"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ការចូលជាសមាជិកក្នុង G20 របស់សហភាពអាហ្វ្រ៊ិក (The African Union Road to G20)

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិក(AU) ទៅក្នុងក្រុមប្រទេសទាំងម្ភៃ (G20)  គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលស្គាល់ទ្វីបអាហ្វ្រ៊ិកជាកម្លាំងសកល (Global Power) ថ្មីមួយនៃពិភពលោក។ មុនពេលចូលជាសមាជិករបស់ G20 សហភាពអាហ្រ្វ៊ិកបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបរបស់ខ្លួន រួមមានអស្ថិរភាពនយោបាយ វិសមភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកត្រូវបានព្យាយាមតាំងពីពេលធ្វើជាដៃគូសហការជាមួយនឹង G20 (African Union and G20 Partnership) នៅក្នុងឆ្នាំ ២០១៧ នៅពេលដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃវេទិកានោះ។ នៅក្នុងអត្ថបទនេះ យើងនឹងបកស្រាយបន្ថែមអំពី G20 ទំនាក់ទំនងរបស់សហភាពអាហ្រ្វ៊ិកនិង G20 និងការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកទៅក្នុង G20។

អំពី G20

G20 គឺជាវេទិកាអន្តរជាតិដែលមានប្រទេសចំនួន ១៩ បូករួមទាំងសហភាពអឺរ៉ុប (EU) មួយបន្ថែមទៀតដែលតំណាងឱ្យប្រទេសសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក។ G20 បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្ថិរភាពពិភពលោក។ សមាជិក G20 រួមមានប្រទេស អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វ៊ិកខាងត្បូង កូរ៉េខាងត្បូង តួកគី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ សហភាពអឺរ៉ុបតំណាងដោយក្រុមប្រឹក្សាអឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុបក៏ជាសមាជិកនៃ G20 ដែរ។

គោលបំណងចម្បងរបស់ G20 គឺការធ្វើកិច្ចពិភាក្សា និងសម្របសម្រួលគោលនយោបាយទាក់ទងនឹងស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និងកំណើនសេដ្ឋកិច្ច។ G20 ដើរតួជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងសេដ្ឋកិច្ចសកល លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចពិភាក្សា (dailogue) ក្នុងចំណោមសមាជិករបស់ខ្លួន។ ក្រុមប្រទេស ២០ ក៏តែងតែរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលមានការចូលរួមពីសំណាក់មេដឹកនាំមកពីប្រទេសជាសមាជិក ដើម្បីធ្វើកិច្ចពិភាក្សា និងធ្វើសេចក្តីសម្រេចលើគោលនយោបាយអ្វីមួយ។

លើសពីនេះទៀតការប្រជុំថ្នាក់រដ្ឋមន្ត្រី និងក្រុមមន្រ្តីបច្ចេកទេសផ្សេងៗ ក៏បានធ្វើឡើងដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។ របៀបវារៈ G20 គ្របដណ្តប់លើប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើន រួមទាំងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការងារ ថាមពល ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចឌីជីថល បទបញ្ជាហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ។

ទំនាក់ទំនងរបស់សហភាពអាហ្រ្វ៊ិកនិង G20

ការសហការ G20 និងសហភាពអាហ្រ្វ៊ិក (African Union-G20 Partnership) បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ នៅពេលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 មកម្ល៉េះ។ កិច្ចសហការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក G20 និងបណ្តាប្រទេសអាហ្វ្រ៊ិក ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងជំរុញនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅអាហ្វ្រ៊ិក។ ភាពជាដៃគូនេះបានផ្តោតលើវិស័យដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការបង្កើតការងារ ឧស្សាហូបនីយកម្ម និងការកសាងសមត្ថភាព។ ក្នុងនាមជាអង្គការប្រចាំទ្វីបតំណាងឱ្យបណ្តាប្រទេសនៅអាហ្វ្រ៊ិក សហភាពអាហ្រ្វ៊ិកនេះបានចូលរួមយ៉ាងសកម្មនៅក្នុង African Union-G20 Partnership។ អង្គការនេះបានចូលរួមក្នុងការពិភាក្សា និងការចរចាជាមួយសមាជិក G20 ប្រទេសម្ចាស់ផ្ទះ G20 និងអង្គការអន្តរជាតិពាក់ព័ន្ធ ដែលបានផ្តល់ជាទស្សនៈ ដើម្បីជួយរៀបចំរបៀបវារៈនៃភាពជាដៃគូផ្សេងៗ។

ភាពជាដៃគូរបស់ G20 ក៏មានគោលបំណងគាំទ្រប្រទេសក្នុងទ្វីបអាហ្វ្រ៊ិកក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍដោយបានបង្កើតគំនិតផ្តួចផ្តើមដូចជាការបង្រួមជាមួយអាហ្រ្វ៊ិក (Compact with Africa) ជាដើម។ CwA បានធ្វើការវិនិយោគឯកជន កំណែទម្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបណ្តាប្រទេសនៅទ្វីបអាហ្វ្រ៊ិក។ CwA ក៏បានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសន្ទនារវាងប្រទេសនៅទ្វីបអាហ្វ្រ៊ិក និងសមាជិក G20 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗជាច្រើន។

តាមរយៈភាពជាដៃគូជាមួយ G20 នេះ សហភាពអាហ្រ្វ៊ិកបានស្វែងរកដំណោះស្រាយអាទិភាពនៅអាហ្វ្រ៊ិកសំខាន់ៗនៅក្នុងក្របខណ្ឌ G20 ដែលរួមបញ្ចូលទាំងការតស៊ូមតិសម្រាប់ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការបង្កើតការងារ និងការអភិវឌ្ឍជំនាញ ការលើកកម្ពស់ពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សុខភាព និងសមភាពយេនឌ័រ។

ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកទៅក្នុង G20

នៅថ្ងៃទី ៩ ខែកញ្ញា សហភាពអាហ្វ្រ៊ិកបានចូលជាសមាជិកពេញសិទ្ធិរបស់វេទិកា G20។ ការចូលជាសមាជិកនេះត្រូវបានយល់ព្រមដោយសមាជិក G20 តាមរយៈការសម្រេចចិត្តតាមគោលការណ៍កូសង់ស៊ីស ក្រោមការរៀបចំជាម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌានៅក្នុងកិច្ចប្រជុំនៅ កំពូលនៅទីក្រុងញូវដេលី (New Delhi Summit)។ គួរឱ្យដឹងផងដែរថា កិច្ចប្រជុំ G20 នៅក្នុងឆ្នាំ ២០២៣ មានការអវត្តមានពីមេដឹកនាំប្រទេសចិន និងប្រទេសរុស្សី។ ប៉ុន្តែការសម្រេចចិត្តក្នុងការទទួលស្គាល់ សហភាពអាហ្រ្វ៊ិក ឱ្យចូលជាសមាជិកមិនមានការខកខានឡើយ ដោយសារតែប្រទេសចិន និងប្រទេសរុស្សីក៏បានបញ្ជូនតំណាងមកចូលរួមដើម្បីបោះឆ្នោតសម្រេចជំនួសផងដែរ។ ការចូលជាសមាជិកនេះគឺជាជំហានដ៏ធំក្នុងការផ្តល់សំឡេងដល់ប្រទេសក្នុងសហភាពអាហ្រ្វ៊ិក ដោយសារតែកន្លងមកមានតែប្រទេសអាហ្វ្រ៊ិកខាងត្បូងប៉ុណ្ណោះដែលជាសមាជិកនៃ G20។

យ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Voice of Africa លោក រ៉ូបឺត បេស្លុង (Robert Besseling) នាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ើបការណ៍ពិសេស Pangea-Risk បាននិយាយថាការចូលជាសមាជិករបស់សហភាពអាហ្វ្រ៊ិកនឹងមិនមានន័យអ្វីឡើយ បើសិនជាសហភាពអាហ្វ្រ៊ិកមិនអាចគ្រប់គ្រងនូវរដ្ឋប្រហារយោធាក្នុងស្រុក និងដំណើរការបោះឆ្នោតផ្សេងៗ។ ប៉ុន្តែជាមួយនឹងសំឡេង រួមទាំងការទទួលស្គាល់ពីសំណាក់បណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ សហភាពអាហ្វ្រ៊ិកក៏អាចប្រើប្រាស់សំឡេងនេះជាប្រយោជន៍ក្នុងការសម្រេចកិច្ចការរួមជាមួយបណ្តាក្រុមប្រទេស G20។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា សួន រតនាសុមានី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ