"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ថៃបានដើរការទូតម្ហូបអាហារបានល្អយ៉ាងដូចម្ដេច?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

នៅពេលដែលចាប់ផ្ដើមនិយាយអំពីប្រទេសថៃ អ្វីដែលគេនឹកឃើញមុនគេនោះគឺភាពសម្បរបែបនៃម្ហូបអាហារ​ ហើយមុខម្ហូបមួយចំនួនដែលគេនឹងនឹកឃើញមុនគេនោះ តុមយុំា ស៊ុមតាំ មូកថៈ បាយដំណើបស្វាយ ជាដើម ហើយមុខម្ហូបទាំងប៉ុន្មានមុខនេះមានវត្តមានស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលសូម្បីតែការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ថៃដូចជា Thai Airway ជាដើម ក៏ភ្ញៀវអាចទទួលទានបង្អែមបាយដំណើបស្វាយ និងមុខម្ហូបថៃមួយចំនួនបានដែរ។ ជាការពិតណាស់ ម្ហូបគឺត្រឹមតែផ្នែកមួយនៃអត្តសញ្ញាណជាតិតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃវិស័យម្ហូបអាហារគឺជាអំណាចទន់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរាជរដ្ឋាភិបាលថៃប្រើប្រាស់ជាយុទ្ធសាស្រ្តមួយរបស់នយោបាយការបរទេស ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយតាមរយៈអំណាចទន់មួយនេះ ប្រទេសថៃអាចកើបបានផលប្រយោជន៍សេដ្ឋកិច្ចបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីការទូតម្ហូបអាហាររបស់ប្រទេសថៃ ភាពជោគជ័យនៅក្នុងការអនុវត្តការទូតម្ហូបអាហារ និងមេរៀនមួយចំនួនដែលប្រទេសដទៃទៀតអាចយកធ្វើជាគំរូនៅក្នុងការអនុវត្តការទូតអាហារ ។

និយមន័យទូទៅរបស់ការទូតម្ហូបអាហារ

មុននឹងឈានទៅដល់ចំណុចសំខាន់នៃប្រធានបទ យើងគម្បីស្វែងយល់អំពីនិយមន័យនៃការទូតម្ហូបអាហារជាមុនសិន ដោយការទូតម្ហូបអាហារគឺជាធាតុផ្សំមួយរបស់អំណាចទន់ ដែលសំដៅទៅលើការប្រើប្រាស់អាហារ ធ្វើជាមធ្យោបាយលើកកម្ពស់សុច្ឆន្ទៈ និងការកសាងទំនាក់ទំនងរវាងរដ្ឋ បុគ្គល សហគមន៍ អង្គការ និងតួរអង្គមិនមែនរដ្ឋផ្សេងៗទៀត និងធ្វើជាយុទ្ធសាស្រ្តគោលរបស់គោលនយោបាយការបរទេសក្នុងគោលបំណងទាញយកផលប្រយោជន៍ជាតិ ជាពិសេសផលប្រយោជន៍សេដ្ឋកិច្ច។

ការអនុវត្តការទូតម្ហូបអាហារ​របស់រាជរដ្ឋាភិបាលថៃ

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសថៃបានទាញយកផលប្រយោជន៍ជាច្រើនពីគោលនយោបាយការទូតម្ហូបអាហារសំខាន់ៗពីរ ដែលបានផ្ដល់នូវភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ដល់គោលនយោបាយការបរទេសរបស់ថៃ។ ក្នុងនោះរួមមានដូចជា គោលនយោបាយថៃសកល (Global Thai) និងគោលនយោបាយផ្ទះបាយពិភពលោក (Kitchen to the World) ដែលត្រូវបានអនុវត្តនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតពីសំណាក់បណ្ដាក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយប្រទេសថៃទៅកាន់ពិភពលោក។

គោលនយោបាយថៃសកល

គោលនយោបាយថៃសកលត្រូវបានចាត់ទុកថាជាយុទ្ធសាស្រ្តចម្បងរបស់ការទូតម្ហូបអាហារ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០២ ក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ គោលនយោបាយថៃសកលនេះ មានគោលបំណងលើកកម្ពស់មុខម្ហូបដែលជាបេតិកភណ្ឌជាតិ និងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ និងលើកកម្ពស់កិត្តិនាមរបស់មុខម្ហូបជាតិថៃ និងម៉ាកផលិតផលអាហារក្នុងស្រុក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក ឱ្យមកទស្សនានៅប្រទេសថៃ និងដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការជំរុញចរន្តវិនិយោគឱ្យចូលមកក្នុងប្រទេសថៃជាដើម។

រាជរដ្ឋាភិបាលថៃជឿថា ភោជនីយដ្ឋានថៃគឺជាស្ថានទូតក្រៅផ្លូវការមួយដែលដើរតួនៅក្នុងការលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ តាមរយៈការប្រើប្រាស់អាហារជានិមិត្តសញ្ញានៅក្នុងការចែករំលែក និងការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកវប្បធម៌ថៃទៅកាន់ពិភពលោក។ ក្រោមហេតុផលនេះហើយ បានជារាជរដ្ឋាភិបាលថៃ ធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យម្ហូបអាហារ ដោយនៅក្នុងឆ្នាំ២០០៣ រាជរដ្ឋាភិបាលថៃបានចាប់ផ្ដើមយុទ្ធនាការពង្រីកភោជនីយដ្ឋានថៃពីចំនួន ៥៥០០ ទៅ ៨០០០ កន្លែងនៅទូទាំងពិភពលោក។ នៅក្នុងដំណើរការពង្រីកភោជនីយដ្ឋានម្ហូបថៃនេះ មានការចូលរួមត្រួតពិនិត្យយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ ដើម្បីធានាបាននូវគុណភាព និងបរិមាណរបស់ភោជនីយដ្ឋាន ព្រមទាំងចុងភៅ ដោយក្នុងនោះក្រសួងការងារ គឺជាក្រសួងដែលទទួលបន្ទុកនៅក្នុងការជ្រើសរើស និងធ្វើតេស្តសមត្ថភាព​ បណ្ដុះបណ្ដាលបន្ថែមចំពោះចុងភៅជំនាញដែលត្រូវបានជ្រើសរើស មុនពេលបញ្ជូនទៅបំពេញការងារនៅតាមភោជនីយដ្ឋាននៅតាមបណ្ដាប្រទេសនានា។ បន្ទាប់មក ក្រសួងការបរទេសថៃគឺជាភាគីបន្ទាប់ដែលទទួលខុសត្រូវនៅក្នុងការសម្របសម្រួលបើកភោជនីយដ្ឋាន និងត្រួតពិនិត្យយ៉ាងលម្អិតចំពោះគុណភាព និងសោភណភាពរបស់ម្ហូបថៃនៅក្រៅប្រទេស ព្រមទាំងទទួលបន្ទុកចុះកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសគោលដៅដែលគ្រោងនឹងបើកភោជនីយដ្ឋា​ន ព្រមទាំងបង្កភាពងាយស្រួលដល់មេចុងភៅថៃតាមរយៈការទទួលបានទិដ្ឋាការការងារផងដែរ ដែលក្នុងនោះមានប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្រ្តាលី នូវែលសេឡង់ និងបណ្ដាប្រទេសដទៃទៀតក្នុងទ្វីបអាស៊ី។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ រាជរដ្ឋាភិបាលថៃក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជននៅក្នុងការផ្ដល់ការឧបត្ថម្ភធនទៅដល់វិនិយោគិននៅក្នុងការពង្រីកភោជនីយដ្ឋានថៃនៅក្រៅប្រទេស។ ក្នុងនោះ កិច្ចសហប្រតិបត្តិការដ៏ធំបំផុតមួយ គឺកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលថៃ និងធនាគានាំចេញនាំចូលថៃ។ ភាគីទាំងពីរបានធ្វើការព្រមព្រៀងផ្ដល់ប្រាក់ចំនួន ១៦ លានដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹង ៥០០ លានបាត នៅក្នុងមួយឆ្នាំៗទៅឱ្យវិនិយោគិនថៃដើម្បីបើកភោជនីយដ្ឋាននៅក្រៅប្រទេស។ បន្ថែមលើនេះ  រាជរដ្ឋាភិបាលថៃតែងតែប្រារព្ធពិធីបុណ្យម្ហូបអាហារថៃជារៀងរាល់ឆ្នាំ ដោយមុខម្ហូបថៃត្រូវបានរៀបចំដោយចុងភៅជំនាញៗជាច្រើនមុខ ដើម្បីផ្ដល់ជូនដល់ភ្ញៀវបរទេសដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្សព្វផ្សាយនូវមុខម្ហូបថៃ ក៏ដូចជាការបង្កើនប្រជាប្រិយភាពរបស់ភោជនីដ្ឋានម្ហូបថៃផងដែរ។

គោលនយោបាយផ្ទះបាយពិភពលោក

គោលនយោបាយផ្ទះបាយពិភពលោក គឺជាកម្លាំងចលករមួយដែលឈរនៅពីក្រោយភាពជោគជ័យរបស់គោលនយោបាយថៃសកល ដោយបានដើរតួនាទីសំខាន់ក្នុងវិស័យពាណិជ្ជកម្មម្ហូបអាហារ និងការនាំចេញនូវផលិតផលស្បៀងអាហាររបស់ប្រទេសថៃជារួម។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលថៃនៅក្នុងការអនុវត្តគោលនយោបាយនេះ គឺការផ្តោតសំខាន់ទៅលើការបង្កើនសមត្ថភាពនៃការនាំចេញផលិតផលកសិកម្មប្រទេសថៃ និងធានានូវស្ថិរភាពរបស់ផលិតផលកសិកម្មថៃដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ យុទ្ធសាស្រ្តសំខាន់ៗរបស់រដ្ឋាភិបាលមានដូចជា ការពង្រឹងវិស័យកសិកម្ម និងអាជីវកម្មម្ហូបអាហារ ការបន្ថែមតម្លៃកសិផលជាមួយដំណើរការផលិតកម្មបច្ចេកវិទ្យាខ្ពស់ គាំទ្រកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ និងគាំទ្រការវិនិយោគរបស់ថៃនៅបរទេស  ជាពិសេស កសាងបណ្តាញភោជនីយដ្ឋានថៃ និងទីផ្សារអាហារនៅបរទេស ដូចដែលបានលើកឡើងខាងលើ។

បន្ថែមលើនេះ សៀវភៅអេឡិចត្រូនិកមួយក្បាលត្រូវបានបោះពុម្ពដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០០៣ ដែលមានចំណងជើងដូចគ្នាថា “ប្រទេសថៃ៖ ផ្ទះបាយពិភពលោក” ដើម្បីផ្សព្វផ្សាយយុទ្ធនាការនេះ។ សៀវភៅនេះបានពិភាក្សាអំពីចំណុចសំខាន់ៗនៃវិស័យកសិកម្មរបស់ប្រទេសថៃ បង្រៀនអំពីរបបអាហារ និងភាពសម្បូរបែបនៃម្ហូបថៃ និងចែករំលែករូបមន្តនៃមុខម្ហូបថៃ។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏និយាយអំពីភាពជាដៃគូរវាងរដ្ឋាភិបាល និងសាកលវិទ្យាល័យថៃដែលបង្រៀនអំពីសិល្បៈធ្វើម្ហូបនៅក្នុងវិស័យម្ហូបអាហារផងដែរ។ សៀវភៅមួយក្បាលនេះបានប្រមូលផ្ដុំនូវព័ត៌មាន និងឯកសារសំខាន់ៗទាក់ទងទៅនឹងវិស័យកសិកម្ម និង​វិស័យម្ហូបអាហាររបស់ប្រទេសថៃ ដែលវាបានជួយជំរុញឱ្យពិភពលោកកាន់តែមានការចាប់អារម្មណ៍ចំពោះអ្វីដែលរាជរដ្ឋាភិបាលថៃបាននឹងកំពុងធ្វើ។

ឥទ្ធិពលរបស់ការទូតម្ហូបអាហារទៅលើគោលនយោបាយការបរទេសថៃ

ការទូតម្ហូបអាហារដែលជាធាតុផ្សំមួយរបស់អំណាចទន់ បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយការបរទេសថៃ ជាពិសេសនៅក្នុងការបម្រើផលប្រយោជន៍ដល់សេដ្ឋកិច្ចថៃ បន្ទាប់ពីរងគ្រោះដោយវិបត្តិកូវីដ១៩។ តួយ៉ាង បន្ទាប់ពីអនុវត្តគោលនយោបាយនេះអស់រយៈពេល ២០ឆ្នាំ សព្វថ្ងៃនេះ ថៃមានភោជនីយដ្ឋានប្រមាណជា ២ម៉ឺនកន្លែងនៅទូទាំងពិភពលោក ដែលក្នុងនោះ មានប្រមាណជា ៥៥០០កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្ម ហើយកំណើននៃភ្ញៀវទេសចរណ៍ក៏មានការកើនឡើងចំនួន ២០០ភាគរយរាប់ពីឆ្នាំ២០០២ យោងទៅតាមកិច្ចការស្រាវស្រាវរបស់មហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យថាម៉ាសាត ប្រទេសថៃ។

ចាប់តាំងពីពេលនោះមក ប្រទេសថៃបានក្លាយជាប្រទេសគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងពិភពលោក ហើយមូលហេតុចម្បងនោះគឺការទទួលបាននូវបទពិសោធភ្លក់ម្ហូបដ៏សម្បូរបែបនៅទីក្រុងបាងកក។ ម្យ៉ាងវិញទៀត នៅក្នុងការអនុវត្តគោលនយោបាយ ផ្ទះបាយពិភពលោករបស់រាជរដ្ឋាភិបាល ថៃបានក្លាយទៅជាប្រទេសដែលនាំចេញផលិតផលកសិកម្ម និងស្បៀងអាហារធំជាងគេលំដាប់ទី១៣ នៅក្នុងពិភពលោក ដែលមានទំហំទឹកប្រាក់ ៣០,៥ ប៊ីលានដុល្លាសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ប្រទេសថៃគឺជាប្រទេសនាំចេញប្រូតេអ៊ីនជំនួសធំជាងគេទី២៥ របស់ពិភពលោក មានតម្លៃស្មើនឹង ១,៥ ប៊ីលានដុល្លារអាមេរិកក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ និងកើនឡើង ២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ  ដោយទីផ្សារសំខាន់ៗរួមមាន អាមេរិក ចិន និងវៀតណាម យោងទៅតាមរបាយការណរណ៍របស់ PR Newswire កាលពីឆ្នាំ២០២១។ ជាលទ្ធផល ឧស្សាហកម្មម្ហូបអាហារ បានកើនឡើងជាប្រចាំឆ្នាំគួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ និងបានរួមចំណែកប្រហែល ២៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ដែលទិន្នន័យនេះដកស្រង់ចេញពី របាយការណ៍ដែលមានចំណងជើងថា ប្រទេសថៃ: ផ្ទះបាយរបស់ពិភពលោក របស់ក្រុមប្រឹក្សាវិនិយោគថៃ។

តើមានចំណុចអ្វីខ្លះដែលប្រទេសដទៃទៀតអាចរៀនសូត្រពីប្រទេសថៃ?

បើយើងនិយាយពីអំណាចទន់ ជាពិសេសវិស័យឧស្សាហកម្មម្ហូបអាហារដែលបានជួយទ្រទ្រង់ និងផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ ប្រទេសថៃត្រូវបានចាត់ទុកជាប្រទេសដែលមានឥទ្ធិពលបំផុតមួយក្នុងទ្វីបអាស៊ី និងពិភពលោក។ នេះគឺជាអ្វីដែលប្រទេសដទៃទៀតអាចរៀនសូត្រតាម និងយកប្រទេសថៃធ្វើជាគំរូនៅក្នុងការពង្រឹងអំណាចទន់ក្នុងគោលបំណងទាញយកផលប្រយោជន៍ជាតិ។ ក្រោមហេតុផលនេះហើយ បានជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត គួរតែបង្វែរទិសដៅទៅរកការពង្រឹងអំណាចទន់ ដែលក្នុងនោះធនធានមួយក្នុងចំណោមធនធានផ្សេងទៀតដែលយើងអាចប្រើប្រាស់បាន គឺការយកអាហារដែលជាអត្តសញ្ញាណរបស់ជាតិ ធ្វើជាឧបករណ៍នៅក្នុងការពង្រឹងអំណាចទន់របស់ខ្លួនបាន។

រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត គួរតែចាប់ផ្ដើមអនុវត្ត​គោលនយោបាយកែច្នៃនូវភាពសម្បូរបែប និងលក្ខណៈពិសេសនៃម្ហូបអាហារជាតិរបស់ខ្លួនដើម្បីផ្សព្វផ្សាយកិត្តិនាមរបស់ប្រទេសជាតិទៅកាន់ពិភពលោក ព្រោះនេះគឺជាយុទ្ធសាស្រ្តមួយដែលពុំទាមទានូវធនធានច្រើនដើម្បីអនុវត្តដូចអំណាចរឹងឡើយ។ តួយ៉ាង តាមរយៈមេរៀនដែលយើងអាចសិក្សាបានពីប្រទេសថៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងរដ្ឋាភិបាលជាមួយវិស័យឯកជន ព្រមទាំងតួអង្គមិនមែនរដ្ឋដទៃទៀត គឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងការកំណត់ភាពជោគជ័យ។ រដ្ឋាភិបាលគួរតែសហការជាមួយតួអង្គពាក់ព័ន្ធនៅក្នុងការអនុវត្តគោលនយោបាយនេះ។ ម្យ៉ាងវិញទៀត មន្រ្តីការទូតដែលបានតែងតាំងទៅបំពេញការងារនៅក្រៅប្រទេស គួរតែត្រូវបានបណ្តុះបណ្តាលទាក់ទងទៅនឹងវិស័យម្ហូបអាហារ និងដើរតួនាទីជាអ្នកផ្សព្វផ្សាយអំពីម្ហូ​បអាហារ ក្រៅពីតួនាទី និងមុខងារចម្បងរបស់ខ្លួន។

ជាមួយគ្នានេះ ចុងភៅគួរតែត្រូវបានទទួលការជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល ដើម្បីដើរតួជា “អ្នកការទូតម្ហូបអាហារ” នៅក្នុងការបញ្ចេញទេពកោសល្យរបស់ពួកគេ តាមរយៈការបោះពុម្ពសៀវភៅធ្វើម្ហូប ឬការបង្ហាញស្នាដៃផ្សេងៗរបស់ពួកគេ ហើយផ្សព្វផ្សាយទៅកាន់ពិភពលោក។ ម្យ៉ាងវិញទៀត ក្រសួងពាក់ព័ន្ធ និងបណ្ដាស្ថានទូតនៅក្រៅប្រទេស អាចធ្វើការពង្រីកបណ្ដាញភោជនីយដ្ឋាននៅក្រៅប្រទេស ព្រមទាំងធ្វើការសហការជាមួយនឹងស្ថានទូតនៅក្នុងការរៀបចំពិធីបុណ្យវប្បធម៌ ឬពិធីបុណ្យម្ហូបអាហារប្រចាំឆ្នាំ ដែលនេះគឺជាវិធីសាស្រ្តមួយដែលត្រូវបានអនុវត្តដោយប្រទេសថៃ ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការបើកឱកាសឱ្យពិភពលោកបានស្គាល់អំពីធនធានវប្បធម៌ និងម្ហូបអាហារដ៏សម្បូរបែប៕

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឡេង ម៉ូលីណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ