"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ចិនបានបង្កើនអំណាចក្នុងការស៊ើបអង្កេតបទល្មើសចារកម្ម

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ថ្មីៗនេះ ប្រទេសចិន​បានធ្វើវិសោធនកម្មទៅលើច្បាប់ប្រឆាំងចារកម្មដែលស្ដីអំពី​ការលួចយកព័ត៌មាន ឯកសារផ្ទៃក្នុងប្រទេសទាក់ទងនឹងសន្តិសុខជាតិទៅកាន់បរទេស។​ វិសោធនកម្មច្បាប់ប្រឆាំងចារកម្មនេះបានកែប្រែច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ហើយចំណុចដែលទទួលបានការចាប់អារម្មណ៍ និងមតិពីសំណាក់អន្តរជាតិគឺត្រង់ចំណុច ពង្រីកទំហំអំពើដែលចាត់ទុកជាចារកម្មខុសច្បាប់ និងអំណាច​ក្នុងការស៊ើបអង្កេត ដែលជាហេតុធ្វើឱ្យប្រទេសមួយចំនួនបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសចិន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនបរទេសដែលកំពុងស្ថិតនៅប្រទេសចិន ជាពិសេសមួយទៀតនោះគឺក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគនៅប្រទេសចិន។​

ច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន​បានបង្កើតតាំងពីឆ្នាំ២០១៤ និងធ្វើវិសោធកម្មចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២៣ ​កន្លងទៅនេះ ដោយផ្តោតចម្បងទៅលើការពង្រីកវិសាលភាពនៃអំពើចារកម្មខុសច្បាប់​ និងពង្រីកសិទ្ធអំណាចក្នុងការស៊ើបអង្កេត។

១. ព្រឹត្តិការណ៍មុនថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២៣

នៅអំឡុងពេលដើមឆ្នាំ២០២៣នេះប្រទេសចិនបានបិទទ្វារក្រុមហ៊ុនប្រឹក្សាចំនួន៣ ក្រោមហេតុផលថាក្រោមហ៊ុនទាំងនោះបានផ្ញើរព័ត៌មានសំងាត់ទាក់ទងនឹងប្រទេសចិន​ទៅកាន់បរទេស។ ក្នុងនោះមានក្រុមហ៊ុន “Mintz Group” ដែលជាក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅរដ្ឋធានីប៉េកាំង​ ត្រូវបានបិទទ្ចារនៅខែមិនា បន្ទាប់ពីនោះគឺក្រុមហ៊ុន “Bain & Co.” ដែលជាក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅទីក្រុងសៀងហៃ​ ត្រូវបានបិទទ្វារនៅខែមេសា និងចុងក្រោយគឺការិយាល័យ “Capvision” ដែលក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅទីក្រុងសៀងហៃនៅខែឧសភា។​

គួរបញ្ជាក់ផងដែរថាមូលហេតុនៃការបិទទ្វារក្រុមហ៊ុនទាំងនេះ ព្រមទាំងមូលដ្ឋានច្បាប់ក្នុងរឿងក្តីទាំងនេះមិនបានផ្សព្វផ្សាយជាសាធារណៈនោះទេ។​ ប៉ុន្តែអ្វីដែលគួរតែយកចិត្តទុកដាក់នោះ គឺមា​នមតិយល់ថា រឿងក្តីផ្ទួនៗគ្នានេះបានជំរុញឱ្យប្រទេសចិនធ្វើវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម។

២. ទំហំនៃអំពើចារកម្មខុសច្បាប់នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

វិសោធនកម្មនៃច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន​ដែលចូលជាធរមាននៅដើមខែកក្កដានេះបានពង្រីកវិសាលភាពនៃអំពីដែលត្រូវបានច្បាប់ចាត់ទុកជាអំពើចារកម្មខុសច្បាប់។​ ពីមុននៅប្រទេសចិនអំពើចារកម្មខុសច្បាប់មានការលួចលក់​ និងផ្តល់ព័ត៌មានទាក់ទងនឹងរឿងសម្ងាត់ជាតិ។​​ ប៉ុន្តែនៅក្នុងវិសោធនកម្មថ្មីនេះបន្ថែមពីអំពើដែលបានចែងក្នុងច្បាប់ចាស់ មាត្រា៤(៣)នៃវិសោធនកម្មបានចែងបន្ថែមពី អំពើនិងសកម្មភាពចារកម្មខុសច្បាប់ដែលរាប់បញ្ចូលទាំង ការលួចយក ព័ត៌មាន និងឯកសារគ្រប់ទម្រង់ដែលទាក់ទងនឹងសន្តិសុខជាតិ។​ ការប្តូរពាក្យ ពីរឿងសម្ងាត់ជាតិទៅជាសន្តិសុខជាតិនេះបានពង្រីកវិសាលភាពនៃទង្វើចារកម្មខុសច្បាប់ ព្រោះពាក្យថាសន្តិសុខជាតិគ្របដណ្តប់លើវិស័យជាច្រើនប្រភេទ ​ ដែលនោះមានន័យថាចារកម្មបែបណាក្តីឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិគឺខុសច្បាប់។

ការប្រែប្រួល និងបន្ថែមវិសាលភាពនៃអំពើចារកម្មខុសច្បាប់នេះ​ នឹងបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេត និង​គ្រប់គ្រងអំពើចារកម្មនៅក្នុងប្រទេសចិន ដោយសារច្បាប់ប្រឆាំងចារកម្មចាស់មិនគ្របដណ្តប់ពេញលេញ អំពើចារកម្មនៅបច្ចុប្បន្នភាពនេះដែលប្រព្រឹត្តតាមប្រព័ន្ធអ៊ិនធឺណែត​ ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណែត​ និង​ការលួចយកព័ត៌មានទាក់ទង​នឹងសន្តិសុខជាតិ។​

៣. សិទ្ធអំណាចក្នុងការស៊ើបអង្កេតនៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

ការធ្វើវិសោធនកម្មថ្មីនេះបានបន្ថែមសិទ្ធិអំណាចរបស់អាជ្ញាធរសន្តិសុខជាតិពីលើសិទ្ធអំណាចដែលមានក្នុងច្បាប់ចាស់​ ព្រមទាំងបានចែងកាន់តែច្បាស់លាស់អំពីសិទ្ធិអំណាចរបស់រដ្ឋក្នុងការបើកការស៊ើបអង្កេត និងចាប់ខ្លួនជនចារកម្ម។ យោងតាមមាត្រា២៥នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម អាជ្ញាធរសន្តិសុខជាតិមានសិទ្ធិក្នុងការចូលទៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់ជនដែលគេសង្ស័យថាជាចារកម្ម និងតាមរយៈមាត្រា២៦​និង​២៩នៃវិសោធនកម្មខាងលើ អាជ្ញាធរសន្តិសុខជាតិអាចឆែកឆេរព័ត៌មានផ្ទាល់ខ្លួន​ ឯកសារ​ វត្ថុ និងព័ត៌មានដែលពាក់ព័ន្ធនឹងចារកម្ម។​ បន្ថែមពីនោះជនដែលគេសង្ស័យអាចនឹងត្រូវបានចាប់ខ្លួន តាមរយៈបញ្ជាពីអាជ្ញាធរសន្តិសុខជាតិថ្នាក់ក្រុង ឬថ្នាក់ខ្ពស់ជាងនេះ ដែលមានចែងនៅក្នុងមាត្រា​២៧នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម។​

តាមរយៈការចែងបន្ថែមនៃវិសោធនកម្មខាងលើនេះមានន័យថា អាជ្ញាធរសន្តិសុខជាតិអាចធ្វើការឆែកឆេរ និងចូលក្នុងឧបករណ៍អេឡិចត្រូនិចរបស់ជនដែលគេសង្ស័យ ដែលវានឹងអាចជះឥទ្ធិពលដល់សុវត្ថិភាព និង​ឯកជនភាពរបស់បុគ្គល ក៏ដូចជាព័ត៌មាន និងទិន្នន័យរបស់ស្ថាប័ន និងក្រុមហ៊ុននៅក្នុងប្រទេសចិនក៏នឹងអាចត្រូវបានឆែកឆេរត្រួតពិនិត្យដោយអាជ្ញាធរសន្តិសុខជាតិផងដែរ។​

៣. ប្រតិកម្ម​ និងមតិទៅលើវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

ការធ្វើវិសោធនកម្មនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលប្រទេសចិនទៅលើសុវត្ថិភាពសន្តិសុខជាតិរបស់ខ្លួន តាមរយៈការរឹតបន្តឹង និងយកចិត្តទុកដាក់លើការការពារព័ត៌មានផ្ទៃក្នុងប្រទេសជាតិជាចម្បង។ យ៉ាងណាក្តីមានប្រទេសមួយចំនួនបានបង្ហាញពីការព្រួយបារម្ភ និងមតិចំពោះការអនុវត្តន៍ច្បាប់មួយនេះ ជាពិសេសនោះគឺសហរដ្ឋអាមេរិក។​ ដោយមានការយល់ឃើញថា ការរឹតបន្តឹងចំពោះទង្វើចារកម្មនេះនឹងជះឥទ្ធិពលដល់ក្រុមហ៊ុនបរទេស​ វិនិយោគទុន និង​សហប្រតិបត្តិការអន្តរជាតិផ្សេងៗ ព្រោះថាការដែលមានសិទ្ធិអំណាចចូលទៅក្នុងឧបករណ៍អេឡិចត្រូនិច ក៏ដូចជាសិទ្ធិអំណាចឆែកឆេរស្ទើរតែគ្រប់វត្ថុ និងព័ត៌មានឯកជននេះ នឹងធ្វើឱ្យបាត់បង់នូវឯកជនភាពរបស់ស្ថាប័នទាំងនោះ ព្រមទាំងប្រសិទ្ធភាពក្នុងការចរចារផ្សេងៗរបស់ស្ថាប័នទាំងនោះ ព្រោះព័ត៌មានផ្ទៃក្នុងក្រុមហ៊ុនអាចនឹងបែកធ្លាយដឹងឮដល់ដៃគូប្រជែង ព្រមទាំងបង្កឱ្យមានការខូចខាតកេរ្តិ៍ឈ្មោះស្ថាប័នទៀតផង។ ​​ម៉្យាងទៀតការដែលផ្ដល់សិទ្ធិអំណាចពេញទីដល់អាជ្ញាធរសន្តិសុខជាតិក្នុងការឃាត់ខ្លួនជនដែលគេសង្ស័យបែបនេះ នឹងផ្តល់ជាគ្រោះថ្នាក់ដល់ជនបរទេសស្លូតត្រង់មួយចំនួនដែលនឹងអាចត្រូវបានគេឃាត់ដោយគ្មានកំហុសព្រោះការចាប់ខ្លួនធ្វើឡើងត្រឹមតែតាមរយៈការសង្ស័យ​ និងបញ្ជារពីអាជ្ញាធរសន្តិសុខជាតិថ្នាក់ក្រុង។​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហ៊ឹង កន្និកា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ