គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង
នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកដូណាល់ត្រាំបានវាយប្រហារលើមូលដ្ឋានផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣ កន្លែង។ លោកត្រាំបានប្រកាសនៅសេតវិមានថា “គោលបំណងរបស់យើងគឺដើម្បីបំផ្លាញសមត្ថភាពក្នុងការបង្កើននុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ឈប់ការគម្រាមកំហែងនុយក្លេអ៊ែរបង្ករដោយរដ្ឋឧបត្ថមភេវរកម្មលេខមួយប្រចាំពិភពលោក។” ការវាយប្រហាររបស់រដ្ឋបាលលោកត្រាំបានកើតឡើងជាងមួយសប្តាហ៍ក្រោយពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើអ៊ីរ៉ង់។ លោកត្រាំបានបញ្ជាក់ថាជាង៤០ឆ្នាំមកនេះ ប្រជាជនអាមេរិក និងប្រជាជនអ៊ីស្រាអ៊ែលត្រូវបានសម្លាប់ដោយសារតែការស្អប់ខ្ពើមរបស់អ៊ីរ៉ង់។ ប៉ុន្តែអត្ថបទនេះនឹងវិភាគលើកត្តាភូមិសាស្រ្តនយោបាយដែលជម្រុញឱ្យរដ្ឋបាលលោកត្រាំឈានដល់ការសម្រេចចិត្តបែបនេះ។ ការចូលរួមជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់លើកនេះបានសបញ្ជាក់អំពីផលប្រយោជន៏ជាតិរបស់សហរដ្ឋអាមេរិកនោះគឺរក្សាអត្ថិភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់តំបន់មជ្ឈិមបូព៌ាដែលជាកូនអុកឈរជើងបម្រើអំណាច និងសន្តិសុខរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកដឹកនាំសេដ្ឋកិច្ចនយោបាយពិភពលោក។
ការលូកដៃជួយអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់គឺដើម្បីបម្រើប្រយោជន៏ជាតិរបស់សហរដ្ឋអាមេរិកពោលគឺដើម្បីរក្សាអំណាច និងសន្តិសុខ។ បើយោងតាមការបកស្រាយរបស់ទ្រឹស្តីប្រាកដនិយម (realism) ការឈ្លានពានលើរដ្ឋដទៃដើម្បីតែផលប្រយោជន៏រដ្ឋរបស់ខ្លួនធ្លាប់កើតឡើងជាច្រើនដងរួចទៅហើយនៅលើនយោបាយអន្តរជាតិដោយសារតែប្រព័ន្ធអន្តរជាតិគឺមានលក្ខណៈអនាធិបតេយ្យ (anarchy)។ លោក Kenneth Waltz អតីតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ UC Berkely បានពន្យល់ថាប្រព័ន្ធនយោបាយអន្តរជាតិស្ថិតនៅក្នុងភាពអនាធិបតេយ្យដោយសារតែអអត្ថិភាពនៃអាជ្ញាធរកណ្តាលដើម្បីការពាររដ្ឋនីមួយៗពីការឈ្លានពានគ្នា។ ឧទាហរណ៏ នៅពេលដែលពលរដ្ឋនៃប្រទេសមួយមានទំនាស់នឹងគ្នា ពលរដ្ឋអាចប្ដឹងប៉ូលីសឱ្យជួយសម្របសម្រួលគ្នាដើម្បីស្វែងរកខុសត្រូវ ប៉ុន្តែនៅពេលដែលប្រទេសពីរមានទំនាស់នឹងគ្នា ពុំមានស្ថាប័នអន្តរជាតិណាមួយដែលមានអំណាចគ្រប់គ្រាន់ក្នុងការស្វែងរកយុត្តិធម៌ជូនប្រទេសទាំងនោះបានទេ។ ដូច្នេះរដ្ឋនីមួយៗចាំបាច់ត្រូវតែការពារផលប្រយោជន៏ផ្ទាល់ខ្លួនដើម្បីរក្សាបាននូវអធិបតេយ្យតាមរយៈការពង្រឹងអំណាច និងសន្តិសុខជាតិ។ ជាតឹកតាង ដើម្បីតែពង្រឹងអំណាច និងសន្តិសុខរបស់ខ្លួន សហរដ្ឋអាមេរិកធ្លាប់លូកដៃក្នុងសង្គ្រាមក្នុងតំបន់ជាច្រើនដូចជាសង្គ្រាមវៀតណាម និងសង្គ្រាមនៅឧបទ្វីបកូរ៉េនៅក្រោមឥទ្ធិពលសង្គ្រាមត្រជាក់។ នៅក្នុងសតវត្សទី២១ សហរដ្ឋអាមេរិកបានចូលរួមធ្វើសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។ ជារួម ទ្រឹស្តីប្រាកដនិយមពន្យល់ថាកិច្ចការអន្តរជាតិគឺជាការតស៊ូដើម្បីអំណាចក្នុងចំណោមរដ្ឋដែលបម្រើផលប្រយោជន៏ផ្ទាល់ខ្លួន ហើយជាទូទៅទ្រឹស្តីនេះមានភាបទុទិដ្ឋនិយមចំពោះលទ្ធភាពនៃការលុបបំបាត់ជម្លោះ និងសង្គ្រាម។
យ៉ាងណាមិញ តឡ្ហីករណ៏ខាងលើគឺជាជ្រុងមួយនៃបញ្ហានេះប៉ុណ្ណោះ ក៏ព្រោះតែវាជាការបកស្រាយពឹងផ្អែកទៅការវិភាគលើប្រព័ន្ធនយោបាយពិភពលោកដែលគ្មានអាជ្ញាធរកណ្តាល។ ដូច្នេះការបកស្រាយបែបនេះមិនបានរាប់បញ្ចូលកត្តាដទៃទៀតដូចជាបុគ្គលិកលក្ខណៈ និងគុណតម្លៃរបស់មេដឹកនាំ។ ប្រធានាធិបតីដូណាល់ត្រាំអាចមានអត្តចរិតជាតិនិយមខ្លាំងជាងប្រធានាធិបតីពីមុនៗ។ ជាក់ស្តែង លោកតែងតែប្រកាសក្តែងៗថាចង់ដឹកនាំសហរដ្ឋអាមេរិកឱ្យអស្ចារ្យដូចកាលពីមុន (Make America Great Again)។ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក Pete Hegseth បាននិយាយថាពុំដែលមានប្រធានាធិបតីណាហ៊ានធ្វើប្រតិបត្តិការនេះដូចដែលប្រធានាធិបតីត្រាំបានគ្រោងទុកនោះទេ។ ប្រតិបត្តិការនេះសបញ្ជាក់ពីភាពអង់អាចដែលប្រាប់ទៅពិភពលោកថា American deterrence (អំណាចនៃការទប់ស្កាត់របស់សហរដ្ឋអាមេរិក) បានត្រឡប់មកវិញហើយ។ ដូចនេះ ការវាយប្រហារអ៊ីរ៉ង់លើកនេះគឺចង់បង្ហាញអំពីអំណាច និងសមត្ថភាពយោធាដែលកម្រមានប្រទេសណាប្រដូចបាន។តើការគាំទ្រអ៊ីស្រាអែលជួយដល់ការពង្រឹងអំណាច និងសន្តិសុខរបស់សហរដ្ឋអាមេរិកបានដោយរបៀបណា?
អ៊ីស្រាអែលគឺជារដ្ឋតែមួយគត់នៅក្នុងតំបន់មជ្ឈិមបូព៌ាដែលឈរជើងបម្រើប្រយោជន៍របស់សហរដ្ឋអាមេរិក។ អតីតរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក Alexander Haig ធ្លាប់ប្រដូចអ៊ីស្រាអែលទៅនឹងនាវាផ្ទុកយន្តហោះចម្បាំងដ៏ធំជាងគេក្នុងពិភពលោករបស់អាមេរិក ទាំងតែនាវានេះគ្មានដឹកទាហានរបស់អាមេរិកសូម្បីតែម្នាក់ ហើយស្ថិតនៅក្នុងតំបន់ដ៏សំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិក។ ម៉្យាងវិញទៀត សូម្បីតែលោក Joe Biden អតីតប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់បានលើកឡើងនៅក្នុងឆ្នាំ ១៩៨៦ ថាប្រសិនបើគ្មានអ៊ីស្រាអែលទេ សហរដ្ឋអាមេរិកនឹងត្រូវបង្កើតអ៊ីស្រាអែលឡើងដោយខ្លួនឯងដើម្បីការពារផលប្រយោជន៍នៅក្នុងតំបន់។ គួរបញ្ជាក់ផងថាកាលពីដើមសតវត្សទី១៩ សហរដ្ឋអាមេរិកធ្លាប់ព្យាយាមគ្រប់គ្រងតំបន់នេះដើម្បីទ្រទ្រង់ការផ្គត់ផ្គង់ថាមពល និងធានានូវផ្លូវពាណិជ្ជកម្មដែលជាកត្តាត្រួសត្រាយផ្លូវឱ្យបង្កើតប្រព័ន្ធសេដ្ឋកិច្ចបែបមូលធននិយមសម្រាប់ពិភពលោក។ ប៉ុន្តែក្រោយពេលដែលបរិបទពិភពលោកកាន់តែឆ្ពោះទៅរកចំណុចពហុប៉ូល អ៊ីស្រាអែលក៏ក្លាយជាកូនអុកយុទ្ធសាស្រ្តសម្រាប់បម្រើប្រយោជន៏សហរដ្ឋអាមេរិកប្រចាំតំបន់។
ការរក្សាអត្ថិភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺជាការបម្រើប្រយោជន៏ជាតិពីព្រោះតែតំបន់នេះជាតំបន់យុទ្ធសាស្រ្តមួយដែលអាចអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើជាមេដឹកនាំសេដ្ឋកិច្ចនយោបាយរបស់ពិភពលោក។ តំបន់មជ្ឈិមបូព៌ាជាតំបន់ដែលសម្បូរទៅដោយប្រេង និងឧស្ម័ន សុទ្ធសឹងតែជាធនធានធម្មជាតិដែលជាសសរស្តម្ភទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវពាណិជ្ជកម្មពិភពលោកសំខាន់ៗជាច្រើនឆ្លងកាត់តំបន់នេះបានន័យថាវាជាទីតាំងភូមិសាស្រ្តនយោបាយយ៉ាងសំខាន់។ ដូចនេះ ប្រសិនបើមានហេតុការណ៏អ្វីកើតឡើងដែលបណ្តាលឱ្យមានការរាំងស្ទះនៅច្រកពាណិជ្ជកម្មទាំងនេះ ខ្សែរសង្វាក់ផលិតកម្មរបស់ពិភពលោកក៏មានការរំខានទៅតាមហ្នឹងដែរ។
ជារួម ថ្វីត្បិតតែរដ្ឋបាលត្រាំ និងលោកត្រាំខ្លួនឯងបានអះអាងអំពីមូលហេតុនៃការវាយប្រហារទៅលើអ៊ីរ៉ង់ថាចង់បញ្ឈប់ការគម្រាមកំហែងដោយនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំពោះពិភពលោក បើយោងទៅតាមការវិភាគលើប្រព័ន្ធនយោបាយពិភពលោកដែលមានលក្ខណៈអនាធិបតេយ្យ រដ្ឋបាលត្រាំធ្វើដូចនេះដើម្បីបម្រើប្រយោជន៏ជាតិនោះគឺអំណាច និងសន្តិសុខ។ សហរដ្ឋអាមេរិកត្រូវឈរជើងនៅតំបន់មជ្ឈិមបូព៌ាតាមរយៈអ៊ីស្រាអែលដើម្បីបន្តដឹកនាំសេដ្ឋកិច្ចនយោបាយពិភពលោក។ ដូចនេះ សហរដ្ឋអាមេរិកធ្វើយ៉ាងណាដើម្បីការពារអត្ថិភាពរបស់អ៊ីស្រាអែលព្រោះប្រទេសនេះគឺជាកូនអុកប្រចាំតំបន់ដែលអាចបម្រើប្រយោជន៏ជាតិរបស់ខ្លួន។