"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ សង្គមគ្មានប្រាក់ក្រដាស

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

យើងអាចគិតថា ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ជាបាតុភូតទំនើបមួយ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និងការទូទាត់ពីចម្ងាយ ជំនួសឱ្យក្រដាសប្រាក់ដែលជារបៀបទូទាត់ប្រពៃណីអស់ជាច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែ​ គំនិតនៃការដោះដូរដោយមិនចាំបាច់ប្រើប្រាស់តែក្រដាសប្រាក់គឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ក្នុងអត្ថបទនេះ​ យើងនឹងស្វែងយល់អំពី​ប្រវត្តិនៃការទូទាត់ប្រាក់ និងសង្គមដែលគ្មានការប្រើប្រាស់ក្រដាសប្រាក់។

ប្រវត្តិនៃការទូទាត់ប្រាក់

មុនមានការបង្កើតសាច់ប្រាក់

ប្រព័ន្ធដោះដូរទំនិញដំបូងត្រូវបានបង្កើតដោយពួកមេសូប៉ូតាមី (Mesopotamians) នៅយុគសម័យបុរេប្រវត្តិ តាំងពី ៨០០០ ឆ្នាំមុនមកម្ល៉េះ។ ក្រោយមក​ នៅ ៣៥០០ ឆ្នាំមុន គេបានកែច្នៃលោហធាតុដូចជាសំរិទ្ធ ប្រាក់ និងមាស ដើម្បីប្រើជាទម្រង់នៃប្រាក់។ កាក់ក៏ត្រូវបានគេ​​ផលិតនៅពេលនោះផងដែរ ។

សង្គមក្រដាសប្រាក់

ក្រដាសប្រាក់ដំបូងត្រូវបានបង្កើតឡើងនៅប្រហែល ១០០០ ឆ្នាំមុនដោយពាណិជ្ជករចិន។ ក្រោយមកទៀត​ អ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ ឈ្មោះថា ម៉ាកូ ប៉ូឡូ (Marco Polo) បាននាំយក ប្រាក់ក្រដាសទៅអឺរ៉ុបនៅសតវត្សរ៍ទី១៣។ នៅសតវត្សរ៍ទី១៤ ដល់ទី ១៨ ការបង្កើតមូលប្បទានប័ត្រជាវិក្កយបត្រ ឬសែកដែលងាយស្រួលក្នុងការដោះដូរទំនិញជាងមុន អនុញ្ញាតឱ្យមនុស្សនាំយកមូលនិធិទៅកាន់បរទេស ដោយមិនចាំបាច់យកមាសប្រាក់ពិតប្រាកដទៅតាមខ្លួនឡើយ។ ទម្រង់ដំបូងនៃមូលប្បទានប័ត្រគឺការសរសេរដោយដៃ ហើយបានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅសតវត្សទី១៧។ នៅឆ្នាំ១៨៧២ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Western Union បានដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់យ៉ាងទូលំទូលាយជាលើកដំបូង ដោយប្រើបណ្តាញទូរលេខដែលមនុស្សអាចផ្ញើមូលនិធិបានទូទាំងពិភពលោក។ នៅឆ្នាំ១៨៧៧ ស្ទើរតែ ២,៥ លានដុល្លារត្រូវបានផ្ទេរជារៀងរាល់ឆ្នាំ តាមរយៈសេវាកម្មនេះ។

ការទូទាត់ដោយគ្មានក្រដាសប្រាក់

នៅឆ្នាំ១៩១៤ ធនាគារ Western Union បានដាក់បង្ហាញកាតលោហៈប្រតិបត្តិការ ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ១៩៤៦ លោក ចន ស៊ី ប៊ីហ្គីន (John​ C. Biggins) ជាធនាគារិកនៃធនាគារ Brooklyn បានបង្កើតកាតធនាគារដំបូងឈ្មោះថា CHARGE-IT។ ឆ្នាំ១៩៦៧ គេបានឃើញកាតអេធីអិម (ATM) ដំបូងដែលដាក់ចេញដោយធនាគារ បាក្លេយ៍ (Barclays) នៅក្នុងទីក្រុងឡុងដ៍។ នាទសវត្សរ៍ទី៧០ ធនាគារឡយ (Lloyds) បានណែនាំកាតបន្ទះម៉ាញ៉េទិច ដែលប្រើលេខសម្ងាត់សម្រាប់សុវត្ថិភាព។ ក្រោយមក ពាក់កណ្តាលទសវត្សរ៍ទី៨០ ប្រព័ន្ធ POS ដូចជាម៉ាស៊ីនទូទាត់ប្រាក់អេឡិចត្រូនិកក៏ត្រូវបានបង្កើតឡើងផងដែរ។ រាល់ប្រតិបត្តិការម៉ាស៊ីនឆូតកាតអាចធ្វើទៅបានដោយផ្ទាល់ ឬតាមអ៊ីនធឺណិត ហើយវិក្កយបត្រត្រូវបានបោះពុម្ពចេញនៅទីកន្លែងផ្ទាល់ ឬតាមអេឡិចត្រូនិក។

បន្ទាប់មកទៀត នៅឆ្នាំ១៩៩៤ ក្រុមហ៊ុនសេវាកាតឥណទាន Stanford Federal Credit​ Union គឺជាធនាគារដំបូងគេ ដែលបានផ្តល់ជូនប្រតិបត្តិការអនឡាញសម្រាប់អតិថិជនទាំងអស់គ្នា។ ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Paypal បានបើកដំណើរការក្នុងឆ្នាំ២០០០ ដោយបង្កើតចេញពីការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Confinity និងក្រុមហ៊ុន X.Com។ ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន Western Union បានភ្ជាប់ជាមួយប្រព័ន្ធសកលសម្រាប់ទំនាក់ទំនងចល័ត (GSMA) ដើម្បីអភិវឌ្ឍប្រាក់ចល័ត និងការផ្ទេរ។ នៅឆ្នាំ២០២២ ប្រជាជននៅចក្រភពអង់គ្លេស​ ៩៣%  បានប្រើប្រាស់ធនាគារតាមអ៊ីនធឺណិត។ ការទូទាត់តាមទូរស័ព្ទដោយប្រយោលនៅឆ្នាំ២០០៧ និងដោយមិនចាំបាច់ប្រើប្រាស់កាត ត្រូវបានលេចរូបរាងឡើងនៅអង់គ្លេសដោយក្រុមហ៊ុនបាក្លេយ៍ (Barclays)។ ជាមួយគ្នានេះផងដែរ វិធីទូទាត់តាម Google Wallet ក៏បានបង្ហាញខ្លួនក្នុងឆ្នាំ២០១៣ ផងដែរ ។ ខណៈ ដែល សេវាបង់ប្រាក់តាមទូរស័ព្ទ Apple Pay បានចាប់ផ្តើមដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០១៤ ។

តើអ្វីជាសង្គមគ្មានក្រដាសប្រាក់?

សង្គមគ្មានក្រដាសប្រាក់ ឬ Cashless Society គឺជាប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការទាំងស្រុងដោយគ្មានការប្រើប្រាស់ក្រដាសប្រាក់។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងដោយប្រើមធ្យោបាយឌីជីថល ដូចជាកាតឥណទាន​ ឬកាតឥណពន្ធ ការទូទាត់តាមទូរស័ព្ទ ឬការផ្ទេរតាមអ៊ីនធឺណិត។ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានបោះជំហានសំខាន់ៗឆ្ពោះទៅរកភាពគ្មានក្រដាសប្រាក់ ហើយប្រទេសខ្លះថែមទាំងបានកំណត់គោលដៅដើម្បីលុបបំបាត់ក្រដាសប្រាក់ទាំងស្រុងទៀតផង។

មានហេតុផលជាច្រើនដែលសង្គមគ្មានក្រដាសប្រាក់បានផ្តល់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ រាប់ចាប់តាំងពី សុវត្ថិភាព ភាពងាយស្រួល មានកំណត់ត្រាច្បាស់លាស់ កាត់បន្ថយការចំណាយ និងបង្កើនការរួមបញ្ចូលគ្នាផ្នែកហិរញ្ញវត្ថុផងដែរ។ ជាក់ស្តែង ទឹកប្រាក់តែងតែជាគោលដៅរបស់ក្រុមចោរ ហើយការលុបបំបាត់ប្រព័ន្ធដកសាច់ប្រាក់ជាក្រដាស អាចកាត់បន្ថយឧក្រិដ្ឋកម្មជាច្រើនប្រភេទផងដែរ។ ម្យ៉ាងទៀត ជាមួយនឹងប្រព័ន្ធឌីជីថល ការទូទាត់ពិតជាមានភាពងាយស្រួល និងចំណាយពេលតិចជាងមុន។ រាល់ការចំណាយត្រូវបានកត់ត្រាយ៉ាងជាក់លាក់ដោយស្វ័យប្រវត្តិដែលអាចឱ្យ អាជីវករ ធនាគារ និងរដ្ឋាភិបាលអាចតាមដានសកម្មភាពហិរញ្ញវត្ថុកាន់តែងាយស្រួលផងដែរ។ វិធីនេះអាចជួយកាត់បន្ថយការក្លែងបន្លំ និងការលាងលុយកខ្វក់។ ក្រៅពីនេះ សង្គមគ្មានក្រដាសប្រាក់ បានជួយកាត់បន្ថយទៅលើការចំណាយដែលធ្លាប់មានកាលពីមុន ដូចជាការបោះពុម្ពក្រដាសប្រាក់ ការរក្សាទុកប្រាក់ និងសេវាដឹកជញ្ជូនជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក៏មានគុណវិបត្តិខ្លះៗដែលធ្វើឱ្យធ្លាក់នូវសក្តានុពលចំពោះការមិនប្រើក្រដាសប្រាក់ទាំងស្រុង។ ទី១ អ្នកមានជីវភាព​ក្រីក្រជាច្រើនដែលមិនមានគណនីធនាគារ មិនអាចសម្របខ្លួនទទួលយកវិធីសាស្ត្រទូទាត់ដោយគ្មានសាច់ប្រាក់ក្រដាសបានភ្លាមៗនោះទេ។ ទី២ វាធ្វើឱ្យមានការរំលោភឯកជនភាពធ្ងន់ធ្ងរ​ ដោយសាររាល់ការទិញ និងទូទាត់មាននូវកំណត់ត្រា ដែលអាចនឹងត្រូវតាមដានពីអាជីវករ ឬរដ្ឋាភិបាល ផ្ទុយពីការទិញដូរ ដោយប្រើសាច់ប្រាក់ក្រដាស ដែល មិនត្រូវបានកត់ត្រាទុកនោះទេ។

ទី៣ សង្គមគ្មានក្រដាសប្រាក់ក៏អាចធ្វើឱ្យក្រុមក្លែងបន្លំ ឬក្រុមលួចចូលតាមប្រព័ន្ធអ៊ីនធឺណិត (Hacker) ដោយខុសច្បាប់ មានភាពងាយស្រួលក្នុងការលួចចូលយកទិន្នន័យ ឬលួចយកមូលនិធិទាំងនោះ។ ក្រៅពីនេះ បញ្ហាបច្ចេកទេសបន្តិចបន្តួចអាចរារាំងពុំអាចឱ្យធ្វើប្រតិបត្តិការទូទាត់បានឡើយ ដូចជាពេលដាច់ចរន្តអគ្គិសនី និងសេវាអ៊ីនធឺណេតជាដើម។ ទី៤ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលគំរាមកំហែងដល់ដំណោះស្រាយរបស់ធនាគារធំៗ អ្នកដាក់ប្រាក់បញ្ញើនឹងមិនអាចដកសាច់ប្រាក់មកក្រៅបាននោះទេ។ អ្នកដាក់ប្រាក់បញ្ញើក៏មិនអាចរារាំងធនាគារដែលមានបញ្ហា ពីការយកចំណែកនៃប្រាក់បញ្ញើរបស់ពួកគេនោះដែរ។ នៅសហរដ្ឋអាមេរិក លុះត្រាតែអ្នកដាក់ប្រាក់បញ្ញើរហូតដល់ទៅ ២៥ ម៉ឺនដុល្លារអាមេរិក ទើបទទួលបានការការពារ។ នោះមានន័យថា អ្នកដាក់ប្រាក់បញ្ញើធម្មតានឹងមិនអាចការពារខ្លួនពីអត្រាការប្រាក់អវិជ្ជមាន ដែលធនាគារកណ្តាលនៅក្នុងប្រទេសមួយចំនួន ដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនោះទេ។

តើពិភពលោកនឹងឈានដល់សង្គមដែលគ្មានក្រដាសប្រាក់ទាំងស្រុងដែររឺទេ?

ការរាតត្បាតនៃមេរោគឆ្លងសកលគឺជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០ ក៏បានរួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃប្រតិបត្តិការទូទាត់ដែលគ្មានសាច់ប្រាក់ក្រដាស ជាពិសេសតាមរយៈការទិញទំនិញអនឡាញ។ មនុស្សងាកមកចាប់អារម្មណ៍នឹងភាពងាយស្រួលនៃប្រព័ន្ធឌីជីថលកាន់តែច្រើនឡើងៗ។ អ្នកសេដ្ឋកិច្ចជាច្រើនបានជឿជាក់ថា ភាពពេញនិយមរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងលើអាជីវកម្ម ការស្វែងរកប្រាក់ចំណេញពីធនាគារ និងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានរចនាឡើងក្នុងការគាំទ្រសង្គមគ្មានក្រដាសប្រាក់ នឹងជំរុញពិភពលោកឆ្ពោះទៅរកសង្គមដែលគ្មានក្រដាសប្រាក់ក្នុងពេលឆាប់ៗជាមិនខាន។

ជាក់ស្តែង ប្រទេសស៊ុយអែតត្រូវបានគេស្គាល់ថាជាប្រទេសដែលខិតជិតទៅរកសង្គមគ្មានក្រដាសប្រាក់ជាងគេបំផុត ព្រោះការមិនប្រើប្រាស់ក្រដាសប្រាក់ត្រូវបានគាំទ្រដោយច្បាប់ ក្នុងនោះអាជីវករក៏អាចបដិសេធការបង់ថ្លៃជាក្រដាសប្រាក់ ដោយស្របច្បាប់ទៀតផង។ ធនាគារស៊ុយអែតភាគច្រើនមិនគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់ជាក្រដាសនៅក្នុងសាខាទេ ហើយមានតែ ៣២ នាក់ក្នុង ១សែន នាក់ប៉ុណ្ណោះ ដែលប្រើប្រាស់ទូអេធីអឹមសម្រាប់ដកក្រដាសប្រាក់ ដែលវាមានកម្រិតទាបបើធៀបនឹងប្រទេសដទៃទៀត។ ៩៨% នៃប្រជាជនស៊ុយអែតសុទ្ធតែមានប័ណ្ណឥណពន្ធ។ ក្រៅពីនេះ មានប្រទេសជាច្រើនទៀតដែលកំពុងធ្វើដំណើរឆ្ពោះទៅរកការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដូចជាប្រទេសន័រវេស ហុងកុង ហ្វាំងឡង់ អង់គ្លេស និងប្រទេសផ្សេងៗជាច្រើនទៀត។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ គេពុំទាន់ឃើញមានប្រទេសណាមួយ បានសម្រេចនូវសង្គមដែលគ្មានការប្រើប្រាស់ក្រដាសប្រាក់ទាំងស្រុងនៅឡើយទេ។ ការប្រើប្រាស់ក្រដាសប្រាក់នៅតែសំខាន់មិនអាចកាត់ផ្តាច់បាន។ ជាពិសេសប្រទេសមួយចំនួនដែលក្រៅពីប្រទេសនៅអឺរ៉ុប អាមេរិកខាងជើង និងតំបន់អាស៊ីប៉ាស៊ីហ្វ៊ីក  គឺនៅតែបន្តពឹងផ្អែកលើក្រដាសប្រាក់នៅឡើយ។ ការវិវត្តរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាថ្មី ធ្វើឱ្យការទូទាត់ដោយគ្មានក្រដាសប្រាក់កាន់តែមានភាពងាយស្រួល និងលេចធ្លោ ប៉ុន្តែវាក៏ត្រូវការពេលជាច្រើនទៀតដើម្បីជំនួសឱ្យក្រដាសប្រាក់ផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ