"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ស៊ាន ស្រីការ

នៅពេលដែលមានជម្លោះរវាងរដ្ឋ និងរដ្ឋ, ភាពតានតឹងនឹងកើតមានឡើងដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ និងបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចទាំងមូល និងទំនាក់ទំនងអន្តរជាតិ។ មានជម្លោះមួយចំនួនមិនអាចដោះស្រាយដោយការចរចាររវាងភាគីនៃជម្លោះបាននោះទេ ប៉ុន្តែត្រូវតែស្វែងរកភាគីទី៣ដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះទាំងនោះ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សាសុខសន្តិភាព និងពង្រឹងកិច្ចសហការអន្តរជាតិ។ ស្របតាមគោលបំណងនេះ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានលើកឡើងនូវវិធីសាស្រ្ដនៃការដោះស្រាយជម្លោះតាមរយៈការចរចា សម្រុះសម្រួល និងតាមយន្តការសន្តិភាព ដូចជាតាមរយៈតុលាការជាដើម។ តុលាការយុត្តធម៌អន្តរជាតិជាស្ថាប័នមួយក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយរាល់សមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ត្រូវតែជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។ នៅឆ្នាំ១៩៤៦ តុលាការនេះបង្កើតឡើងដោយប្ដូរពីតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ (PCIJ) ដែលត្រូវបានក្នុងឆ្នាំ១៩២០។  ចាប់តាំងពីពេលបង្កើតនោះមក តុលាការនេះបានដើរតួរឈានមុខគេ និងដោះស្រាយវិវាទ ព្រមទាំងផ្ដល់ជាមតិយោបល់ផ្នែកច្បាប់ជាច្រើន។ ដូចនេះ តើតុលាការយុត្តិធម៌អន្តរជាតិនេះមានសមត្ថកិច្ចអ្វីខ្លះ? ហើយមានតួនាទីបែបណាចំពោះរដ្ឋមានជម្លោះនៅលើពិភពលោក?

១. សមាសភាពរបស់តុលាការយុត្តិធម៍អន្តរជាតិ

តុលាការយុត្តិធម៌អន្តរជាតិជា ស្ថាប័នតុលាការឯករាជ្យក្នុងចំណោមស្ថាប័នទាំង៦របស់អង្គការសហប្រជា   ជាតិ។ សា្ថប័ននេះមានតួនាទីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងរដ្ឋ និងរដ្ឋ។ នៅក្នុងនីតិវិធីនៃការជនុំជម្រះក្ដី សមាសភាពចៅក្រមឯករាជ្យជំនុំជម្រះត្រូវបានជ្រើសរើសដោយមិនគិតពីសញ្ជាតិរបស់ចៅក្រមឡើយ ពោលគឺផ្អែកទៅលើគុណវុឌ្ឍិ និងស្របតាមច្បាប់អន្តរជាតិ។ តុលាការនេះមានសមាជិកចំនួន១៥រូបដែលមានសញ្ជាតិខុសៗគ្នាសម្រាប់អណតិ្ត៩ឆ្នាំ ដោយជ្រើសតាំងដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខចេញពីបញ្ជីនៃក្រុមប្រទេសនៅក្នុងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍។ សមាជិករបស់តុលាការមិនតំណាងឱ្យប្រទេសរបស់ខ្លួនទេ តែតំណាងឱ្យឯករាជ្យភាពនៃការជំនុំជម្រះក្ដី។ អសនៈរបស់តុលាការត្រូវបែងចែក ដោយ ៣ អាសនៈ ផ្ដល់ឱ្យចៅក្រមមកពីទ្វីបអាហ្វ្រិក, ២អាសនៈទៅចៅក្រមមកពីអាមេរិកឡាទីន និងការីប៊ីន, ៣អសនៈបានទៅចៅក្រមអាស៊ី, ៥អសនៈបានទៅចៅក្រមមកពីទ្វីបអឺរ៉ុបខាងលិច និងរដ្ឋបស្ចិមប្រទេសផ្សេងទៀត, និងអសនៈ២ទៀតបានទៅចៅក្រមមកពីអឺរ៉ុបខាងកើត។ រៀងរាល់៣ឆ្នាំម្ដង តុលាការនេះត្រូវបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ដោយប្រធានជាអ្នកដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាល និងតុលាការ។ ម៉្យាងទៀត ជារៀងរាល់ឆ្នាំប្រធានតុលាការដាក់តាំងបង្ហាញរបាយការណ៌នៅកិច្ចប្រជុំមហាសន្និបាតនៅទីក្រុងញូយ៉ក។

២. យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ

មានតែរដ្ឋប៉ុណ្ណោះដែលជាភាគីអាចប្ដឹងផ្ដល់ និង ដាក់សំណុំរឿងទៅកាន់តុលាការ​ ដែលនេះមានន័យថា តុលាការយុត្តិធម៌អន្តរជាតិមានសមត្ថកិច្ចចំពោះតែរដ្ឋដែលជាសមាជិកនៃអង្គការសហប្រជាជាតិ និងមិនមានសមត្ថកិច្ចទៅលើនីតិបុគ្គលឯកជន ឬរូបវន្តបុគ្គលឡើយ។ ជាគោលការណ៍សំខាន់នៃយុត្តាធិការរបស់តុលាការ, គ្រប់ករណីទាំងអស់ និង បញ្ហាដែលភាគីសំអាងទៅលើ ត្រូវមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ឬអនុសញ្ញាដែលមានជាធរមាន។ តុលាការមានអំណាចយុត្ដាធិការចំនួន២គឺ ដោះស្រាយករណីជម្លោះដែលរដ្ឋដាក់ជូនតុលាការ និងផ្ដល់ជាមតិយោបល់ផ្នែកច្បាប់នៅពេលមានសំណើពីសា្ថប័នរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារឯកទេស ឬក៏អង្គការណាមួយដែលប្រគល់សមត្ថកិច្ចក្នុងការស្នើសុំ។ ក្នុងករណីនេះ មាត្រា៣៦ កថាខណ្ឌទី១នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិចែងបញ្ជាក់ពីសំណុំរឿង៣ប្រភេទដែលតុលាការនឹងមានសមត្ថកិច្ចចំពោះរឿងក្ដី។ ករណីទី១, រដ្ឋជាភាគីបានយល់ព្រមពិសេសក្នុងការបញ្ជូនករណីជម្លោះទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ។ ករណីទី២, ភាគីនៃជម្លោះចែងពីយុត្តាធិការរបស់តុលាការសម្រាប់ដោះស្រាយជម្លោះក្នុងកិច្ចព្រមព្រៀងរបស់ខ្លួននៅពេលជម្លោះដោះស្រាយទ្វេភាគីមិនសម្រេច។ ករណីទី៣, យោងតាមមាត្រា៣៦ កថាខណ្ឌទី២ តម្រូវឱ្យរដ្ឋភាគីអាចធ្វើប្រកាសទទួលស្គាល់នូវយុត្តាធិការបស់តុលាការរបស់ខ្លួនជាឯកតោភាគីបានដោយមិនមានការព្រមព្រៀងពិសេសណាមួយឡើយដែលជាប់ទាក់ទងនឹងការបកប្រែសន្ធិសញ្ញា សំណួរទាកទងនឹងច្បាប់អន្តរជាតិ ការរំលោភលើកាតព្វកិច្ចអន្តរជាតិ និងសំណងនៃការរំលោភច្បាប់អន្តរជាតិ។​ តុលាការសម្រេចសេចក្ដីស្របតាមច្បាប់អន្តរជាតិដែលរដ្ឋភាគីមានជម្លោះដាក់ជូនតុលាការរួមមាន អនុសញ្ញាអន្តរជាតិដែលរដ្ឋមានជម្លោះទទួលស្គាល់ ទំនៀមទម្លាប់អន្តរជាតិដែលទទួលស្គាល់ដូចជាច្បាប់ គោលការណ៍ទូទៅនៃច្បាប់ដែលទទួលស្គាល់ដោយរដ្ឋស៊ីវិល័យ និងប្បញ្ញត្តិនៃមាត្រា៥៩សេចក្ដីសម្រេចរបស់តុលាការ។​ រាល់សាលដីការបស់តុលាការមិនអាចប្ដឹងឧបាស្រ័យបានឡើយ និងមានអនុភាពអនុវត្តចំពោះរដ្ឋជាភាគីនៃបណ្ដឹង។

៣. ហេតុអ្វីបានរដ្ឋមានជម្លោះត្រូវការតុលាការយុត្តិធម៌អន្តរជាតិ?

ពិភពលោកធ្លាប់បានឆ្លងកាត់នូវសង្រ្គាមធំៗចំនួន២ និងសង្រ្គាមរវាងរដ្ឋនិងរដ្ឋ ដែលបង្កឱ្យមានវិនាសកម្មដល់ប្រជាជន សេដ្ឋកិច្ច និងផែនដីទាំងមូល។ តួយ៉ាង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ មាត្រា២ កថាខណ្ឌទី៤ ចែងថា សមាជិករបស់ អ.ស.ប ត្រូវជៀសវាងការគំរាមគំហែងឬការប្រើប្រាស់កម្លាំងទ័ពទៅរំលោភនឹងបូរណភាពទឹកដី ឬឯករាជ្យខាងនយោបាយរបស់រដ្ឋជាសមាជិកដទៃទៀត ក្នុងទំនាក់ទំនងអន្តរជាតិ ឬក្នុងទិដ្ឋភាពដទៃទៀតណាមួយដែលមិនសមស្របជាមួយនឹងគោលដៅរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ, ការដោះស្រាយជម្លោះទាំងឡាយរបស់រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវដោះស្រាយដោយសន្តិវិធី ហើយយន្តការដោះស្រាយជម្លោះរបស់អង្គការសហប្រជាជាតិដែលមានចែងក្នុងធម្មនុញគឺ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ។ យន្តការនេះ មានសារៈសំខាន់សម្រាប់ការបញ្ជៀសនូវសង្គ្រាមប្រឈមមុខគ្នា ហើយរាល់សេចក្ដីសម្រចរបស់តុលាការយុត្តិធម៌អន្តរជាតិមានអនុភាពអនុវត្តចំពោះគូភាគីទាំងអស់នៃសំណុំរឿង។ ប្រសិនបើភាគីណាមួយមិនគោរពតាមសេចក្ដីសម្រេចនោះទេ ភាគីម្ខាងទៀតអាចទាមទារទៅកាន់ក្រុមប្រឹក្សាសន្ដិសុខ ហើយប្រសិនបើចាំបាច់ ក្រុមប្រឹក្សាសន្តិសុខអាចធ្វើការណែនាំ ឬសម្រេចចាត់វិធានការណាមួយដើម្បីឱ្យរដ្ឋគោរពតាមសេចក្ដីសម្រេចរបស់តុលាការតែម្ដង។ជាក់ស្ដែង តុលាការយុត្តិធម៌អន្តរជាតិបានចេញសេចក្ដីសម្រេចចំពោះសំណុំរឿងក្ដីប្រាសាទព្រះវិហារដែលប្រកាសសាលដីកាសម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្ដីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលស្គាល់ថាព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី និង​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា និងបានបញ្ជាឱ្យ​កងទ័ពថៃ ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀតដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទក្នុង​ដែនដី​របស់​កម្ពុជា​ប្រគល់​ត្រឡប់​មក​​ឱ្យកម្ពុជា​វិញ ព្រមទាំងប្រគល់មកវិញនូវ​រាល់​​​វត្ថុបុរាណ ដូចជា រូបចម្លាក់​ សិលាចារឹក គ្រឿង​ចាន​ឆ្នាំង​ធ្វើ​អំពី​ដី ។ល។ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤​មក។ លើសពីនេះទៅទៀត, ក្រោយពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភ័ណ្ឌនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។​ លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានសម្រេចជាឯកច្ឆ័នឱ្យភាគីថៃគោរពសាលដីកាឆ្នាំ១៩៦២ ហើយត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារដោយគ្មានលក្ខខណ្ឌ។

ជារួម ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធមិនបានផ្ដល់ផលចំណេញអ្វីទេ គឺមានតែផ្ដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូតតែប៉ុណ្ណោះ។ ហេតុដូចនេះហើយ ការប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយតុលាការយុត្តិធម៌អន្តរជាតិពិតជាមានសារៈសំខាន់ណាស់ដើម្បីដោះស្រាយជម្លោះ និងបញ្ជៀសការប្រឈមមុខគ្នាដោយប្រដាប់អាវុធ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ ឃី​ ចន្ទក្រឹះស្នា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ