តាលនិងអព្យាក្រឹត្យភាព។ លើសពីនេះទៅទៀត អាស៊ានគួរតែកាត់បន្ថយការពឹងផ្អែកច្រើនលើសលប់នូវផ្អែកសេដ្ឋកិច្ច ទៅលើចិន និង​អាមេរិកព្រោះវាអាចធ្វើប្រទេសសមាជិកអាស៊ានមានទំនោរគោលនយោបាយការបរទេសលម្អៀងទៅលើប្រទេសមហាអំណាចណាមួយ។ ផ្ទុយទៅវិញ អាស៊ានក៏អាចងាកមកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយនឹងប្រទេសដែលជាដៃគូរសន្ទនា (Dialogue Partner) ដែលមានដូចជា អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េ​ ណវែហ្សែឡង់ រុស្ស៊ី ចក្រភពអង់គ្លេស (ក្នុងនោះក៏មានចិននិងអាមេរិកផងដែរ)។ ជាចុងក្រោយ អាស៊ានគួរតែបង្កើតគំរូនៃភាព ដឹកនាំបែបសមូហភាព ដែលមានការពឹងពាក់គ្នាទៅវិញទៅមកត្រូវបានផ្តល់អាទិភាព ហើយគ្មានប្រទេសណាមួយគ្រប់គ្រងភាពជាដៃគូនោះទេ។  ដោយយើងមើលឃើញថាភាពតានតឹងរវាងចិន និង អាមេរិកគឺមិនងាយនឹងបញ្ចប់នោះទេហើយវានឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់អព្យាក្រឹត្យភាព និងភាពជាកណ្តាលរបស់អាស៊ាន ពីព្រោះគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗមានទំនោរខុសៗគ្នា​។ ដូចនេះហើយ ប្រទេសសមាជិកគួរតែផ្តល់អទិភាពជាចម្បងទៅលើការដាក់ចេញនូវគោលនយោបាយការបរទេសដោយផ្អែកទៅលើគោលការណ៏សំខាន់ៗរបស់អាស៊ាននោះវានឹងនាំមកនូវ ស្ថិរភាព សន្តិសុខតំបន់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ