"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធី​វិចារណកថាថ្ងៃសុក្រ៖ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) តាក់តែងដើម្បីតែលម្អក្រដាស ស តែប៉ុណ្ណោះឬ?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ពិភពលោកបានទទួលរងការគម្រាមកំហែងដោយសារអាវុយនុយក្លេអ៊ែរអស់ជាច្រើនទសវត្ស នេះជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច ហួសហេតុរបស់ប្រទេសអ្នកមាន ហើយវាបានជះឥទ្ធិពលពាសពេញពិភពលោក។ ជាសក្ខីភាពគឺសង្រ្គាមលោកលើកទី១ និង សង្រ្គាមលោកលើកទី២ (ប្រជាជនចន្លោះប្រមាណ ៥០ ទៅ​៧០​ បានស្លាប់)ពិសេសជប៉ុនដែលបានរងគ្រោះដោយសារគ្រាប់បែកអាតូមិកនៅក្នុងឆ្នាំ១៩៤៥ ជារូបភាពនៃការចងចាំរបស់ពិភពលោកតែម្ដង។ ម្យ៉ាងវិញទៀត គេមិនដែលបំភ្លេចសង្រ្គាមត្រជាក់ដែលជាយុគសម័យប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ (Nuclear Arms Race) ដែលពេលនោះមានភាពតឹតតែងជាខ្លាំងនោះទេ។ ក្នុងបំណងចង់ធានាសុវត្ថិភាពពិភពលោកអង្គការសហប្រជាជាតិខឹតខំប្រឹងប្រែង បង្កើតនូវសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពី  ខែ​មករា ​ឆ្នាំ​២០២១​  បន្ទាប់ពីប្រទេសហុងឌុយរ៉ាស បាន​សម្រេច​ផ្តល់​សច្ចាប័នគ្រប់លេខរៀងទី៥០។ ចំពោះអង្គការសហប្រជាជាតិ ​ការចូលជាធរមាននេះគឺជា​ជោគជ័យ​ថ្មីមួយ​ទៀត សម្រាប់​មនុស្ស​ជាតិ ដែល​ធានាចំពោះ​​អនាគត​ពិភពលោក​ល្អប្រសើរ។​ តែសម្រាប់ការយល់ឃើញរបស់មហាជន សន្ធិសញ្ញានេះជាយន្ដការគ្មានប្រសិទ្ធភាព តាក់តែងឱ្យតែមានៗក្នុងក្រដាសតែប៉ុណ្ណោះ ត្បិតថាគេឃើញ​ មានតែប្រទេសតូចៗនោះទេ ដែលរត់ព្រោងព្រាត់ផ្តល់សច្ចាប័ន ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៥ ឬសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិមានដូចជា អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន មិនបានចូលរួមឡើយផ្ដល់សច្ចាប័នឡើយ។ ហើយសូម្បីជប៉ុនក៏មិនផ្ដល់សច្ចាប័នដែលទោះប្រជាជនអង្វររដ្ឋាភិបាលយ៉ាងណាក៏ដោយ។ ទង្វើរបៀបនេះមានន័យយ៉ាងមិចទៅ?

សូមធ្វើការកត់សម្គាល់៖ តាំងពីចប់សង្រ្គាមលោកលើកទី២ និង ក្រោយសង្រ្កាមត្រជាក់សន្ធិសញ្ញាស្ដីពីនុយក្លេអ៊ែរបានបង្កើតជាច្រើនក្នុងនោះមានដូចជា៖

១ សន្ធិសញ្ញាសម្រាប់ការហាមឃាត់ដោយផ្នែកនៃ ការធ្វើតេស្តនុយក្លេអ៊ែរដែលមានឈ្មោះជាភាសាអង់គ្លេសថា Treaty for the partial banning of nuclear tests.

២ សន្ធិសញ្ញាស្តីពីការមិនរំសាយអាវុធនុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons)

៣ សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ Comprehensive Nuclear Test Ban Treaty (CTBT)

ដែលនៅក្នុងឆ្នាំពី២០១២ ក្រុមប្រឹក្សា​សន្តិសុខ​ថ្កោលទោស​ការ​បាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាង​ជើងដែលផ្ទុយទៅនឹងសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។ ក្នុងនោះក្រុមប្រឹក្សាសន្ដិសុខចោទកូរ៉េខាងជើងថា បាន​ធ្វើការ​បាញ់​សាកល្បង​រ៉ុកកែត តែកូរ៉េខាងជើងបែជាតបថា ​​បាញ់​បង្ហោះ​ផ្កាយរណបទៅវិញ។ ក្នុងន័យនេះ យើងមិននិយាយពីសន្ធិសញ្ញាមុនៗទេតែយើងនិយាយតែ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)ប៉ុណ្ណោះ។

 អ្វីទៅជាអាវុធនុយក្លេអ៊ែរ ហើយវាមានកម្លាំងបំផ្ទុះកម្រិតណាទៅ?

បើយើងលើកឡើងពីអាវុធនុក្លេអ៊ែរ គឺជាសំដៅដល់គ្រឿងផ្ទុះដ៏មានឥទ្ធិពលខ្លាំង វាបានមកបានមកពីការបំបែកនៃភាគល្អិតតូច ៗ ក្នុងអាតូម  ពេលខ្លះអ្នកអាចបានឮគ្រាប់បែកនុយក្លេអ៊ែរត្រូវបានគេ ហៅថាគ្រាប់បែកអាតូម (Atomic​​ bomb)។ អាវុធនុយក្លេអ៊ែរមានកម្លាំងផ្ទុះខ្លាំងជាគ្រាប់បែកធម្មតា។ ហើយវាត្រូវបានគេដឹងថា កូនគ្រាប់តូចមួយរបស់វាអាចកម្ទេចទីក្រុងដ៏សម្បើមមួយ ( Hiroshima នៅប្រទេសជប៉ុន) បាន។ បន្ថែមពីលើនេះទៅទៀត អាវុធនុយក្លេអ៊ែរនេះមានផ្ទុកសារធាតុវិទ្យុសកម្ម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរ និង បណ្ដាលឱ្យមានជា បញ្ហាសុខភាពដូចជា៖ រោគសើស្បែក ជំងឺមហារីក និងជំងឺកាចសាហាវនានា និងមិនងាយក្នុងការព្យាបាល ពិសេសវាក៏អាចប៉ះពាល់ដល់ការបំផ្លាស់ប្ដូរហ្សែនរបស់មនុស្សផងដែរ។

ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅតាមប្រទេសមហាអំណាច

ដូចបានលើកឡើងពីដំបូងថា គេឃើញតែប្រទេសតូចៗប៉ុណ្ណោះ ដែលផ្តល់សច្ចាប័ន ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៥សម្ងំស្ងៀម និងបន្ដផលិត បើបែបនេះតើឱ្យពិភពលោកគ្មាននុយក្លេអ៊ែរបានយ៉ាងម៉េចទៅ? យ៉ាងណាមិនវាមិនមែនជារឿងគួរឲ្យឆ្ងល់ទេ ប្រសិនបើប្រទេសទាំងនោះមិនផលិត តើពួកគេបានអ្វីសំអាងអំណាចរបស់ពួកគេទៅ។ ក្នុងនាមជាប្រទេសធំនិងអំណាចក្នុងលោក សហរដ្ឋអាមេរិកដែលមានមហិច្ឆតា អនុត្តរភាពនិយមផងនោះរឹតដែលមិនអាចឱបដៃមើលប្រទេសផងផលិតអាវុធបានច្រើនជាងខ្លួនទេ ទោះខ្លួននៅលំដាប់រងប្រទេសរុស្ស៊ីដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលជាមរតកពីអតីតសហភាពសូរៀតក៏ដោយ។ បន្ទាប់ពីនេះ យើងមកដឹងពីចំនួនក្បាលគ្រាប់នៅតាមបណ្ដាលប្រទេសនានា៖ តាម​ការប៉ាន់ប្រមាណរ​បស់ SIPRI​ បង្ហាញថា សហរដ្ឋអាមេរិក និង​រុស្ស៊ី​ នៅតែ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​អាមេរិក​មាន​នុយក្លេអ៊ែ​ចំនួន ៣ ៧០៨ ក្បាល​គ្រាប់ និង​រុស្ស៊ី​មាន ៤ ៤៧៧​ ក្បាល​​គ្រាប់ ខណៈដែល​ចិន​មាន ៣៥០ បារាំង ២៩០ និង​ចក្រភព​អង់គ្លេស​ចំនួន ១៨០ ក្បាល​គ្រាប់។​ ក្បាល​គ្រាប់​របស់​ចិន បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោលគឺ​កើនឡើង​ពី ១៤៥​ ក្បាល​គ្រាប់ ក្នុង​ឆ្នាំ​ ២០០៦ នេះ​បើ​យោងតាម​វិទ្យាស្ថាន ហើយ​មន្ទីរ​បញ្ច​កោណ​បាន​ព្យាករ​ថា ឃ្លាំង​នុយ​ក្លែ​អ៊ែរ​របស់​ចិន​នឹង មាន​ទំហំ​យ៉ាងតិច​ទ្វេដង ក្នុង​រយៈពេល​ ១​ ទសវត្សរ៍​ក្រោយ​។ បន្ថែមពីលើនេះទៀត ក្នុងឆ្នាំ ២០២៣ តាមរយៈក្រសួងការពារជាតិអាមេរិក បានសន្និដ្ឋានថា ក្នុងឆ្នាំពី​២០៣០ ប្រទេសចិន ទំនងជានឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១០០០គ្រាប់ដោយសារប្រទេសចិនខិតខំធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មសមត្ថភាពយោធារបស់ខ្លួន។

សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) និងប្រទេសហត្ថលេខី

កាលណាគេនិយាយពី​ TPNW វាមានពាក្យពេញថា Treaty on the Prohibition of Nuclear Weapons ឬជាភាសាខ្មែរថាសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ សំដៅដល់ប្រការហាមឃាត់រាល់សកម្មភាពទាក់ទិននឹងអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទដូចជា ការអភិវឌ្ឍ ការធ្វើតេស្ត ការស្តុកទុក ការប្រើប្រាស់ និងការយកអាវុធនុយក្លេអ៊ែរគំរាមកំហែងប្រទេសដទៃ។ ទោះបីជាយ៉ាងណាក៏ដោយ សន្ធិសញ្ញាអង្គការសហប្រជាជាតិនេះមិនមានការចាប់បង្ខំ ឬការចងភ្ជាប់កាតព្វកិច្ចសម្រាប់ប្រទេសមួយចំនួន ឬមហាអំណាចឲ្យរំសាយអាវុធនុយក្លេអ៊ែរនោះទេ តែពិភពលោកក៏មានក្ដីរំពឹងថាវាជា សន្ធិសញ្ញាដ៏ល្អមួយ ដែលអាចនាំឲ្យប្រទេសមួយចំនួន កាត់បន្ថយបរិមាណនុយក្លេអ៊ែរនៅក្នុងឃ្លាំងស្តុករបស់ខ្លួនបាន។  TPNW ទម្រាំបានចូលជាធរមាន វាត្រូវការការការផ្ដល់សច្ចាប័នពីបណ្ដាប្រទេសឱ្យបានហោចណាស់ ៥០ប្រទេស ដែលមានប្រទេសហុងឌុយរ៉ាសផ្ដល់សច្ចាប័នទី៥០ក្រោយគេបង្អស់។ តាមពិតទៅសន្ធិសញ្ញានេះ គឺជាការខឹតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ហើយសន្ធិសញ្ញានេះ អនុម័ត​ចេញ​​​ដោយ​មហាសន្និបាត ​នៃអង្គការ​សហប្រជាជាតិ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧ ។ ក្នុងនោះគេកំណត់សម្គាល់​មាន​ការគាំទ្រ​ពី​ប្រទេស​ចំនួន​១២២​។ ​បន្ថែមពីនេះប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​ស្រេច​មាន​៨៤រដ្ឋសមាជិក​​នៃអង្គការសហប្រជាជាតិ។ បន្ដបន្ទាប់មកមាន​ប្រទេស​មួយចំនួនបន្ថែមទៀត​ផ្តល់​សច្ចាប័ន ដូចជា នីហ្សេរីយ៉ា ម៉ាឡេស៊ី អៀរឡង់ ម៉ាល់ កោះ​ទូវ៉ាលូ ជាដើម។ សំនួរសួរថា បើប្រទេសតូចៗទាំងអស់នោះចុះតើមានន័យអ្វី បើប្រទេសពួកគេគ្មានអាវុធ យកគេជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រជាជនក្រីក្រខ្លាំងនោះ? យ៉ាងណាម៉េច សន្ធិសញ្ញានេះគ្រាន់តែជានិមិត្តសញ្ញា ដើម្បីលួងចិត្តប្រជាជនក្នុងពិភពលោកតែប៉ុណ្ណោះ​ ព្រោះមហាអំណាចដែលផលិត លក់ ចែកចាក ចរាចរណ៍មានបានចាត់ទុកសន្ធិកសញ្ញានេះក្នុងក្រសែភ្នែកពួកគេឡើយ ពិសេសប្រទេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផ្ទាល់ បើទោះបីជាគេផ្ដល់ជំនួយមនុស្សធម៌ តែពួកគេក៏លក់អាវុធគ្រោះថ្នាក់ ផលិត និងចរាចរណ៍ទំនិញនុយក្លេអ៊ែរដដែល។ ជាក់ស្ដែងអតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Joschka Fischer បានអះអាងថាក្នុងឆ្នាំ២០២៣នេះថា សហភាពអឺរ៉ុបចាំបាច់ត្រូវទទួលបាន ឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដោយយកហេតុផល​ ដើម្បីរារាំងរុស្ស៊ី។

សន្ធិសញ្ញាគ្មានប្រសិទ្ធភាព និងភាពល្អក់កករ

ជាការពិតណាស់ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ មាន​ប្រសិទ្ធភាពត្រឹមតែជាក្រដាសមួយដុំប៉ុណ្ណោះ ជាសៀវភៅច្បាប់ដែលមានតែយន្ដការតែមិនបានដាក់ទោសអ្នកប្រព្រឹត្តខុស ព្រោះអ្នកទាំងអស់នោះមិនបានផ្ដល់សច្ចាប័ន មានតែ​ដែនអនុវត្ត ចំពោះប្រសិទ្ធភាពវិញគឺគ្មានឡើយ។  ប្រទេស​មហាអំណាច​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ពេញៗ​​ដៃ គឺ​មិន​បាន​ផ្តល់​សច្ចាប័ន ចំពោះ​សន្ធិសញ្ញា​នេះ ពួកគេមិនអើពើនិងមកបានយកចិត្តទុកដាក់ទាល់តែសោះ ពួកគេឱបដៃមើលប្រទេសតូចៗរត់ព្រោងព្រាតចុះហត្ថលេខា។ បើក្រឡេកទៅមើលជ្រុងមួយទៀត ប្រទេសនុយក្លេអ៊ែរទាំងនោះតែងបង្កព្យុះភ្លៀងពាក្យសំដី វាយប្រហារគ្នាទៅមក ហើយពួកគេក៏កំពុង​ ញ៉ាប់ដៃញ៉ាប់ជើងបង្កើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ឃ្លាំង​អាវុធ​របស់​ពួកគេរៀងៗខ្លួន ទស្សនីយភាពប្រកួតប្រជែងនយោបាយនេះវាពិតជាដ៏​គួរឱ្យ​ព្រួយបារម្ភចំពោះសន្ដិសុខពិភពលោកពេលខាងមុខ​។ ជាចុងក្រោយ យើងអាចសន្និដ្ឋាន បានថាពិភពលោកនិងនៅតែបន្ដការគម្រាមកំហែលដោយអាវុធនុយក្លេអ៊ែរ ហើយអនាគតពិភពលោកគឺមានតែភាពភ័យខ្លាចដោយសារការហែកហួរគ្នារវាងមហាអំណាចពិភពលោក។ តាមពិតទៅ វាជាគំនិតនយោបាយព្រោះថាដើម្បីឲ្យប្រទេសខ្លាំងត្រូវមានអ្វីមួយជាការសម្អាង ហើយប្រទេសមហាអំណាចទាំងនោះពិតជាមិនអាចក្លាយជាមហាអំណាចទេបើគ្មានអាវុធនុយក្លេអ៊ែរ។ បើគ្មានអាវុធតើមានអ្វីទៅគម្រាបកំហែងប្រទេសដទៃនោះ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហី ចាន់នី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង