"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការវិវត្តន៍នៃនយោបាយ «ឌ៊ែរ» របស់សហរដ្ឋអាមេរិក

បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្តីពីការប្រើប្រាស់គ្រឿងញៀននៃសហរដ្ឋអាមេរិក (National Institute on Drug Abuse) កាលពីឆ្នាំ២០១៨ ពលរដ្ឋអាមេរិកចំនួន ១២៨ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ការជួញដូរនិងសេពគ្រឿងញៀនខុសច្បាប់ជាបញ្ហាចម្បងមួយដែលរដ្ឋាភិបាលក្នុងប្រទេសជុំវិញពិភពលោកកំពុងជួបប្រទះនិងត្រូវស្វែងរកដំណោះស្រាយតាមរយៈយុទ្ធសាស្រ្តផ្សេងៗគ្នា។ សម្រាប់សហរដ្ឋអាមេរិកវិញ បានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយដែលមានឈ្មោះថា «ឌ៊ែរ» (D.A.R.E Program) ដែលមានន័យថា «ការអប់រំប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន» (Drug Abuse Resistance Education)។ គោលនយោបាយសាធារណៈមួយនេះត្រូវបានបង្កើតឡើងនិងដាក់ស្នើឱ្យអនុវត្តដោយនាយកដ្ឋានប៉ូលីសសហការជាមួយសាលារដ្ឋនៃទីក្រុងឡូសអាន់ជ័រលេស (Los Angeles) នៅឆ្នាំ១៩៨៣។

កម្មវិធីអប់រំនៃគោលនយោបាយ D.A.R.E ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៣ និងជាកម្មវិធីដែលមន្រ្តីប៉ូលីសជំនាញថ្នាក់មូលដ្ឋានចុះជួបប្រជាពលរដ្ឋនៅតាមសហគមន៍ ជាពិសេសនៅតាមសាលារៀន ដើម្បីផ្ដល់ជាវគ្គបណ្ដុះបណ្ដាលដល់ក្មេងៗ សិស្សសាលា និងពលរដ្ឋទូទៅស្ដីអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ការប្រើប្រាស់ថ្មាំហួសកម្រិត ក៏ដូចជាអំពើហឹង្សា ការលួចប្លន់ សម្លុតធ្វើបាបគ្រប់រូបភាពដែលអាចកើតមានឡើងបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនជាដើម។ រហូតមកដល់សព្វថ្ងៃនេះ អាមេរិកមានមន្ត្រីជំនាញអនុវត្តគោលនយោបាយនេះច្រើនជាង ១៥.០០០ នាក់ ដែលបានដាក់ឱ្យអនុវត្តទូទាំង ៥០ រដ្ឋ សរុបប្រមាណជាង១០.០០០ សហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៩០មក មានជាង ៥០ ប្រទេសនៅលើពិភពលោកបានចូលរួមវគ្គបណ្ដុះបណ្ដាលនិងទទួលយកនូវគោលនយោបាយនេះដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំ ក៏ដូចជាគោលនយោបាយរបស់ប្រទេសខ្លួនទៀតផង ក្នុងនោះរួមមាន កាណាដា អាមេរិកឡាទីនមាន ប្រេស៊ីល ប៉ាណាម៉ា កូស្តារីកា ម៉ិកស៊ិក វ៉េណេស៊ុយអេឡា ទ្វីបអឺរ៉ុបមាន អង់គ្លេស អាល្លឺម៉ង់ ន័រវែស ហូឡង់ ហ្វាំងឡង់ ទ្វីបអាស៊ីយើងមាន ហ្វីលីពីន ថៃ បារ៉ែន និងជប៉ុនជាដើម។ យោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ឌ៊ែរ បានបង្ហាញថាសិស្សដែលទទួលបានការបណ្ដុះបណ្ដាលពីកម្មវិធីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះមានរហូតដល់ទៅ ១,៥ លាននាក់ជារៀងរាល់ឆ្នាំ។ យោងតាមសេចក្ដីប្រកាសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៣ ស្ដីពីការប្រារព្ធពិធីគម្រប់ខួបលើកទី២០នៃការបង្កើតគោលនយោបាយនេះ លោកប្រធានាធិបតីទី៤៣ ចចដាប់ប៊លយូប៊ូស (George W. Bush) បានលើកឡើងថា អស់រយៈពេល២០ឆ្នាំបន្ទាប់ពីគោលនយោបាយនេះបានដាក់ឱ្យអនុវត្ត មានសិស្សចំនួន ៣៦ លាននាក់ទូទាំងសហរដ្ឋអាមេរិកនិងពិភពលោកទទួលបានវគ្គបណ្ដុះបណ្ដាលមួយនេះ។

ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០០២ បែរជាមិនមានរបាយការណ៍ណាមួយច្បាស់លាស់ដែលអាចបង្ហាញថាគោលនយោបាយមួយនេះមានប្រសិទ្ធភាពអាចកាត់បន្ថយរាល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នោះទេ។ ផ្ទុយទៅវិញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក (Government Accountability Office) បានចេញផ្សាយនូវរបាយការណ៍មួយដែលបានរកឃើញថាចំនួនករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់រវាងអ្នកទទួលបានវគ្គបណ្ដុះបណ្ដាលនិងអ្នកមិនទទួលបានវគ្គបណ្ដុះបណ្ដាលនេះគឺមិនខុសគ្នានោះទេ។ រីឯការចំណាយថវិកាទៅលើការអនុវត្តគម្រោងនេះវិញគឺមានប្រមាណ២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០០៣ ដែលធ្វើឱ្យសហរដ្ឋអាមេរិកចាប់ផ្ដើមគិតឡើងវិញថា ហេតុអ្វីត្រូវចំណាយថវិកាជាតិទៅលើគោលនយោបាយដែលមិនមានប្រសិទ្ធិភាព? ដូច្នេះហើយចាប់តាំងពីរបាយការណ៍របស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិកត្រូវបានចេញផ្សាយអំពីភាពគ្មានប្រសិទ្ធភាព រដ្ឋាភិបាលអាមេរិកក៏សម្រេចកាត់បន្ថយចំណាយទៅលើគោលនយោបាយមួយនេះ។ គួរបញ្ជាក់ផងដែរថា យោងទៅតាមរបាយការណ៍ចំណាយថវិកាប្រចាំឆ្នាំ២០០០ របស់ការិយាល័យគោលនយោបាយជាតិត្រួតពិនិត្យគ្រឿងញៀន (the Office of National Drug Control Policy) រដ្ឋាភិបាលសហព័ន្ធបានចំណាយប្រមាណច្រើនជាង ២,១ ពាន់លានដុល្លារអាមេរិកទៅលើគោលនយោបាយនិងកម្មវិធីផ្សេងៗជាច្រើនទៀត (រួមទាំង D.A.R.E Program) ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ក្រុមអ្នកប្រឆាំងនឹងគោលនយោបាយនេះតែងតែលើកឡើងថាការបង្រៀនអំពីឥទ្ធិពលរបស់ថ្នាំញៀនខុសច្បាប់ដល់កុមារនិងយុវជនគឺរឹតតែជំរុញឱ្យពួកគេចង់សាកល្បងប្រើប្រាស់ព្រោះពួកគេគឺកំពុងស្ថិតនៅក្នុងវ័យចង់ដឹង ចង់ស្គាល់ និងចង់សាកល្បងនូវអ្វីដែលថ្មី។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋអាមេរិកដូចជាឪពុកម្ដាយនិងអាណាព្យាបាលរបស់សិស្ស លោកគ្រូអ្នកគ្រូ ប្រធានសហគមន៍ជាដើមដែលប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋក្នុងការកាត់បន្ថយចំណាយទៅលើការអនុវត្តគោលនយោបាយនេះបានលើកឡើងថា កម្មវិធីនេះបានជួយជំរុញឱ្យកូនៗរបស់ពួកគេមានទំនាក់ទំនងល្អនិងមានភាពស្និទ្ធស្នាលជាមួយមន្រ្តីប៉ូលីសមូលដ្ឋានដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថាសុវត្ថិភាពចំពោះកូនៗពេលមិននៅជាមួយ។ ហេតុផលមួយចំនួនទៀតត្រូវបានលើកឡើងថា មន្ត្រីប៉ូលីសគួរតែជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ដែលហេតុដូច្នេះហើយ ទើបមានសហគមន៍មួយចំនួននៅតែបន្តអនុវត្តកម្មវិធីនេះដោយធ្វើការរៃអង្គាសថវិកាពីសប្បុរសធម៌ អង្គការក្នុងស្រុក និងការប្រមូលពន្ធជាដើម។

ដោយសារមានការយល់ឃើញខុសៗគ្នាទៅលើគោលនយោបាយមួយនេះ សហរដ្ឋអាមេរិកសម្រេចធ្វើវិសោធនកម្មលើគោលការណ៍របស់ ឌ៊ែរ ហើយនៅឆ្នាំ២០០៨ រដ្ឋាភិបាលអាមេរិកក៏សម្រេចបានបន្ថែមនូវកម្មវិធីអប់រំប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយហៅថា Keepin’ it REAL ដែលជាពាក្យពេញមានន័យថា បដិសេដ ពន្យល់ ចៀសវាង និងចាកចេញ (Refuse, Explain, Avoid, and Leave)។ យើងគួរំលេចបន្តិចថា D.A.R.E គឺជាកម្មវិធីណែនាំអំពីផលអាក្រក់របស់គ្រឿងញៀននិងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ចំណែកឯកម្មវិធី REAL មានគោលបំណងធំក្នុងការបង្រៀនកុមារ យុវជននិងពលរដ្ឋទូទៅអំពីវិធីសាស្ត្រសម្រេចចិត្តក្នុងការចៀសផុតពីការសេពគប់គ្រឿងញៀនខុសច្បាប់។ ពាក្យថា «បដិសេដ» (Refuse) មានន័យថាត្រូវនិយាយថាទេចំពោះគ្រឿងញៀន ហើយពាក្យ «ពន្យល់» (Explain) មានន័យថាប្រាប់ពីមូលហេតុដែលយើងមិនចង់ប្រើប្រាស់គ្រឿងញៀន រីឯពាក្យ «ចៀសវាង» (Avoid) សំដៅទៅលើការនៅឱ្យឆ្ងាយពីគ្រឿងញៀន និងពាក្យ «ចាកចេញ» (Leave) មានន័យថាមិនចូលរួមក្នុងក្រុមបក្សពួកសេពគ្រឿងញៀនខុសច្បាប់ផ្សេងៗ។ ជាលទ្ធផលបង្ហាញថាការដាក់កម្មវិធីសិក្សា D.A.R.E Keepin’ it REAL ជំនួសឱ្យ ឌ៊ែរ តាំងពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្នឃើញថាមានប្រសិទ្ធភាព និងកាត់បន្ថយករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានជាច្រើន។

សរុបសេចក្ដីមកគោលនយោបាយ D.A.R.E Keepin’ it REAL Program បានរួមចំណែកយ៉ាងច្រើនក្នុងការផ្ដួចផ្ដើមយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅសហរដ្ឋអាមេរិកនិងនៅតាមបណ្តាប្រទេសផ្សេងៗ ដោយមានប្រទេសជាច្រើនបានយកទ្រឹស្ដី D.A.R.E Keepin’ it REAL មកអនុវត្តនិងយកគម្រូរតាម។ ចំណែក Keepin’ it REAL ក៏ចាត់ទុកថាជាលទ្ធផលនៃការធ្វើវិសោធនកម្មគោលនយោបាយចាស់ដើម្បីស្វែងរកមធ្យោបាយថ្មីដែលមានប្រសិទ្ធិភាពជាងដោយមានការតាមដានការអនុវត្តច្បាស់លាស់ ឯកសារវាយតម្លៃជាក់លាក់ និងលទ្ធផលទទួលបានវិជ្ជមាន។ #កម្មវិធី_ថង់ប្រាជ្ញា #គ្រឿងញៀន #សហរដ្ឋអាមេរិក

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកចំណេះដឹងដោយ៖ លោក ធា សុណា
គំនូរច្នែប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង