វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។ យើងនឹងសិក្សាអំពីមូលហេតុ និងកត្តាដែលរុញច្រានប្រទេសក្នុងតំបន់អាមេរិកឡាទីនឱ្យធ្លាក់ទៅក្នុងភាពក្រីក្របើទោះបីជាប្រទេសទាំងនេះត្រូវបានលោកខាងលិចអន្តរាគមន៏ជួយហើយ។
ជាក់ស្តែង នៅអំឡុងឆ្នាំ១៩៨០ ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំមួយពោលគឺប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិបំណុលជាមួយប្រទេសលោកខាងលិចយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខណៈកំពុងតែជាប់បំណុលជាច្រើនស្រាប់ផង តម្លៃផលិតផលក៏ធ្លាក់ចុះទៀត ធ្វើឱ្យចំណាយច្រើនជាងចំណូលរហូតបណ្ដាលឱ្យប្រទេសប្រេស៊ីល អាហ្សង់ទីន និងមិចស៊ីកូប្រកាសខ្លួនថាសងបំណុលបរទេសលែងរួចហើយ។ មានកត្តាជាច្រើនដែលបង្កឱ្យមានកើតវិបត្តិសេដ្ឋកិច្ចនេះ៖
ប្រភពបំណុល និង ការដំឡើងការប្រាក់របស់សហរដ្ឋអាមេរិក
ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មរបស់លោកខាងលិចនៅពេលអត្រាការប្រាក់ទាប ប៉ុន្តែនៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកតម្លើងការប្រាក់បំណុលក៏កើនឡើងក្នុងរយៈពេលខ្លី។ នៅអំឡុងឆ្នាំ១៩៥០ ទៅ១៩៦០ លំហូរនៃប្រាក់កម្ចី និងជំនួយហិរញ្ញវត្ថុរបស់ធនាគារលោកខាងលិចជាពិសេសសហរដ្ឋអាមរិកបានហូរចូលទៅក្នុងតំបន់អាមេរិកឡាទីនជាច្រើន ព្រោះតែបណ្តាប្រទេសក្នុងតំបន់នេះកំពុងតែធ្វើឧស្សាហូបនីយកម្មជំនួសទំនិញនាំចូល (Import Substitution Industrialization) ដែលហៅកាត់ថា ISI។ ISI ត្រូវបានបំផុសគំនិតដោយសហភាពសូវៀតដែលជាប្រទេសមានឧស្សាហកម្មខ្លាំងក្លា ដោយផ្តោតជាគោលទៅលើផែនការកណ្តាល (Centralized Planning) និងឧស្សាហកម្មដែលជាកម្មសិទ្ធិរបស់រដ្ឋ។
ប្រសិនបើប្រទេសមានស្ថិរភាព ការមានលំហូរមូលធនពីបរទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិមានអត្ថប្រយោជន៏ច្រើនជាងហានិភ័យ ពោលគឺការវិនិយោគនឹងបង្កើនចំណូលសម្រាប់ប្រជាជនម្នាក់ៗ (income per capita) នៅក្នុងសង្គម។ ឧទាហរណ៏ មួយដុល្លារនៃដើមទុនបរទេសបន្ថែមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផលិតបានមួយដុល្លារនៃការវិនិយោគបន្ថែម ដូច្នេះទិដ្ឋភាពបែបនេះនឹងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចលឿនជាងមុន។ ដោយសារតែប្រាក់កម្ចីទាំងនេះមានប្រភពមកពីធនាគារពាណិជ្ជកម្មសហរដ្ឋអាមេរិក ដូចនេះការតម្លើងការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកក៏ធ្វើឱ្យការប្រាក់នៃប្រាក់កម្ចីកើនឡើងតាមហ្នឹងដែរ ធ្វើឱ្យបំណុលមានចំនួនច្រើនជាងមុន។ កាលនោះប្រទេសទាំងនេះមានចំណូលជាតិគ្រប់គ្រាន់ដើម្បីដោះបំណុលជារៀងរាល់ឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ ១៩៦០ នៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតំឡើងអត្រាការប្រាក់ បំណុលរបស់ប្រទេសក្នុងតំបន់នេះក៏បានកើនឡើង ។ឧទាហរណ៏ នៅឆ្នាំ ១៩៧០ ជាមធ្យម បំណុលដែលកំពុងតែមានស្រាប់ចំនួន ២៧ ប៊ីលានដុល្លារស្រាប់តែកើនឡើងទៅ ២៣១ ប៊ីលានដុល្លារ ហើយសំណងប្រចាំឆ្នាំគឺ ១៨ ប៊ីលាន។ ពេលនេះហើយដែលប្រទេសមិចស៊ីកូបានប្រកាសមុនគេថាប្រទេសខ្លួនលែងមានសមត្ថភាពសងបំណុលហើយទើបគេចាត់ទុកថាជាវិបត្តិបំណុល (Debt Crisis) របស់តំបន់អាមេរិកឡាទីន។
ការអន្តរាគមន៏របស់ International Monetary Fund (IMF) និង World Bank
នៅពេលដែលអស់ជម្រើស ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានពឹង IMF និង World Bank ឱ្យជួយ។ ដំបូងឡើយស្ថាប័នទាំងពីរផ្តល់ប្រាក់កម្ចីបន្ថែមដើម្បីបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែដោយឃើញថាការធ្វើបែបនេះមិនបានផ្តល់ជាផ្លែផ្កា ទើបស្ថាប័នទាំងនេះបង្កើត Structural Adjustment Programs (SAPs) ដែលជាការផ្តល់ប្រាក់កម្ចីក្នុងលក្ខខណ្ឌជំរុញឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចពី ISI ទៅការអភិវឌ្ឍបែបសេរីនិយម (Neoliberalism)។ គោលការណ៏ SAPs តម្រូវឱ្យកូនបំណុលបើកសេដ្ឋកិច្ចទទួលការវិនិយោគទុន និងពាណិជ្ជកម្មបរទេស បង្កើនឯកជនូបនីយកម្ម កាត់បន្ថយការជ្រោមជ្រែងរបស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចជាតិ បង្កើនការនាំចេញផលិតផល កាត់បន្ថយការចំណាយសាធារណៈលើកលែងតែការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល (អភិវឌ្ឍធនធានមនុស្ស) បង្កើនពន្ធ និងបញ្ឈប់អតិផរណា។
ដើម្បីដឹងថាការអន្តរាគមន៏របស់ IMF និង World Bank ជោគជ័យឬក៏អត់ Evelyn Huber & Fred Solt បានវាស់ស្ទង់ទៅលើកម្រិតនៃសេរីនិយម (Level of liberalization) និងល្បឿននៃកំណែទម្រង់ (Pace of reform)។ លទ្ធផលនៃការស្រាវជ្រាវនេះបានបង្ហាញពីភាពប្រសើរឡើង និងចំណុចខ្សោយរបស់គោលនយោបាយទាំងនោះ។ ដំបូង ភាពជោគជ័យ និងបរាជ័យទាំងនេះសបញ្ជាក់ពីសមត្ថភាពដែលគោលនយោបាយបែបសេរីនិយមបានធ្វើការផ្លាស់ប្តូរនៅក្នុងតំបន់អាមរិកឡាទីន ប៉ុន្តែមិនបានសង្គ្រោះប្រទេសទាំងនេះឱ្យរួចផុតពីបំណុលនោះទេ។
ការអន្តរាគមន៏របស់ IMF និង World Bank បានបន្ថែមបំណុល
អ្នកកាសែត Naomi Klein ដែលជាអ្នកនិពន្ធរបស់សៀវភៅ “The Shock Doctrine” បានលើកតឡ្ហីករណ៏ថាការធ្វើអន្តរាគមន៏របស់ IMF និង World Bank មិនបានជួយប្រទេសតំបន់អាមេរិកឡាទីនទេ ប៉ុន្តែបែជារុញច្រានឱ្យធ្លាក់ទៅក្នុងបំណុលថែមទៀត។ ដំបូង Klein លើកឡើងថាប្រាក់កម្ចីដែលបានឱ្យក្នុងអំឡុងពេល ISI នោះគឺមិនបានប្រើប្រាស់ឱ្យចំទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញប្រាក់ទាំងនោះគឺបានចាយវាយទៅលើយោធាដើម្បីរក្សាអំណាចរបបផ្តាច់ការតែប៉ុណ្ណោះ។ ដូច្នេះហើយ បំណុលទាំងនេះគឺជាបំណុលខុសច្បាប់ដែលបន្សល់ទុក ដែលធ្វើឱ្យខូចប្រយោជន៍ដល់ការដឹកនាំបែបប្រជាធិបតេយ្យថ្មីនៅពេលដែលបំណុលទាំងនេះរីកធំ។ បន្ទាប់មកអ្នកជំនាញរបស់ IMF និង World Bank ដែលបានទៅជួយអន្តរាគមន៏នោះគ្មានបំណងជួយដោយស្មោះត្រង់ទេ គឺពួកគេគ្រាន់តែឆ្លៀតឱកាសក្នុងវិបត្តិសេដ្ឋកិច្ចនេះកែប្រែគោលនយោបាយទៅតាមលទ្ធិសេរីនិយមដើម្បីតែទប់ទល់នឹងលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ព្រោះកាលនោះពិភពលោកកំពុងតែស្ថិតនៅក្នុងសង្គ្រាមត្រជាក់។ ដូច្នេះនៅក្នុងវិបត្តិបំណុលអាមេរិកឡាទីន កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចដែលបង្កប់នៅក្នុងកិច្ចព្រមព្រៀងលក្ខខណ្ឌរបស់ IMF និង World Bank បានបង្ខំឱ្យរដ្ឋាភិបាលទទួលយកវិធានការកាត់បន្ថយកំណើនសេដ្ឋកិច្ច បង្កើនភាពអត់ការងារធ្វើ និងរុញវិស័យដែលងាយរងគ្រោះក្នុងសង្គមឱ្យកាន់តែជ្រៅទៅក្នុងភាពក្រីក្រ។ គួរបញ្ជាក់ផងថា IMF និង World Bank ដំបូងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៤ ដើម្បីបង្កើតគោលនយោបាយសេដ្ឋកិច្ចការពារកុំឱ្យ The Great Depression កើតឡើងម្តងទៀត ហើយបេសកកម្មនៅពេលនោះគឺសម្រាប់កសាងស្ថិរភាព និងផ្តល់ជំនួយមូលធនដល់ជប៉ុន និងប្រទេសនៅអឺរ៉ុបខាងលិចដែលរងការខូចខាតពីសង្គ្រាមលោកលើកទីពីរ។
សរុបមក វិបត្តិបំណុលនៅតំបន់អាមេរិកឡាទីនគឺជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងតំបន់ហើយមានការវិភាគវែកញែករកខុសត្រូវជាច្រើនថាតើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចបែបនេះ។ ប៉ុន្តែកត្តាដែលជះផលវិបាកខ្លាំងជាងគេនោះគឺការកើនឡើងនូវបំណុលដោយសារតែការប្រាក់ឡើងខ្ពស់ស្របពេលដែលតម្លៃផលិតផលធ្លាក់ចុះ ដែលធ្វើឱ្យចំណាយច្រើនជាងចំណូល។ តឡ្ហីករណ៏បែបនេះលើកឡើងពីទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែបើយើងងាកទៅមើលកត្តាភូមិសាស្ត្រនយោបាយនៅពេលនោះវិញឃើញថាជាផលវិបាកនៃការប្រកួតប្រជែងគ្នារវាងលទ្ធិកុម្មុយនីស្ត និងលទ្ធិសេរីនិយមដែលជះឥទ្ធិពលទៅលើសាកលលោក។ វិបត្តិបំណុលនៅអាមេរិកឡាទីនគឺជាមេរៀនដែលបង្រៀនឱ្យយើងដឹងថាបរិបទអន្តរជាតិគឺជាកត្តាដ៏សំខាន់ដែលអាចជះឥទ្ធិពលមកលើកិច្ចការក្នុងស្រុករបស់ប្រទេសនីមួយៗ។ ដូចនេះកិច្ចការក្នុងស្រុកក៏គួរបត់បែនទៅតាមបរិបទពិភពលោកក៏ដូចជារក្សាបាននូវតម្រូវការជាតិរបស់ប្រទេសនីមួយៗផងដែរដែលតែងតែមានលក្ខណៈខុសៗគ្នា។